គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
«ខ្ញុំឈប់គិតថាត្រូវផ្លាស់ប្ដូរពិភពលោកដោយខ្លួនឯងទៀត»
ឆ្នាំកំណើត: ១៩៦៦
ប្រទេសកំណើត: ហ្វាំងឡង់
ប្រវត្តិ: អ្នកតស៊ូដើម្បីសង្គម
អតីតកាលរបស់ខ្ញុំ:
ខ្ញុំស្រឡាញ់ធម្មជាតិតាំងពីខ្ញុំនៅក្មេងម្ល៉េះ។ ជារឿយៗ ក្រុមគ្រួសារខ្ញុំចូលចិត្តទៅលេងព្រៃដើម្បីទស្សនាសម្រស់ធម្មជាតិ និងបឹងស្អាតៗដែលនៅជុំវិញក្រុងយូវ៉ាសស្គីឡា ជាក្រុងដែលយើងរស់នៅកណ្ដាលប្រទេសហ្វាំងឡង់។ ខ្ញុំជាមនុស្សស្រឡាញ់សត្វខ្លាំងណាស់។ ពេលខ្ញុំនៅក្មេង ខ្ញុំចង់ឱបសត្វឆ្មានិងសត្វឆ្កែណាក៏ដោយដែលខ្ញុំឃើញ! ពេលខ្ញុំធំឡើង ខ្ញុំទើសចិត្តយ៉ាងខ្លាំងកាលដែលឃើញមនុស្សធ្វើបាបសត្វ។ ក្រោយមក ខ្ញុំបានចូលរួមក្នុងអង្គការការពារសិទ្ធិរបស់សត្វ។ នៅទីនោះ ខ្ញុំបានជួបមនុស្សដែលមានចិត្តគំនិតដូចខ្ញុំ។
យើងបានតស៊ូមតិយ៉ាងសកម្មដើម្បីការពារសិទ្ធិរបស់សត្វ។ យើងបានចែកចាយព័ត៌មាន ព្រមទាំងហែក្បួនតវ៉ាប្រឆាំងហាងលក់រោមសត្វនិងមន្ទីរពិសោធន៍សត្វផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ យើងបានបង្កើតអង្គការថ្មីមួយដើម្បីការពារសត្វទៀតផង។ ដោយសារយើងព្យាយាមតវ៉ាហួសហេតុពេក នោះយើងច្រើនតែមានបញ្ហាជាមួយនឹងពួកអាជ្ញាធរ។ ខ្ញុំបានត្រូវចាប់ខ្លួន ហើយបញ្ជូនទៅតុលាការជាច្រើនដង។
ក្រៅពីកង្វល់អំពីសត្វ ខ្ញុំក៏ខ្វល់ខ្វាយអំពីបញ្ហាផ្សេងទៀតក្នុងពិភពលោកដែរ។ នៅទីបំផុត ខ្ញុំបានចូលរួមជាមួយនឹងអង្គការមួយចំនួន រួមមានអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការសន្តិភាពបៃតង (Greenpeace)។ ខ្ញុំបានចំណាយកម្លាំងទាំងអស់ក្នុងការគាំទ្រសកម្មភាពរបស់អង្គការទាំងនោះ។ ខ្ញុំបាននិយាយការពារសិទ្ធិអ្នកក្រ អ្នកអត់ឃ្លាន និងមនុស្សទន់ខ្សោយ។
បន្តិចម្ដងៗ ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនអាចផ្លាស់ប្ដូរពិភពលោកនេះបានទេ។ ទោះជាអង្គការទាំងនោះអាចដោះស្រាយបញ្ហាតូចតាចបានក៏ដោយ តែបញ្ហាធំៗមើលទៅកាន់តែធ្ងន់ធ្ងរឡើង។ នេះហាក់ដូចជាឥទ្ធិពលអាក្រក់កាន់កាប់លើពិភពលោកទាំងមូល ហើយគ្មានអ្នកណាខ្វល់ខ្វាយអំពីអ្វីទាល់តែសោះ។ ខ្ញុំមានអារម្មណ៍ថាខ្លួនមិនបានជួយអ្វីឡើយ។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត:
