លោតទៅអត្ថបទ

តើអ្នក«កំពុងព្យាយាមឲ្យបានមុខងារ»ឬទេ?

តើអ្នក«កំពុងព្យាយាមឲ្យបានមុខងារ»ឬទេ?

ហ្វើណានដូ *កំពុង​ភ័យ​បុក​ពោះ ពីព្រោះ​អ្នក​ចាស់​ទុំ​ពីរ​នាក់​បាន​សុំ​និយាយ​ជា​មួយ​គាត់។ ថ្មី​ៗ​នេះ​ក្រោយ​ពី​ចប់​ទស្សនៈ​កិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល ពួក​អ្នក​ចាស់​ទុំ​បាន​ពិភាក្សា​ជា​មួយ​ហ្វើណានដូ​អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​ដើម្បី​មាន​លក្ខណៈ​គ្រប់​គ្រាន់​ទៅ​ជា​អ្នក​ចាស់​ទុំ។ កាល​ដែល​ពេល​វេលា​កន្លង​ទៅ ហ្វើណានដូ​ចាប់​ផ្ដើម​ឆ្ងល់​ថា តើ​គាត់​នឹង​ត្រូវ​តែង​តាំង​ជា​អ្នក​ចាស់​ទុំ​ឬ​ទេ? ឥឡូវ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ទើប​បញ្ចប់​ទស្សនៈ​កិច្ច​ក្នុង​ក្រុម​ជំនុំ ហើយ​ខ្ញុំ​មិន​ដឹង​ថា តើ​លើក​នេះ​ពួក​អ្នក​ចាស់​ទុំ​នឹង​និយាយ​អ្វី​ខ្លះ​ទេ?

ហ្វើណានដូ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ពេល​អ្នក​ចាស់​ទុំ​ម្នាក់​និយាយ​ជា​មួយ​គាត់។ អ្នក​ចាស់​ទុំ​នោះ​បាន​ដក​ស្រង់​ពាក្យ​ពី​ធីម៉ូថេ​ទី​១ ៣:១ ហើយ​និយាយ​ថា​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​បាន​ទទួល​សំបុត្រ​ថា​ហ្វើណានដូ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ចាស់​ទុំ។ ពេល​ឮ​ដូច្នេះ ហ្វើណានដូ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​សួរ​ថា​៖​«​តើ​បង​និយាយ​ថា​ម៉េច?​»។ អ្នក​ចាស់​ទុំ​ក៏​និយាយ​ម្ដង​ទៀត ភ្លាម​នោះ​ហ្វើណានដូ​រីករាយ​យ៉ាង​ខ្លាំង។ បន្ទាប់​មក អ្នក​ចាស់​ទុំ​បាន​ប្រកាស​ប្រាប់​ក្រុម​ជំនុំ​អំពី​ការ​តែង​តាំង​ហ្វើណានដូ នេះ​ធ្វើ​ឲ្យ​បង​ប្អូន​ទាំង​អស់​ត្រេក​អរ​ណាស់។

តើ​ការ​ចង់​ទទួល​ឯកសិទ្ធិ​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ​ជា​ការ​ខុស​ទេ? មិន​ខុស​ទេ។ យោង​ទៅ​តាម​ធីម៉ូថេ​ទី​១ ៣:១ ថា​៖​«​ប្រសិន​បើ​បុរស​ណា​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ នោះ​គាត់​ចង់​បាន​កិច្ច​ការ​ដ៏​ល្អ​ប្រសើរ​»។ បុរស​គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់​ធ្វើ​តាម​ពាក្យ​លើក​ទឹក​ចិត្ត​នោះ ហើយ​ព្យាយាម​រីក​ចម្រើន​ដើម្បី​មាន​លក្ខណៈ​គ្រប់​គ្រាន់​ទទួល​ឯកសិទ្ធិ​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ។ នេះ​នាំ​ឲ្យ​មាន​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ជាង​១១​ម៉ឺន​នាក់ ដែល​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​សម្រាប់​រាស្ត្រ​របស់​ព្រះ។ ប៉ុន្តែ ដោយ​សារ​ការ​រីក​ចម្រើន​ក្នុង​ក្រុម​ជំនុំ​នៅ​ទូទាំង​ពិភព​លោក ដូច្នេះ​ពិត​ជា​ត្រូវ​ការ​ឲ្យ​បង​ប្អូន​ប្រុស​ថែម​ទៀត​ព្យាយាម​ឲ្យ​បាន​មុខ​ងារ។ ប៉ុន្តែ តើ​ពួក​គាត់​គួរ​ធ្វើ​អ្វី? តើ​ពួក​គាត់​គួរ​បន្ត​រង់​ចាំ​ដោយ​ក្ដី​បារម្ភ​ដូច​ហ្វើណានដូ ថា​ពេល​ណា​ពួក​គាត់​នឹង​ក្លាយ​ជា​អ្នក​ចាស់​ទុំ​ឬ​ទេ?

