សំណួរទី៣
តើសម្ព័ន្ធឌីអិនអេកើតមកយ៉ាងដូចម្តេច?
ហេតុអ្វីអ្នកមានមុខមាត់ដូច្នេះ? តើអ្វីកំណត់ឲ្យអ្នកមានពណ៌ភ្នែក ពណ៌សក់ និងពណ៌ស្បែកដូចនេះ? ចុះតើអ្វីកំណត់កម្ពស់ រូបរាង ឬទម្រង់មុខរបស់អ្នក ដែលកាត់ទៅរកម្ដាយឬឪពុក? តើអ្វីកំណត់ឲ្យចុងម្រាមដៃរបស់អ្នកដុះសាច់ទន់ម្ខាងហើយរឹងម្ខាង ដើម្បីការពារក្រចក?
នៅសម័យលោកឆាលដាវីន គ្មានអ្នកណាអាចឆ្លើយចំពោះសំណួរទាំងនេះទេ។ លោកដាវីនចាប់អារម្មណ៍យ៉ាងខ្លាំងអំពីរបៀបលក្ខណៈផ្សេងៗឆ្លងតពូជពីជំនាន់មួយទៅជំនាន់មួយទៀត តែគាត់ដឹងតិចតួចណាស់អំពីច្បាប់ហ្សែន ហើយក៏មិនសូវស្គាល់អំពីកោសិកាដែលចម្លងតំណពូជដែរ។ ប៉ុន្តែ នៅសព្វថ្ងៃនេះ អ្នកជីវសាស្ត្របានចំណាយពេលរាប់ទសវត្សរ៍ដើម្បីសិក្សាអំពីហ្សែនមនុស្ស និងព័ត៌មានល្អិតល្អន់ដែលលាក់បង្កប់ក្នុងម៉ូលេគុលដ៏អស្ចារ្យដែលហៅកាត់ថាឌីអិនអេ (អាស៊ីតដេអុកស៊ីរីបូនុយក្លេអ៊ិច)។ ដូច្នេះ មានសំណួរដ៏សំខាន់មួយគឺ តើព័ត៌មានល្អិតល្អន់ទាំងនេះមកពីណា?
តើអ្នកវិទ្យាសាស្ត្រជាច្រើនអះអាងយ៉ាងណា? អ្នកជីវសាស្ត្រជាច្រើននិងអ្នកវិទ្យាសាស្ត្រឯទៀតគិតថា ឌីអិនអេនិងព័ត៌មានល្អិតល្អន់ក្នុងឌីអិនអេនោះ គឺមកពីហេតុការណ៍ចៃដន្យមួយចំនួនដែលកើតឡើងនៅសម័យបុរាណដោយគ្មានអ្នកបញ្ជាទេ។ អ្នកវិទ្យាសាស្ត្រនិយាយថាម៉ូលេគុលគ្មានលក្ខណៈណាដែលបង្ហាញថាមានអ្នកគ្រោងបង្កើត ក៏គ្មានអ្វីដែលបង្ហាញថាព័ត៌មានដែលផ្ទុកក្នុងម៉ូលេគុល និងរបៀបវាដំណើរការមានអ្នកគ្រោងបង្កើតដែរ។17
តើគម្ពីរចែងយ៉ាងណា? គម្ពីរប្រាប់ថាការគ្រោងបង្កើតអវយវៈរាងកាយមនុស្សនិងពេលកំណត់អវយវៈទាំងនោះធំលូតលាស់ គឺមាននៅក្នុងបញ្ជីរបស់ព្រះក្នុងន័យធៀប។ សូមកត់សម្គាល់ពាក្យដែលព្រះបានដឹកនាំឲ្យស្ដេចដាវីឌកត់ទុកដែលថា៖«ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំ ក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយ ទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់ គឺអស់ទាំងថ្ងៃអាយុ ដែលបានតម្រូវឲ្យទូលបង្គំរស់នៅ ក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ»។—ទំនុកតម្កើង ១៣៩:១៦
