លោតទៅអត្ថបទ

ខ្ញុំ​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​ប្អូន​ៗ​វ័យ​ក្មេង​នៅ​ក្នុង​ក្រុម​ជំនុំ

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

ខ្ញុំស្រឡាញ់កីឡាដំបងវាយកូនបាល់ខ្លាំងជាងអ្វីៗទាំងអស់!

ខ្ញុំស្រឡាញ់កីឡាដំបងវាយកូនបាល់ខ្លាំងជាងអ្វីៗទាំងអស់!
  • ឆ្នាំ​កំណើត: ១៩២៨

  • ប្រទេស​កំណើត: កូស្ដារីកា

  • ប្រវត្តិ: ជក់​ស្លុង​នឹង​កីឡា​និង​ល្បែង​ស៊ីសង

អតីតកាល​របស់​ខ្ញុំ

ខ្ញុំ​ធំ​ឡើង​នៅ​ក្រុង​កំពង់​ផែ​មួយ ឈ្មោះ​ពឺតូ លីម៉ន ដែល​នៅ​ភាគ​ខាង​កើត​ប្រទេស​កូស្ដារីកា។ ឪពុក​ម្ដាយ​ខ្ញុំ​មាន​កូន​៨​នាក់​ហើយ​ខ្ញុំ​ជា​កូន​ទី​៧។ ពេល​ខ្ញុំ​អាយុ​៨​ឆ្នាំ ឪពុក​ខ្ញុំ​បាន​ស្លាប់។ ក្រោយ​មក ម្ដាយ​ខ្ញុំ​ត្រូវ​ចិញ្ចឹម​កូន​ទាំង​អស់​តែ​ម្នាក់​ឯង។

ខ្ញុំ​ចូល​ចិត្ត​លេង​កីឡា​តាំង​ពី​ក្មេង។ កីឡា​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត​គឺ​កីឡា​វាយ​កូន​បាល់។ ពេល​ខ្ញុំ​មាន​អាយុ​១៩​ឆ្នាំ ខ្ញុំ​បាន​ចូល​លេង​កីឡា​ក្នុង​ក្រុម​មួយ។ ពេល​ខ្ញុំ​កំពុង​លេង​នៅ​ក្នុង​ក្រុម​នោះ បុរស​ម្នាក់​បាន​ហៅ​ខ្ញុំ​ឲ្យ​ទៅ​លេង​នៅ​ក្នុង​ក្រុម​កីឡាករ​អាជីព​នៅ​ប្រទេស​នីការ៉ាហ្គា។ ប៉ុន្តែ ដោយ​សារ​នៅ​ពេល​នោះ​ម្ដាយ​ខ្ញុំ​មាន​សុខភាព​មិន​សូវ​ល្អ ហើយ​ខ្ញុំ​ត្រូវ​មើល​ថែ​គាត់ ដូច្នេះ ខ្ញុំ​មិន​ចង់​ទៅ​ប្រទេស​នីការ៉ាហ្គា​ទេ។ ម្ល៉ោះ​ហើយ ខ្ញុំ​ក៏​បដិសេធ​សំណើរ​នោះ​ទៅ។ ក្រោយ​មក បុរស​ម្នាក់​ទៀត​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​លេង​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​នៅ​ប្រទេស​កូស្ដារីកា។ នៅ​ក្នុង​ក្រុម​នេះ​មាន​សុទ្ធ​តែ​កីឡាករ​ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ក្រុម​ផ្សេង​ៗ។ លើក​នេះ ខ្ញុំ​ក៏​ព្រម​ទទួល​យក​ការ​អញ្ជើញ​នេះ។ ខ្ញុំ​បាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ ចាប់​ពី​ឆ្នាំ​១៩៤៩​ដល់​ឆ្នាំ​១៩៥២។ ខ្ញុំ​បាន​ទៅ​ប្រកួត​កីឡា​នេះ​នៅ​ប្រទេស​គុយបា ម៉ិកស៊ិក និង​នីការ៉ាហ្គា។ ខ្ញុំ​មាន​តួ​នាទី​ជា​អ្នក​ចាប់​កូន​បាល់។ ខ្ញុំ​ពូកែ​ចាប់​ណាស់ ក្នុង​ការ​ប្រកួត​អស់​១៧​ដង ខ្ញុំ​ចាប់​មិន​ដែល​ខុស​ឡើយ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ពេល​ឮ​គេ​ស្រែក​ហ៊ោ​ហៅ​ឈ្មោះ​ខ្ញុំ!

