លោតទៅអត្ថបទ

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

ខ្ញុំមានកាំភ្លើងជាប់ខ្លួនរហូត

ខ្ញុំមានកាំភ្លើងជាប់ខ្លួនរហូត
  • ឆ្នាំ​កំណើត: ១៩៥៨

  • ប្រទេស​កំណើត: អ៊ីតាលី

  • ប្រវត្តិ: សមាជិក​ក្រុម​បង​ធំ

អតីតកាល​របស់​ខ្ញុំ:

ខ្ញុំ​បាន​កើត​និង​ធំ​ឡើង​នៅ​ជាយ​ប្រទេស​រ៉ូម ជា​តំបន់​ដែល​កម្មករ​ក្រី​ក្រ​រស់​នៅ។ ជីវិត​នៅ​ទី​នោះ​ពិបាក​ណាស់។ ខ្ញុំ​មិន​ដែល​ឃើញ​មុខ​ម្ដាយ​បង្កើត​របស់​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចុះ​សម្រុង​ជា​មួយ​នឹង​ឪពុក​របស់​ខ្ញុំ​ដែរ។ ខ្ញុំ​រៀន​រស់​ដោយ​ខ្លួន​ឯង​ក្នុង​តំបន់​ដែល​ពេញ​ដោយ​បញ្ហា​នោះ។

ខ្ញុំ​ចេះ​លួច​តាំង​ពី​អាយុ​១០​ឆ្នាំ។ ពេល​អាយុ​១២​ឆ្នាំ ខ្ញុំ​បាន​រត់​ចេញ​ពី​ផ្ទះ​ជា​លើក​ដំបូង។ អស់​ជា​ច្រើន​ដង ឪពុក​ខ្ញុំ​បាន​ទៅ​យក​ខ្ញុំ​ពី​ប៉ុស្តិ៍​ប៉ូលិស​មក​ផ្ទះ​វិញ។ ខ្ញុំ​តែង​តែ​ឈ្លោះ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ ខ្ញុំ​ជា​មនុស្ស​ឃោរ​ឃៅ ហើយ​ក្ដៅ​ក្រហាយ​ជា​និច្ច​ចំពោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន។ ពេល​អាយុ​១៤​ឆ្នាំ ខ្ញុំ​បាន​ចេញ​ពី​ផ្ទះ ហើយ​មិន​ត្រឡប់​មក​វិញ​ទេ។ ខ្ញុំ​ចាប់​ផ្ដើម​ប្រើ​គ្រឿង​ញៀន ហើយ​រស់​នៅ​តាម​ផ្លូវ។ ដោយ​សារ​ខ្ញុំ​គ្មាន​កន្លែង​ដេក ដូច្នេះ​ខ្ញុំ​គាស់​ឡាន​គេ ហើយ​ចូល​ដេក​ក្នុង​នោះ​រហូត​ដល់​ព្រលឹម។ រួច​មក ខ្ញុំ​ដើរ​រក​ទឹក​នៅ​ទី​សាធារណៈ​ដើម្បី​លាង​ជម្រះ​ខ្លួន។

ខ្ញុំ​ទៅ​ជា​មនុស្ស​ជំនាញ​ខាង​លួច ខ្ញុំ​លួច​អ្វី​គ្រប់​យ៉ាង តាំង​ពី​ឆក់​កាបូប​រហូត​ដល់​ប្លន់​ផ្ទះ​និង​វីឡា​នៅ​ពេល​យប់។ ខ្ញុំ​ចាប់​ផ្ដើម​មាន​រហស្សនាម​ខាង​លួច មិន​យូរ​ក្រោយ​មក​ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ក្រុម​បង​ធំ​ដ៏​ល្បី​មួយ ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​«​ឱកាស​»​ឡើង​តំណែង​ជា​អ្នក​ប្លន់​ធនាគារ។ ដោយ​សារ​ខ្ញុំ​មិន​ចេះ​ញញើត ខ្ញុំ​បាន​ទៅ​ជា​សមាជិក​ដែល​គេ​គោរព​ក្នុង​ក្រុម​បង​ធំ​នោះ។ ខ្ញុំ​មាន​កាំភ្លើង​ជាប់​ខ្លួន​រហូត ពេល​ខ្ញុំ​ដេក ខ្ញុំ​តែង​ដាក់​វា​នៅ​ក្រោម​ខ្នើយ។ ជីវិត​ខ្ញុំ​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​អំពើ​ឃោរឃៅ គ្រឿង​ញៀន លួច​ប្លន់ ពាក្យ​សម្ដី​អាក្រក់ និង​អំពើ​ប្រាស​ចាក​សីលធម៌។ ប៉ូលិស​តាម​ស្វះ​ស្វែង​រក​ខ្ញុំ​ឥត​ឈប់​ឈរ។ គេ​បាន​ចាប់​ខ្ញុំ​ច្រើន​លើក​ច្រើន​សា ហើយ​ខ្ញុំ​ចេញ​ចូល​គុក​ដូច​ចេញ​ចូល​ផ្ទះ។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត:

