លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គន្លឹះ​សុភមង្គល​គ្រួសារ

តើគួរធ្វើយ៉ាងណាពេលជំពាក់បំណុល?

តើគួរធ្វើយ៉ាងណាពេលជំពាក់បំណុល?

យ៉ាននីស aបាន​រៀប​រាប់​ថា​៖​«​ពេល​ដែល​មាន​វិបត្តិ​សេដ្ឋកិច្ច​នៅ​ប្រទេស​ក្រិច មុខ​ជំនួញ​របស់​ខ្ញុំ​បាន​ក្ស័យ​ធន។ ដូច្នេះ យើង​មិន​អាច​បន្ត​បង់​រំលស់​ផ្ទះ​របស់​យើង និង​បង់​សម្រាប់​កាត​ឥណទាន​ទេ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​តាន​តឹង​ចិត្ត​រហូត​ដល់​គេង​មិន​លក់​»។

ខាតារីណា​បាន​រៀប​រាប់​ថា​៖​«​យើង​ពិបាក​ទទួល​យក​ណាស់ ពេល​គិត​ថា​យើង​នឹង​បាត់​បង់​ផ្ទះ​ជា​ទី​ស្រឡាញ់​នេះ ពីព្រោះ​យើង​ខំ​ចាប់​ដៃ​គ្នា​សាង​វា​ឡើង។ ដោយ​សារ​យើង​មិន​ដឹង​ថា​ត្រូវ​ដោះ​បំណុល​តាម​របៀប​ណា យ៉ាននីស​និង​ខ្ញុំ​តែង​តែ​ឈ្លោះ​ប្រកែក​គ្នា​»។

បំណុល​អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ប្រះ​ឆា ឬ​រហូត​ដល់​បំផ្លាញ​ក្រុម​គ្រួសារ​ទៀត​ផង។ ជា​ឧទាហរណ៍ អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ឈ្មោះ​ចេហ្វ្រី ឌូ បាន​ឃើញ​ថា​គូ​ប្ដី​ប្រពន្ធ​ដែល​ជាប់​បំណុល ច្រើន​តែ​មិន​សូវ​ចំណាយ​ពេល​មួយ​គ្នា មិន​សូវ​មាន​សុភមង្គល និង​ឧស្សាហ៍​ឈ្លោះ​គ្នា។ បើ​ប្រៀប​ធៀប​ជម្លោះ​ដែល​មាន​នៅ​ក្នុង​ក្រុម​គ្រួសារ ការ​ឈ្លោះ​គ្នា​រឿង​លុយ​និង​បំណុល​គឺ​មាន​ច្រើន​និង​អូស​បន្លាយ​យូរ​ជាង​គេ។ រឿង​នេះ​ក៏​នាំ​ឲ្យ​មាន​ការ​ស្រែក​គំហក ការ​វាយ​ដំ និង​រាល​ដាល​ដល់​រឿង​ផ្សេង​ទៀត​ផង។ ដូច្នេះ​ហើយ គ្មាន​អ្វី​ចម្លែក​ទេ​ដែល​គូ​ប្ដី​ប្រពន្ធ​ជា​ច្រើន​នៅ​សហរដ្ឋ​អាម៉េរិក បាន​លែង​លះ​គ្នា​ដោយ​សារ​រឿង​លុយ​កាក់។

ការ​ជំពាក់​បំណុល​វ័ណ្ឌ​ក ក៏​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ដូច​ជា ជំងឺ​ដេក​មិន​លក់ ឈឺ​ក្បាល​ជា​ប្រចាំ ជំងឺ​ក្រពះ គាំង​បេះ​ដូង និង​ជំងឺ​បាក់​ទឹក​ចិត្ត។ ប្រពន្ធ​ម្នាក់​ឈ្មោះ​ម៉ាថា​បាន​រៀប​រាប់​ថា​៖​«​លូអីស​ប្ដី​របស់​ខ្ញុំ​បាន​តាន​តឹង​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​បំណុល ហើយ​គាត់​មិន​ចង់​ធ្វើ​អ្វី​ទាល់​តែ​សោះ គិត​តែ​ពី​ដេក​តែ​ប៉ុណ្ណោះ។ បុរស​ដែល​ខ្ញុំ​ធ្លាប់​តែ​ពឹង​ពាក់​បាន បែរ​ទៅ​ជា​បុរស​ដែល​ឥត​បាន​ការ​ទៅ​វិញ​»។ អ្នក​ខ្លះ​តាន​តឹង​ចិត្ត​រហូត​ដល់​ទ្រាំ​លែង​បាន។ ជា​ឧទាហរណ៍ សារ​ព័ត៌មាន​BBC​បាន​រាយ​ការណ៍​ថា ប្រពន្ធ​ម្នាក់​ដែល​រស់​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​កើត​នៃ​ប្រទេស​ឥណ្ឌា​បាន​សម្លាប់​ខ្លួន ដោយ​សារ​គ្មាន​លទ្ធភាព​សង់​បំណុល​គេ។ គាត់​បាន​ខ្ចី​លុយ​គេ​បើ​សរុប​ជា​ទឹក​ប្រាក់​ស្មើ​នឹង​៨៤០​ដុល្លារ​អាម៉េរិក​ដើម្បី​បង់​ថ្លៃ​ព្យាបាល​កូន​របស់​គាត់។