តើភ័ស្តុតាងបានបង្ហាញយ៉ាងណា? បើកាវិវត្តន៍គឺជាការពិត យ៉ាងហោចណាស់ គួរតែមានភ័ស្តុតាងដែលបង្ហាញថាឌីអិនអេអាចកើតមកពីហេតុការណ៍ចៃដន្យមួយចំនួន។ ផ្ទុយទៅវិញ បើអ្វីដែលគម្ពីរចែងជាការពិត នោះឌីអិនអេគួរផ្ដល់ភ័ស្តុតាងយ៉ាងច្បាស់ថា នេះជាស្នាដៃដ៏មានរបៀបរៀបរយរបស់បុគ្គលដែលប្រកបដោយប្រាជ្ញា។
ការពិចារណាអំពីឌីអិនអេ ជាអ្វីដែលគួរឲ្យចាប់អារម្មណ៍ហើយមិនពិបាកយល់ទេ។ ឥឡូវសូមយើងពិចារណាផ្នែកខាងក្នុងនៃកោសិកា។ ប៉ុន្តែ លើកនេះយើងនឹងគិតអំពីកោសិកាមនុស្ស។ សូមស្រមៃគិតថា អ្នកកំពុងនៅសារមន្ទីរដែលបង្រៀនអ្នកអំពីរបៀបដែលកោសិកាធ្វើការ។ សារមន្ទីរទាំងមូលបានត្រូវរៀបចំឲ្យដូចជាកោសិការបស់មនុស្ស តែមានទំហំធំជាងកោសិកា១៣.០០០.០០០ដង។ ហើយទំហំនេះស្មើនឹងទំហំពហុកីឡាដ្ឋានជាតិដ៏ធំមួយ ដែលអាចផ្ទុកមនុស្សចំនួន៧០.០០០នាក់។
ពេលដែលអ្នកចូលទៅក្នុងសារមន្ទីរនោះ អ្នកក៏ភ្លឹកមើលអ្វីៗដ៏អស្ចារ្យជាច្រើនដែលអ្នកមិនធ្លាប់ឃើញពីមុន។ នៅជិតចំណុចកណ្ដាលនៃកោសិកាមាននុយក្លូសដែលមានរាងមូល ហើយមានកម្ពស់ប្រហែល២០ជាន់។ រួចអ្នកក៏ឡើងទៅទីនោះ។
បន្ទាប់មក អ្នកចូលតាមរយៈស្រទាប់ខាងក្រៅនៃនុយក្លូស ហើយចាប់ផ្ដើមមើលអ្វីដែលនៅជុំវិញអ្នក។ នៅក្នុងនុយក្លូស មាន៤៦ក្រូម៉ូសូម។ ហើយក្រូម៉ូសូមនីមួយៗបានត្រូវរៀបចំឡើងជាគូៗ ហើយមានកម្ពស់ខុសៗគ្នា តែគូដែលនៅជិតអ្នកបំផុត មានកម្ពស់ប្រហែល១២ជាន់(១)។ ក្រូម៉ូសូមនីមួយៗតភ្ជាប់គ្នានៅជិតផ្នែកកណ្ដាល មើលទៅដូចជាសាច់ក្រកដែលចងជាប់គ្នា តែមានទំហំក្រាស់ដូចមែកឈើធំ។ នៅក្នុងក្រូម៉ូសូមអ្នកឃើញខ្សែកាត់ទទឹងជាច្រើន។ កាលដែលអ្នកចូលកាន់តែជិតអ្នកឃើញថា ខ្សែកាត់ទទឹងបានត្រូវរុំព័ន្ធខ្សែកាត់បណ្ដោយ។ រួចនៅចន្លោះខ្សែកាត់ទទឹងនិងកាត់បណ្ដោយ ក៏មានខ្សែថែមទៀតដែលកាត់ទទឹងដែរ(២)។ នោះមើលទៅដូចជាគំនរសៀវភៅ តែតាមពិតគឺជាក្រូម៉ូសូមដែលមានរាងដូចខ្សែទូរស័ព្ទលើតុ។ បើអ្នកទាញខ្សែនោះវានឹងរលាចេញមក។ អ្នកនឹងភ្ញាក់ផ្អើល ពេលឃើញថារង្វង់ទាំងនោះ សុទ្ធតែជាខ្សែវ័ណ្ឌតូចៗយ៉ាងច្រើន(៣)។ ហើយខ្សែនោះមានរបៀបរៀបរយ។ នៅក្នុងខ្សែវ័ណ្ឌទាំងនោះមានខ្សែវែងមួយដែលជាផ្នែកដ៏សំខាន់បំផុត។ តើខ្សែនោះជាអ្វី?