មាន​ពេល​មួយ​ក្រោយ​ខ្ញុំ​ចេញ​ពី​គុក ខ្ញុំ​បាន​ទៅ​លេង​មីង​របស់​ខ្ញុំ។ ខ្ញុំ​មិន​បាន​ដឹង​ថា មីង​និង​បង​ប្អូន​ជីដូន​មួយ​ពីរ​នាក់​របស់​ខ្ញុំ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ទេ។ ពួក​គាត់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​មួយ​របស់​សាក្សី។ ដោយ​សារ​ខ្ញុំ​ចង់​ដឹង ខ្ញុំ​ក៏​ទៅ​ជា​មួយ​នឹង​ពួក​គាត់។ ពេល​ទៅ​ដល់​សាល​ប្រជុំ ខ្ញុំ​ប្រាប់​ពួក​គាត់​ថា​ខ្ញុំ​ចង់​អង្គុយ​នៅ​ជិត​ទ្វារ ដូច្នេះ​ខ្ញុំ​អាច​មើល​ថា​អ្នក​ណា​ចេញ​ចូល​តាម​ទ្វារ​នោះ។ ប្រាកដ​ណាស់ ពេល​នោះ​ខ្ញុំ​មាន​កាំភ្លើង​ជាប់​ខ្លួន។

កិច្ច​ប្រជុំ​នោះ​បាន​កែ​ប្រែ​ជីវិត​ខ្ញុំ។ ខ្ញុំ​ចាំ​ថា ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​នៅ​ភព​មួយ​ផ្សេង​ទៀត។ មនុស្ស​នៅ​ទី​នោះ​ញញឹម​ពព្រាយ ហើយ​ស្វាគមន៍​ខ្ញុំ​យ៉ាង​រាក់​ទាក់។ ខ្ញុំ​នៅ​តែ​ចាំ​ច្បាស់​នូវ​កែវ​ភ្នែក​ដ៏​ស្មោះ​ត្រង់​និង​ភាព​កក់​ក្ដៅ​របស់​ពួក​គេ។ នេះ​ខុស​គ្នា​ឆ្ងាយ​ពី​សង្គម​ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ!

ខ្ញុំ​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​នឹង​សាក្សី។ ពេល​ខ្ញុំ​រៀន​កាន់​តែ​ច្រើន ខ្ញុំ​កាន់​តែ​ដឹង​ថា​ខ្ញុំ​ត្រូវ​កែ​ប្រែ​របៀប​រស់​នៅ​របស់​ខ្ញុំ​ទាំង​ស្រុង។ ខ្ញុំ​បាន​ធ្វើ​តាម​ឱវាទ​នៅ​សុភាសិត ១៣:២០ ដែល​ចែង​ថា​៖​«​អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងី​ល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ​»។ ខ្ញុំ​យល់​ច្បាស់​ថា​ខ្ញុំ​ត្រូវ​ផ្ដាច់​ខ្លួន​ពី​ក្រុម​បង​ធំ។ នោះ​មិន​ស្រួល​ទេ តែ​ខ្ញុំ​អាច​ធ្វើ​បាន ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។

នេះ​ជា​លើក​ទី​១​ក្នុង​ជីវិត ដែល​ខ្ញុំ​អាច​គ្រប់​គ្រង​អារម្មណ៍​និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន​បាន

ម្យ៉ាង​ទៀត ខ្ញុំ​បាន​សម្អាត​ភាព​ស្មោក​គ្រោក​របស់​ខ្លួន។ ខ្ញុំ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ឈប់​ជក់​បារី​និង​ផ្ដាច់​គ្រឿង​ញៀន។ ខ្ញុំ​បាន​កាត់​សក់​ខ្លី ឈប់​ពាក់​ក្រវិល និង​ឈប់​ប្រើ​ពាក្យ​សម្ដី​អាក្រក់​ទៀត។ នេះ​ជា​លើក​ទី​១​ក្នុង​ជីវិត ដែល​ខ្ញុំ​អាច​គ្រប់​គ្រង​អារម្មណ៍​និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន​បាន។

