លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ទី​៤

តើសត្វទាំងឡាយកើតមកពីសត្វប្រភេទតែមួយឬ?

តើសត្វទាំងឡាយកើតមកពីសត្វប្រភេទតែមួយឬ?

លោក​ដាវីន​គិត​ថា ជីវិត​ទាំង​ឡាយ​ប្រហែល​មាន​ដើម​កំណើត​មក​ពី​ប្រភព​តែ​មួយ គាត់​គិត​ថា​ជីវិត​ទាំង​អស់​ប្រៀប​ដូច​ជា​ដើម​ឈើ​ដ៏​ធំ​មួយ។ អ្នក​ខ្លះ​ទៀត​គិត​ថា​ជីវិត​ចាប់​ផ្ដើម​កើត​មាន​មក​ពី​កោសិកា​ដំបូង ដែល​ប្រៀប​ដូច​ជា​គល់​ដើម​ឈើ​ដែល​គេ​ហៅ​ថា​«​ដើម​ឈើ​នៃ​ជីវិត​»។ ក្រោយ​មក មែក​ឈើ​ចាប់​ផ្ដើម​បែក​មែក​សាខា​ទៅ​ជា​មែក​ឈើ​ធំ​ៗ គឺ​កោសិកា​ដំបូង​នោះ​កកើត​ទៅ​ជា​រុក្ខជាតិ​និង​សត្វ រួច​មែក​ធំ​បែក​ទៅ​ជា​មែក​តូច​ៗ គឺ​រុក្ខជាតិ​និង​សត្វ​ដំបូង​នោះ​ទៅ​ជា​រុក្ខជាតិ​និង​សត្វ​គ្រប់​ប្រភេទ​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ។ តើ​នេះ​គឺ​ជា​ការ​ពិត​ទេ?

តើ​អ្នក​វិទ្យា​សាស្ត្រ​អះអាង​យ៉ាង​ដូច​ម្ដេច? មនុស្ស​ជា​ច្រើន​គិត​ថា​កំណត់​ហេតុ​ពី​ផូស៊ីល​គាំទ្រ​ទ្រឹស្ដី​នៃ​ការ​វិវត្តន៍​អំពី​ដើម​កំណើត​នៃ​ជីវិត។ ពួក​គេ​ថែម​ទាំង​អះអាង​ទៀត​ថា ដោយ​សារ​ជីវិត​ទាំង​អស់​មាន​ឌីអិនអេ​ស្រដៀង​គ្នា ដូច្នេះ​ពួក​គេ​គិត​ថា​ជីវិត​ទាំង​ឡាយ​មាន​ដើម​កំណើត​មក​ពី​ប្រភព​តែ​មួយ។

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា? កំណត់​ហេតុ​គម្ពីរ​ក្នុង​សៀវ​ភៅ​លោកុប្បត្តិ​បាន​ប្រាប់​ថា រុក្ខជាតិ មច្ឆជាតិ សត្វ​ដើរ​លើ​ដី​និង​សត្វ​ហើរ​លើ​អាកាស​បាន​ត្រូវ​បង្កើត​មក​«​តាម​ពូជ​របស់​វា​»។ (​លោកុប្បត្តិ ១:១២, ២០​-​២៥​) ពាក្យ​ថា​«​តាម​ពូជ​»​មាន​ន័យ​ថា​អាច​មាន​សត្វ​ដែល​មាន​លក្ខណៈ​ផ្សេង​ៗ​នៅ​ក្នុង​ពូជ​តែ​មួយ តែ​ក៏​បញ្ជាក់​ដែរ​ថា​ប្រភេទ​សត្វ​នីមួយ​ៗ​បាន​ត្រូវ​បែង​ចែក​ដាច់​ពី​គ្នា។ ម្យ៉ាង​ទៀត កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​ការ​បង្កើត​ជួយ​យើង​ឲ្យ​យល់​ថា ហ្វូស៊ីល​មាន​តែ​សត្វ​មួយ​ពូជ​ៗ​ដែល​មាន​គ្រប់​លក្ខណៈ ហើយ​គ្មាន​ហ្វូស៊ីល​ណា​មួយ​បង្ហាញ​ថា សត្វ​វិវត្តន៍​ពី​ពូជ​មួយ​ទៅ​ពូជ​មួយ​ទៀត​ឡើយ។

តើ​ភ័ស្តុតាង​បង្ហាញ​យ៉ាង​ណា? តើ​ភ័ស្តុតាង​គាំទ្រ​អ្វី​ដែល​គម្ពីរ​ចែង​ឬ​ក៏​អ្វី​ដែល​លោក​ដាវីន​បាន​និយាយ? តើ​ការ​ស្រាវ​ជ្រាវ​១៥០​ឆ្នាំ​មក​នេះ​បាន​បង្ហាញ​អ្វី?

