មេរៀនទី១៤
ហេតុអ្វីព្រះមានក្រុមជំនុំនៃអ្នកបម្រើលោកនៅផែនដី?
១. ហេតុអ្វីព្រះបានជ្រើសរើសប្រជាជាតិអ៊ីស្រាអែលពីបុរាណឲ្យក្លាយទៅជារាស្ដ្ររបស់លោក?
ព្រះបានរៀបចំកូនចៅរបស់អាប្រាហាំឲ្យទៅជាប្រជាជាតិមួយ ហើយបានឲ្យពួកគេនូវច្បាប់ជាច្រើន។ លោកបានហៅប្រជាជាតិនោះថា«អ៊ីស្រាអែល» ហើយលោកបានឲ្យពួកគេមានភារកិច្ចការពារការគោរពប្រណិប័តន៍ពិត និងបណ្ដាំរបស់លោក។ (ទំនុកតម្កើង ១៤៧:១៩, ២០) ហេតុនេះហើយ មនុស្សគ្រប់ជាតិសាសន៍អាចទទួលប្រយោជន៍តាមរយៈជនជាតិអ៊ីស្រាអែល។—សូមអាន លោកុប្បត្តិ ២២:១៨
ព្រះបានជ្រើសរើសជនជាតិអ៊ីស្រាអែលឲ្យធ្វើជាសាក្សីរបស់លោក។ ប្រវត្តិសាស្ដ្ររបស់ពួកគេបានបង្ហាញអំពីរបៀបដែលមនុស្សអាចទទួលប្រយោជន៍តាមរយៈការធ្វើតាមច្បាប់របស់ព្រះ។ (ចោទិយកថា ៤:៦) ដូច្នេះ តាមរយៈជនជាតិអ៊ីស្រាអែល មនុស្សឯទៀតអាចស្គាល់ព្រះពិតបាន។—សូមអាន អេសាយ ៤៣:១០, ១២
២. ហេតុអ្វីព្រះចង់ឲ្យអ្នកបម្រើលោកនៅសព្វថ្ងៃនេះមានសាមគ្គីភាព?
ក្រោយមក ព្រះយេហូវ៉ាលែងពេញចិត្តនឹងប្រជាជាតិអ៊ីស្រាអែល។ ហេតុនេះហើយ លោកបានជ្រើសយកក្រុមជំនុំគ្រិស្ដសាសនិកមកជំនួសប្រជាជាតិនោះវិញ។ (ម៉ាថាយ ២១:៤៣; ២៣:៣៧, ៣៨) នៅសព្វថ្ងៃនេះ គ្រិស្ដសាសនិកពិតបម្រើជាសាក្សីរបស់ព្រះយេហូវ៉ាជំនួសប្រជាជាតិអ៊ីស្រាអែល។—សូមអាន សកម្មភាព ១៥:១៤, ១៧
លោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកឲ្យផ្សព្វផ្សាយ និងបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ (ម៉ាថាយ ១០:៧, ១១; ២៤:១៤; ២៨:១៩, ២០) នៅគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក កិច្ចការផ្សព្វផ្សាយកំពុងឈានទៅដល់កម្រិតខ្ពស់បំផុតនៅសព្វថ្ងៃនេះ។ នេះជាលើកទី១ក្នុងប្រវត្តិសាស្ដ្រ ដែលព្រះយេហូវ៉ាបានបង្រួបបង្រួមមនុស្សរាប់លាននាក់ពីគ្រប់ប្រជាជាតិឲ្យមានសាមគ្គីភាពក្នុងការគោរពប្រណិប័តន៍ពិត។ (ការបើកបង្ហាញ ៧:៩, ១០) គ្រិស្ដសាសនិកពិតបានត្រូវរៀបចំឡើងជាអង្គការមួយដើម្បីលើកទឹកចិត្ត និងជួយគ្នាទៅវិញទៅមក។ នៅទូទាំងពិភពលោក ពួកគេមានកម្មវិធីអប់រំពីគម្ពីរដូចគ្នានៅក្នុងកិច្ចប្រជុំរបស់ពួកគេ។—សូមអាន ហេប្រឺ ១០:២៤, ២៥
៣. តើអង្គការសាក្សីព្រះយេហូវ៉ានៅសព្វថ្ងៃនេះបានចាប់ផ្ដើមមានឡើងយ៉ាងដូចម្ដេច?
