លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការអធិដ្ឋាន តើពិតជាជួយឬទេ?

ការអធិដ្ឋាន តើពិតជាជួយឬទេ?

តើ​ការ​អធិដ្ឋាន​ជួយ​យើង​ឬ​ទេ? គម្ពីរ​ប្រាប់​ថា​សេចក្ដី​អធិដ្ឋាន​របស់​ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​ពិត​ជា​ជួយ​ពួក​គេ​មែន។ (​លូកា ២២:៤០; យ៉ាកុប ៥:១៣​) តាម​ការ​ពិត សេចក្ដី​អធិដ្ឋាន​អាច​ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ ហើយ​ក៏​ជួយ​យើង​ខាង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ​ដែរ។ តើ​តាម​របៀប​ណា?

ជា​ឧទាហរណ៍ បើ​កូន​របស់​អ្នក​ទទួល​អំណោយ តើ​អ្នក​នឹង​បង្រៀន​កូន​ឲ្យ​មាន​អារម្មណ៍​អរគុណ​ប៉ុណ្ណោះ​ឬ? ឬ​ក៏​អ្នក​នឹង​បង្រៀន​កូន​ឲ្យ​និយាយ​អរគុណ? ពេល​យើង​បង្ហាញ​អារម្មណ៍​តាម​រយៈ​ពាក្យ​សម្ដី នោះ​នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ទម្លាប់​ធ្វើ​ដូច្នោះ។ តើ​នេះ​ដូច​គ្នា​ពេល​យើង​និយាយ​ទៅ​កាន់​ព្រះ​ឬ​ទេ? ប្រាកដ​ណាស់! សូម​ពិចារណា​ឧទាហរណ៍​ខ្លះ។

អធិដ្ឋាន​ថ្លែង​អំណរ​គុណ។ ពេល​យើង​អធិដ្ឋាន​អរគុណ​ព្រះ​ដែល​ជា​បិតា​របស់​យើង​ចំពោះ​របស់​ល្អ​ៗ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​យើង នោះ​យើង​គិត​ជា​និច្ច​អំពី​ពរ​ទាំង​នោះ។ ជា​លទ្ធផល យើង​ប្រហែល​ជា​មាន​អំណរ​គុណ​ច្រើន​ជាង សប្បាយ​ចិត្ត​ជាង និង​មាន​ទស្សនៈ​វិជ្ជមាន​ជាង។—ភីលីព ៤:៦

ជា​ឧទាហរណ៍: លោក​យេស៊ូ​បាន​អរគុណ​បិតា​លោក​ដែល​បាន​ស្ដាប់ និង​ឆ្លើយ​តប​ការ​អធិដ្ឋាន​របស់​លោក។—យ៉ូហាន ១១:៤១

អធិដ្ឋាន​សុំ​ការ​អភ័យ​ទោស។ ពេល​យើង​អធិដ្ឋាន​សុំ​ការ​អភ័យ​ទោស​ពី​ព្រះ នោះ​យើង​កាន់​តែ​មាន​សមត្ថភាព​វិនិច្ឆ័យ​ល្អ យើង​កាន់​តែ​សោក​ស្ដាយ​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ​ខុស ហើយ​យើង​ដឹង​កាន់​តែ​ច្បាស់​ថា​កំហុស​របស់​យើង​ធ្ងន់​យ៉ាង​ណា។ ម្យ៉ាង​ទៀត យើង​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល ហើយ​លែង​បន្ទោស​ខ្លួន​ទៀត។

ជា​ឧទាហរណ៍: ដាវីឌ​អធិដ្ឋាន​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​និង​ប្រែ​ចិត្ត។—ទំនុក​តម្កើង ៥១

អធិដ្ឋាន​សុំ​ការ​ណែនាំ​និង​ប្រាជ្ញា។ ការ​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ណែនាំ​ឬ​ផ្ដល់​ប្រាជ្ញា​ដល់​យើង​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​រាប​ទាប​ពិត​ប្រាកដ។ ការ​អធិដ្ឋាន​អាច​ជួយ​យើង​ឲ្យ​ចាំ​ថា​សមត្ថភាព​របស់​យើង​មាន​កម្រិត ហើយ​អាច​ពង្រឹង​ទំនុក​ចិត្ត​យើង​ទៅ​លើ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌។—សុភាសិត ៣:៥, ៦