គួរ​ឲ្យ​ស្ដាយ​ណាស់ ខ្ញុំ​មាន​របៀប​រស់​នៅ​ប្រាស​ចាក​សីលធម៌។ ទោះ​ជា​ខ្ញុំ​មាន​សង្សារ​ហើយ​ក៏​ដោយ តែ​ខ្ញុំ​នៅ​តែ​ទាក់​ទង​ជា​មួយ​នឹង​ស្រី​ឯ​ទៀត។ ហើយ​ខ្ញុំ​ក៏​ផឹក​ស្រា​ច្រើន​ដែរ។ ថ្ងៃ​មួយ ខ្ញុំ​ផឹក​ស្រវឹង​ខ្លាំង​ដល់​ម្ល៉េះ ពេល​ខ្ញុំ​ក្រោក​ឡើង​នៅ​ថ្ងៃ​ស្អែក ខ្ញុំ​មិន​ចាំ​ថា​ខ្ញុំ​មក​ផ្ទះ​យ៉ាង​ម៉េច​ទេ។ បន្ថែម​ទៅ​ទៀត ខ្ញុំ​ក៏​ចូល​ចិត្ត​លេង​ល្បែង​ស៊ីសង​និង​លេង​ឆ្នោត​ដែរ។

ពេល​ដែល​ខ្ញុំ​មាន​របៀប​រស់​នៅ​បែប​នោះ ម្ដាយ​ខ្ញុំ​បាន​ក្លាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ គាត់​បាន​ព្យាយាម​ប្រាប់​ពី​ជំនឿ​គាត់​ដល់​ខ្ញុំ តែ​ឥត​ប្រយោជន៍​ទេ ព្រោះ​ខ្ញុំ​ជក់​ស្លុង​នឹង​ការ​លេង​កីឡា​របស់​ខ្ញុំ។ បើ​ខ្ញុំ​ហ្វឹក​ហាត់​ដល់​ពេល​បាយ ខ្ញុំ​មិន​បាន​ឈប់​សម្រាក​ញ៉ាំ​បាយ​ទេ ខ្ញុំ​ជក់​ហាត់​កីឡា​នោះ​រហូត​ដល់​ភ្លេច​បាយ​ភ្លេច​ទឹក។ ខ្ញុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​តែ​កីឡា​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​ស្រឡាញ់​កីឡា​ដំបង​វាយ​កូន​បាល់​ខ្លាំង​ជាង​អ្វី​ៗ​ទាំង​អស់!

ប៉ុន្តែ ពេល​ខ្ញុំ​មាន​អាយុ​២៩​ឆ្នាំ ខ្ញុំ​មាន​របួស​ពេល​ដែល​ខ្ញុំ​ចាប់​កូន​បាល់​ក្នុង​អំឡុង​ការ​ប្រកួត។ ក្រោយ​ពី​ជា​សះ​ស្បើយ ខ្ញុំ​បាន​ឈប់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ទៀត។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​នៅ​តែ​ពាក់​ព័ន្ធ​នឹង​កីឡា​វាយ​កូន​បាល់ ដោយ​បង្ហាត់​បង្រៀន​កីឡាករ​ឯ​ទៀត​ក្នុង​ក្រុម​មួយ​ដែល​នៅ​ក្បែរ​ផ្ទះ​ខ្ញុំ។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត

នៅ​ឆ្នាំ​១៩៥៧ ខ្ញុំ​បាន​ទទួល​លិខិត​អញ្ជើញ​មួយ​ឲ្យ​ចូល​រួម​មហា​សន្និបាត​របស់​សាក្សី​ព្រះ​យេហូវ៉ា ដែល​ធ្វើ​ឡើង​នៅ​ស្ដាត​មួយ​ដែល​ខ្ញុំ​ធ្លាប់​ប្រកួត​កីឡា​វាយ​កូន​បាល់​នៅ​ទី​នោះ។ ពេល​ខ្ញុំ​អង្គុយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត ខ្ញុំ​ឃើញ​ភាព​ខុស​គ្នា​រវាង​សាក្សី​ព្រះ​យេហូវ៉ា​និង​អ្នក​ចូល​រួម​ទស្សនា​កីឡា។ ក្នុង​ចំណោម​សាក្សី​ព្រះ​យេហូវ៉ា ខ្ញុំ​ឃើញ​ពួក​គេ​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​គោរព តែ​ក្រុម​មនុស្ស​ដែល​មក​មើល​កីឡា គេ​ប្រព្រឹត្ត​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់។ អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​មហា​សន្និបាត​នោះ ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ចង់​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា ហើយ​ចូល​រួម​កិច្ច​ប្រជុំ​របស់​ពួក​គេ​ដែរ។

