លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​បំពេញ​តាម​គោល​ដៅ​របស់​អ្នក ដើម្បី​លើក​តម្កើង​ព្រះ​ដែល​ជា​អ្នក​បង្កើត

ចូរ​បំពេញ​តាម​គោល​ដៅ​របស់​អ្នក ដើម្បី​លើក​តម្កើង​ព្រះ​ដែល​ជា​អ្នក​បង្កើត

ចូរ​បំពេញ​តាម​គោល​ដៅ​របស់​អ្នក ដើម្បី​លើក​តម្កើង​ព្រះ​ដែល​ជា​អ្នក​បង្កើត

​«​ពេល​អ្នក​បើក​ទូក​មិន​ដឹង​ថា​ត្រូវ​ទៅ​កំពង់​ផែ​មួយ​ណា នោះ​ខ្យល់​បក់​ពី​ទិស​ខាង​ណា​គឺ​មិន​សំខាន់​ទេ​»។ ពាក្យ​នេះ​បាន​ត្រូវ​សរសេរ​ដោយ​ទស្សនៈ​វិទូ​ជន​ជាតិ​រ៉ូម​នៅ​សតវត្សរ៍​ទី​១ គាត់​ចង់​លើក​បញ្ជាក់​ការ​ពិត​ថា ដើម្បី​ឲ្យ​ជីវិត​មាន​ទិស​ដៅ នោះ​គោល​ដៅ​គឺ​ជា​អ្វី​ដែល​សំខាន់​ចាំ​បាច់។

គម្ពីរ​បាន​លើក​ឡើង​អំពី​បុគ្គល​មួយ​ចំនួន​ដែល​បាន​កំណត់​គោល​ដៅ​របស់​ខ្លួន។ ជា​ឧទាហរណ៍ ណូអេ​បាន​ប្រើ​កម្លាំង​កាយ​អស់​ប្រហែល​៥០​ឆ្នាំ ក្នុង​ការ​«​សង់​ទូក​ធំ​ដើម្បី​សង្គ្រោះ​ពួក​អ្នក​ផ្ទះ​របស់​គាត់​»។ ចំណែក​ម៉ូសេ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​វិញ ​«​គាត់​សម្លឹង​ចំ​ទៅ​រង្វាន់​»។ (​ហេប្រឺ ១១:៧, ២៦​) រីឯ​យ៉ូស្វេ​ដែល​ជា​អ្នក​ស្នង​តំណែង​ពី​ម៉ូសេ បាន​ទទួល​គោល​ដៅ​ឬ​ភារកិច្ច​ពី​ព្រះ ពោល​គឺ​វាយ​ដណ្ដើម​យក​ទឹក​ដី​ក្នុង​ស្រុក​កាណាន។—ការ​បំភ្លឺ​ច្បាប់ ៣:២១, ២២, ២៨; យ៉ូស្វេ ១២:៧​-​២៤

នៅ​សតវត្សរ៍​ទី​១ សាវ័ក​ប៉ូល​បាន​កំណត់​គោល​ដៅ​ផ្សេង​ៗ​ក្នុង​កិច្ច​បម្រើ​ព្រះ។ គាត់​បាន​កំណត់​គោល​ដៅ​បែប​នេះ ដោយ​សារ​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​»។ (​ម៉ាថាយ ២៤:១៤​) គាត់​បាន​ទទួល​បង្គាប់​ដោយ​ផ្ទាល់​និង​ដោយ​ការ​ឃើញ​ក្នុង​គំនិត​ពី​លោក​ម្ចាស់​យេស៊ូ រួម​ទាំង​ការ​ទទួល​ភារកិច្ច​ជា​«​តំណាង​ឈ្មោះ[​លោក​យេស៊ូ]នៅ​មុខ​ប្រជា​ជាតិ​នានា​»​ នោះ​ប៉ូល​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ក្រុម​ជំនុំ​ជា​ច្រើន​នៅ​អាស៊ី​ប៉ែក​ខាង​លិច រហូត​ដល់​ទ្វីប​អឺរ៉ុប។—សកម្មភាព ៩:១៥; កូឡុស ១:២៣

ពិត​ណាស់ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​គ្រប់​សម័យ​តែង​តែ​កំណត់​គោល​ដៅ​យ៉ាង​ល្អ​ប្រសើរ ហើយ​ពួក​គាត់​បាន​សម្រេច​គោល​ដៅ​របស់​ខ្លួន​ដើម្បី​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា។ នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​យ៉ាង​ដូច​ម្ដេច? តើ​មាន​គោល​ដៅ​អ្វី​ខ្លះ​ដែល​យើង​អាច​ព្យាយាម​សម្រេច​បាន? ហើយ​តើ​មាន​ជំហាន​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ​ដើម្បី​សម្រេច​គោល​ដៅ​ទាំង​នោះ?