ចុះ​បើ​ក្នុង​ករណី​ក្រុម​គ្រួសារ​របស់​អ្នក​កំពុង​តាន​តឹង​ចិត្ត​ដោយ​សារ​ជំពាក់​បំណុល? តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា? សូម​គិត​ពិចារណា​អំពី​ការ​ពិបាក​មួយ​ចំនួន​ដែល​គូ​ប្ដី​ប្រពន្ធ​ជា​ច្រើន​កំពុង​ជួប ហើយ​សូម​មើល​ថា​គោល​ការណ៍​គម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​ប្រឈម​មុខ​បញ្ហា​ដូច​នោះ​យ៉ាង​ដូច​ម្ដេច។

ការ​ពិបាក​ទី១: ទម្លាក់​កំហុស​ដាក់​គ្នា។

ប្ដី​ម្នាក់​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​បន្ទោស​ប្រពន្ធ​ខ្ញុំ​ថា ចេះ​តែ​ចាយ​ខ្ជះ​ខ្ជាយ ហើយ​ប្រពន្ធ​ខ្ញុំ​ចោទ​ខ្ញុំ​វិញ​ថា​មក​ពី​បង​គ្មាន​ការ​ងារ​ល្អ​ទើប​គ្មាន​លុយ​ចាយ​គ្រប់​គ្រាន់​»។ តើ​ប្ដី​ប្រពន្ធ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​បំណុល​ធ្វើ​ឲ្យ​ពួក​គេ​បែក​បាក់​គ្នា?

ដំណោះ​ស្រាយ​៖ សហការ​គ្នា​ដើម្បី​ដោះ​បំណុល។

គឺ​គ្មាន​ប្រយោជន៍​ទេ បើ​អ្នក​រវល់​តែ​ខឹង​នឹង​គូ​របស់​ខ្លួន ទោះ​បី​ជា​អ្នក​មិន​បាន​ខ្ចី​គេ​ក៏​ដោយ។ ប៉ុន្តែ ឥឡូវ​បើ​ជ្រុល​តែ​ជំពាក់​បំណុល​គេ​ទៅ​ហើយ សូម​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ​នៅ​អេភេសូរ ៤:៣១​ដែល​ថា​៖​«​ចូរ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​គំនុំ កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ការ​ស្រែក​គំហក និង​ពាក្យ​ប្រមាថ​មើល​ងាយ រួម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង​»។

សហការ​គ្នា​ដើម្បី​ដោះ​បំណុល។ ប្ដី​ម្នាក់​ឈ្មោះ​ស្ទេបផាណូស បាន​ប្រាប់​អំពី​របៀប​ដែល​គាត់​និង​ប្រពន្ធ​របស់​គាត់​បាន​សហការ​គ្នា គឺ​ដោយ​«​ចាត់​ទុក​បំណុល​ជា​សត្រូវ មិន​មែន​គូ​របស់​ខ្លួន​ទេ​»។ គាត់​ក៏​ធ្វើ​តាម​សុភាសិត ១៣:១០ ដែល​ថា​៖​«​មនុស្ស​ព្រហើន​បង្ក​ឲ្យ​មាន​តែ​ការ​ទាស់​ទែង ប៉ុន្តែ អស់​អ្នក​ដែល​មាន​ប្រាជ្ញា​រមែង​ស្វែង​រក​ដំបូន្មាន​»។ ជា​ជាង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នោះ​តែ​ម្នាក់​ឯង គាត់​ពិគ្រោះ​យោបល់​ជា​មួយ​ក្រុម​គ្រួសារ ហើយ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នោះ​ជា​មួយ​គ្នា។