រចនាសម្ព័ន្ធនៃម៉ូលេគុលដ៏អស្ចារ្យ
សូមឲ្យយើងហៅផ្នែកនៃក្រូម៉ូសូមនេះថា ជាខ្សែពួរ។ វាមានទំហំប្រមាណ២.៦សង់ទីម៉ែត្រ។ រង្វង់ទាំងនោះព័ន្ធគ្នាជាសំណុំយ៉ាងស្អិតល្មួត(៤)ដែលបង្កើតឲ្យមានរង្វង់ប្រទាក់គ្នាយ៉ាងច្រើន។ ការប្រទាក់គ្នាធ្វើឲ្យរង្វង់ទាំងនោះនៅនឹងមួយកន្លែង។ នៅខាងមុខខ្សែពួរនោះមានស្លាកដែលពន្យល់ថា ខ្សែពួរនោះវេញចូលគ្នាយ៉ាងរៀបរយ។ បើអ្នកយកខ្សែពួរនោះមកលាពីដើមដល់ចុង នោះវាអាចរុំផែនដីបានពាក់កណ្ដាល។ *
សៀវភៅវិទ្យាសាស្ត្រមួយហៅការរៀបចំដ៏មានរបៀបរៀបរយនេះថា៖«វិស្វកម្មដ៏អស្ចារ្យ»18 ដូច្នេះការអះអាងថាគ្មានវិស្វករបង្កើតអ្វីទាំងនេះ តើសមហេតុផលឬទេ? បើសារមន្ទីរនេះមានហាងធំដែលមានលក់របស់របរតូចៗរាប់លានមុខ ហើយគេបានរៀបចំយ៉ាងរៀបរយដើម្បីឲ្យអ្នកស្រួលរករបស់ដែលអ្នកចង់បាន តើអ្នកគិតថាហាងនេះគ្មានអ្នកណារៀបចំឬទេ? ច្បាស់ជាមិនមែនទេ! ការរៀបចំរបស់របរក្នុងហាងគ្រាន់តែជាអ្វីធម្មតាប៉ុណ្ណោះ បើប្រៀបធៀបនឹងកោសិកា។
ក្នុងសារមន្ទីរមានស្លាកមួយដែលអញ្ជើញអ្នកឲ្យកាន់ខ្សែពួរនេះក្នុងដៃ ដើម្បីឲ្យយល់កាន់តែច្បាស់(៥)។ ពេលអ្នកកំពុងវាស់អ្នកឃើញថានេះមិនមែនជាខ្សែពួរធម្មតាទេ។ នេះជាខ្សែពីរធ្លុងវេញចូលគ្នា។ ខ្សែទាំងនេះភ្ជាប់ដោយចម្រឹងតូចៗដកឃ្លាស្មើៗគ្នា។ ខ្សែពួរនេះប្រៀបដូចជាជណ្ដើរវិល(៦)។ ក្រោយមកទើបអ្នកដឹងខ្លួនថាអ្នកកំពុងកាន់គំរូតំណាងឲ្យម៉ូលេគុលឌីអិនអេដែលជាអាថ៌កំបាំងដ៏អស្ចារ្យនៃជីវិត។
ម៉ូលេគុលឌីអិនអេមួយខ្សែវែងបង្កើតបានជាក្រូម៉ូសូមមួយ។ ចម្រឹងតូចៗទាំងនោះបានត្រូវតម្រៀបជាគូៗ(៧)។ តើពួកវាធ្វើអ្វី? ហើយមានមុខងារអ្វី? ស្លាកសញ្ញានេះផ្ដល់ការពន្យល់ដែលងាយស្រួលយល់។
ប្រព័ន្ធផ្ទុកព័ត៌មានដ៏សំខាន់បំផុត
ស្លាកសញ្ញាប្រាប់ថា ដើម្បីយល់អំពីឌីអិនអេអ្នកត្រូវយល់អំពីចម្រឹងតូចៗទាំងនោះសិន ដែលតភ្ជាប់ផ្នែកសងខាងនៃជណ្ដើរ។ សូមស្រមៃគិតថាជណ្ដើរបានត្រូវបំបែកចេញពីគ្នា រួចម្ខាងៗមានផ្នែកដែលលយចេញ។ ពួកវាមានបួនប្រភេទ។ អ្នកវិទ្យាសាស្ត្រហៅផ្នែកទាំងនេះថា A, T, G,និងC។ អ្នកវិទ្យាសាស្ត្រនឹកអស្ចារ្យពេលឃើញថាអក្សរតម្រៀបគ្នាទាំងនោះទៅជាកូដមួយ។
អ្នកប្រហែលស្គាល់ទូរលេខកូដដែលបានត្រូវបង្កើតនៅសតវត្សទី១៩ដើម្បីឲ្យមនុស្សអាចទាក់ទងគ្នា។ កូដនោះមានពីរ«សញ្ញា» ប៉ុណ្ណោះ គឺសញ្ញាចុចនិងសញ្ញាដក។ តែវាអាចប្រើដើម្បីប្រកបពាក្យនិងប្រយោគជាច្រើន។ ចំណែកឌីអិនអេ នោះមានកូដអក្សរបួន។ ឌីអិនអេមានធាតុបួនយ៉ាងដែលតំណាងដោយអក្សរ A, T, G, C ធាតុបួនយ៉ាងនេះរៀបចូលគ្នាតាមរបៀបផ្សេងៗ។ ការរៀបរៀងនេះហៅថាកូដុន។ កូដុនរៀបចូលគ្នាទៅជាហ្សែន។ ជាមធ្យមហ្សែននីមួយៗមានតួអក្សរA, T, G, C ២៧.០០០ដង។ ហ្សែនទាំងអស់រៀបបញ្ចូលគ្នាទៅជាក្រូម៉ូសូម សំណុំក្រូម៉ូសូមរៀបចូលគ្នាផ្ទុកព័ត៌មានទាំងអស់អំពីភាវរស់មួយ ប្រៀបដូចជា«សៀវភៅ»ដែលមានជាច្រើនជំពូក។ *
សំណុំក្រូម៉ូសូមនីមួយៗប្រៀបដូចជាសៀវភៅដ៏ក្រាស់មួយ។ តើវាអាចផ្ទុកព័ត៌មានបានច្រើនប៉ុណ្ណា? សរុបទៅ ឌីអិនអេបីកោដិរបស់មនុស្សប្រៀបដូចជាជណ្ដើរមួយដែលមានចម្រឹងបីកោដិ។19 បើចង់ចម្លងព័ត៌មានក្នុងក្រូម៉ូសូមឌីអិនអេទាំងអស់ចូលក្នុងសៀវភៅ នោះត្រូវការសៀវភៅ៤២៨ក្បាល ដែលសៀវភៅមួយក្បាលៗមានជាង១០០០ទំព័រ។ ហើយបើសរសេរទាំងច្បាប់ចម្លងទៀតនោះត្រូវការ៨៥៦ក្បាល។ បើអ្នកវាយអក្សរសំណុំក្រូម៉ូសូមទាំងអស់ អ្នកត្រូវធ្វើការពេញពេលអស់រយៈពេល៨០ឆ្នាំដោយគ្មានថ្ងៃសម្រាក!