ការ​សន្និដ្ឋាន​របស់​លោក​ដាវីន​បាន​បរាជ័យ

ថ្មី​ៗ​នេះ​អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រៀប​ធៀប​កូដ​ហ្សែន​របស់​សត្វ​ដែល​មាន​កោសិកា​តែ​មួយ និង​កូដ​ហ្សែន​រុក្ខជាតិ​និង​សត្វ។ ពួក​គេ​បាន​រំពឹង​ថា​ការ​ប្រៀប​ធៀប​នេះ​នឹង​ផ្ដល់​ភ័ស្តុតាង​ដែល​គាំទ្រ​ទ្រឹស្ដី​របស់​លោក​ដាវីន។ ប៉ុន្តែ​មិន​មែន​ដូច្នេះ​ទេ។

តើ​ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​អ្វី? ក្នុង​ឆ្នាំ​១៩៩៩​ជីវ​វិទូ​លោក​ម៉ាលខឹម ហ្គោល​ឌិន​បាន​សរសេរ​ថា​៖​«​ជីវិត​បាន​ចាប់​ផ្ដើម​កើត​មាន​ឡើង​ពី​ប្រភព​ជា​ច្រើន ភាវរស់​ទាំង​ឡាយ​ប្រហែល​ជា​មិន​មាន​ដើម​កំណើត​មក​ពី​ប្រភព​តែ​មួយ​ទេ​»។ តើ​មាន​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ជីវិត​ទាំង​ឡាយ​មក​ពី​ប្រភព​តែ​មួយ​ដូច​ដែល​លោក​ដាវីន​ជឿ​ឬ​ទេ? លោក​ហ្គោល​ឌិន​បាន​បន្ត​ថា​៖​«​ដើម​កំណើត​នៃ​អ្វី​ដែល​គេ​ជឿ​នៅ​សម័យ​បុរាណ​មិន​បាន​ត្រូវ​ទទួល​ស្គាល់​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​មជ្ឈដ្ឋាន​ជឿ​លើ​ទ្រឹស្ដី​នេះ​ដូច​ជា​ភី​ឡា ប៉ុន្តែ​មិន​មែន​ផ្នែក​ទាំង​អស់​នៅ​ក្នុង​ក្រុម​ភី​ឡា​នោះ​ទេ​»។29 *

ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​នេះ​នៅ​តែ​បដិសេធ​ទ្រឹស្ដី​របស់​លោក​ដាវីន​អំពី​ដើម​កំណើត​នៃ​ភាវរស់។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០០៩​អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី​ដែល​មាន​ឈ្មោះ​ថា (​New Scientist magazine​) បាន​ដក​ស្រង់​ពាក្យ​សំ​ដី​របស់​អ្នក​វិទ្យា​សាស្ត្រ​ម្នាក់​ឈ្មោះ​អេរិច បាប​ថេស​គាត់​បាន​និយាយ​ថា​៖​«​យើង​គ្មាន​ភ័ស្តុតាង​ទាល់​តែ​សោះ​ថា​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត គឺ​ជា​រឿង​ពិត​»។30 អត្ថបទ​នោះ​ក៏​បាន​ដក​ស្រង់​ពាក្យ​សំ​ដី​របស់​ជីវ​វិទូ​ម្នាក់​ឈ្មោះ ម៉ៃឃឺល រ៉ូស គាត់​បាន​និយាយ​ថា​៖​«​ទ្រឹស្ដី​អំពី​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត​បាន​ត្រូវ​បាត់​បង់​បន្តិច​ម្ដង​ៗ។ ដូច្នេះ​មូលដ្ឋាន​នៃ​សេចក្ដី​បង្រៀន​របស់​យើង​ត្រូវ​តែ​ផ្លាស់​ប្ដូរ​»។31 *

ចុះ​យ៉ាង​ណា​កំណត់​ហេតុ​ពី​ហ្វូស៊ីល?

អ្នក​វិទ្យា​សាស្ត្រ​ជា​ច្រើន​គិត​ថា​កំណត់​ហេតុ​ពី​ហ្វូស៊ីល​បង្ហាញ​ថា​ជីវិត​ទាំង​ឡាយ​មាន​ដើម​កំណើត​មក​ពី​ប្រភព​តែ​មួយ ហេតុ​នេះ​ពួក​គេ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​រឿង​នេះ។ ជា​ឧទាហរណ៍ ឯកសារ​កំណត់​ហេតុ​ហ្វូស៊ីល​បាន​បង្ហាញ​ថា ត្រី​វិវត្តន៍​ទៅ​ជា​សត្វ​ដែល​អាច​រស់​នៅ​ក្នុង​ទឹក​និង​លើ​គោក​ដូច​ជា​កង្កែប ហើយ​សត្វ​ល្មូន​វិវត្តន៍​ទៅ​ជា​ថនិកសត្វ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តើ​ភ័ស្តុតាង​ពី​ហ្វូស៊ីល​បាន​បង្ហាញ​អ្វី?