កូន​របស់​អ្នក​ក៏​អាច​រួម​ចំណែក​ជួយ​ដែរ។ ឪពុក​ម្នាក់​ឈ្មោះ​អេហ្គាដូ នៅ​អាហ្សង់ទីន​បាន​ប្រាប់​អំពី​បទ​ពិសោធន៍​របស់​ក្រុម​គ្រួសារ​គាត់។ គាត់​បាន​រៀប​រាប់​ថា​៖​«​កូន​ប្រុស​របស់​យើង​ចង់​បាន​កង់​ថ្មី​មួយ តែ​យើង​បាន​ប្រាប់​គាត់​អំពី​មូលហេតុ​ដែល​យើង​គ្មាន​លទ្ធភាព​ទិញ ហើយ​យើង​បាន​ឲ្យ​កង់​ដែល​ជីតា​របស់​គាត់​ធ្លាប់​ប្រើ​ឲ្យ​ទៅ​គាត់។ គាត់​ពិត​ជា​ចូល​ចិត្ត​ជិះ​កង់​នោះ​ណាស់។ ខ្ញុំ​រៀន​ថា​គឺ​ជា​ការ​សំខាន់​ដែល​សមាជិក​ក្រុម​គ្រួសារ​ទាំង​អស់​សហការ​គ្នា​»។

សូម​សាក​ធ្វើ​តាម​យោបល់​នេះ​៖ សូម​រក​ពេល​និយាយ​ជា​មួយ​គ្នា​អំពី​បំណុល​ដោយ​មិន​ច្រឡោត​ខឹង និង​ដោយ​អស់​ពី​ចិត្ត។ បើ​នរណា​ម្នាក់​ធ្វើ​ខុស សូម​ទទួល​ស្គាល់​កំហុស​នោះ ហើយ​កុំ​រំលឹក​រឿង​ដែល​កន្លង​ហួស។ ផ្ទុយ​ទៅ​វិញ សូម​ព្យាយាម​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​បើ​ត្រូវ​សម្រេច​ចិត្ត​រឿង​លុយ​កាក់​នៅ​លើក​ក្រោយ។—ចម្រៀង​សរសើរ​ព្រះ ៣៧:២១; លូកា ១២:១៥

ការ​ពិបាក​ទី២: ការ​សង​បំណុល​ដែល​មើល​ទៅ​មិន​អាច​ទៅ​រួច។

អេនរីកេ​រៀប​រាប់​ថា​៖​«​ខ្ញុំ​បាន​ជំពាក់​បំណុល​ជា​ច្រើន ដោយ​សារ​តែ​មុខ​ជំនួញ ហើយ​ពិបាក​ជាង​នោះ​ទៅ​ទៀត ក៏​មាន​បញ្ហា​សេដ្ឋកិច្ច​នៅ​ប្រទេស​អាហ្សង់ទីន​ដែរ។ ក្រោយ​មក ប្រពន្ធ​របស់​ខ្ញុំ​ត្រូវ​វះ​កាត់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​អាច​សង​បំណុល​គេ​អស់​ទេ គឺ​ប្រៀប​ដូច​ជា​ខ្ញុំ​ជាប់​សំណាញ់​ពីងពាង​អ៊ីចឹង រើ​ទៅ​ណា​មិន​រួច​ឡើយ​»។ បុរស​ម្នាក់​ទៀត​ឈ្មោះ​រ៉ូបឺតតូ​នៅ​ប្រទេស​ប្រេស៊ីល បាន​បាត់​បង់​លុយ​សន្សំ​របស់​គាត់​អស់​រលីង ដោយ​សារ​តែ​ត្រូវ​គេ​បោក​ក្នុង​មុខ​ជំនួញ ហើយ​ក៏​ត្រូវ​ជំពាក់​លុយ​ធនាគារ​អស់​១២​កន្លែង​ដែរ។ គាត់​ប្រាប់​ថា​៖​«​ខ្ញុំ​ខ្មាស​រហូត​ដល់​មិន​ហ៊ាន​ជួប​មុខ​មិត្ត​ភក្តិ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​អត់​បាន​ការ​ទាល់​តែ​សោះ​»។

តើ​អ្នក​អាច​ធ្វើ​អ្វី​បើ​អ្នក​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បន្ទោស​ខ្លួន​ឬ​ក៏​ខ្មាស​គេ​ដោយ​សារ​តែ​អ្នក​ជំពាក់​បំណុល?