ខ្ញុំពិបាកចិត្តដោយសារមិនអាចជួយអ្វីបាន ដូច្នេះខ្ញុំចាប់ផ្ដើមគិតអំពីព្រះនិងគម្ពីរ។ ខ្ញុំធ្លាប់រៀនគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា។ ទោះជាខ្ញុំដឹងថាសាក្សីមានចិត្តសប្បុរស ហើយយកចិត្តទុកដាក់ចំពោះខ្ញុំក៏ដោយ ពេលនោះខ្ញុំមិនទាន់បានត្រៀមខ្លួនកែប្រែរបៀបរស់នៅរបស់ខ្ញុំទេ។ ប៉ុន្តែ លើកនេះគឺខុសពីមុន។
ខ្ញុំបានយកគម្ពីរហើយចាប់ផ្ដើមអាន ខ្ញុំទទួលការសម្រាលទុក្ខពីគម្ពីរ។ ខ្ញុំបានសង្កេតឃើញថា ព័ត៌មានក្នុងគម្ពីរបង្រៀនយើងប្រព្រឹត្តចំពោះសត្វដោយចិត្តមេត្តា។ ជាឧទាហរណ៍ សុភាសិត ១២:១០ ចែងថា៖«មនុស្សសុចរិតរមែងប្រណីដល់ជីវិតនៃសត្វរបស់ខ្លួន»។ (សមាគមព្រះគម្ពីរកម្ពុជា) ខ្ញុំក៏បានទទួលស្គាល់ដែរថាព្រះមិនមែនជាដើមហេតុនៃបញ្ហាក្នុងពិភពលោកនេះទេ។ ផ្ទុយទៅវិញ បញ្ហារបស់យើងកាន់តែអាក្រក់ទៅៗ ដោយសារមនុស្សភាគច្រើនមិនធ្វើតាមការណែនាំរបស់លោក។ ខ្ញុំពិតជាកោតស្ងើចខ្លាំងណាស់ ពេលខ្ញុំរៀនអំពីសេចក្ដីស្រឡាញ់និងចិត្តអត់ធ្មត់របស់ព្រះយេហូវ៉ា។—ទំនុកតម្កើង ១០៣:៨-១៤
ក្នុងអំឡុងពេលនោះ ខ្ញុំបានរកឃើញប័ណ្ណស្នើសុំសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ខ្ញុំបំពេញប័ណ្ណនោះ ហើយផ្ញើទៅ។ មិនយូរក្រោយមក សាក្សីប្ដីប្រពន្ធពីរនាក់បានមកមាត់ទ្វារផ្ទះរបស់ខ្ញុំ ពួកគេបានស្នើបង្រៀនគម្ពីរដល់ខ្ញុំ ហើយខ្ញុំយល់ព្រម។ ខ្ញុំក៏បានចូលរួមកិច្ចប្រជុំគ្រិស្តសាសនិកនៅសាលប្រជុំដែរ។ ជាលទ្ធផល ខ្ញុំចាប់ផ្ដើមស្រឡាញ់អ្វីដែលខ្ញុំរៀនពីគម្ពីរ។
គម្ពីរបានជួយខ្ញុំឲ្យកែប្រែអ្វីជាច្រើនក្នុងជីវិត។ ខ្ញុំឈប់ជក់បារីនិងឈប់ផឹកស្រាហួសប្រមាណ ខ្ញុំបានកែប្រែសម្បកក្រៅនិងពាក្យសម្ដីរបស់ខ្ញុំ។ ខ្ញុំបានផ្លាស់ប្ដូរទស្សនៈចំពោះពួកមន្ត្រីអាជ្ញាធរ។ (រ៉ូម ១៣:១) បន្ថែមទៅទៀត ខ្ញុំបានលះចោលរបៀបរស់នៅប្រាសចាកសីលធម៌ ដែលជាការប្រព្រឹត្តដ៏អាក្រក់មួយ។