តើ​ពាក្យ​«​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​»​មាន​ន័យ​ដូច​ម្ដេច?

ក្នុង​គម្ពីរ ពាក្យ​«​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​»​បាន​ត្រូវ​បក​ប្រែ​ពី​កិរិយាសព្ទ​ភាសា​ក្រិច ដែល​មាន​ន័យ​ថា​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង ឬ​ឈោង​ចាប់។ ពាក្យ​នេះ​ធ្វើ​ឲ្យ​យើង​គិត​អំពី​អ្នក​ណា​ម្នាក់​កំពុង​ឈោង​បេះ​ផ្លែ​ឈើ​ដ៏​ឆ្ងាញ់​ពី​ដើម​របស់​វា។ ប៉ុន្តែ ការ​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​«​ជា​អ្នក​ត្រួត​ពិនិត្យ​»​ មិន​មាន​ន័យ​ថា​ជា​ការ​ចង់​ធ្វើ​ឲ្យ​ខ្លួន​លេច​ធ្លោ​ទេ។ ហេតុ​អ្វី? ពីព្រោះ​ការ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ក្នុង​ការ​ព្យាយាម​ទៅ​ជា​អ្នក​ចាស់​ទុំ គឺ​ដើម្បី​ធ្វើ​«​កិច្ច​ការ​ដ៏​ល្អ​ប្រសើរ​»​ មិន​មែន​ដើម្បី​ទទួល​បាន​មុខ​តំណែង​ឬ​តួ​នាទី​ណា​មួយ​ទេ។

នៅ​ធីម៉ូថេ​ទី​១ ៣:២​-​៧ និង​ទីតុស ១:៥​-​៩ មាន​រៀប​រាប់​អំពី​គុណ​សម្បត្តិ​ជា​ច្រើន​របស់​អ្នក​ដែល​មាន​គោល​ដៅ​ចង់​ធ្វើ​«​កិច្ច​ការ​ដ៏​ល្អ​ប្រសើរ​»។ ស្ដី​អំពី​គុណ​សម្បត្តិ​ទាំង​នោះ បង​ប្រុស​ម្នាក់​ឈ្មោះ​រេម៉ិន​ដែល​បម្រើ​ជា​អ្នក​ចាស់​ទុំ​យូរ​ឆ្នាំ​ហើយ បាន​និយាយ​ថា​៖​«​ខ្ញុំ​គិត​ថា​អ្វី​ដែល​សំខាន់​បំផុត គឺ​យើង​ជា​មនុស្ស​បែប​ណា។ ពិត​មែន​តែ​សមត្ថភាព​ក្នុង​ការ​និយាយ​និង​ក្នុង​ការ​បង្រៀន​គឺ​សំខាន់ តែ​សមត្ថភាព​ទាំង​នោះ​មិន​អាច​ជំនួស​គុណ​សម្បត្តិ​ផ្សេង​ៗ​ដូច​ជា គ្មាន​កន្លែង​បន្ទោស ប្រព្រឹត្ត​ដោយ​តុល្យភាព ដឹង​ខុស​ត្រូវ មាន​សណ្ដាប់​ធ្នាប់ ចេះ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ និង​សម​ហេតុ​សម​ផល​នោះ​ឡើយ​»។

‹ព្យាយាម​ឲ្យ​បាន​មុខ​ងារ› ដោយ​រួម​ចំណែក​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ

