សំណួរទី១
តើជីវិតចាប់ផ្តើមកើតមានឡើងយ៉ាងដូចម្តេច? តើភ័ស្តុតាងបង្ហាញយ៉ាងណា?
ពេលអ្នកនៅក្មេង តើអ្នកធ្លាប់សួរឪពុកម្ដាយរបស់អ្នកទេថា «តើកូនក្មេងកើតមកពីណា?» បើធ្លាប់ តើពួកគាត់តបឆ្លើយយ៉ាងដូចម្ដេច? ដោយអាស្រ័យលើអាយុឬបុគ្គលិកលក្ខណៈរបស់ឪពុកម្ដាយអ្នក ពួកគាត់ប្រហែលជាមិនអើពើនឹងសំណួរអ្នក ឬផ្ដល់ចម្លើយមួយយ៉ាងខ្លី ឬក៏ពួកគាត់ប្រាប់អំពីរឿងព្រេងមួយដែលក្រោយមកអ្នកដឹងថារឿងនោះមិនមែនជារឿងពិតទេ។ ពេលដែលកុមារឈានចូលវ័យដែលអាចរៀបការបាន ពួកគេត្រូវរៀនអំពីភាពអស្ចារ្យនៃការបន្តពូជ។
ដូចឪពុកម្ដាយជាច្រើនពិបាកពន្យល់អំពីដើមកំណើតនៃទារក នោះអ្នកវិទ្យាសាស្ត្រខ្លះក៏ពិបាកពន្យល់ថា តើជីវិតមកពីណាដែរ? ការទទួលចម្លើយដែលគួរឲ្យទុកចិត្តចំពោះសំណួរនេះ អាចមានឥទ្ធិពលខ្លាំងទៅលើទស្សនៈរបស់បុគ្គលម្នាក់ចំពោះជីវិតរបស់គាត់។ ដូច្នេះ តើជីវិតចាប់ផ្ដើមកើតមានឡើងយ៉ាងដូចម្ដេច?
តើអ្នកវិទ្យាសាស្ត្របានអះអាងយ៉ាងដូចម្ដេច? មនុស្សជាច្រើនដែលជឿលើការវិវត្តន៍គិតថារាប់ពាន់លានឆ្នាំមុន ជីវិតបានចាប់ផ្ដើមកើតមានឡើងនៅក្នុងថ្លុកទឹកមួយ ឬក្នុងមហាសមុទ្រដ៏ជ្រៅ។ រួចធាតុគីមីប្រមូលផ្ដុំគ្នាកកើតជាពពុះហើយបង្កើតជាម៉ូលេគុលសាំញ៉ាំរួចបង្កើតជាជីវិត។ ពួកគេជឿថាភាវរស់ទាំងអស់នៅផែនដីកើតមកដោយចៃដន្យពីកោសិកាដែលគេហៅថា ជាកោសិកាមួយឬកោសិកាមួយចំនួន។
ប៉ុន្តែ អ្នកវិទ្យាសាស្ត្រឯទៀតដែលគាំទ្រទ្រឹស្ដីនៃការវិវត្តន៍មានគំនិតផ្សេង។ ពួកគេបានប៉ាន់ស្មានថា កោសិកាដំបូងឬសមាសធាតុសំខាន់ៗបានកកើតនៅក្នុងលំហអាកាសរួចធ្លាក់មកផែនដី។ ទោះជាអ្នកវិទ្យាសាស្ត្រខំប្រឹងស្រាវជ្រាវយ៉ាងណាក៏ដោយ ពួកគេមិនអាចបង្ហាញថាជីវិតកើតចេញពីម៉ូលេគុលដែលគ្មានជីវិតបានឡើយ។ នៅឆ្នាំ២០០៨សាស្ត្រាចារ្យផ្នែកជីវវិទ្យាឈ្មោះអាឡិចសង់ដ្រឺ ម៉ាញណេបានលើកបញ្ជាក់ពីបញ្ហាមួយ។ គាត់បាននិយាយថា ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ «គ្មានភ័ស្តុតាងជាក់ស្ដែងណាមួយដែលបញ្ជាក់ថា ភាវរស់ទាំងឡាយនៅផែនដីកើតមកដោយឯកឯងពីម៉ូលេគុលដែលគ្មានជីវិតនោះទេ ហើយទោះជាផ្នែកវិទ្យាសាស្ត្រជឿនលឿនក្ដី ក៏ពួកគេមិនអាចបង្ហាញថាម៉ូលេគុលដែលមានជីវិតកើតចេញពីម៉ូលេគុលដែលគ្មានជីវិតបានដែរ»។1
តើភ័ស្តុតាងនេះបានបង្ហាញអ្វី? សំណួរដែលថា តើទារកកើតមកពីណា? ចម្លើយគឺបានបង្ហាញយ៉ាងច្បាស់ថា ជីវិតត្រូវកើតពីអ្វីដែលមានជីវិត។ បើយើងត្រឡប់ទៅពេលអតីតកាលវិញ តើអ្វីដែលខុសពីច្បាប់ធម្មជាតិ ពិតជាអាចកើតឡើងទេ? តើជីវិតអាចកើតមកដោយឯកឯងពីធាតុគីមីដែលគ្មានជីវិតទេ? តើរឿងនេះអាចកើតឡើងដោយចៃដន្យយ៉ាងដូចម្ដេចបាន?