ជា​ឧទាហរណ៍: សាឡូម៉ូន​អធិដ្ឋាន​ដោយ​ចិត្ត​រាប​ទាប​សុំ​ការ​ណែនាំ​និង​ប្រាជ្ញា​ពី​ព្រះ ដើម្បី​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល។—ពង្សាវតារ​ក្សត្រ​ទី​១ ៣:៥​-​១២

អធិដ្ឋាន​ពេល​មាន​ទុក្ខ​លំបាក។ បើ​យើង​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​ព្រះ​ពេល​យើង​មាន​អារម្មណ៍​ច្របូក​ច្របល់ នោះ​ចិត្ត​យើង​នឹង​បាន​ធូរ​ស្រាល ហើយ​យើង​នឹង​ពឹង​ផ្អែក​ព្រះ​យេហូវ៉ា​ជា​ជាង​ខ្លួន​ឯង។—ទំនុក​តម្កើង ៦២:៨

ជា​ឧទាហរណ៍: ស្ដេច​អេសា​បាន​អធិដ្ឋាន ពេល​ប្រឈម​មុខ​នឹង​សត្រូវ​ដ៏​ខ្លាំង​ក្លា។—របាក្សត្រ​ទី​២ ១៤:១១

អធិដ្ឋាន​ឲ្យ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។ ការ​អធិដ្ឋាន​បែប​នេះ​ជួយ​យើង​កុំ​ឲ្យ​គិត​តែ​ពី​ខ្លួន​ឯង ហើយ​ជួយ​យើង​ឲ្យ​មាន​ចិត្ត​អាណិត​អាសូរ​និង​ចិត្ត​មេត្តា​ច្រើន​ជាង។

ជា​ឧទាហរណ៍: លោក​យេស៊ូ​បាន​អធិដ្ឋាន​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក។—យ៉ូហាន ១៧:៩​-​១៧

អធិដ្ឋាន​សរសើរ​តម្កើង​ព្រះ។ ពេល​យើង​អធិដ្ឋាន​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ចំពោះ​ស្នា​ដៃ​និង​គុណ​សម្បត្តិ​ដ៏​អស្ចារ្យ​របស់​លោក យើង​នឹង​កាន់​តែ​គោរព​លោក​ហើយ​ដឹង​គុណ​លោក។ ការ​អធិដ្ឋាន​បែប​នេះ​អាច​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​ដែល​ជា​បិតា​របស់​យើង។

ជា​ឧទាហរណ៍: ដាវីឌ​បាន​អធិដ្ឋាន​ទៅ​ព្រះ​អស់​ពី​ដួង​ចិត្ត​ចំពោះ​ការ​បង្កើត​របស់​លោក។—ទំនុក​តម្កើង ៨

ពរ​មួយ​ទៀត​ដែល​មក​ពី​ការ​អធិដ្ឋាន​គឺ​ទទួល​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន​»។ (​ភីលីព ៤:៧​) ការ​មាន​ចិត្ត​ស្ងប់​ជា​ពរ​ដ៏​ពិសេស​មួយ​ក្នុង​ពិភព​លោក​ដែល​ពេញ​ទៅ​ដោយ​បញ្ហា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ចិត្ត​ស្ងប់​ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ដែរ។ (​សុភាសិត ១៤:៣០​) ប៉ុន្តែ តើ​ការ​មាន​ចិត្ត​ស្ងប់​មក​ពី​ការ​ខំ​ប្រឹង​របស់​យើង​តែ​ប៉ុណ្ណោះ​ឬ? ឬ​ក៏​មាន​កត្តា​សំខាន់​ផ្សេង​ទៀត?

ការ​អធិដ្ឋាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន ទាំង​ខាង​ផ្លូវ​ចិត្ត ទាំង​ផ្លូវ​កាយ សំខាន់​បំផុត​ជួយ​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