បើ​បង​ប្អូន​ប្រុស​ណា​ម្នាក់​ពិត​ជា​កំពុង​«​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​»​ គាត់​គួរ​ជា​មនុស្ស​ដែល​គ្មាន​កន្លែង​បន្ទោស ជា​មនុស្ស​ស្មោះ​ត្រង់ និង​ស្អាត​ស្អំ​ក្នុង​គ្រប់​ការ​ទាំង​អស់។ ប្រសិន​បើ​គាត់​ប្រព្រឹត្ត​ដោយ​មាន​តុល្យភាព ដឹង​ខុស​ត្រូវ មាន​សណ្ដាប់​ធ្នាប់ និង​សម​ហេតុ​សម​ផល នោះ​បង​ប្អូន​រួម​ជំនឿ​នឹង​ទុក​ចិត្ត​គាត់​ឲ្យ​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ ព្រម​ទាំង​សុំ​ជំនួយ​ពី​គាត់ ពេល​ដែល​ពួក​គេ​មាន​បញ្ហា។ បើ​គាត់​ចេះ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ នោះ​គាត់​នឹង​ទៅ​ជា​ប្រភព​នៃ​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ប្អូន​ៗ​វ័យ​ក្មេង រួម​ទាំង​អ្នក​ជឿ​ថ្មី។ ណា​មួយ​ទៀត ដោយ​សារ​គាត់​ស្រឡាញ់​គុណធម៌ គាត់​នឹង​ផ្ដល់​ការ​សម្រាល​ទុក្ខ​និង​ជំនួយ​ដល់​បង​ប្អូន​ដែល​មាន​ជំងឺ និង​បង​ប្អូន​វ័យ​ចាស់។ គាត់​ព្យាយាម​បណ្ដុះ​គុណ​សម្បត្តិ​ទាំង​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ឯ​ទៀត មិន​មែន​ដើម្បី​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ឃើញ ដោយ​រំពឹង​ថា​ទទួល​បាន​ឯកសិទ្ធិ​ផ្សេង​ៗ​ឡើយ។ *

ក្រុម​អ្នក​ចាស់​ទុំ​រីករាយ​ផ្ដល់​យោបល់​និង​ការ​លើក​ទឹក​ចិត្ត​ដល់​បង​ប្អូន​ដែល​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ។ ប៉ុន្តែ បង​ប្អូន​នោះ​ត្រូវ​ខំ​បណ្ដុះ​គុណ​សម្បត្តិ​ដោយ​ខ្លួន​ឯង​តាម​អ្វី​ដែល​គម្ពីរ​ចែង។ បង​ប្រុស​ហេនរី​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​មាន​បទ​ពិសោធន៍​ម្នាក់​បាន​និយាយ​ថា​៖​«​ប្រសិន​បើ​អ្នក​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ សូម​ខ្នះ​ខ្នែង​បញ្ជាក់​ថា​អ្នក​ពិត​ជា​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​»។ ស្រប​តាម​អ្វី​ដែល​បាន​រៀប​រាប់​នៅ​ក្នុង​សៀវភៅ​អ្នក​ទូន្មាន ៩:១០ គាត់​ពន្យល់​ថា​៖​«​‹ដូច្នេះ អ្វី​ក៏​ដោយ​ដែល​ដៃ​របស់​អ្នក​អាច​ធ្វើ​បាន ចូរ​ធ្វើ​ឲ្យ​អស់​ពី​កម្លាំង​ចុះ›។ ចូរ​ខិត​ខំ​បំពេញ​ភារកិច្ច​ណា​ក៏​ដោយ​ដែល​អ្នក​ចាស់​ទុំ​ឲ្យ​អ្នក​ធ្វើ ថែម​ទាំង​ស្រឡាញ់​ភារកិច្ច​ទាំង​នោះ​ផង នេះ​រួម​បញ្ចូល​ទាំង​ការ​សម្អាត​ក្នុង​ក្រុម​ជំនុំ​ដែរ។ ក្រោយ​មក ក្រុម​ជំនុំ​នឹង​កត់​សម្គាល់​ការ​ខំ​ព្យាយាម​និង​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ​»។ បើ​អ្នក​ចង់​បម្រើ​ជា​អ្នក​ចាស់​ទុំ សូម​ខំ​ប្រឹង​ប្រែង​និង​បង្ហាញ​ថា​ខ្លួន​ជា​មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន​ក្នុង​គ្រប់​រឿង​ទាំង​អស់។ សូម​មាន​ចិត្ត​រាប​ទាប មិន​មែន​មាន​អំណួត​ឬ​មហិច្ឆតា​ឡើយ។—ម៉ាថ. ២៣:៨​-​១២