បំណង​ចិត្ត​ត្រឹម​ត្រូវ​គឺ​សំខាន់​ចាំ​បាច់

ស្ទើរ​តែ​គ្រប់​សកម្មភាព​ក្នុង​ជីវិត​សុទ្ធ​តែ​មាន​គោល​ដៅ ហើយ​ក្នុង​ពិភព​លោក​នេះ​ក៏​មាន​មនុស្ស​ដែល​កំណត់​គោល​ដៅ​សម្រាប់​ខ្លួន​ដែរ។ ប៉ុន្តែ គោល​ដៅ​ក្នុង​ការ​បម្រើ​ព្រះ គឺ​ខុស​គ្នា​ពី​គោល​ដៅ​ក្នុង​ពិភព​លោក​នេះ។ គោល​ដៅ​ចម្បង​ក្នុង​ពិភព​លោក​នេះ​ជំរុញ​មនុស្ស​ឲ្យ​ចង់​បាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្តម្ភ ចង់​បាន​អំណាច ភាព​ល្បី​ល្បាញ និង​ឋានៈ​មិន​ចេះ​ឆ្អែត​ឆ្អន់។ ការ​ព្យាយាម​បំពេញ​តាម​គោល​ដៅ​ដើម្បី​ទទួល​បាន​អំណាច​និង​ភាព​ល្បី​ល្បាញ គឺ​ជា​ការ​ខុស​ទាំង​ស្រុង! រីឯ​គោល​ដៅ​ដែល​នាំ​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ គឺ​ជាប់​ទាក់​ទង​នឹង​អ្វី​ដែល​យើង​ធ្វើ​ដើម្បី​គោរព​ប្រណិប័តន៍​លោក និង​គាំទ្រ​រាជាណាចក្រ​របស់​លោ​ក។ (​ម៉ាថាយ ៦:៣៣​) យើង​មាន​គោល​ដៅ​បែប​នេះ ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​និង​មនុស្ស​ឯ​ទៀត ជា​ពិសេស​យើង​ចង់​រក្សា​ភក្ដី​ភាព​ចំពោះ​លោក។—ម៉ាថាយ ២២:៣៧​-​៣៩; ធីម៉ូថេ​ទី​១ ៤:៧

សូម​ឲ្យ​យើង​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ ពេល​កំណត់​គោល​ដៅ​និង​ព្យាយាម​សម្រេច​គោល​ដៅ​របស់​យើង​ក្នុង​កិច្ច​បម្រើ​ព្រះ មិន​ថា​យើង​មាន​គោល​ដៅ​ទទួល​ភារកិច្ច​ពិសេស​ថែម​ទៀត ឬ​ចង់​មាន​គុណ​សម្បត្តិ​ផ្សេង​ៗ​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក។ ប៉ុន្តែ ទោះ​ជា​យើង​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ​ក៏​ដោយ ពេល​ខ្លះ​គោល​ដៅ​របស់​យើង​មិន​បាន​កើត​ឡើង​ទេ។ ដូច្នេះ តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​យើង​អាច​កំណត់​គោល​ដៅ ហើយ​ឈាន​ទៅ​ដល់​ការ​សម្រេច​គោល​ដៅ​ទាំង​នោះ?