លោក​ដាវីឌ រ៉ាប់​ដែល​ជា​ភូមិ​វិទូ​ផ្នែក​ទ្រឹស្ដី​នៃ​ការ​វិវត្តន៍​បាន​និយាយ​ថា​៖​«​អ្នក​វិទ្យា​សាស្ត្រ​មិន​បាន​រក​ឃើញ​អាថ៌​កំបាំង​នៃ​ជីវិត​ទេ​»​ ប៉ុន្តែ​«​អ្វី​ដែល​អ្នក​វិទ្យា​សាស្ត្រ​នៅ​សម័យ​ដាវីន​និង​អ្នក​វិទ្យា​សាស្ត្រ​នៅ​សព្វ​ថ្ងៃ​នេះ​បាន​រក​ឃើញ គឺ​គ្រាន់​តែ​ជា​កំណត់​ហេតុ​មិន​ច្បាស់​លាស់​ប៉ុណ្ណោះ ហើយ​អ្វី​ដែល​ពួក​គេ​បាន​រក​ឃើញ​បង្ហាញ​ថា​អម្បូរ​នៃ​សត្វ​ផ្សេង​ៗ​បាន​កកើត​ឡើង​ក្នុង​អម្បូរ​នៃ​ពូជ​របស់​វា​តាម​លំដាប់​លំដោយ។ ពួក​វា​មាន​ការ​វិវត្តន៍​បន្តិច​បន្តួច​ឬ​គ្មាន​ទាល់​តែ​សោះ។ ប៉ុន្តែ ក្រោយ​មក​កំណត់​ហេតុ​នោះ​លែង​មាន​ទៀត​»។32

តាម​ពិត​ហ្វូស៊ីល​ភាគ​ច្រើន​បាន​បង្ហាញ​ថា ពេល​ដែល​ពេល​វេលា​ចេះ​តែ​កន្លង​ទៅ ប្រភេទ​ភាវរស់​ផ្សេង​ៗ​គឺ​គ្មាន​ការ​ផ្លាស់​ប្ដូរ​ទ្រង់​ទ្រាយ​ទាល់​តែ​សោះ។ គ្មាន​ភ័ស្តុតាង​ណា​ដែល​បង្ហាញ​ថា ភាវរស់​ផ្សេង​ៗ​បាន​វិវត្តន៍​ពី​ប្រភេទ​មួយ​ទៅ​ប្រភេទ​មួយ​ទៀត​នោះ​ទេ។ ប៉ុន្តែ ភាវរស់​នីមួយ​ៗ​បាន​ចាប់​ផ្ដើម​កើត​មាន​ឡើង​ភ្លាម​ៗ​តែ​ម្ដង។ ជា​ឧទាហរណ៍ មាន​ហ្វូស៊ីល​សត្វ​ប្រចៀវ​ដែល​មាន​សមត្ថភាព​ស្វែង​រក​ចំណី​ដោយ​ប្រើ​រលក​សំឡេង។ ប៉ុន្តែ តាម​រយ:ការ​ស្រាវ​ជ្រាវ​គ្មាន​ហ្វូស៊ីល​ណា​បង្ហាញ​ថា​វា​បាន​វិវត្តន៍​ពី​សត្វ​ប្រភេទ​មួយ​ពី​សម័យ​មុន​ៗ​នោះ​ទេ។

ការ​ស្រាវ​ជ្រាវ​ហ្វូស៊ីល​បង្ហាញ​ថា ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ប្រភេទ​សត្វ បាន​កកើត​មក​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ អ្នក​ភូមិ​វិទូ​ហៅ​គ្រា​ដែល​សត្វ​ផ្សេង​ៗ​កកើត​មក​ថា​៖​«​យុគ​សម័យ​ខាម​ប៊្រី​យ៉ា​»។ តើ​នោះ​សំដៅ​លើ​ពេល​ណា?