ចូរ​បដិសេធ​ការ​គិត​គូរ​និង​ការ​ប្រព្រឹត្ត​ដែល​មិន​ត្រឹម​ត្រូវ

បង​ប្អូន​ប្រុស​ខ្លះ​ដែល​ចង់​បាន​ឯកសិទ្ធិ​ខ្លាំង​ក្នុង​ក្រុម​ជំនុំ​ប្រហែល​ជា​ព្យាយាម​ប្រាប់​អ្នក​ចាស់​ទុំ ឬ​រហូត​ដល់​បញ្ចុះ​បញ្ចូល​ក្រុម​អ្នក​ចាស់​ទុំ​ឲ្យ​ឃើញ​ថា​ខ្លួន​មាន​លក្ខណៈ​គ្រប់​គ្រាន់។ រីឯ​បង​ប្អូន​ខ្លះ​ទៀត​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ពេល​ដែល​អ្នក​ចាស់​ទុំ​ជូន​យោបល់​ដល់​ពួក​គេ។ បង​ប្អូន​ដែល​មាន​គំនិត​បែប​នេះ​គួរ​សួរ​ខ្លួន​ថា‹តើ​ខ្ញុំ​ពិត​ជា​ចង់​ថែ​រក្សា​ចៀម​របស់​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រាប​ទាប ឬ​ចង់​ធ្វើ​ដើម្បី​ខ្លួន​ឯង?›។

អស់​អ្នក​ដែល​ព្យាយាម​ឲ្យ​បាន​មុខ​ងារ មិន​ត្រូវ​ភ្លេច​តម្រូវ​ការ​ឬ​គុណ​សម្បត្តិ​មួយ​ទៀត​សម្រាប់​អ្នក​ចាស់​ទុំ​ឡើយ ពោល​គឺ​«​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​»។ (​១​ពេ. ៥:១​-​៣​) អ្នក​ដែល​ជា​គំរូ​ដល់​ក្រុម​ជំនុំ ត្រូវ​ជៀស​វាង​ការ​មាន​គំនិត​ឬ​ការ​ប្រព្រឹត្ត ដែល​មិន​ទៀង​ត្រង់។ គាត់​ត្រូវ​បង្កើន​ចិត្ត​អត់​ធ្មត់​និង​ការ​ស៊ូ​ទ្រាំ​ត​ទៅ​ទៀត ទោះ​ជា​ឥឡូវ​នេះ​គាត់​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ចាស់​ទុំ​រួច​ហើយ​ឬ​មិន​ទាន់​ក្ដី។ ហេតុ​អ្វី? ពីព្រោះ​ការ​ទៅ​ជា​អ្នក​ចាស់​ទុំ មិន​បំបាត់​ចោល​លក្ខណៈ​មិន​ល្អ​របស់​គាត់​ដោយ​ស្វ័យ​ប្រវត្តិ​ទេ។ (​ជប. ១២:៣; ចសព. ១០៦:៣២, ៣៣​) បន្ថែម​ទៅ​ទៀត ទោះ​បើ​គាត់​ប្រហែល​ជា​គិត​ថា‹ខ្ញុំ​ឃើញ​ថា​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ›ក៏​ដោយ បង​ប្អូន​ឯ​ទៀត​អាច​ឃើញ​ថា​គាត់​នៅ​តែ​មាន​អ្វី​ដែល​ត្រូវ​កែ​ប្រែ។ (​១​កូ. ៤:៤​) ហេតុ​នេះ ប្រសិន​បើ​អ្នក​ចាស់​ទុំ​ផ្ដល់​យោបល់​ដោយ​ស្មោះ​ពី​ចិត្ត និង​ដែល​មក​ពី​គម្ពីរ នោះ​សូម​ពេញ​ចិត្ត​ស្ដាប់​ពួក​គាត់ ហើយ​ព្យាយាម​អនុវត្ត​តាម។

តើ​អ្នក​គួរ​ធ្វើ​អ្វី បើ​អ្នក​រង់​ចាំ​យូរ​ហើយ?