តម្រូវ​ឲ្យ​មាន​ការ​តាំង​ចិត្ត​ខ្ពស់

សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច​គោល​ដៅ​ក្នុង​ការ​បង្កើត​សកល​លោ​ក។ ពាក្យ​ថា​«​មាន​ល្ងាច​មាន​ព្រឹក​»​ គឺ​ព្រះ​យេហូវ៉ា​បាន​កំណត់​ពេល​បន្ត​បន្ទាប់​គ្នា​ក្នុង​ការ​បង្កើត​របស់​លោក។ (​ដើម​កំណើត ១:៥, ៨, ១៣, ១៩, ២៣, ៣១​) នៅ​ដើម​ដំបូង​ក្នុង​អំឡុង​ពេល​នៃ​ការ​បង្កើត​នីមួយ​ៗ ព្រះ​យេហូវ៉ា​ជ្រាប​ច្បាស់​អំពី​គោល​ដៅ​របស់​លោក ឬ​អ្វី​ដែល​លោក​ត្រូវ​ធ្វើ​សម្រាប់​ថ្ងៃ​នោះ។ រួច​មក លោក​ធ្វើ​តាម​គោល​បំណង​របស់​លោក​ដើម្បី​បង្កើត​អ្វី​ៗ​ទាំង​នោះ។ (​ការ​បើក​បង្ហាញ ៤:១១​) យ៉ូប​ដែល​ជា​បុព្វ​បុរស​ម្នាក់​បាន​និយាយ​ថា​៖​«​ពេល[​ព្រះ​យេហូវ៉ា​]តាំង​ចិត្ត​ធ្វើ​អ្វី​មួយ . . . លោក​នឹង​ធ្វើ​»។ (​យ៉ូប ២៣:១៣​) ព្រះ​យេហូវ៉ា​ប្រាកដ​ជា​សប្បាយ​ចិត្ត​និង​ពេញ​ចិត្ត​ខ្លាំង​ណាស់ ពេល​លោក​ឃើញ​«​អ្វី​ទាំង​អស់​ដែល​លោក​បាន​បង្កើត​»​ លោក​ថែម​ទាំង​មាន​ប្រសាសន៍​ថា​៖​«​សុទ្ធ​តែ​ល្អ​ប្រពៃ​»។—ដើម​កំណើត ១:៣១

ដើម្បី​ឲ្យ​គោល​ដៅ​របស់​យើង​ក្លាយ​ជា​ការ​ពិត យើង​ក៏​ត្រូវ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ដើម្បី​សម្រេច​គោល​ដៅ​ទាំង​នោះ​ដែរ។ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​បែប​នោះ? ទោះ​ជា​ផែនដី​មិន​ទាន់​មាន​រូប​រាង​ច្បាស់​លាស់ ហើយ​នៅ​ទទេ​ក៏​ដោយ ព្រះ​យេហូវ៉ា​អាច​ឃើញ​ទុក​ជា​មុន​អំពី​លទ្ធផល​ចុង​ក្រោយ​របស់​ផែនដី ពោល​គឺ​ជា​គ្រឿង​អលង្ការ​ដ៏​សែន​ស្អាត​ក្នុង​លម្ហ ដែល​នឹង​នាំ​ឲ្យ​លោក​ទទួល​នូវ​សិរី​រុង​រឿង​និង​កិត្តិយស។ ស្រដៀង​គ្នា​ដែរ ពេល​យើង​គិត​ពិចារណា​ជា​មុន​អំពី​លទ្ធផល​និង​ប្រយោជន៍​ដែល​មក​ពី​ការ​សម្រេច​គោល​ដៅ​របស់​យើង នោះ​នឹង​ជួយ​យើង​ឲ្យ​មាន​បំណង​ចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​ការ​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​គ្រោង​ទុក។ នេះ​ជា​បទ​ពិសោធន៍​របស់​ថូនី ដែល​មាន​អាយុ​១៩​ឆ្នាំ។ គាត់​ចាំ​មិន​ភ្លេច​អំពី​អារម្មណ៍​របស់​ខ្លួន នៅ​លើក​ដំបូង​ដែល​គាត់​បាន​ទៅ​លេង​ការិយាល័យ​សាខា​របស់​សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​ទ្វីប​អឺរ៉ុប​ខាង​លិច។ ចាប់​តាំង​ពី​ពេល​នោះ ថូនី​សួរ​ខ្លួន​ថា‹បើ​ខ្ញុំ​រស់​នៅ​និង​បម្រើ​នៅ​កន្លែង​នេះ តើ​នឹង​ទៅ​ជា​យ៉ាង​ណា​ហ្ន៎?›។ ថូនី​តែង​តែ​គិត​អំពី​អ្វី​ដែល​អាច​កើត​ឡើង ហើយ​នោះ​ជំរុញ​ចិត្ត​គាត់​ឲ្យ​ខំ​បន្ត​សម្រេច​គោល​ដៅ​របស់​គាត់។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​ការិយាល័យ​សាខា​បាន​យល់​ព្រម​តាម​ពាក្យ​ស្នើ​សុំ​របស់​គាត់ ឲ្យ​បម្រើ​នៅ​ទី​នោះ!