ទោះជាអ្នកព្យាយាមវាយអក្សរទាំងអស់ក៏ដោយ នេះគ្មានប្រយោជន៍សម្រាប់រាងកាយរបស់អ្នកទេ។ តើតាមរបៀបណាអ្នកអាចដាក់សៀវភៅដែលមានរាប់រយទំព័រទៅក្នុងកោសិកាដ៏តូចក្រៃលែងក្នុងរាងកាយអ្នកដែលមានចំនួន១០០សែនកោដិកោសិកាបាន? គ្មានបច្ចេកវិទ្យាណារបស់មនុស្សដែលអាចផ្ទុកព័ត៌មានច្រើនយ៉ាងនេះក្នុងរបស់តូចល្អិតទេ។
សាស្ត្រាចារ្យផ្នែកជីវវិទ្យាម៉ូលេគុលនិងវិទ្យាសាស្ត្រកុំព្យូទ័របានបញ្ជាក់ថា៖«ឌីអិនអេមួយក្រាមពេលដែលវាស្ងួត នោះវាមានទំហំមួយសង់ទីម៉ែត្រគូប តែវាអាចផ្ទុកព័ត៌មានស្មើនឹងថាសចាក់ឌីសមួយសែនកោដិ»20 តើនេះមានន័យអ្វី? ឌីអិនអេមានផ្ទុកហ្សែន ហើយក្នុងហ្សែនមានការណែនាំអំពីរបៀបបង្កើតរាងកាយមនុស្ស។ កោសិកានីមួយៗមានការណែនាំសព្វគ្រប់។ ឌីអិនអេពេញទៅដោយព័ត៌មានច្រើនម្ល៉េះរហូតដល់ មួយស្លាបព្រាកាហ្វេពេញនៃឌីអិនអេអាចផ្ទុកការណែនាំល្មមនឹងបង្កើតមនុស្សប្រហែល៣៥០ដងនៃចំនួនមនុស្សដែលមានជីវិតនៅសព្វថ្ងៃនេះ។ ចំនួនឌីអិនអេដែលត្រូវការដើម្បីបង្កើតមនុស្ស៧កោដិនាក់នៅសព្វថ្ងៃនេះគឺតិចជាងមួយស្លាបព្រាកាហ្វេឆ្ងាយណាស់!21
តើអាចមានសៀវភៅដែលគ្មានអ្នកនិពន្ធទេ?
ទោះជាមានការជឿនលឿនក្ដី គ្មានការបង្កើតណាមួយរបស់មនុស្សដែលអាចបង្កើតឧបករណ៍ផ្ទុកព័ត៌មានបានច្រើនដូចនេះឡើយ។ ដើម្បីស្រួលយល់សូមពិចារណាអំពីថាសចាក់ឌីស។ យើងប្រហែលជានឹកអស្ចារ្យអំពីរូបរាងរបស់វាជាមួយនឹងផ្ទៃដ៏ភ្លឺចែងចាំងនិងដែលអាចយកមកប្រើប្រាស់បានយ៉ាងមានប្រយោជន៍។ យើងអាចឃើញភ័ស្តុតាងយ៉ាងច្បាស់ថាមនុស្សដែលមានប្រាជ្ញាបានបង្កើតវាឡើង។ ចុះបើឌីសនោះផ្ទុកព័ត៌មានល្អិតល្អន់អំពីរបៀបដំឡើង ថែទាំ និងជួសជុលម៉ាស៊ីនដ៏សាំញ៉ាំមួយ។ ព័ត៌មានក្នុងឌីសនោះមិនផ្លាស់ប្ដូរទំងន់និងទំហំឌីសនោះទេ។ ប៉ុន្តែព័ត៌មានក្នុងឌីសនោះ គឺសំខាន់ជាងផ្ទៃភ្លឺចែងចាំងរបស់វាមែនទេ? តើអ្នកគិតថាមានបុគ្គលដែលមានប្រាជ្ញាដាក់ព័ត៌មាននោះក្នុងឌីសទេ? បើមានព័ត៌មាន ច្បាស់ជាមានអ្នកដាក់ព័ត៌មាននោះមែនទេ?