កាល​ដែល​ខ្ញុំ​រៀន ខ្ញុំ​កោត​ស្ងើច​សេចក្ដី​បង្រៀន​ជា​ច្រើន​ក្នុង​គម្ពីរ។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​គ្រា​ចុង​ក្រោយ​បង្អស់ ថា​អ្នក​កាន់​តាម​លោក​នឹង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​នៅ​ទូទាំង​ពិភព​លោក។ (​ម៉ាថាយ ២៤:១៤​) ខ្ញុំ​ក៏​បាន​រៀន​ថា​គ្រិស្ត​សាសនិក​ពិត​មិន​បំពេញ​កិច្ច​បម្រើ​របស់​ពួក​គេ​ដោយ​សារ​ចង់​បាន​កម្រៃ​នោះ​ទេ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖​«​អ្នក​រាល់​គ្នា​បាន​ទទួល​ដោយ​ឥត​បង់​ថ្លៃ ចូរ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ដែរ​»។—ម៉ាថាយ ១០:៨

ពេល​ខ្ញុំ​រៀន​គម្ពីរ ខ្ញុំ​បាន​ប្រៀប​ធៀប​អ្វី​ដែល​គម្ពីរ​ចែង​ជា​មួយ​នឹង​អ្វី​ដែល​ខ្ញុំ​ឃើញ​ក្នុង​ចំណោម​សាក្សី​ព្រះ​យេហូវ៉ា។ ខ្ញុំ​ស្ងើច​សរសើរ​ពួក​គេ​ចំពោះ​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​នៅ​ទូទាំង​ពិភព​លោក។ ខ្ញុំ​បាន​ឃើញ​ថា​ពួក​គេ​មាន​ចិត្ត​គំនិត​ចេះ​ឲ្យ​អ្នក​ឯ​ទៀត ដូច​លោក​យេស៊ូ​បាន​បង្គាប់​គ្រិស្ត​សាសនិក​ឲ្យ​ធ្វើ។ ដូច្នេះ ពេល​ខ្ញុំ​អាន​នៅ​ម៉ាកុស ១០:២១ ហើយ​ឃើញ​សេចក្ដី​អញ្ជើញ​របស់​លោក​យេស៊ូ​ដែល​ថា​៖​«​ចូរ​មក​តាម​ខ្ញុំ​ចុះ​»​ នោះ​ខ្ញុំ​ក៏​ចង់​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែរ។

ប៉ុន្តែ ខ្ញុំ​ត្រូវ​ការ​ពេល​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ទាំង​ស្រុង។ ជា​ឧទាហរណ៍ អស់​ជា​ច្រើន​ឆ្នាំ រាល់​សប្តាហ៍​ខ្ញុំ​តែង​តែ​ចាក់​ឆ្នោត​ជាតិ​ដោយ​លេខ​«​សំណាង​»​របស់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​បាន​រៀន​ពី​គម្ពីរ​ថា​ព្រះ​ផ្ដន្ទា​ទោស​អ្នក​ដែល​គោរព​បូជា​«​ព្រះ​នៃ​លាភ​សំណាង​»​ ព្រម​ទាំង​មនុស្ស​ដែល​មាន​ចិត្ត​លោភ​លន់។ (​អេសាយ ៦៥:១១; កូឡុស ៣:៥​) ដូច្នេះ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ឈប់​លេង​ល្បែង​ស៊ីសង។ នៅ​ថ្ងៃ​អាទិត្យ​ដំបូង ក្រោយ​ពី​ខ្ញុំ​ឈប់​ចាក់​ឆ្នោត​ជាតិ​នោះ លេខ​«​សំណាង​»​របស់​ខ្ញុំ​ក៏​បាន​ចេញ​នៅ​ថ្ងៃ​នោះ! មនុស្ស​បាន​សើច​ចំអក​ឲ្យ​ខ្ញុំ​ដោយ​សារ​ខ្ញុំ​អត់​បាន​ចាក់​នៅ​សប្ដាហ៍​នោះ ហើយ​ពួក​គេ​បាន​បង្ខំ​ខ្ញុំ​យ៉ាង​ខ្លាំង​ឲ្យ​ចាក់​ឆ្នោត​ម្ដង​ទៀត។ ប៉ុន្តែ ខ្ញុំ​មិន​បាន​លេង​ទៀត​ទេ។ ខ្ញុំ​បាន​ឈប់​លេង​ល្បែង​ស៊ីសង​ទាំង​ស្រុង!