សូម​ឲ្យ​យើង​សន្មត​ថា​ការ​ប៉ាន់​ស្មាន​របស់​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ​គឺ​ត្រឹម​ត្រូវ។ ក្នុង​ករណី​នេះ​យើង​ចង់​ប្រដូច​ប្រវត្តិសាស្ត្រ​នៃ​ផែនដី​ទៅ​នឹង​តារាង​បាល់​ទាត់​ដ៏​ធំ​មួយ​ប្រវែង​ប្រហែល​១០០​ម៉ែត្រ ហើយ​ចម្ងាយ​ទាំង​មូល​នៅ​ក្នុង​តារាង​បាល់​ទាត់​នោះ​តំណាង​ឲ្យ​ពេល​វេលា។ (​១​). នៅ​ក្នុង​ប្រវែង​នេះ​អ្នក​ត្រូវ​តែ​ដើរ​ប្រហែល​៨៨​ម៉ែត្រ​នៅ​ក្នុង​បរិវេណ​តារាង​បាល់​ទាត់ មុន​ទៅ​ដល់​កន្លែង​មួយ​ដែល​អ្នក​ភូមិ​វិទូ​ហៅ​ថា​យុគ​សម័យ​ខាមប៊្រី​យ៉ា។ (​២​). ក្នុង​អំឡុង​ពេល​ដ៏​ខ្លី​មួយ​នៅ​សម័យ​នោះ ចាប់​ផ្ដើម​ឃើញ​មាន​ហ្វូស៊ីល​សត្វ​សឹង​តែ​គ្រប់​ប្រភេទ។ តើ​ហ្វូស៊ីល​ចាប់​ផ្ដើម​កកើត​មក​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណា? កាល​ដែល​អ្នក​បន្ត​ដើរ​ក្នុង​តារាង​បាល់​ទាត់​មិន​ទាន់​បាន​មួយ​ជំហាន​ផង ភាវរស់​ប្រភេទ​ផ្សេង​ៗ​ចាប់​ផ្ដើម​កើត​មាន​ឡើង​ភ្លាម​ៗ​ក្នុង​មួយ​រំពេច!

ការ​កកើត​ប្រភេទ​សត្វ​ផ្សេង​ៗ​ក្នុង​មួយ​រំពេច​ដូច​នេះ​ធ្វើ​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​ទ្រឹស្ដី​នៃ​ការ​វិវត្តន៍​សង្ស័យ​ទៅ​លើ​ទ្រឹស្ដី​លោក​ដាវីន។ ជា​ឧទាហរណ៍ នៅ​បទ​សម្ភាសន៍​មួយ​ក្នុង​ឆ្នាំ​២០០៨ ជីវ​វិទូ​នៃ​ផ្នែក​ការ​វិវត្តន៍​ឈ្មោះ​ស្ទួត ញូ​មែន បាន​និយាយ​ថា​ត្រូវ​ការ​ទ្រឹស្ដី​វិវត្តន៍​មួយ​ទៀត​ដែល​អាច​ពន្យល់​ថា ភាវរស់​បាន​កើត​មក​ក្នុង​មួយ​រំពេច​បាន។ គាត់​បាន​និយាយ​ថា​៖​«​ខ្ញុំ​គិត​ថា​ទ្រឹស្ដី​របស់​លោក​ដាវីន​ដែល​ធ្លាប់​ពន្យល់​ពី​ការ​ផ្លាស់​ប្ដូរ​នៃ​ការ​វិវត្តន៍​នឹង​ត្រូវ​គេ​លែង​ចាត់​ទុក​ជា​ទ្រឹស្ដី​មូលដ្ឋាន​ទៀត តែ​នឹង​ត្រូវ​ចាត់​ទុក​ជា​ទ្រឹស្ដី​បន្ទាប់​បន្សំ​មួយ​ប៉ុណ្ណោះ​»។33

បញ្ហា​ជា​មួយ​«​ភ័ស្តុតាង​»​

ហេតុ​អ្វី​សៀវ​ភៅ​ខ្លះ​ផ្លាស់​ប្ដូរ​ទំហំ​ហ្វូស៊ីល​ដើម្បី​ខំ​បង្ហាញ​ថា​សត្វ​នោះ​វិវត្តន៍​ពី​មួយ​ទៅ​មួយ?

នៅលើនិងខាងឆ្វេង: ដូច​បាន​បង្ហាញ​នៅ​ក្នុង​សៀវ​ភៅ​ខ្លះ

នៅលើនិងខាងស្ដាំ: ទំហំ​ពិត

ប៉ុន្តែ ចុះ​យ៉ាង​វិញ​ហ្វូស៊ីល​ដែល​គេ​អះអាង​ថា​បង្ហាញ​អំពី​សត្វ​ត្រី​វិវត្តន៍​ទៅ​ជា​សត្វ​ដែល​អាច​រស់​នៅ​លើ​គោក​ផង​និង​ក្នុង​ទឹក​ផង ហើយ​សត្វ​ល្មូន​វិវត្តន៍​ទៅ​ជា​ថនិកសត្វ? តើ​ពួក​គេ​អាច​ផ្ដល់​ភ័ស្តុតាង​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ស្ដី​អំពី​ដំណើរ​ការ​នៃ​ការ​វិវត្តន៍​ឬ​ទេ? ពេល​ដែល​យើង​ពិនិត្យ​មើល​ហ្វូស៊ីល​នោះ​ឲ្យ​បាន​ដិត​ដល់ នោះ​ចាប់​ផ្ដើម​ឃើញ​ថា​ភ័ស្តុតាង​នោះ​មាន​បញ្ហា។