ដំណោះ​ស្រាយ​៖ ចេះ​គ្រប់​គ្រង​ថវិកា។ b

 

១. កំណត់​គម្រោង​ថវិកា​នា​ពេល​បច្ចុប្បន្ន។ អ្នក​អាច​កត់​ទុក​ចំណូល​និង​ចំណាយ​ដែល​ក្រុម​គ្រួសារ​របស់​អ្នក​ប្រើ​ប្រាស់​ក្នុង​ពីរ​សប្ដាហ៍​ឬ​ដល់​មួយ​ខែ​ក៏​បាន បើ​អ្នក​គិត​ថា​នោះ​មាន​ប្រយោជន៍។ បន្ថែម​ពី​លើ​នោះ អ្នក​ក៏​អាច​កត់​ទុក​ថ្លៃ​ចំណាយ​ដូច​ជា ថ្លៃ​ពន្ធដារ ថ្លៃ​ធានា​រ៉ាប់​រង ឬ​ថ្លៃ​សម្លៀក​បំពាក់​ជា​ដើម ដើម្បី​ដឹង​ថា​ក្នុង​មួយ​ខែ​យ៉ាង​ហោច​ណាស់​ចំណាយ​អស់​ប៉ុន្មាន។

២. បង្កើន​ប្រាក់​ចំណូល។ អ្នក​អាច​ធ្វើ​ការ​បន្ថែម ទទួល​ការ​ងារ​បណ្ដោះ​អាសន្ន បង្រៀន​សិស្ស​តាម​ផ្ទះ លក់​របស់​របរ​ដែល​លែង​ប្រើ​ប្រាស់ ឬ​ក៏​ធ្វើ​ការ​នៅ​ផ្ទះ។ ប្រុង​ប្រយ័ត្ន​៖ សូម​កុំ​ឲ្យ​ការ​ងារ​ទៅ​ជា​អ្វី​ដែល​សំខាន់​ជាង​សកម្មភាព​ផ្សេង​ៗ​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ។

៣. កាត់​បន្ថយ​ចំណាយ។ សូម​ទិញ​អ្វី​ដែល​ត្រូវ​ការ​ប៉ុណ្ណោះ មិន​មែន​ទិញ​របស់​ទាំង​នោះ​ដោយ​សារ​តែ​គេ​បញ្ចុះ​តម្លៃ​ទេ។ (​សុភាសិត ២១:៥​) អេនរីកេ​ដែល​បាន​រៀប​រាប់​ខាង​លើ បាន​បន្ត​ថា​៖​«​ការ​មិន​ប្រញាប់​ទិញ​របស់​ណា​មួយ គឺ​ជា​ការ​ល្អ។ ដោយ​សារ​នេះ​អាច​ជួយ​យើង​ឲ្យ​មាន​ពេល​ដើម្បី​គិត​ថា​នោះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ ឬ​គ្រាន់​តែ​ជា​អ្វី​ដែល​ចង់​បាន​ប៉ុណ្ណោះ​»។ នៅ​ខាង​ក្រោម​នេះ​មាន​យោបល់​ខ្លះ​ៗ។

  • ការ​ចំណាយ​នៅ​ក្នុង​ផ្ទះ​៖ បើ​អាច​ធ្វើ​បាន សូម​រើ​ទៅ​ផ្ទះ​តូច​ជាង​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ផ្ទះ ហើយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ទឹក ភ្លើង និង​ម៉ាស៊ីន​កម្ដៅ។

  • អាហារ​៖ ខ្ចប់​អាហារ​ថ្ងៃ​ត្រង់​និង​អាហារ​សម្រន់ ជា​ជាង​ទៅ​ញ៉ាំ​អាហារ​ខាង​ក្រៅ​ជា​ទៀង​ទាត់ ហើយ​អ្នក​អាច​ប្រើ​កាត​ទំនិញ​សន្សំ​ពិន្ទុ និង​ការ​បញ្ចុះ​តម្លៃ​ពិសេស។ ចូអែលម៉ា រស់​នៅ​ប្រទេស​ប្រេស៊ីល បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ច្រើន​តែ​ទៅ​ផ្សារ​តាម​ផ្លូវ​មុន​ពេល​ផ្សារ​បិទ ដោយ​សារ​ពេល​នោះ​គេ​លក់​បង្ហើយ​បន្លែ​ឬ​ផ្លែ​ឈើ​ក្នុង​តម្លៃ​ថោក​ៗ​»។