អ្នកស្រាវជ្រាវបានរកឃើញថា ដើម្បីឲ្យកោសិកាមួយអាចមានជីវិត យ៉ាងហោចណាស់ត្រូវការម៉ូលេគុលបីប្រភេទរួមបញ្ចូលគ្នា គឺអាស៊ីតដេអុកស៊ីរីបូនុយក្លេអ៊ិច ហៅកាត់ថាឌីអិនអេ (DNA) អាស៊ីតរីបូនុយក្លេអ៊ិច ហៅកាត់ថាអអិនអេ (RNA) និងប្រូតេអ៊ីន។ សព្វថ្ងៃនេះ មិនសូវមានអ្នកវិទ្យាសាស្ត្រដែលហ៊ានអះអាងថា កោសិកាដែលមានជីវិតកកើតមកដោយឯកឯងពីធាតុគីមីដែលគ្មានជីវិតនោះទេ។ ក៏ប៉ុន្តែ ចុះយ៉ាងណាអាស៊ីតរីបូនុយក្លេអ៊ិចឬប្រូតេអ៊ីនវិញ តើអាចទៅរួចទេដែលវាបានកើតមកដោយឯកឯង? *
អ្នកវិទ្យាសាស្ត្រជាច្រើនជឿថាជីវិតបានកើតឡើងដោយឯកឯង ដោយសារការពិសោធន៍ដំបូងរបស់លោកស្ទេនលី មីលឡឺនៅឆ្នាំ១៩៥៣។ នៅឆ្នាំនោះគាត់អាចផលិតអាស៊ីតអាមីណូដែលជាសមាសធាតុសំខាន់ៗនៃប្រូតេអ៊ីន ដោយតភ្ជាប់ចរន្តអគ្គិសនីឲ្យទៅជាហ្គាសដែលគេគិតថាមាននៅក្នុងបរិយាកាសផែនដីនៅសម័យបុរាណ។ ចាប់ពីពេលនោះមក អាស៊ីតអាមីណូក៏បានត្រូវរកឃើញនៅក្នុងអាចម៍ផ្កាយដែរ។ តើការរកឃើញទាំងនេះមានន័យថា សមាសធាតុសំខាន់ៗទាំងអស់នៃជីវិតអាចកកើតដោយចៃដន្យយ៉ាងងាយស្រួលឬ?
រ៉ូបឺតសាភីរ៉ូដែលជាសាស្ត្រាចារ្យផ្នែកគីមីវិទ្យានៅសាកលវិទ្យាល័យរដ្ឋញូវយ៉កបានប្រាប់ថា៖«អ្នកនិពន្ធខ្លះបានជឿថាសមាសធាតុសំខាន់នៃជីវិតទាំងអស់អាចបង្កើតបានដោយធ្វើតាមការពិសោធន៍របស់មីលឡឺ ហើយក៏គិតថាសមាសធាតុទាំងអស់នោះមានក្នុងអាចម៍ផ្កាយដែរ។ ប៉ុន្តែនេះមិនមែនជាការពិតទេ»។2 *
សូមពិចារណាម៉ូលេគុលអអិនអេ។ អអិនអេគឺជាសម្ព័ន្ធម៉ូលេគុលតូចៗចងភ្ជាប់ជាមួយគ្នាដែលហៅថានុយក្លេអូទីត។ នុយក្លេអូទីតគឺជាប្រភេទម៉ូលេគុលដែលខុសគ្នាពីអាស៊ីតអាមីណូហើយមានលក្ខណៈសាំញ៉ាំជាងបន្តិច។ សាភីរ៉ូបានប្រាប់ថា៖«គ្មានព័ត៌មានណាដែលបញ្ជាក់ថា មាននុយក្លេអូទីត ដែលបានមកពីការពិសោធន៍ចរន្តអគ្គិសនី ឬមកពីការសិក្សាសមាសធាតុក្នុងអាចម៍ផ្កាយឡើយ»3 គាត់បានបន្ថែមទៀតថា៖«នៅក្នុងសកលលោកនេះ ភាគរយដែលសមាសធាតុផ្សេងៗអាចប្រមូលផ្ដុំគ្នាកកើតជាម៉ូលេគុលអអិនអេដែលអាចបង្កើតអអិនអេថែមទៀតដោយខ្លួនឯង គឺតិចតួចបំផុត»។4