បង​ប្អូន​ប្រុស​ជា​ច្រើន​នាក់​ត្រូវ​រង់​ចាំ​យូរ មុន​ពេល​ដែល​ពួក​គាត់​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ចាស់​ទុំ។ បើ​អ្នក​«​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ​»​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ តើ​ពេល​ខ្លះ​អ្នក​ធ្លាប់​ពិបាក​ចិត្ត​ដែល​ខ្លួន​មិន​ទាន់​បាន​ទទួល​ការ​តែង​តាំង​ឬ​ទេ? បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ​មែន សូម​កត់​សម្គាល់​ពាក្យ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ថា​៖​«​សេចក្ដី​សង្ឃឹម​ដែល​ក្រ​នឹង​កើត​ឡើង នាំ​ឲ្យ​ក្រៀម​ក្រំ​ចិត្ត តែ​ពេល​បំណង​ប្រាថ្នា​ក្លាយ​ជា​ការ​ពិត នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត​»។—សុភ. ១៣:១២

នៅ​ពេល​អ្នក​ណា​ម្នាក់​ចង់​បាន​អ្វី​មួយ​យ៉ាង​ខ្លាំង តែ​ហាក់​ដូច​ជា​គ្មាន​វិធី​ដើម្បី​ទទួល​បាន នោះ​អាច​ធ្វើ​ឲ្យ​គាត់​ក្រៀម​ក្រំ​ចិត្ត។ អាប្រាហាំ​ក៏​មាន​អារម្មណ៍​ដូច​នេះ​ដែរ។ ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​អាប្រាហាំ​ថា គាត់​នឹង​មាន​កូន​ប្រុស​ម្នាក់ ប៉ុន្តែ​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ គាត់​និង​សារ៉ា​នៅ​តែ​មិន​ទាន់​មាន​កូន។ (​ដក. ១២:១​-​៣,​) ពេល​ដែល​អាប្រាហាំ​កាន់​តែ​ចាស់ គាត់​ពោល​ទាំង​ក្រៀម​ក្រំ​ថា​៖​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​អើយ! តើ​លោក​នឹង​ឲ្យ​អ្វី​មក​ខ្ញុំ​ទៅ បើ​ខ្ញុំ​នៅ​តែ​គ្មាន​កូន...លោក​មិន​បាន​ឲ្យ​ខ្ញុំ​មាន​កូន​ទេ​»។ ពេល​នោះ​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​ទំនុក​ចិត្ត​គាត់​ថា សេចក្ដី​សន្យា​អំពី​ការ​មាន​កូន​ប្រុស​នឹង​ក្លាយ​ជា​ការ​ពិត​មែន។ ប៉ុន្តែ មុន​ពេល​ព្រះ​ធ្វើ​ឲ្យ​រឿង​នោះ​កើត​ឡើង អាប្រាហាំ​ត្រូវ​រង់​ចាំ​យ៉ាង​ហោច​ណាស់​អស់​១៤​ឆ្នាំ។—ដក. ១៥:២​-​៤; ១៦:១៦; ២១:៥

អំឡុង​ពេល​ដែល​អាប្រាហាំ​រង់​ចាំ តើ​គាត់​បាន​បាត់​បង់​អំណរ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ? អត់​ទេ។ គាត់​មិន​ដែល​សង្ស័យ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ឡើយ។ គាត់​បន្ត​សម្លឹង​ឆ្ពោះ​ទៅ​មុខ។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖​«​ក្រោយ​ពី​អាប្រាហាំ​បាន​បង្ហាញ​ចិត្ត​អត់​ធ្មត់ គាត់​ក៏​ទទួល​សេចក្ដី​សន្យា​នោះ​»។ (​ហេ. ៦:១៥​) នៅ​ទី​បំផុត ព្រះ​ដ៏​មាន​ឫទ្ធានុភាព​បាន​ផ្ដល់​ពរ​ដល់​បុរស​ដ៏​ស្មោះ​ត្រង់​ម្នាក់​នេះ ហួស​ពី​ការ​រំពឹង​ទុក​របស់​គាត់។ តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​អាប្រាហាំ?