អ្វីដែលពិបាកបំផុតសម្រាប់ខ្ញុំ គឺខ្ញុំត្រូវមានទស្សនៈខុសពីមុនចំពោះអង្គការសង្គមស៊ីវិល ហើយនេះមិនអាចកើតឡើងក្នុងពេលតែមួយយប់បានទេ។ ដំបូងខ្ញុំមានអារម្មណ៍ថា បើខ្ញុំសុំឈប់ពីអង្គការទាំងនោះ ខ្ញុំដូចជាក្បត់ពួកគេ។ ក៏ប៉ុន្តែ ខ្ញុំបានយល់ថាមានតែរាជាណាចក្រព្រះប៉ុណ្ណោះ ដែលជាសេចក្ដីសង្ឃឹមតែមួយគត់សម្រាប់ពិភពលោកយើង។ ម្ល៉ោះហើយ ខ្ញុំបានសម្រេចចិត្តចំណាយកម្លាំងទាំងអស់របស់ខ្ញុំក្នុងការគាំទ្ររាជាណាចក្រព្រះ ហើយជួយអ្នកឯទៀតឲ្យរៀនអំពីរាជាណាចក្រនោះ។—ម៉ាថាយ ៦:៣៣
ផលប្រយោជន៍ដែលខ្ញុំទទួល:
ក្នុងនាមជាអ្នកតស៊ូដើម្បីសង្គម ខ្ញុំធ្លាប់គិតថាមនុស្សមានពីរក្រុម ល្អនិងអាក្រក់ ហើយខ្ញុំត្រៀមខ្លួនដើម្បីប្រឆាំងនឹងអ្នកដែលខ្ញុំចាត់ទុកថាជាមនុស្សអាក្រក់។ ប៉ុន្តែ ដោយសារគម្ពីរ ខ្ញុំឈប់ស្អប់អ្នកឯទៀត។ ផ្ទុយទៅវិញ ខ្ញុំព្យាយាមបណ្ដុះសេចក្ដីស្រឡាញ់ជាគ្រិស្តសាសនិកចំពោះមនុស្សទាំងអស់។ (ម៉ាថាយ ៥:៤៤) វិធីមួយដែលខ្ញុំបង្ហាញសេចក្ដីស្រឡាញ់នេះ គឺដោយប្រាប់ដំណឹងល្អអំពីរាជាណាចក្រព្រះ។ ខ្ញុំសប្បាយចិត្តពេលឃើញថាកិច្ចការស្ម័គ្រចិត្តនេះ ជួយមនុស្សឲ្យមានសេចក្ដីសុខសាន្ត សុភមង្គល និងសេចក្ដីសង្ឃឹមពិត។
ខ្ញុំមានសេចក្ដីសុខសាន្តក្នុងចិត្ត ដោយទុកបញ្ហាទាំងអស់ឲ្យព្រះយេហូវ៉ាដោះស្រាយ។ ខ្ញុំជឿជាក់ថាព្រះដែលជាអ្នកបង្កើតនឹងមិនឲ្យគេធ្វើបាបសត្វនិងមនុស្សជារៀងរហូតនោះទេ ហើយលោកក៏នឹងមិនអនុញ្ញាតឲ្យមនុស្សបំផ្លាញផែនដីដ៏ស្រស់ស្អាតរបស់យើងទាំងស្រុងដែរ។ ប៉ុន្តែ តាមរយៈរាជាណាចក្ររបស់លោក មិនយូរទៀតលោកនឹងធ្វើឲ្យអ្វីៗទាំងអស់ប្រសើរឡើងវិញ។ (អេសាយ ១១:១-៩) នេះធ្វើឲ្យខ្ញុំមានអំណរយ៉ាងខ្លាំង ដោយសារខ្ញុំមិនគ្រាន់តែស្គាល់សេចក្ដីពិតទាំងនេះប៉ុណ្ណោះទេ តែខ្ញុំក៏អាចជួយអ្នកឯទៀតឲ្យមានជំនឿលើសេចក្ដីសង្ឃឹមទាំងនេះដែរ។ ដូច្នេះ ខ្ញុំឈប់គិតថាត្រូវផ្លាស់ប្ដូរពិភពលោកដោយខ្លួនឯងទៀតហើយ។