យើងអាចប្រៀបធៀបឌីអិនអេទៅនឹងថាសចាក់ឌីសឬក៏សៀវភៅ។ សៀវភៅមួយអំពីឌីអិនអេបានរៀបរាប់ថា៖«គំនិតដែលថាឌីអិនអេ គឺជាសៀវភៅមួយមិនគ្រាន់តែជាការប្រៀបធៀបប៉ុណ្ណោះ តែជាការពិតវិញ។ សៀវភៅគឺជាអ្វីមួយដែលផ្ទុកព័ត៌មាន។ ឌីអិនអេក៏ដូចគ្នាដែរ»។ អ្នកនិពន្ធនោះបានបន្ថែមថា៖«ឌីអិនអេប្រៀបដូចជាសៀវភៅដ៏អស្ចារ្យមួយ ដោយសារវាអាចចម្លងព័ត៌មានដោយខ្លួនឯង ហើយអានព័ត៌មានដោយខ្លួនឯង»។22 នេះនាំទៅដល់មុខងារសំខាន់មួយទៀតរបស់ឌីអិនអេ។
ម៉ាស៊ីនកំពុងដំណើរការ
កាលដែលអ្នកឈរនៅក្នុងសារៈមន្ទីរដ៏ស្ងប់ស្ងាត់ អ្នកប្រហែលជាឆ្ងល់ថា តើណ្វៃយ៉ូនៃកោសិកាពិតជាគ្មានចលនាឬ? បន្ទាប់មក អ្នកក៏សម្គាល់អ្វីផ្សេងទៀតដែលគេដាក់បង្ហាញ។ នៅក្នុងទូរកញ្ចក់តាំងបង្ហាញមានខ្សែពួរនៃម៉ូលេគុលឌីអិនអេ ហើយមានស្លាកមួយប្រាប់ថា៖«ចុចប៊ូតុងដើម្បីមើលការសម្ដែង»។ ក្រោយអ្នកចុចប៊ូតុង អ្នកឮសំឡេងកុំព្យូទ័រនិយាយថា៖«យ៉ាងហោចណាស់ឌីអិនអេមានមុខងារសំខាន់ពីរ។ ទី១ គឺវាអាចធ្វើការចម្លងដោយខ្លួនឯង។ ឌីអិនអេត្រូវតែមានច្បាប់ចម្លងដើម្បីឲ្យរាល់កោសិកាថ្មីមានព័ត៌មានហ្សែនដូចគ្នា។ សូមមើលដំណើរការនេះ»។
នៅទ្វារចុងក្រោយនៃកន្លែងតាំងបង្ហាញ មានម៉ាស៊ីនដ៏សាំញ៉ាំមួយ។ វាគឺជាមនុស្សយន្តមួយក្រុមដែលនៅជាប់ៗគ្នា។ ម៉ាស៊ីននោះភ្ជាប់ខ្លួនជាមួយនឹងឌីអិនអេហើយចាប់ផ្ដើមធ្វើដំណើរតាមឌីអិនអេ ដូចរថភ្លើងធ្វើដំណើរតាមផ្លូវដែក។ ដោយសារវាទៅលឿនពេកនេះធ្វើឲ្យអ្នកពិបាកឃើញច្បាស់ ប៉ុន្តែអ្នកអាចឃើញច្បាស់នៅខាងក្រោយវាបាន។ ឥឡូវមានខ្សែឌីអិនអេពីរ មិនមែនមួយប៉ុណ្ណោះទេ។
អ្នកឮសំឡេងកុំព្យូទ័រនិយាយទៀតថា៖«ការសម្ដែងនេះបង្ហាញតែចំណុចខ្លះៗតាមរបៀបស្រួលយល់ជាងអំពីអ្វីដែលកើតឡើង ពេលឌីអិនអេធ្វើការចម្លង។ ម៉ាស៊ីនម៉ូលេគុលមួយក្រុមដែលហៅថាអង់ស៊ីមធ្វើដំណើរតាមឌីអិនអេ។ មុនដំបូងវាបំបែកឌីអិនអេជាពីរ ដោយប្រើខ្សែនីមួយៗជាពុម្ពដើម្បីបង្កើតខ្សែថ្មី។ យើងមិនអាចបង្ហាញអ្នកនូវផ្នែកទាំងអស់ដូចជាគ្រឿងតូចៗដែលធ្វើដំណើរមុនម៉ាស៊ីនចម្លងនោះទេ ដើម្បីកាត់ខ្សែឌីអិនអេយើងក៏មិនអាចបង្ហាញរបៀបឌីអិនអេផ្ទៀងមើលច្បាប់ចម្លងនោះដែរ។ វារកឃើញកំហុសក្នុងច្បាប់ចម្លង រួចកែកំហុសនោះឲ្យត្រឹមត្រូវឡើងវិញ» (សូមមើលរូបភាពនៅ ទំព័រ១៦និង១៧)។