ប្រសិន​បើ​អ្នក​ចង់​បម្រើ​ជា​អ្នក​ចាស់​ទុំ តែ​អស់​ជា​ច្រើន​ឆ្នាំ​នៅ​តែ​មិន​ទាន់​បាន​ទទួល​ការ​តែង​តាំង សូម​បន្ត​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ សូម​កុំ​បាត់​បង់​អំណរ​ក្នុង​កិច្ច​បម្រើ​លោក។ បង​ប្រុស​វ៉ារែន​ដែល​បាន​ជួយ​បង​ប្អូន​ប្រុស​ជា​ច្រើន​នាក់​ឲ្យ​រីក​ចម្រើន​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ បាន​ពន្យល់​ថា​៖​«​គឺ​ត្រូវ​ការ​ពេល​ដើម្បី​បញ្ជាក់​ថា​បង​ប្អូន​ប្រុស​ណា​ម្នាក់​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​តែង​តាំង។ កាល​ដែល​ពេល​វេលា​កន្លង​ទៅ សមត្ថភាព​និង​អាកប្បកិរិយា​របស់​គាត់​នឹង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​បន្តិច​ម្ដង​ៗ​តាម​រយៈ​ការ​ប្រព្រឹត្ត​និង​របៀប​ដែល​គាត់​បំពេញ​ភារកិច្ច​របស់​ខ្លួន។ អ្នក​ខ្លះ​គិត​ថា គាត់​អាច​សប្បាយ​រីករាយ​នឹង​ភារកិច្ច​របស់​ខ្លួន​បាន លុះ​ត្រា​តែ​គាត់​បាន​ទទួល​ការ​តែង​តាំង។ គំនិត​បែប​នេះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ ហើយ​អាច​នាំ​ឲ្យ​គាត់​គិត​ស្រមើ​ស្រមៃ​ច្រើន​ពេក។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់ មិន​ថា​នៅ​កន្លែង​ណា ឬ​មាន​ភារកិច្ច​អ្វី​ក៏​ដោយ អ្នក​អាច​សប្បាយ​រីករាយ​នឹង​កិច្ច​បម្រើ​របស់​ខ្លួន។

បង​ប្រុស​ម្នាក់​បាន​រង់​ចាំ​អស់​ជាង​១០​ឆ្នាំ មុន​ពេល​ដែល​គាត់​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ចាស់​ទុំ។ គាត់​បាន​រៀប​រាប់​អំពី​មេ​រៀន​ដែល​គាត់​បាន​រៀន​ពី​ក្នុង​សៀវភៅ​អេសេគាល ជំពូក​ទី​១ ថា​៖​«​ព្រះ​យេហូវ៉ា​ជា​អ្នក​បញ្ជា​រទេះ​និង​អង្គការ​របស់​លោក តាម​ល្បឿន​និង​តាម​ពេល​កំណត់​របស់​លោក មិន​មែន​តាម​ពេល​វេលា​របស់​យើង​ទេ។ ដូច្នេះ ការ​ត្រូវ​តែង​តាំង​ជា​អ្នក​ចាស់​ទុំ​ឬ​អត់ មិន​អាស្រ័យ​លើ​តម្រូវ​ការ​របស់​ខ្ញុំ​ឡើយ។ អ្វី​ដែល​ខ្ញុំ​ចង់​បាន ប្រហែល​ជា​ព្រះ​យេហូវ៉ា​យល់​ឃើញ​ថា​នេះ​មិន​សាក​សម​នឹង​ខ្ញុំ​ទេ​»។