នៅ​ថ្ងៃ​ដែល​ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​មហា​សន្និបាត​របស់​សាក្សី​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​ជួប​នឹង​ការ​ល្បង​ល​មួយ​ទៀត​ដែល​ទាក់​ទង​នឹង​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​របស់​ខ្ញុំ។ (​អេភេសូរ ៤:២៤​) នៅ​ល្ងាច​នោះ ពេល​ខ្ញុំ​ត្រឡប់​មក​សណ្ឋាគារ​ដែល​ខ្ញុំ​ស្នាក់​នៅ​វិញ ខ្ញុំ​បាន​ឃើញ​សង្សារ​ចាស់​របស់​ខ្ញុំ​កំពុង​ចាំ​ខ្ញុំ​នៅ​មុខ​បន្ទប់។ នាង​និយាយ​មក​ខ្ញុំ​ថា​៖​«​សាមមី តោះ​យើង​សប្បាយ​ជា​មួយ​គ្នា​»។ ប៉ុន្តែ ខ្ញុំ​បាន​ឆ្លើយ​ភ្លាម​ៗ​ថា​៖​«​អត់​ទេ!​»។ ខ្ញុំ​បាន​រំលឹក​នាង​ថា ឥឡូវ​ខ្ញុំ​កំពុង​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​សីលធម៌​ក្នុង​គម្ពីរ។ (​កូរិនថូស​ទី​១ ៦:១៨​) នាង​ក៏​និយាយ​ថា​៖​«​ស្អី​គេ?​»។ រួច​នាង​និយាយ​មើល​ងាយ​ខ្នាត​តម្រា​សីលធម៌​ក្នុង​គម្ពីរ​ស្ដី​អំពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ហើយ​នាង​អង្វរ​ខ្ញុំ​ឲ្យ​ជា​នា​គ្នា​វិញ។ តែ​ខ្ញុំ​មិន​តប​ឆ្លើយ​នឹង​នាង​ទេ រួច​ចូល​ក្នុង​បន្ទប់​បិទ​ទ្វារ​ចាក់​សោ។ តាំង​ពី​ខ្ញុំ​បាន​ក្លាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ឆ្នាំ​១៩៥៨ ខ្ញុំ​អាច​និយាយ​ដោយ​មោទនភាព​ថា ខ្ញុំ​បាន​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ​យ៉ាង​ស្មោះ​ត្រង់។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល

ខ្ញុំ​បាន​ទទួល​ប្រយោជន៍​ជា​ច្រើន​ដែល​មក​ពី​ការ​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ។ ប្រយោជន៍​ទាំង​នោះ​មាន​ច្រើន​ដល់​ម្ល៉េះ​រហូត​ដល់​ខ្ញុំ​អាច​ចង​ក្រង​ជា​សៀវភៅ​មួយ​បាន។ ប្រយោជន៍​ទាំង​នោះ​រួម​មាន ខ្ញុំ​មាន​មិត្ត​ភក្ដិ​ពិត​ជា​ច្រើន ជីវិត​ខ្ញុំ​មាន​ន័យ​ខ្លឹម​សារ និង​មាន​សុភមង្គល​ពិត​ប្រាកដ។

ខ្ញុំ​នៅ​តែ​ចូល​ចិត្ត​លេង​កីឡា​វាយ​កូន​បាល់ តែ​វា​មិន​មែន​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​ខ្ញុំ​ទេ។ ពេល​ខ្ញុំ​លេង​កីឡា​នោះ ខ្ញុំ​រក​លុយ​បាន​ច្រើន​និង​មាន​ឈ្មោះ​ល្បី តែ​អ្វី​ទាំង​នោះ​មិន​ស្ថិត​ស្ថេរ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចំណង​មិត្តភាព​ជា​មួយ​ព្រះ​និង​បង​ប្អូន​រួម​ជំនឿ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​ខ្ញុំ ហើយ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ គម្ពីរ​ចែង​ថា​៖​«​ពិភព​លោក​នេះ​និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា កំពុង​ឈាន​ទៅ​រក​ការ​សាប​សូន្យ ប៉ុន្តែ​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ អ្នក​នោះ​នឹង​នៅ​ជាប់​ជា​រៀង​រហូត​វិញ។​»។ (​យ៉ូហាន​ទី​១ ២:១៧​) ឥឡូវ​ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​របស់​លោក​ខ្លាំង​ជាង​អ្វី​ទាំង​អស់!