កុំព្យូទ័របន្តប្រាប់អ្នកទៀតថា៖«អ្វីដែលយើងអាចបង្ហាញអ្នកឲ្យឃើញច្បាស់គឺល្បឿនរបស់វា។ អ្នកកត់សម្គាល់ថាមនុស្សយន្តធ្វើចលនាដោយបោះជំហានយ៉ាងលឿន។ អង់ស៊ីមធ្វើដំណើរតាមចម្រឹងឌីអិនអេយ៉ាងលឿនដែរ ក្នុងល្បឿន១០០ចម្រឹងរាល់វិនាទី។23 បើឌីអិនអេមានទំព័រប៉ុនផ្លូវរថភ្លើង យើងនឹងឃើញថាអង់ស៊ីមនោះធ្វើដំណើរក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ បើអង់ស៊ីមនោះនៅក្នុងបាក់តេរីវិញ វាអាចធ្វើដំណើរលឿនជាងនោះ១០ដង! ក្នុងកោសិការបស់មនុស្ស អង់ស៊ីមរាប់រយធ្វើការនៅកន្លែងផ្សេងៗលើឌីអិនអេ។ ក្នុងពេលតែ៨ម៉ោង វាបានចម្លងឌីអិនអេទាំងអស់»24 (សូមមើលប្រអប់ចំណងជើងថា « ម៉ូលេគុលមួយដែលអាចអាននិងចម្លង»នៅទំព័រ២០)។
«ការអាន»ឌីអិនអេ
សូមស្រមៃគិតថាម៉ាស៊ីននៅសារមន្ទីរបានបញ្ចប់ការសម្ដែងអំពីរបៀបចម្លងឌីអិនអេហើយ រួចមនុស្សយន្តផ្សេងៗនោះបានចេញទៅបាត់។ រួចមកអ្នកឃើញម៉ាស៊ីនមួយទៀតមក។ វាក៏ធ្វើដំណើរតាមខ្សែឌីអិនអេដែរ តែដើរយឺតជាង។ អ្នកឃើញថាឌីអិនអេនោះចូលម្ខាងម៉ាស៊ីន រួចចេញមកពីម្ខាងទៀតដោយមិនផ្លាស់ប្ដូរទេ។ ក៏ប៉ុន្តែម៉ាស៊ីននោះមានរន្ធមួយទៀត ហើយពីទីនោះអ្នកឃើញថាមានខ្សែថ្មីមួយចេញមក គឺដូចម៉ាស៊ីននោះកំពុងដុះកន្ទុយ។ តើនោះជាអ្វីទៅ?
ក្រោយមកម៉ាស៊ីននេះប្រើអាស៊ីតដេអុកស៊ីរីបូនុយក្លេអ៊ិចដែលហៅកាត់ថា អអិនអេ (RNA) ដើម្បីបង្កើតច្បាប់ចម្លងនៃហ្សែននោះ។ អអិនអេ (RNA) មានរូបរាងស្រដៀងនឹងខ្សែមួយនៃឌីអិនអេ ប៉ុន្តែវាមិនដូចគ្នាទាំងស្រុងទេ។ មុខងាររបស់វាគឺចាប់យកព័ត៌មានពីកូដហ្សែន។ ហើយអអិនអេ (RNA) ទទួលព័ត៌មានខណៈដែលវានៅក្នុងម៉ាស៊ីនអង់ស៊ីម បន្ទាប់មកវាចេញពីណ្វៃយ៉ូហើយយកព័ត៌មាននោះទៅរីបូសូមមួយដើម្បីបង្កើតប្រូតេអ៊ីន។
កាលដែលអ្នកកំពុងមើលការសម្ដែង អ្នកនឹកអស្ចារ្យក្នុងចិត្ត។ អ្នកកោតស្ងើចយ៉ាងខ្លាំងចំពោះសារមន្ទីរនេះនិងសមត្ថភាពឆ្នៃប្រឌិតរបស់អ្នកបង្កើតម៉ាស៊ីនផ្សេងៗទាំងនោះ។ ប៉ុន្តែ ចុះបើសារមន្ទីរទាំងមូលបានត្រូវរៀបចំឡើងដើម្បីបង្ហាញការងាររាប់ពាន់ដែលមាននៅក្នុងកោសិកាមនុស្សក្នុងពេលតែមួយ? នោះច្បាស់ជាការតាំងបង្ហាញដ៏អស្ចារ្យណាស់!