តាំង​ពី​ដើម​មក ខ្ញុំ​មិន​ដែល​ចូល​ចិត្ត​អាន​និង​រៀន​សូត្រ​ទេ។ ដូច្នេះ ពេល​រៀន​គម្ពីរ​ខ្ញុំ​ពិបាក​ផ្ដោត​អារម្មណ៍​ខ្លាំង​ណាស់។ ប៉ុន្តែ ខ្ញុំ​ខំ​ព្យាយាម បន្តិច​ម្ដង​ៗ​ខ្ញុំ​ក៏​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​សមត្ថភាព​វិនិច្ឆ័យ​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ខ្ញុំ។ ជា​រឿយ​ៗ ខ្ញុំ​មាន​គំនិត​អវិជ្ជមាន​អំពី​ខ្លួន​ឯង ខ្ញុំ​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​អាច​អភ័យ​ទោស​ចំពោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ​ទេ។ ពេល​ខ្ញុំ​មាន​អារម្មណ៍​បែប​នោះ ខ្ញុំ​ទទួល​ការ​សម្រាល​ទុក្ខ​យ៉ាង​ខ្លាំង​អំពី​ការ​ដែល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​ស្ដេច​ដាវីឌ ក្រោយ​ពី​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ជា​ច្រើន។—សាំយូអែល​ទី​២ ១១:១–១២:១៣

អ្វី​ដែល​ពិបាក​មួយ​ទៀត​គឺ ការ​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​ខ្ញុំ។ (​ម៉ាថាយ ២៨:១៩, ២០​) ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​នឹង​ជួប​មនុស្ស​ដែល​ខ្ញុំ​បាន​ធ្វើ​បាប​នៅ​អតីតកាល! ប៉ុន្តែ បន្តិច​ម្ដង​ៗ​ខ្ញុំ​អាច​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​នេះ។ ខ្ញុំ​ចាប់​ផ្ដើម​មាន​សេចក្ដី​សុខ​ក្នុង​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​បិតា​ដ៏​អស្ចារ្យ​នៅ​ស្ថាន​សួគ៌ ជា​ព្រះ​ដែល​អភ័យ​ទោស​ឲ្យ​យើង​យ៉ាង​បរិបូរ។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល:

ការ​រៀន​អំពី​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ជីវិត​ខ្ញុំ! មិត្ត​ភក្ដិ​របស់​ខ្ញុំ​ភាគ​ច្រើន​បាន​ស្លាប់​ឬ​ជាប់​គុក។ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​មាន​ជីវិត​ដ៏​មាន​ន័យ​ខ្លឹម​សារ ហើយ​ទន្ទឹង​រង់​ចាំ​អនាគត​ដ៏​ភ្លឺ​ស្វាង។ ខ្ញុំ​បាន​រៀន​ឲ្យ​មាន​ចិត្ត​រាប​ទាប​និង​ស្ដាប់​បង្គាប់ ហើយ​ខ្ញុំ​ក៏​ចេះ​ទប់​កំហឹង​របស់​ខ្ញុំ​ដែរ។ ជា​លទ្ធផល ខ្ញុំ​មាន​ទំនាក់​ទំនង​ល្អ​ជាង​ជា​មួយ​នឹង​មនុស្ស​នៅ​ជុំវិញ​ខ្ញុំ។ ខ្ញុំ​មាន​ចំណង​អាពាហ៍ពិពាហ៍​ដ៏​មាន​សុភមង្គល​ជា​មួយ​នឹង​ប្រពន្ធ​ដ៏​ស្រស់​ស្អាត​របស់​ខ្ញុំ ឈ្មោះ​ខាមែន។ យើង​ទាំង​ពីរ​នាក់​មាន​អំណរ​ក្រៃ​លែង​ក្នុង​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​គម្ពីរ។

អូ ខ្ញុំ​ភ្លេច​ប្រាប់ ជួន​កាល​ខ្ញុំ​ធ្វើ​ការ​នៅ​ធនាគារ តែ​មិន​មែន​ប្លន់​ទេ គឺ​សម្អាត!