ការ​សេព​គប់​ជា​មួយ​នឹង​អស់​អ្នក​ដែល​បាន​សម្រេច​គោល​ដៅ​រួច​ហើយ ក៏​ជួយ​យើង​ឲ្យ​កាន់​តែ​ចង់​សម្រេច​គោល​ដៅ​របស់​យើង​ដែរ។ ជេសុន ដែល​ឥឡូវ​មាន​អាយុ​៣០​ឆ្នាំ គាត់​មិន​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ​ទេ​ពេល​គាត់​នៅ​វ័យ​ជំទង់។ ប៉ុន្តែ ក្រោយ​រៀន​ចប់​វិទ្យាល័យ​គាត់​មាន​បំណង​ចង់​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ​ពេញ​ពេល រួច​មក​គាត់​បាន​ក្លាយ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​មែន។ តើ​អ្វី​ជំរុញ​ចិត្ត​ជេសុន​ឲ្យ​មាន​បំណង​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល? គាត់​ឆ្លើយ​ថា​៖​«​ការ​និយាយ​ជា​មួយ​អ្នក​ត្រួស​ត្រាយ​ឯ​ទៀត និង​រួម​ធ្វើ​ការ​ជា​មួយ​ពួក​គេ​ក្នុង​កិច្ច​បម្រើ​ផ្សាយ នោះ​ពិត​ជា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ខ្ញុំ​»។

ការ​កត់​ទុក​គោល​ដៅ​អាច​ជួយ​បាន

ពេល​បុគ្គល​ណា​ម្នាក់​និយាយ​អំពី​គំនិត​របស់​ខ្លួន គំនិត​នោះ​កាន់​តែ​ជាក់​លាក់​និង​ច្បាស់​លាស់​ចំពោះ​គាត់។ សាឡូម៉ូន​បាន​និយាយ​ថា ពាក្យ​សម្ដី​ត្រឹម​ត្រូវ​អាច​មាន​ឥទ្ធិពល​ខ្លាំង ប្រៀប​ដូច​ជា​ជន្លួញ​ដែល​ផ្ដល់​ទិស​ដៅ​ក្នុង​ជីវិត។ (​អ្នក​ទូន្មាន ១២:១១​) ពេល​ដែល​សម្ដី​ទាំង​នោះ​បាន​ត្រូវ​កត់​ទុក នោះ​វា​នឹង​ដក់​ជាប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ចិត្ត​និង​គំនិត។ នេះ​ជា​មូលហេតុ​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​ស្ដេច​នៃ​ស្រុក​អ៊ីស្រាអែល​ចម្លង​ច្បាប់​ទុក​ដោយ​ផ្ទាល់​ដៃ។ (​ការ​បំភ្លឺ​ច្បាប់ ១៧:១៨​) យើង​ក៏​ប្រហែល​ជា​ចង់​កត់​ទុក​គោល​ដៅ​របស់​យើង និង​វិធី​សាស្ត្រ​ផ្សេង​ៗ ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្រេច​គោល​ដៅ​ទាំង​នោះ​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យើង​ថែម​ទាំង​កត់​ទុក​ឧបសគ្គ​ផ្សេង​ៗ​ដែល​អាច​កើត​ឡើង និង​វិធី​ដែល​យើង​អាច​យក​ឈ្នះ​ឧបសគ្គ​ទាំង​នោះ​ទៀត​ផង។ ម្យ៉ាង​ទៀត ជា​ការ​ល្អ​បើ​យើង​ចេះ​សម្គាល់​ថា តើ​យើង​ត្រូវ​មាន​ចំណេះ​និង​ការ​យល់​ដឹង​អ្វី​ខ្លះ​អំពី​គោល​ដៅ​របស់​ខ្លួន ហើយ​ថា​គោល​ដៅ​របស់​យើង​តម្រូវ​ឲ្យ​យើង​មាន​ជំនាញ​បែប​ណា ហើយ​ថា​អ្នក​ណា​ខ្លះ​ដែល​អាច​ជួយ​និង​គាំទ្រ​យើង។