អ្នកក៏នឹងឃើញដែរថា អ្វីដែលម៉ាស៊ីនសាំញ៉ាំនិងតូចៗទាំងនោះកំពុងធ្វើក្នុងសារមន្ទីរ បង្ហាញពីអ្វីដែលកំពុងកើតឡើងនៅក្នុងកោសិកា១០០សែនកោដិរបស់អ្នកឥឡូវនេះ! ឌីអិនអេរបស់អ្នកកំពុងផ្ដល់ការណែនាំអំពីរបៀបបង្កើតប្រូតេអ៊ីនរាប់សែនប្រភេទដែលបង្កើតផ្នែកផ្សេងៗនៃរាងកាយរបស់អ្នក ដូចជាអង់ស៊ីម ជាលិកា សរីរាង្គ និងអ្វីផ្សេងទៀត។ ឥឡូវនេះ ឌីអិនអេរបស់អ្នកកំពុងចម្លងនិងពិនិត្យមើលច្បាប់ចម្លងដើម្បីឲ្យប្រាកដថាកោសិកាថ្មីនីមួយៗផ្ទុកការណែនាំត្រឹមត្រូវ។
ហេតុអ្វីរឿងនេះសំខាន់?
ម្ដងទៀតសូមឲ្យយើងសួរខ្លួនឯងថា ‹តើសម្ព័ន្ធឌីអិនអេកើតមកយ៉ាងដូចម្ដេច?›។ គម្ពីរប្រាប់ថាព័ត៌មានក្នុងកោសិកាបានត្រូវរៀបចំដោយបុគ្គលដ៏ឧត្ដមម្នាក់។ តើការសន្និដ្ឋាននេះពិតជាហួសសម័យឬក៏គ្មានមូលដ្ឋានច្បាស់លាស់ឬ?
សូមពិចារណាអំពីរឿងនេះ តើមនុស្សអាចសាងសង់សារមន្ទីរដូចដែលបានរៀបរាប់ខាងលើនេះឬទេ? ពួកគេប្រាកដជាជួបការពិបាក បើពួកគេព្យាយាមធ្វើដូច្នេះ។ អ្នកវិទ្យាសាស្ត្រស្គាល់តិចណាស់ អំពីហ្សែនរបស់មនុស្សនិងមុខងាររបស់វា។ អ្នកវិទ្យាសាស្ត្រនៅតែបន្តស្រាវជ្រាវអំពីប្រភេទហ្សែននិងមុខងាររបស់វា។ ហ្សែនគ្រាន់តែជាផ្នែកតូចមួយនៃខ្សែឌីអិនអេដ៏វែងនោះ។ ដូច្នេះ ចុះយ៉ាងណាផ្នែកឯទៀតនៃខ្សែឌីអិនអេដែលមិនមានហ្សែននោះ? តើនោះមានប្រយោជន៍អ្វីទៅ? ពីមុន អ្នកវិទ្យាសាស្ត្រធ្លាប់ហៅផ្នែកទាំងនោះថាសំរាម ប៉ុន្តែសព្វថ្ងៃនេះ ពួកគេបានផ្លាស់ប្ដូរទស្សនៈរបស់ពួកគេ។ ពួកគេគិតថាផ្នែកទាំងនោះប្រហែលជាគ្រប់គ្រងរបៀបដែលហ្សែនត្រូវប្រើ។ ម្យ៉ាងទៀត ឧបមាថាអ្នកវិទ្យាសាស្ត្រអាចបង្កើតគំរូនៃឌីអិនអេ ដែលមានទាំងម៉ាស៊ីនចម្លងនិងម៉ាស៊ីនកែសម្រួល តើពួកគេអាចធ្វើឲ្យគំរូនោះដំណើរការដូចឌីអិនអេពិតប្រាកដបានទេ?
អ្នកវិទ្យាសាស្ត្រល្បីល្បាញម្នាក់ឈ្មោះរីឆាត ហ្វីមេនបានទុកសំបុត្រខ្លីមួយលើក្ដារខៀនមុនពេលគាត់ស្លាប់ គាត់បានសរសេរថា៖«អ្វីដែលខ្ញុំមិនអាចយល់ ខ្ញុំមិនអាចបង្កើតបានទេ»។25 ចិត្តរាបទាបនិងភាពស្មោះត្រង់របស់គាត់គឺគួរឲ្យសរសើរ។ បើគិតអំពីឌីអិនអេ អ្នកវិទ្យាសាស្ត្រមានបញ្ហាដូចនោះដែរ។ ពួកគេមិនអាចបង្កើតឌីអិនអេ និងម៉ាស៊ីនចម្លងដែលអាចចម្លងដោយខ្លួនឯងបានទេ ហើយពួកគេក៏មិនអាចយល់ទាំងស្រុងអំពីឌីអិនអេដែរ។ ទោះជាយ៉ាងនោះក៏ដោយ អ្នកវិទ្យាសាស្ត្រអះអាងថា ពួកគេដឹងប្រាកដថាវាបានកើតឡើងដោយឯកឯង។ ប៉ុន្តែ តើភ័ស្តុតាងដែលអ្នកបានពិចារណាគាំទ្រការអះអាងនេះទេ?