សូម​គិត​អំពី​បញ្ហា​ទី​១។ សៀវ​ភៅ​សិក្សា​អំពី​ការ​វិវត្តន៍​មាន​រូប​ហ្វូស៊ីល​សត្វ​ដែល​គេ​ដាក់​បន្ត​បន្ទាប់​គ្នា ក្នុង​បំណង​បង្ហាញ​ថា​សត្វ​ល្មូន​ក្លាយ​ទៅ​ជា​ថនិកសត្វ។ ក៏​ប៉ុន្តែ​បើ​ប្រៀប​ធៀប​ទំហំ​ប្រភេទ​សត្វ​ផ្សេង​ៗ​ក្នុង​រូប​នោះ យើង​ឃើញ​ថា​ទំហំ​ពិត​របស់​សត្វ​ទាំង​នោះ គឺ​ខុស​គ្នា​ពី​ទំហំ​ដែល​គេ​បង្ហាញ​ក្នុង​សៀវ​ភៅ។ សៀវ​ភៅ​នោះ​បង្ហាញ​សត្វ​នោះ​ហាក់​ដូច​ជា​មាន​ទំហំ​ស្រដៀង​គ្នា តែ​ការ​ពិត​សត្វ​ខ្លះ​មាន​ទំហំ​ធំ​ណាស់ ហើយ​ខ្លះ​ទៀត​តូច។

បញ្ហា​មួយ​ទៀត​គឺ គ្មាន​ទី​សំអាង​ច្បាស់​លាស់​ដែល​ថា​ភាវរស់​ទាំង​នោះ​មក​ពី​ពូជ​តែ​មួយ​ទេ។ តាម​ការ​ប៉ាន់​ស្មាន​របស់​អ្នក​ស្រាវ​ជ្រាវ អាយុ​នៃ​ហ្វូស៊ីល​នីមួយ​ៗ​ជួន​កាល​គឺ​ខុស​គ្នា​រាប់​លាន​ឆ្នាំ។ ស្ដី​អំពី​រឿង​នេះ អ្នក​សិក្សា​ផ្នែក​សត្វ​ឈ្មោះ​ហេនរី ជី និយាយ​ថា​៖​«​ចន្លោះ​ពេល​ដែល​ហ្វូស៊ីល​ទាំង​នោះ​បំបែក​ចេញ​ពី​គ្នា​គឺ​យូរ​ណាស់ ដូច្នេះ​ហើយ​យើង​មិន​អាច​និយាយ​ថា​ហ្វូស៊ីល​ទាំង​នោះ​មាន​ពូជ​តែ​មួយ​ឬ​មាន​ដើម​កំណើត​តែ​មួយ​នោះ​ទេ​»។34 *

ស្ដី​អំពី​ហ្វូស៊ីល​របស់​ត្រី​និង​សត្វ​ដែល​រស់​នៅ​លើ​គោក​ផង​និង​ក្នុង​ទឹក​ផង ជីវ​វិទូ​ម្នាក់​ឈ្មោះ​ម៉ាលខឹម ហ្គូឌិន​បាន​និយាយ​អំពី​ហ្វូស៊ីល​ដែល​បាន​រក​ឃើញ​នោះ​ថា​៖​«​ប្រហែល​ជា​គ្រាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​សត្វ​ប៉ុន្មាន​ប្រភេទ​ប៉ុណ្ណោះ​ដែល​រស់​នៅ​សម័យ​នោះ។ គ្មាន​របៀប​ណា​មួយ​ដែល​យើង​អាច​ដឹង​ថា​ប្រភេទ​សត្វ​ទាំង​នោះ​ទាក់​ទង​នឹង​ប្រភេទ​សត្វ​ដែល​កើត​នៅ​សម័យ​ក្រោយ​មក​យ៉ាង​ដូច​ម្ដេច​ខ្លះ​នោះ​ទេ ហើយ​យើង​ក៏​មិន​អាច​ដឹង​ថា​ប្រភេទ​សត្វ​ដែល​រស់​នៅ​សម័យ​ជា​មួយ​គ្នា​ពាក់​ព័ន្ធ​គ្នា​យ៉ាង​ដូច​ម្ដេច​ដែរ​»។35 *

តើ​នេះ​បាន​បង្ហាញ​អំពី​អ្វី?