ការ​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​បាន​ជួយ​និង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​បុរស​ម្នាក់​ឈ្មោះ​ជេហ្វ្រី ដែល​បាន​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​អស់​ជា​ច្រើន​ឆ្នាំ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ក្នុង​ទឹក​ដី​អាស៊ី។ ពេល​ប្រពន្ធ​របស់​គាត់​ស្លាប់​ភ្លាម​ៗ នោះ​ពិត​ជា​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ខ្លោច​ផ្សា​ណាស់។ អស់​មួយ​រយៈ​ពេល​ក្រោយ​ពី​គាត់​អាច​ស៊ាំ​នឹង​ស្ថានភាព​ថ្មី គាត់​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​ខ្លួន​ជាប់​រវល់​នឹង​កិច្ច​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ។ ដើម្បី​ធ្វើ​ដូច្នេះ គាត់​បាន​កំណត់​គោល​ដៅ​ផ្សេង​ៗ នេះ​បាន​ជួយ​គាត់​ឲ្យ​រក្សា​លំនឹង​ក្នុង​ជីវិត។ ក្រោយ​មក​គាត់​បាន​កត់​ទុក​គោល​ដៅ​ទាំង​នោះ ហើយ​គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ រួច​មក​នៅ​ចុង​ខែ​គាត់​មាន​សិស្ស​គម្ពីរ​ថ្មី​បី​នាក់។ គាត់​តែង​មើល​សា​ឡើង​វិញ​នូវ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​គាត់ ហើយ​រៀង​រាល់​១០​ថ្ងៃ​ម្ដង​គាត់​ពិនិត្យ​មើល​ការ​រីក​ចម្រើន​របស់​ខ្លួន។ តើ​គាត់​បាន​សម្រេច​គោល​ដៅ​របស់​គាត់​ទេ? ក្នុង​ក្រដាស​សេចក្ដី​រាយ​ការណ៍​របស់​គាត់ គាត់​មាន​សិស្ស​គម្ពីរ​ថ្មី​៤​នាក់ ហើយ​គាត់​ឆ្លើយ​ដោយ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ថា​មែន!

ការ​កំណត់​គោល​ដៅ​រយៈ​ពេល​ខ្លី

គោល​ដៅ​ខ្លះ ដំបូង​មើល​ទៅ​ដូច​ជា​មិន​អាច​ទៅ​រួច។ ដូច​ថូនី​ដែល​បាន​រៀប​រាប់​ខាង​លើ ការ​បម្រើ​នៅ​ការិយាល័យ​សាខា​របស់​សាក្សី​ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​ការ​យល់​សប្ដិ។ នេះ​ដោយ​សារ​គាត់​ធ្លាប់​មាន​របៀប​រស់​នៅ​អាវ៉ាសែ ហើយ​ក៏​មិន​ដែល​គិត​ថា​ចង់​ប្រគល់​ខ្លួន​ជូន​ព្រះ​ដើម្បី​បម្រើ​លោក​ឡើយ។ ប៉ុន្តែ​ក្រោយ​មក ថូនី​បាន​សម្រេច​ចិត្ត​មាន​របៀប​រស់​នៅ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ព្រម​ទាំង​តាំង​គោល​ដៅ​ដើម្បី​មាន​លក្ខណៈ​គ្រប់​គ្រាន់​ទទួល​ការ​ជ្រមុជ​ទឹក។ បន្ទាប់​ពី​គាត់​សម្រេច​គោល​ដៅ​នោះ គាត់​ក៏​បាន​កំណត់​គោល​ដៅ​ដើម្បី​ត្រួស​ត្រាយ​ជំនួយ​និង​ត្រួស​ត្រាយ​ពេញ​ពេល ដោយ​កត់​គោល​ដៅ​របស់​គាត់​នៅ​លើ​ប្រតិទិន​ថា​គាត់​ចង់​ចាប់​ផ្ដើម​នៅ​ពេល​ណា។ ក្រោយ​ពី​គាត់​បាន​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​អស់​មួយ​រយៈ គាត់​យល់​ឃើញ​ថា​ការ​បម្រើ​នៅ​ការិយាល័យ​សាខា មើល​ទៅ​មិន​មែន​ជា​គោល​ដៅ​ដែល​មិន​អាច​ទៅ​រួច​ទេ។