ចុះយ៉ាងណាម៉ូលេគុលប្រូតេអ៊ីន? ដើម្បីបង្កើតម៉ូលេគុលប្រូតេអ៊ីនត្រូវការអាស៊ីតអាមីណូយ៉ាងតិចណាស់ពី៥០ទៅរាប់ពាន់ លាយបញ្ចូលគ្នាតាមទម្រង់ជាក់លាក់មួយ។ ជាមធ្យមប្រូតេអ៊ីនដែលគេហៅថា ជាកោសិកា«ធម្មតា» ផ្ទុកអាស៊ីតអាមីណូ២០០ ហើយនៅក្នុងកោសិកាទាំងនោះមានប្រភេទប្រូតេអ៊ីនខុសៗគ្នារាប់ពាន់។ លទ្ធភាពដែលប្រូតេអ៊ីនមួយ ផ្ទុកអាស៊ីតអាមីណូ១០០អាចកើតមកដោយឯកឯងនៅផែនដីគឺពិតជាកម្រណាស់។
ដើម្បីបង្កើតមនុស្សយន្តដែលគ្មានជីវិតនោះត្រូវការបុគ្គលដែលមានប្រាជ្ញា ដូច្នេះ ទម្រាំតែកោសិកាមួយដែលមានជីវិត តើត្រូវការអ្វីទៅ?
អ្នកស្រាវជ្រាវម្នាក់ឈ្មោះហ៊ូបឺត ភី យូគីដែលជឿលើការវិវត្តន៍បាននិយាយថា៖«គឺមិនអាចទៅរួចទេដែលដើមកំណើតនៃជីវិត ‹ដំបូងកើតពីប្រូតេអ៊ីន›»។5 ដើម្បីបង្កើតប្រូតេអ៊ីនគឺត្រូវការអអិនអេតែដើម្បីបង្កើតអអិនអេនេះគឺត្រូវការប្រូតេអ៊ីនដែរ។ ប៉ុន្តែ ចុះបើម៉ូលេគុលអអិនអេ កើតមកដោយចៃដន្យនៅពេលវេលានិងកន្លែងដូចគ្នា? តើអាចទៅរួចទេដែលពួកវាប្រមូលផ្ដុំគ្នាដោយខ្លួនឯងរួចបង្កើតឲ្យមានជីវិត? បណ្ឌិតខារ៉ិល គ្លីលេន *ដែលជាសមាជិកស្ថាប័នអាកាសចរណ៍អាវកាសបាននិយាយថា៖«លទ្ធភាពដែលនេះអាចកើតឡើងបាន (គឺអអិនអេនិងប្រូតេអ៊ីនផ្សេងៗប្រមូលផ្ដុំគ្នាដោយឯកឯង) គឺពិតជាពិបាកកើតឡើងណាស់»។ គាត់បានបន្ថែមទៀតថា៖«តាមមើលទៅ អ្នកស្រាវជ្រាវភាគច្រើនគិតថា បើពួកគេអាចយល់ពីរបៀបដែលប្រូតេអ៊ីននិងអអិនអេអាចកើតឡើងដោយឯកឯងនៅសម័យបុរាណ នោះពួកគេនឹងងាយស្រួលយល់ជាងអំពីរបៀបដែលវានឹងចូលគ្នាក្រោយមក»។ គាត់បាននិយាយអំពីទ្រឹស្ដីផ្សេងៗស្ដីពីរបៀបដែលសមាសធាតុផ្សេងៗនៃជីវិតកើតមកដោយឯកឯងថា៖«គ្មានការស្រាវជ្រាវណាមួយផ្ដល់ចម្លើយដែលគាប់ចិត្តនោះឡើយ»។6
ហេតុអ្វីការគិតអំពីរឿងនេះសំខាន់? សូមគិតអំពីការពិបាករបស់អ្នកស្រាវជ្រាវដែលជឿថាជីវិតបានកើតមកដោយឯកឯង។ ពួកគេក៏បានរកឃើញអាស៊ីតអាមីណូខ្លះៗដែលមាននៅក្នុងកោសិកាដែលមានជីវិតដែរ។ នៅក្នុងមន្ទីរពិសោធន៍របស់ពួកគេ ពួកគេបានធ្វើពិសោធយ៉ាងម៉ត់ចត់ដើម្បីផលិតម៉ូលេគុលសាំញ៉ាំផ្សេងទៀត។ ពួកគេសង្ឃឹមថាពួកគេអាចបង្កើតម៉ូលេគុលផ្សេងទាំងអស់ដែលចាំបាច់ដើម្បីផលិតកោសិកាមួយ។ ការធ្វើដូចនេះប្រៀបដូចជាពួកអ្នកវិទ្យាសាស្ត្រយកធាតុដែលមានរួចមកហើយ រួចបំលែងធាតុទាំងនោះឲ្យទៅជាដែក ផ្លាស្ទិច