  • យាន​ជំនិះ​៖ លក់​យាន​ជំនិះ​ដែល​មិន​ត្រូវ​ការ ហើយ​ជា​ជាង​ទិញ​ថ្មី​ដើម្បី​ដូរ​ស៊េរី អ្នក​អាច​ជួស​ជុល​ឬ​ថែ​ទាំ​យាន​ជំនិះ​ដែល​អ្នក​មាន​ហើយ។ អ្នក​ក៏​អាច​ជិះ​រថយន្ត​ក្រុង​សាធារណៈ​ឬ​ដើរ​ក៏​បាន។

ក្រោយ​ពី​អ្នក​កាត់​បន្ថយ​ការ​ចំណាយ​ហើយ សូម​ប្រើ​លុយ​ដែល​នៅ​សល់​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត។

៤. ពិនិត្យ​មើល​បំណុល ហើយ​រក​វិធី​ដោះ​ស្រាយ។ ដំបូង ត្រូវ​មើល​ថា​តើ​បំណុល​នោះ​មាន​ការ​ប្រាក់​ប៉ុន្មាន? ហើយ​បើ​សិន​ជា​បង់​មិន​ទាន់​ពេល តើ​វា​អាច​ឡើង​ប៉ុន្មាន​ភាគ​រយ? ក្រោយ​មក ត្រូវ​ពិនិត្យ​មើល​ក្នុង​ឯកសារ​នៃ​បំណុល​នោះ​ដែរ ដោយ​សារ​មាន​ម្ចាស់​បំណុល​ខ្លះ​អាច​បោក​បញ្ឆោត​ដែរ។ ជា​ឧទាហរណ៍ នៅ​សហរដ្ឋ​អាម៉េរិក បើ​សិន​ជា​ខ្ចី​ក្នុង​រយៈ​ពេល​ខ្លី តាម​ពិត​ការ​ប្រាក់​តែ​២៤​ភាគ​រយ​ទេ តែ​គេ​អាច​ក្លែង​បន្លំ​ឡើង​ទៅ​ដល់​៤០០​ភាគ​រយ។

បន្ទាប់​មក ពិនិត្យ​មើល​ល័ក្ខខ័ណ្ឌ​នៃ​ការ​ដោះ​បំណុល។ បើ​សិន​ជា​អ្នក​ត្រូវ​បង់​ការ​ប្រាក់​ខ្ពស់​បំផុត មាន​ជម្រើស​ពីរ ទី១ អ្នក​អាច​បង់​បណ្ដើរ​ៗ​សិន ព្រោះ​ពេល​អ្នក​ឃើញ​ថា​វិក្កយបត្រ​ប្រចាំ​ខែ​មិន​សូវ​ច្រើន នោះ​ជំរុញ​ចិត្ត​អ្នក​ថា​អ្នក​អាច​សង​បំណុល​រួច​បាន។ ទី២ អ្នក​អាច​ខ្ចី​ពី​កន្លែង​ដែល​មាន​ការ​ប្រាក់​ទាប​ទៅ​សង​នៅ​កន្លែង​ដែល​មាន​ការ​ប្រាក់​ខ្ពស់។

ចុង​ក្រោយ បើ​អ្នក​កំពុង​ជាប់​បំណុល​ហើយ​គ្មាន​លទ្ធភាព​បង់​រំលស់​តាម​កិច្ច​ព្រម​ព្រៀង​ដើម​ទេ សូម​ព្យាយាម​និយាយ​ជា​មួយ​ម្ចាស់​បំណុល សុំ​ប្ដូរ​គម្រោង​បង់​រំលស់​ថ្មី​ដែល​សម​ស្រប​តាម​ប្រាក់​ចំណូល​របស់​អ្នក។ អ្នក​អាច​សុំ​ម្ចាស់​បំណុល​ពន្យារ​ពេល ឬ​ក៏​បញ្ចុះ​ការ​ប្រាក់។ ម្ចាស់​បំណុល​ខ្លះ​ប្រហែល​ជា​សុខ​ចិត្ត​បញ្ចុះ​ការ​ប្រាក់​របស់​អ្នក បើ​អ្នក​អាច​បង់​ប្រាក់​មួយ​ចំនួន​តូច​ជា​មុន​សិន។ សូម​ពន្យល់​អំពី​ស្ថានភាព​លុយ​កាក់​របស់​អ្នក​ដោយ​គួរ​សម និង​ស្មោះ​ត្រង់។ (​កូឡុស ៤:៦; ហេប្រឺ ១៣:១៨​) រួច​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​លាយ​លក្ខណ៍​អក្សរ។ បើ​សំណូម​ពរ​របស់​អ្នក​មិន​បាន​សម្រេច​ទេ សូម​អង្វរ​សុំ​ពួក​គេ​បើ​ចាំ​បាច់។—សុភាសិត ៦:១​-​៥