នេះ​ក៏​ជា​យោបល់​ល្អ​សម្រាប់​យើង​ដែរ​ក្នុង​ការ​បំបែក​គោល​ដៅ​រយៈ​ពេល​វែង ឲ្យ​ទៅ​ជា​គោល​ដៅ​រយៈ​ពេល​ខ្លី​ៗ​សិន។ គោល​ដៅ​រយៈ​ពេល​ខ្លី​ទាំង​នេះ​ប្រៀប​ដូច​ជា​ស្លាក​សញ្ញា​តាម​ដង​ផ្លូវ ដែល​ជួយ​យើង​ឲ្យ​ឈាន​ទៅ​ដល់​គោល​ដៅ​រយៈ​ពេល​វែង។ ការ​ពិនិត្យ​មើល​ជា​ប្រចាំ​នូវ​ការ​រីក​ចម្រើន​របស់​យើង​គឺ​ប្រៀប​ដូច​ជា​យើង​មើល​ស្លាក​សញ្ញា​នៅ​តាម​ដង​ផ្លូវ ដែល​ជួយ​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​ជា​និច្ច​ទៅ​លើ​គោល​ដៅ​របស់​យើង។ បន្ថែម​ទៅ​ទៀត ការ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ម្ដង​ហើយ​ម្ដង​ទៀត ក៏​ជួយ​យើង​ឲ្យ​បន្ត​ធ្វើ​តាម​គោល​ដៅ​របស់​ខ្លួន​ដែរ។ សាវ័ក​ប៉ូល​បាន​ដាស់​តឿន​យើង​ឲ្យ​«​អធិដ្ឋាន​ឥត​ឈប់​»។—ថែស្សាឡូនិច​ទី​១ ៥:១៧

ត្រូវ​ការ​ការ​ប្ដេជ្ញា​ចិត្ត​និង​ការ​ខំ​ត​ស៊ូ

ទោះ​ជា​យើង​បាន​រៀបចំ​គម្រោង​ល្អ​និង​មាន​បំណង​ចិត្ត​យ៉ាង​ខ្លាំង​ដើម្បី​សម្រេច​គោល​ដៅ​ក្ដី នៅ​តែ​មាន​គោល​ដៅ​ខ្លះ​ដែល​យើង​មិន​អាច​ឈាន​ទៅ​ដល់។ សាវ័ក​យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស បាន​ខក​ចិត្ត​យ៉ាង​ខ្លាំង​ពេល​សាវ័ក​ប៉ូល​មិន​បាន​នាំ​គាត់​ទៅ​ជា​មួយ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ជា​សាសនទូត​លើក​ទី​២! (​សកម្មភាព ១៥:៣៧​-​៤០​) ម៉ាកុស​ត្រូវ​រៀន​ពី​ការ​ខក​ចិត្ត​នេះ ហើយ​ត្រូវ​កែ​សម្រួល​គោល​ដៅ​របស់​ខ្លួន​ដើម្បី​បង្កើន​កិច្ច​បម្រើ។ ម៉ាកុស​ពិត​ជា​បាន​ធ្វើ​មែន។ ហេតុ​អ្វី​យើង​ដឹង? ដោយ​សារ​ក្រោយ​មក​ប៉ូល​បាន​លើក​សរសើរ​ម៉ាកុស ហើយ​ម៉ាកុស​បាន​រួម​ការ​ងារ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​សាវ័ក​ពេត្រុស​នៅ​បាប៊ីឡូន។ (​ធីម៉ូថេ​ទី​២ ៤:១១; ពេត្រុស​ទី​១ ៥:១៣​) ប្រហែល​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​បំផុត​របស់​ម៉ាកុស គឺ​ការ​សរសេរ​កំណត់​ហេតុ​អំពី​ជីវិត​និង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ។