ស៊ីលីកុននិងខ្សែភ្លើង ហើយយកមកធ្វើជាមនុស្សយន្ត និងបញ្ចូលកម្មវិធីទៅក្នុងមនុស្សយន្តនោះ រួចឲ្យវាធ្វើការចម្លងពីមនុស្សយន្តមួយ ទៅមនុស្សយន្តមួយទៀតដោយខ្លួនឯង។ បើពួកគេអាចធ្វើដូច្នេះបាន តើនេះបញ្ជាក់អ្វី? នេះគ្រាន់តែបញ្ជាក់ថាបុគ្គលដែលមានប្រាជ្ញាអាចបង្កើតម៉ាស៊ីនដ៏អស្ចារ្យបានប៉ុណ្ណោះ។
ស្រដៀងគ្នាដែរ បើអ្នកវិទ្យាសាស្ត្រអាចបង្កើតកោសិកាបាន ពួកគេបានធ្វើអ្វីមួយដ៏អស្ចារ្យ។ ប៉ុន្តែ តើនោះជាភ័ស្តុតាងដែលបង្ហាញថាកោសិកាអាចកើតមកដោយឯកឯងឬ? តាមពិតនេះជាភ័ស្តុតាងដែលបង្ហាញថាកោសិកាមិនអាចកើតឡើងដោយឯកឯងបានទេ មែនទេ?
តើអ្នកគិតដូចម្ដេច? ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រមកដល់សព្វថ្ងៃនេះបង្ហាញថា ជីវិតអាចកើតពីអ្វីដែលមានជីវិតប៉ុណ្ណោះ។ ការជឿថាកោសិកាមួយដែលមានជីវិតកើតចេញពីកោសិកាដែលគ្មានជីវិត ជាការជឿដែលគ្មានភ័ស្តុតាងច្បាស់លាស់។
ដោយពិចារណាហេតុផលទាំងនេះ តើអ្នកគិតថាជីវិតកើតមកដោយឯកឯងឬទេ? មុនឆ្លើយសំណួរនេះ សូមគិតពិចារណាអំពីលក្ខណៈនៃកោសិកាមួយ។ នេះនឹងជួយអ្នកឲ្យដឹងថា អ្វីដែលអ្នកវិទ្យាសាស្ត្របានអះអាងអំពីដើមកំណើតនៃជីវិត គឺមានមូលដ្ឋានត្រឹមត្រូវ ឬក៏ជារឿងព្រេងដូចរឿងដែលឪពុកម្ដាយបានប្រាប់កូនតូចរបស់គាត់អំពីដើមកំណើតនៃទារក។
^ វគ្គ 8 តើឌីអិនអេអាចកើតមកដោយឯកឯងបានទេ យើងនឹងពិចារណាអំពីរឿងនេះនៅផ្នែកទី៣។ «តើសម្ព័ន្ធឌីអិនអេកើតមកយ៉ាងដូចម្ដេច?»
^ វគ្គ 10 សាស្ត្រាចារ្យសាភីរ៉ូមិនជឿថាជីវិតមានអ្នកបង្កើតនោះទេ។ គាត់ជឿថាជីវិតកើតមកដោយចៃដន្យ និងដោយឯកឯងតាមរបៀបមួយដែលមនុស្សមិនទាន់យល់។ នៅឆ្នាំ២០០៩ អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យម៉ានឆេស្ទើនៅប្រទេសអង់គ្លេសបានរាយការណ៍ថា ពួកគេបានបង្កើតធាតុបង្កខ្លះរបស់អាដេអិនដែលហៅថា នុយក្លេអូទីត នៅក្នុងបន្ទប់ពិសោធន៍របស់ពួកគេ។ យ៉ាងណាក៏ដោយ សាភីរ៉ូបាននិយាយថា៖«តាមគំនិតខ្ញុំ ការពិសោធន៍របស់ពួកគេប្រាកដជាមិនអាចមានភាពជោគជ័យក្នុងការបង្កើតអអិនអេបានឡើយ»។
^ វគ្គ 13 បណ្ឌិត គ្លីលេនមិនជឿថាមានអ្នកបង្កើតទេ។ នាងជឿថាជីវិតកើតមកដោយឯកឯងតាមរបៀបមួយដែលមនុស្សមិនទាន់យល់។