នៅ​ថ្ងៃ​ណា​មួយ ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​ធ្វើ​កិច្ច​ការ​ដ៏​ល្អ​ប្រសើរ ពោល​គឺ​ជា​អ្នក​ត្រួត​ពិនិត្យ ចូរ​បន្ត​ព្យាយាម​ជួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ និង​បំពេញ​ភារកិច្ច​របស់​ខ្លួន​យ៉ាង​អស់​ពី​ចិត្ត។ បើ​អ្នក​ត្រូវ​រង់​ចាំ​យូរ សូម​កុំ​ព្រួយ​បារម្ភ​ហួស​ហេតុ​ពេក តែ​ត្រូវ​បន្ត​អត់​ធ្មត់។ បង​ប្រុស​រេម៉ិន​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ និយាយ​ថា​៖​«​ចិត្ត​លោភ​លន់​ជា​សត្រូវ​នឹង​ការ​ស្កប់​ចិត្ត។ រីឯ​អស់​អ្នក​ដែល​ខ្វល់​ខ្វាយ​មិន​ឈប់ នឹង​បាត់​បង់​អំណរ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​»។ ចូរ​ព្យាយាម​បណ្ដុះ​ថែម​ទៀត​នូវ​ផល​ផ្លែ​នៃ​ឫទ្ធានុភាព​របស់​ព្រះ ជា​ពិសេស​ចិត្ត​អត់​ធ្មត់។ ចូរ​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​ដោយ​សិក្សា​គម្ពីរ។ ចូរ​រួម​ចំណែក​កាន់​តែ​ច្រើន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ព្រម​ទាំង​បង្រៀន​គម្ពីរ​ដល់​អ្នក​ដែល​ចាប់​អារម្មណ៍។ ចូរ​ដឹក​នាំ​ក្រុម​គ្រួសារ​របស់​អ្នក​ក្នុង​សកម្មភាព​ផ្សេង​ៗ​ដែល​ទាក់​ទង​និង​កិច្ច​បម្រើ​ព្រះ និង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ ចូរ​ចំណាយ​ពេល​ដើម្បី​ជិត​ស្និទ្ធ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ។ ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​កាន់​តែ​សប្បាយ​រីករាយ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា កាល​ដែល​អ្នក​ព្យាយាម​សម្រេច​គោល​ដៅ​របស់​ខ្លួន​បន្តិច​ម្ដង​ៗ។

ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឱ​កាស​ឲ្យ​អ្នក​បណ្ដុះ​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ឯកសិទ្ធិ​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ។ លោក​និង​អង្គការ​របស់​លោក​មិន​ចង់​ឲ្យ​អ្នក​ដែល​ព្យាយាម​ធ្វើ​ដូច្នេះ មាន​អារម្មណ៍​ខក​ចិត្ត​ឬ​បាត់​បង់​អំណរ​ក្នុង​កិច្ច​បម្រើ​របស់​លោក​ឡើយ។ ព្រះ​គាំទ្រ​និង​ផ្ដល់​ពរ​ដល់​អស់​អ្នក​ដែល​បម្រើ​លោក​ដោយ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ ហើយ​ពរ​ពី​លោក​«​មិន​នាំ​ឲ្យ​ឈឺ​ចាប់​ឡើយ​»។—សុភ. ១០:២២

ទោះ​ជា​អស់​មួយ​រយៈ​ពេល អ្នក​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ក្ដី អ្នក​នៅ​តែ​មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​អាច​ធ្វើ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​របស់​ខ្លួន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ កាល​ដែល​អ្នក​ព្យាយាម​បណ្ដុះ​គុណ​សម្បត្តិ​ផ្សេង​ៗ មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ក្រុម​ជំនុំ និង​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុម​គ្រួសារ​របស់​ខ្លួន នោះ​ព្រះ​យេហូវ៉ា​នឹង​មិន​បំភ្លេច​អ្វី​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​បម្រើ​លោក​ឡើយ។ សូម​អ្នក​សប្បាយ​រីករាយ​ជា​និច្ច​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា មិន​ថា​អ្នក​បំពេញ​ភារកិច្ច​ណា​ក៏​ដោយ​ដើម្បី​លោក។

^ វគ្គ 2 ឈ្មោះ​ក្នុង​អត្ថបទ​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 8 គោល​ការណ៍​ដែល​បាន​លើក​ឡើង​ក្នុង​អត្ថបទ​នេះ ក៏​សម្រាប់​បង​ប្អូន​ដែល​ចង់​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ដែរ។ ពួក​គាត់​អាច​អាន​អំពី​តម្រូវ​ការ​ឬ​អំពី​គុណ​សម្បត្តិ​ទាំង​នេះ​នៅ​ក្នុង​ធីម៉ូថេ​ទី​១ ៣:៨​-​១០, ១២, ១៣