អត្ថបទ​មួយ​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ល្បី​មួយ (​National Geographic ​) នៅ​ឆ្នាំ​២០០៤​បាន​ប្រដូច​កំណត់​ហេតុ​ហ្វូស៊ីល​ទៅ​នឹង​«​ហ្វីល​ខ្សែ​ភាពយន្ត​អំពី​ការ​វិវត្តន៍​ដែល​គួរ​មាន​១.០០០​រូប តែ​៩៩៩​រូប​បាន​បាត់​នៅ​បន្ទប់​កាត់​ត​»។36 សូម​ពិចារណា​អត្ថន័យ​ឧទាហរណ៍​នេះ។

បើ​រូប​ថត​«​៩៥​សន្លឹក​»​ពី​ហ្វូស៊ីល​បង្ហាញ​ថា​សត្វ​នីមួយ​មិន​ជាប់​ទាក់​ទង​គ្នា ហេតុ​អ្វី​បាន​ជា​ភូមិ​វិទូ​យក​រូប​ថត​«​៥​សន្លឹក​»​ ដែល​នៅ​សល់​ដើម្បី​បញ្ជាក់​ថា​សត្វ​នីមួយ​ៗ​ជាប់​ទាក់​ទង​គ្នា?

សូម​ស្រមៃ​គិត​ថា​អ្នក​រក​ឃើញ​ហ្វីល​ខ្សែ​ភាពយន្ត​ដែល​មាន​តែ​១០០​រូប​នៅ​សល់ តែ​ហ្វីល​ខ្សែ​ភាពយន្ត​ដើម​មាន​១០០.០០០​រូប​ឯ​ណោះ។ តើ​តាម​របៀប​ណា​អ្នក​អាច​ដឹង​ថា​ភាពយន្ត​នោះ​និយាយ​អំពី​អ្វី​បើ​បាត់​រូប​ជាង​៩០​ភាគ​រយ​ទៅ​ហើយ? អ្នក​ប្រហែល​ជា​អាច​ស្មាន​អំពី​រឿង​នោះ ប៉ុន្តែ​ចុះ​បើ​មាន​តែ​រូប​៥​ក្នុង​ចំណោម​រូប​១០០​ដែល​អ្នក​បាន​រក​ឃើញ​ដែល​គាំទ្រ​សាច់​រឿង​ដែល​អ្នក​នឹក​ឃើញ​ខណៈ​ដែល​៩៥​រូប​ឯ​ទៀត​ប្រាប់​រឿង​ផ្ទុយ​គ្នា។ តើ​ជា​ការ​សម​ហេតុ​ផល​ទេ​ថា អ្វី​ដែល​អ្នក​គិត​ស្មាន​អំពី​រឿង​នោះ គឺ​ត្រឹម​ត្រូវ​ដោយ​ផ្អែក​លើ​រូប​ប្រាំ​សន្លឹក​ប៉ុណ្ណោះ? តើ​អ្នក​អាច​តម្រៀប​រូប​ថត​ប្រាំ​ទៅ​តាម​លំដាប់​លំដោយ ដោយ​សារ​នេះ​សម​ស្រប​តាម​ទស្សនៈ​របស់​អ្នក​ទេ? គឺ​សម​ហេតុ​សម​ផល​ជាង​បើ​អ្នក​ធ្វើ​ការ​សន្និដ្ឋាន​ដោយ​ផ្អែក​ទៅ​លើ​រូប​៩៥​ឯ​ទៀត មែន​ទេ?

តើ​ឧទាហរណ៍​នេះ​ទាក់​ទង​យ៉ាង​ណា​នឹង​ទស្សនៈ​របស់​អ្នក​ជឿ​លើ​ការ​វិវត្តន៍​ស្ដី​អំពី​កំណត់​ហេតុ​ហ្វូស៊ីល? អស់​ជា​ច្រើន​ឆ្នាំ អ្នក​ស្រាវ​ជ្រាវ​មិន​ព្រម​ទទួល​ស្គាល់​ថា​ហ្វូស៊ីល​ភាគ​ច្រើន​បង្ហាញ​ថា​ពូជ​សត្វ​ផ្សេង​ៗ​ផ្លាស់​ប្ដូរ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​កាល​ដែល​ពេល​វេលា​កន្លង​ទៅ។ ហេតុ​អ្វី​ភ័ស្តុតាង​ដ៏​សំខាន់​ដូច​នេះ​បាន​ត្រូវ​លាក់​បាំង? អ្នក​និពន្ធ​ម្នាក់​ឈ្មោះ​រីឆឺដ ម៉ូរីស​បាន​និយាយ​ថា​៖​«​អ្នក​ភូមិ​វិទូ​ប្រហែល​ជា​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា​ភាវរស់​ផ្សេង​ៗ​វិវត្តន៍​បន្តិច​ម្ដង​ៗ ទោះ​ជា​ពួក​គេ​បាន​រក​ឃើញ​ភ័ស្តុតាង​ផ្ទុយ​ពី​នោះ​ក៏​ដោយ។ ពួក​គេ​ព្យាយាម​បក​ស្រាយ​ភ័ស្តុតាង​ពី​ហ្វូស៊ីល​ដែល​មាន​មូលដ្ឋាន​លើ​ទ្រឹស្ដី​នៃ​ការ​វិវត្តន៍​»។37