ពេល​យើង​ធ្វើ​តាម​គោល​ដៅ​របស់​យើង​ក្នុង​កិច្ច​បម្រើ​ព្រះ យើង​ក៏​អាច​ជួប​នឹង​ឧបសគ្គ​ផ្សេង​ៗ​ដែរ។ ប៉ុន្តែ ជា​ជាង​បោះ​បង់​ចោល​គោល​ដៅ យើង​ត្រូវ​ពិនិត្យ​មើល​គម្រោង​របស់​យើង​ឡើង​វិញ ហើយ​ធ្វើ​ការ​កែ​សម្រួល។ ពេល​មាន​ឧបសគ្គ​កើត​ឡើង យើង​ត្រូវ​ប្ដេជ្ញា​ចិត្ត​ដោយ​ព្យាយាម​ត​ស៊ូ​ទៅ​មុខ​ទៀត។ ស្ដេច​សាឡូម៉ូន​ដែល​ជា​ស្ដេច​មាន​ប្រាជ្ញា​បាន​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​៖​«​ទោះ​ជា​អ្នក​ធ្វើ​អ្វី​ក៏​ដោយ ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា នោះ​គម្រោង​ការ​របស់​អ្នក​នឹង​បាន​ជោគ​ជ័យ​»។—សុភាសិត ១៦:៣

ប៉ុន្តែ ជួន​កាល​ស្ថានភាព​ក៏​អាច​ធ្វើ​ឲ្យ​យើង​ដេញ​តាម​គោល​ដៅ​មួយ​ចំនួន​ដែល​មិន​ជាក់​លាក់​ដែរ។ ជា​ឧទាហរណ៍ ពេល​យើង​មាន​សុខភាព​ខ្សោយ​ឬ​ត្រូវ​ថែ​រក្សា​ក្រុម​គ្រួសារ នោះ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ពិបាក​សម្រេច​គោល​ដៅ​របស់​យើង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សូម​យើង​ចាំ​មិន​ភ្លេច​នូវ​ការ​ពិត​ថា រង្វាន់​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​គឺ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ មិន​ថា​ជីវិត​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ដែល​ជា​សួន​ឧទ្យាន​ឡើយ។ (​លូកា ២៣:៤៣; ភីលីព ៣:១៣, ១៤​) តើ​យើង​អាច​ទទួល​រង្វាន់​នោះ​តាម​របៀប​ណា? សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖​«​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ អ្នក​នោះ​នឹង​នៅ​ជាប់​ជា​រៀង​រហូត​វិញ​»។ (​យ៉ូហាន​ទី​១ ២:១៧​) ទោះ​ជា​ស្ថានភាព​របស់​យើង​ប្រហែល​ជា​មិន​អនុញ្ញាត​ឲ្យ​យើង​សម្រេច​នូវ​គោល​ដៅ​ដ៏​ជាក់​លាក់​ណា​មួយ​ក៏​ដោយ យើង​នៅ​តែ​អាច​«​គោរព​កោត​ខ្លាច​ព្រះ​ពិត ហើយ​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក​ជា​និច្ច​»។ (​អ្នក​ទូន្មាន ១២:១៣​) គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​ជួយ​យើង​ឲ្យ​បន្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ជា​រៀង​រហូត។ ដូច្នេះ ចូរ​យើង​ប្រើ​គោល​ដៅ​ទាំង​នោះ​ដើម្បី​សរសើរ​តម្កើង​ព្រះ​ដែល​ជា​អ្នក​បង្កើត។

[ប្រអប់]

គោល​ដៅ​មួយ​ចំនួន​ដែល​ចង់​អនុវត្ត​តាម

○ អាន​គម្ពីរ​រាល់​ថ្ងៃ

○ អាន​ទស្សនាវដ្ដី​ប៉ម​យាម និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! គ្រប់​លេខ

○ ធ្វើ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​ខ្លួន​កាន់​តែ​មាន​ន័យ​ខ្លឹម​សារ

○ បង្ហាញ​ផល​ផ្លែ​នៃ​ឫទ្ធានុភាព​របស់​ព្រះ

○ ព្យាយាម​ធ្វើ​ច្រើន​ថែម​ទៀត​ក្នុង​កិច្ច​បម្រើ​ព្រះ

○ ខិត​ខំ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន

○ រក​វិធី​ដែល​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​តាម​ទូរស័ព្ទ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ និង​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់​ជំនួញ