ក្នុងទសវត្សរ៍នៃឆ្នាំ១៨៧០ ក្រុមតូចមួយនៃនិស្សិតគម្ពីរបានចាប់ផ្ដើមរកឃើញសេចក្ដីពិតក្នុងគម្ពីរដែលបាត់បង់ជាយូរមកហើយ។ ពួកគេបានដឹងថាលោកយេស៊ូបង្កើតក្រុមជំនុំគ្រិស្ដសាសនិកឡើងដើម្បីផ្សព្វផ្សាយ។ ដូច្នេះ ពួកគេបានចាប់ផ្ដើមផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះនៅប្រទេសផ្សេងៗ។ នៅឆ្នាំ១៩៣១ ពួកគេមានឈ្មោះថា សាក្សីព្រះយេហូវ៉ា។—សូមអាន សកម្មភាព ១:៨; ២:១, ៤; ៥:៤២
៤. តើកិច្ចការផ្សព្វផ្សាយរបស់សាក្សីព្រះយេហូវ៉ាបានត្រូវចាត់ចែងយ៉ាងដូចម្ដេច?
នៅសតវត្សរ៍ទី១ មានបុរសចាស់ទុំមួយក្រុមដែលហៅថាគណៈអភិបាល ពួកគាត់មើលការខុសត្រូវក្រុមជំនុំគ្រិស្ដសាសនិកទាំងឡាយនៅប្រទេសផ្សេងៗ។ បុរសទាំងនោះបានទទួលស្គាល់ថា លោកយេស៊ូជាប្រមុខនៃក្រុមជំនុំ។ (សកម្មភាព ១៦:៤, ៥) ស្រដៀងគ្នាដែរនៅសព្វថ្ងៃនេះ សាក្សីព្រះយេហូវ៉ាទូទាំងពិភពលោកក៏ទទួលការណែនាំពីគណៈអភិបាលដែរ។ គណៈអភិបាលគ្រប់គ្រងទៅលើការិយាល័យសាខានានារបស់សាក្សីព្រះយេហូវ៉ា។ នៅការិយាល័យទាំងនោះពួកគេបកប្រែ បោះពុម្ព និងចែកចាយសៀវភៅផ្សេងៗសម្រាប់សិក្សាគម្ពីរជាង៦០០ភាសា។ គណៈអភិបាលអាចផ្ដល់ការលើកទឹកចិត្តដែលមកពីគម្ពីរ និងផ្ដល់ការណែនាំដល់ក្រុមជំនុំជាង១០០.០០០នៅទូទាំងពិភពលោក។ ក្នុងក្រុមជំនុំនីមួយៗ បុរសដែលមានគុណសម្បត្តិគ្រប់គ្រាន់បម្រើជាអ្នកចាស់ទុំ ឬជាអ្នកត្រួតពិនិត្យ។ បុរសទាំងនេះមើលថែរក្សាហ្វូងចៀមរបស់ព្រះដោយសេចក្ដីស្រឡាញ់។—សូមអាន ពេត្រុសទី១ ៥:២, ៣
សាក្សីព្រះយេហូវ៉ាបានត្រូវរៀបចំឡើងជាអង្គការមួយដើម្បីផ្សព្វផ្សាយអំពីដំណឹងល្អ និងបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូ។ ដូចពួកសាវ័ក យើងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ (សកម្មភាព ២០:២០) យើងស្នើសុំបង្រៀនគម្ពីរដល់អ្នកដែលស្រឡាញ់សេចក្ដីពិតយ៉ាងស្មោះ។ ប៉ុន្តែ សាក្សីព្រះយេហូវ៉ាមិនគ្រាន់តែជាអង្គការមួយប៉ុណ្ណោះទេ តែយើងជាក្រុមគ្រួសារមួយដែលមានបិតាមួយរូបដែលប្រកបដោយសេចក្ដីស្រឡាញ់។ យើងជាបងប្អូនដែលយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ (ថែស្សាឡូនិចទី២ ១:៣) ដោយសាររាស្ដ្ររបស់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងជាអង្គការមួយដើម្បីធ្វើឲ្យព្រះពេញចិត្ត និងដើម្បីជួយមនុស្សឯទៀត នោះពួកគេជាក្រុមគ្រួសារដែលមានសុភមង្គលច្រើនបំផុតនៅផែនដី។—សូមអាន ទំនុកតម្កើង ៣៣:១២; សកម្មភាព ២០:៣៥