អ្នកសិក្សាខ្លះយល់ថា ភ័ស្តុតាងបានបង្ហាញអ្វីផ្សេង។ ជាឧទាហរណ៍ ហ្វ្រង់ស៊ីស ក្រិច ជាអ្នកជីវរូបវិទ្យាដែលបានស្រាវជ្រាវរកឃើញរូបរាងនៃឌីអិនអេ។ គាត់សន្និដ្ឋានថា ឌីអិនអេគឺសាំញ៉ាំពេក មិនអាចកើតឡើងដោយឯកឯងបានទេ។ គាត់គិតថា បុគ្គលដែលមានចំណេះដឹងច្រើនរស់នៅក្រៅភពយើង ប្រហែលជាបញ្ជូនឌីអិនអេឲ្យមកផែនដីដើម្បីបង្កើតជីវិត។26
អស់រយៈពេល៥០ឆ្នាំ ទស្សនវិទូម្នាក់ឈ្មោះអាន់ថឺនី ហ្វឺលូមិនជឿថាមានព្រះដែលជាអ្នកបង្កើតទេ។ ប៉ុន្តែនៅពេលថ្មីៗនេះ គាត់បានផ្លាស់ប្ដូរទស្សនៈបន្តិច។ ពេលគាត់អាយុ៨១ឆ្នាំ គាត់ចាប់ផ្ដើមជឿថាច្បាស់ជាមានបុគ្គលវៃឆ្លាតម្នាក់ដែលបានបង្កើតជីវិតទាំងឡាយ។ ហេតុអ្វីគាត់ផ្លាស់ប្ដូរទស្សនៈរបស់គាត់? ពេលអ្នកឯទៀតនិយាយថាគំនិតថ្មីរបស់គាត់មិនស្របនឹងគំនិតរបស់ពួកអ្នកវិទ្យាសាស្ត្រ គាត់បានឆ្លើយតបវិញថា៖«ខ្ញុំនឹងមិនផ្លាស់ប្ដូរគំនិតរបស់ខ្ញុំទេ ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំជឿទៅលើអ្វីដែលមានភ័ស្តុតាងប៉ុណ្ណោះ»។27
តើអ្នកគិតយ៉ាងណា? តើភ័ស្តុតាងបានបង្ហាញអ្វី? សូមស្រមៃគិតថាអ្នកបានរកឃើញបន្ទប់កុំព្យូទ័រមួយក្នុងរោងចក្រ។ កុំព្យូទ័រកំពុងបញ្ជាម៉ាស៊ីនទាំងអស់ក្នុងរោងចក្រ។ វាបញ្ជារបៀបដំឡើងម៉ាស៊ីននិងថែរក្សាម៉ាស៊ីនក្នុងរោងចក្រ ហើយកម្មវិធីក្នុងកុំព្យូទ័រកំពុងចម្លងនិងពិនិត្យច្បាប់ចម្លង។ តើអ្នកនឹងសន្និដ្ឋានយ៉ាងណា? តើកុំព្យូទ័រ និងកម្មវិធីក្នុងកុំព្យូទ័រអាចបង្កើតខ្លួនឯង ឬបានត្រូវបង្កើតដោយបុគ្គលវៃឆ្លាត? មែនហើយ ភ័ស្តុតាងបានបញ្ជាក់យ៉ាងច្បាស់។
^ វគ្គ 12 សៀវភៅជីវវិទ្យានៃម៉ូលេគុលកោសិកា ប្រើរង្វាស់ផ្សេងដើម្បីធ្វើការប្រៀបធៀប។ សៀវភៅនោះរៀបរាប់ថា បើសាកល្បងវេញខ្សែវែងនេះចូលគ្នាដាក់ទៅក្នុងស្នូលកោសិកានុយក្លូស នោះប្រៀបដូចជាវេញសរសៃអំបោះដែលមានប្រវែង៤០គីឡូម៉ែតដាក់ទៅក្នុងកូនបាល់ ដោយវេញខ្សែនីមួយៗចូលគ្នាឲ្យមានរបៀបរៀបរយហើយងាយស្រួលប្រើ។
^ វគ្គ 18 ក្នុងកោសិកាក្រូម៉ូសូមនីមួយៗមានច្បាប់ចម្លង។ ដូច្នេះ សរុបមានក្រូម៉ូសូម៤៦។