​«​ការ​យក​ហ្វូស៊ីល​មក​តម្រៀប​គ្នា​រួច​អះអាង​ថា​នោះ​ជា​ការ​វិវត្តន៍​តំណ​ពូជ​សត្វ មិន​មែន​ជា​អ្វី​ដែល​បញ្ជាក់​ដោយ​ភ័ស្តុតាង​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​អះអាង​ប៉ុណ្ណោះ ហើយ​នេះ​ប្រៀប​ដូច​ជា​រឿង​និទាន​ដែល​ឪពុក​ម្ដាយ​និទាន​ឲ្យ​កូន​ស្ដាប់។ ប្រហែល​យើង​ចូល​ចិត្ត​ស្ដាប់ ប៉ុន្តែ​មិន​មែន​ជា​រឿង​ពិត​ប្រាកដ​ទេ​»​(​In Search of Deep Time—Beyond the Fossil Record to a New History of Life, pp. 116​-​117​) និពន្ធ​ដោយ​លោក​ហេនរី ជី។

ចុះ​អ្នក​ដែល​ជឿ​លើ​ការ​វិវត្តន៍​នៅ​សព្វ​ថ្ងៃ​នេះ​វិញ? តើ​ពួក​គេ​ដាក់​ហ្វូស៊ីល​តាម​លំដាប់​លំដោយ ដោយ​សារ​ការ​ធ្វើ​ដូច​នេះ​បាន​ត្រូវ​គាំទ្រ​ដោយ​ភ័ស្តុតាង​ពី​ហ្វូស៊ីល​និង​ហ្សែន ឬ​ដោយ​សារ​នេះ​គឺ​សម​ស្រប​តាម​គំនិត​របស់​អ្នក​ជឿ​លើ​ការ​វិវត្តន៍? *

តើ​អ្នក​គិត​យ៉ាង​ណា? តើ​ការ​សន្និដ្ឋាន​មួយ​ណា​ដែល​ស្រប​គ្នា​នឹង​ភ័ស្តុតាង? សូម​ពិចារណា​អំពី​ការ​ពិត​ដែល​យើង​បាន​ពិភាក្សា​គ្នា​រួច​មក​ហើយ។

  • ជីវិត​ដំបូង​បង្អស់​នៅ​ផែនដី​គឺ​មិន​មែន​«​សាមញ្ញ​ធម្មតា​»​ទេ។

  • មិន​អាច​ទៅ​រួច​ទេ​ដែល​សមាសធាតុ​ផ្សេង​ៗ​នៃ​កោសិកា​បាន​កកើត​មក​ដោយ​ឯកឯង។

  • ឌីអិនអេ​ប្រៀប​ដូច​ជា​«​កម្ម​វិធី​កុំព្យូទ័រ​»​ឬ​កូដ​ដែល​ដំណើរ​ការ​ក្នុង​កោសិកា​អស្ចារ្យ​ណាស់ ហើយ​នេះ​ផ្ដល់​ភ័ស្តុតាង​ថា​គឺ​ជា​ស្នា​ដៃ​របស់​បុគ្គល​ដ៏​មាន​ប្រាជ្ញា​ដែល​អាច​បង្កើត​អ្វី​ដ៏​អស្ចារ្យ​ដែល​លើស​ពី​កម្ម​វិធី​និង​ប្រព័ន្ធ​ផ្ទុក​ព័ត៌មាន​ដែល​មនុស្ស​បង្កើត។

  • ការ​ស្រាវ​ជ្រាវ​អំពី​ហ្សែន​បាន​បង្ហាញ​ថា ជីវិត​មិន​បាន​កើត​មក​ពី​សត្វ​តែ​មួយ​នោះ​ទេ។ បន្ថែម​ទៅ​ទៀត ក្នុង​ហ្វូស៊ីល​គេ​ឃើញ​ថា​សត្វ​ផ្សេង​ៗ​កើត​មាន​ភ្លាម​ៗ​ក្នុង​សម័យ​ជា​មួយ​គ្នា មិន​មែន​បន្តិច​ម្ដង​ៗ​ទេ។

បន្ទាប់​ពី​ពិចារណា​អំពី​ការ​ពិត​ទាំង​នេះ​រួច​ហើយ តើ​ជា​ការ​សម​ហេតុ​ផល​ទេ​ដែល​អ្នក​សន្និដ្ឋាន​ថា​ភ័ស្តុតាង​គឺ​សម​ស្រប​តាម​ការ​ពន្យល់​ក្នុង​គម្ពីរ​ស្ដី​អំពី​ដើម​កំណើត​នៃ​ជីវិត? ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​ជា​ច្រើន​អះអាង​ថា​អ្វី​ដែល​គម្ពីរ​បង្រៀន​អំពី​ការ​បង្កើត​គឺ​ផ្ទុយ​គ្នា​ពី​វិទ្យា​សាស្ត្រ។ តើ​នេះ​ជា​ការ​ពិត​ទេ? ហើយ​តើ​គម្ពីរ​រៀប​រាប់​យ៉ាង​ណា?