ពិត​ណាស់ អ្នក​ត្រូវ​មាន​គំនិត​សម​ហេតុ​ផល​ពេល​ចាត់​ចែង​លុយ​កាក់។ ទោះ​ជា​អ្នក​មាន​គម្រោង​ចាត់​ចែង​ថវិកា​យ៉ាង​ល្អ​ក៏​ដោយ តែ​នៅ​តែ​អាច​មាន​កត្តា​ដែល​អាច​កើត​ឡើង​ដែល​អ្នក​មិន​អាច​ដឹង​ទុក​ជា​មុន ព្រោះ​លុយ​«​នឹង​ដុះ​ស្លាប​ដូច​ឥន្ទ្រី រួច​ហោះ​ឡើង​ទៅ​លើ​មេឃ​បាត់​»។—សុភាសិត ២៣:៤, ៥

សូម​សាក​ធ្វើ​តាម​យោបល់​នេះ​៖ ពេល​អ្នក​រៀប​ចំ​គម្រោង​ថវិកា សូម​ពិគ្រោះ​ជា​មួយ​គ្រួសារ​ថា​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​កាត់​បន្ថយ​ចំណាយ​ហើយ​បង្កើន​ចំណូល។ ពេល​ដែល​ក្រុម​គ្រួសារ​សហការ​គ្នា នោះ​ជួយ​ពួក​គេ​ឲ្យ​ដោះ​បំណុល​បាន។

ការ​ពិបាក​ទី៣: បំណុល​ធ្វើ​ឲ្យ​យើង​សុញ​គំនិត។

ពេល​យើង​គិត​តែ​ពី​របៀប​ដោះ​បំណុល នោះ​អាច​ធ្វើ​ឲ្យ​យើង​ភ្លេច​អ្វី​ដែល​សំខាន់​ជាង​ក្នុង​ជីវិត។ បុរស​ម្នាក់​ឈ្មោះ​ចូជើស​បាន​និយាយ​ថា​៖​«​ការ​ពិបាក​បំផុត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​គឺ​ត្រូវ​ដោះ​បំណុល ហើយ​អ្វី​ដែល​គួរ​តែ​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត បែរ​ជា​ខ្ញុំ​លែង​គិត​ទៅ​វិញ​»។

ដំណោះ​ស្រាយ​៖ ពិត​មែន​ថា​លុយ​គឺ​សំខាន់ តែ​មិន​មែន​សំខាន់​បំផុត​ទេ។

ទោះ​ជា​អ្នក​ខំ​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ អ្នក​ប្រហែល​ជា​ត្រូវ​សង​បំណុល​អស់​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ នៅ​ចន្លោះ​ពេល​នោះ តើ​អ្នក​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ស្ថានភាព​របស់​អ្នក? ជា​ជាង​គិត​អំពី​ការ​រក​លុយ​ឬ​គិត​អំពី​ការ​ខ្វះ​លុយ ជា​ការ​ល្អ​ឲ្យ​អ្នក​ធ្វើ​តាម​យោបល់​នៅ​ក្នុង​គម្ពីរ ដែល​ថា​៖​«​យើង​នឹង​ស្កប់​ចិត្ត​ហើយ ដោយ​មាន​អាហារ​បរិភោគ និង​សម្លៀក​បំពាក់​»។—ធីម៉ូថេ​ទី១ ៦:៨