^ វគ្គ 9 អ្នក​ជីវសាស្ត្រ​ហៅ​ក្រុម​សត្វ​ដែល​មាន​រូប​រាង​ខុស​ៗ​គ្នា​ថា​សាខា ហើយ​អ្នក​វិទ្យា​សាស្ត្រ​បាន​បែង​ចែក​ភាវរស់​ទាំង​អស់​ជា​៧​ចំណែក​ថ្នាក់ ដែល​ចំណែក​ថ្នាក់​នីមួយ​ៗ​កាន់​តែ​ជាក់​លាក់​ជាង។ ចំណែក​ថ្នាក់​ទី​១​គឺ​រជ្ជៈ​ដែល​ជា​ប្រភេទ​ធំ​ជាង​គេ​បន្ទាប់​មក​គឺ​ប្រភេទ​សាខា ថ្នាក់ លំដាប់ អម្បូរ ពួក និង​ប្រភេទ។ ជា​ឧទាហរណ៍ សេះ​បាន​ត្រូវ​បែង​ចែក​តាម​របៀប​ដូច​ជា​៖រជ្ជៈ: សត្វ សាខា: សត្វ​ឆ្អឹង​កង ថ្នាក់: ថនិកសត្វ លំដាប់: សមីការ អម្បូរ: អស្សសត្វ ពួក: សេះ ប្រភេទ: សេះស្រុក។

^ វគ្គ 10 គួរ​ឲ្យ​កត់​សម្គាល់​ទាំង​ទស្សនាដ្ដី​អ្នក​វិទ្យា​សាស្ត្រ​ថ្មី លោក​បាប​ថេស​និង​លោក​រ៉ូស​ចង់​បង្ហាញ​ថា​ទ្រឹស្ដី​នៃ​ការ​វិវត្តន៍​គឺ​ខុស។ អ្វី​ដែល​ពួក​គេ​ចង់​លើក​មក​បញ្ជាក់​នោះ​គឺ​ទ្រឹស្ដី​របស់​លោក​ដាវីន​ស្ដី​អំពី​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត​នោះ​គឺ​គ្មាន​ភ័ស្តុតាង​ច្បាស់​លាស់​នោះ​ទេ។ ពួក​អ្នក​វិទ្យា​សាស្ត្រ​នៅ​បន្ត​ស្វែង​រក​ការ​ពន្យល់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​វិវត្តន៍។

^ វគ្គ 21 លោក​ហេនរី ជី មិន​បាន​មាន​ន័យ​ថា​ទ្រឹស្ដី​នៃ​ការ​វិវត្តន៍​គឺ​ខុស​នោះ​ទេ។ គាត់​ចង់​បង្ហាញ​ថា​អ្វី​ដែល​យើង​រៀន​ពី​ហ្វូស៊ីល​គឺ​មាន​កំរិត។

^ វគ្គ 22 លោក​ម៉ាលខឹម ហ្គូឌិន​គាំទ្រ​ទ្រឹស្ដី​នៃ​ការ​វិវត្តន៍។

^ វគ្គ 27 ជា​ឧទាហរណ៍​សូម​មើល​ប្រអប់​«​ ចុះ​យ៉ាង​ណា​ការ​វិវត្តន៍​របស់​មនុស្ស?​»។

^ វគ្គ 50 កំណត់​សម្គាល់: នៅ​ក្នុង​ប្រអប់​នេះ​គ្មាន​អ្នក​ស្រាវ​ជ្រាវ​ណា​ម្នាក់​ជឿ​លើ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​បង្កើត​នោះ​ទេ។ ពួក​គេ​ជឿ​លើ​ទ្រឹស្ដី​នៃ​ការ​វិវត្តន៍។

^ វគ្គ 54 ពាក្យ​«​ហូ​មីនីត​»​គឺ​ជា​ពាក្យ​ដែល​អ្នក​ស្រាវ​ជ្រាវ​ខាង​ការ​វិវត្តន៍​ប្រើ​ដើម្បី​សំដៅ​ទៅ​លើ​មនុស្ស​ដែល​មាន​លក្ខណៈ​ពាក់​កណ្ដាល​ជា​សត្វ​និង​ពាក់​កណ្ដាល​ជា​មនុស្ស។