ពេល​អ្នក​ស្កប់​ចិត្ត​នឹង​កាលៈទេសៈ​របស់​ខ្លួន នោះ​ជួយ​អ្នក​ឲ្យ​«​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។ (​ភីលីព ១:១០​) ​«​អ្វី​ដែល​សំខាន់​ជាង​»​ រួម​បញ្ចូល​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ និង​មិត្តភាព​ជា​មួយ​ក្រុម​គ្រួសារ។ ចូជើស​ដែល​បាន​លើក​ឡើង​ខាង​ដើម បាន​និយាយ​បន្ថែម​ថា​៖​«​ទោះ​ជា​ឥឡូវ យើង​មិន​ទាន់​សង​បំណុល​ទាំង​អស់​ក៏​ដោយ តែ​ឥឡូវ​យើង​លែង​គិត​ហួស​ហេតុ​ពេក​អំពី​បំណុល​នោះ​ទៀត​ហើយ។ ក្រុម​គ្រួសារ​យើង​មាន​សុភមង្គល​ច្រើន​ជាង ដោយ​សារ​យើង​បាន​ចំណាយ​ពេល​ជា​មួយ​គ្នា​និង​ជា​មួយ​កូន​ច្រើន​ជាង ហើយ​យើង​ក៏​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ​ដែរ​»។

សូម​សាក​ធ្វើ​តាម​យោបល់​នេះ​៖ សូម​កត់​ទុក​អ្វី​ដែល​ពិត​ជា​មាន​តម្លៃ​ចំពោះ​អ្នក ដែល​លុយ​មិន​អាច​ទិញ​បាន។ បន្ទាប់​មក សូម​ពិនិត្យ​មើល​ថា​តើ​អ្នក​គួរ​ចំណាយ​ពេល​វេលា​និង​កម្លាំង​ច្រើន​ប៉ុន​ណា​ទៀត ដើម្បី​ថែ​រក្សា​អ្វី​ដែល​មាន​តម្លៃ​នោះ។

បំណុល​ធ្វើ​ឲ្យ​តាន​តឹង​ចិត្ត ហើយ​ដើម្បី​ដោះ​បំណុល​ក៏​មិន​ងាយ​ស្រួល​ដែរ។ តែ​ការ​ខំ​ប្រឹង​នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ។ ប្ដី​ម្នាក់​ឈ្មោះ​អាន់ជេ នៅ​ប្រទេស​ប៉ូឡូញ បាន​សារភាព​ថា​៖​«​ប្រពន្ធ​របស់​ខ្ញុំ​បាន​ធ្វើ​ជា​អ្នក​ធានា​ឲ្យ​អ្នក​រួម​ការ​ងារ​របស់​គាត់​ខ្ចី​លុយ​មួយ​ចំនួន​ធំ ហើយ​អ្នក​រួម​ការ​ងារ​នោះ​បាន​បាត់​ខ្លួន​ទាំង​មិន​ទាន់​សង​លុយ​គេ។ ដូច្នេះ យើង​ត្រូវ​សង​ជំនួស​វិញ នេះ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​យើង​តាន​តឹង​យ៉ាង​ខ្លាំង​»។ ពេល​គិត​អំពី​អ្វី​ដែល​គាត់​និង​ប្រពន្ធ​របស់​គាត់​ប្រឈម​មុខ គាត់​បាន​និយាយ​ថា​៖​«​តាម​ពិត យើង​កាន់​តែ​ជិត​ស្និទ្ធ​គ្នា​ជាង មិន​មែន​ដោយ​សារ​បំណុល​ទេ តែ​ដោយ​សារ​យើង​សហការ​គ្នា​ដើម្បី​ដោះ​បំណុល​»។

a ឈ្មោះ​ខ្លះ​ក្នុង​អត្ថបទ​នេះ​បាន​ត្រូវ​ប្ដូរ។

b ដើម្បី​បាន​យោបល់​ថែម​ទៀត សូម​អាន​អត្ថបទ​ត​ភាគ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា​«​របៀប​ចាយ​វាយ​ដោយ​ចេះ​គិត​»​ នៅ​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ខែ​កញ្ញា ឆ្នាំ​២០១១ ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

សូម​សួរ​ខ្លួន​អ្នក​ថា . . .

  • តើ​ខ្ញុំ​អាច​ជួយ​ក្រុម​គ្រួសារ​ខ្ញុំ​ដោះ​បំណុល​យ៉ាង​ដូច​ម្ដេច?

  • តើ​តាម​របៀប​ណា​យើង​មិន​អនុញ្ញាត​ឲ្យ​បំណុល​មាន​ឥទ្ធិពល​ឬ​បំផ្លាញ​ទំនាក់​ទំនង​ក្នុង​ក្រុម​គ្រួសារ?