ព្រះយេហូវ៉ា ជាព្រះដែលមនុស្សគួរស្គាល់
ព្រះយេហូវ៉ា ជាព្រះដែលមនុស្សគួរស្គាល់
តើអ្នកដូចជាមានអារម្មណ៍ថាខ្វះអ្វីម្យ៉ាងដែលសំខាន់ក្នុងជីវិតឬទេ? បើអ្នកស្គាល់ព្រះបន្តិចបន្តួច អ្នកច្បាស់ជាមានអារម្មណ៍ដូចនោះ។ ហេតុអ្វី? ពីព្រោះដូចមនុស្សរាប់លាននាក់បានពិសោធន៍ ការស្គាល់ព្រះតាមរយៈគម្ពីរផ្ដល់អត្ថប្រយោជន៍ជាច្រើនក្នុងជីវិត។ អត្ថប្រយោជន៍ទាំងនេះចាប់ផ្ដើមភ្លាមៗ និងមានរហូតដល់ថ្ងៃអនាគត។
ព្រះយេហូវ៉ាដែលជាអ្នកនិពន្ធគម្ពីរ ចង់ឲ្យយើងស្គាល់លោក។ អ្នកសរសេរសៀវភៅទំនុកតម្កើង បានកត់ទុកថា៖«ដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។ គាត់ដឹងយ៉ាងច្បាស់ថា ការស្គាល់ព្រះផ្ដល់ប្រយោជន៍ល្អបំផុតសម្រាប់មនុស្សយើង។ គម្ពីរចែងថា៖«អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍»។ តើយើងអាចទទួលប្រយោជន៍យ៉ាងណាពីការស្គាល់ព្រះយេហូវ៉ាជាព្រះដ៏ខ្ពង់ខ្ពស់បំផុត?—ទំនុកតម្កើង ៨៣:១៨; អេសាយ ៤៨:១៧
អត្ថប្រយោជន៍ដ៏ពិតមួយគឺ យើងមានការណែនាំដែលជួយយើងឲ្យចេះដោះស្រាយបញ្ហាផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ យើងមានសេចក្ដីសង្ឃឹមដ៏រឹងមាំសម្រាប់អនាគត និងមានសេចក្ដីសុខសាន្តនៅក្នុងចិត្ត។ បន្ថែមទៅទៀត ការស្គាល់ព្រះយេហូវ៉ាច្បាស់ ជំរុញចិត្តយើងឲ្យមានផ្នត់គំនិតផ្សេងចំពោះសំណួរសំខាន់ៗដែលមនុស្សទាំងអស់ចង់ដឹងនៅសព្វថ្ងៃនេះ។ តើសំណួរទាំងនោះមានអ្វីខ្លះ?
តើជីវិតរបស់អ្នកមានគោលបំណងទេ?
ទោះជាបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងខ្លាំងក៏ដោយ ក៏នៅសព្វថ្ងៃនេះ មនុស្សនៅតែចង់ដឹងចម្លើយចំពោះសំណួរសំខាន់ៗដូចជា៖‹ហេតុអ្វីខ្ញុំកើតមក? តើអនាគតខ្ញុំនឹងទៅជាបែបណា? តើអ្វីជាគោលបំណងនៃជីវិត?›។ បើមនុស្សម្នាក់មិនបានទទួលចម្លើយដែលធ្វើឲ្យគាត់អស់ចម្ងល់ទេ នោះជីវិតគាត់នឹងខ្វះគោលបំណងពិតប្រាកដ។ តើមនុស្សជាច្រើនដឹងថាជីវិតខ្លួនគ្មានគោលបំណងឬទេ? តាមការស្ទង់មតិមួយនៅប្រទេសអាល្លឺម៉ង់នាចុងសតវត្សរ៍ ឆ្នាំ១៩៩០ បានបង្ហាញថា ពាក់កណ្ដាលនៃមនុស្សដែលបានឆ្លើយសំណួរ ច្រើនតែប្រាប់ថាជីវិតខ្លួនគ្មានគោលបំណងទេ។ មនុស្សក្នុងតំបន់ដែលអ្នករស់នៅប្រហែលជាមានអារម្មណ៍ស្រដៀងគ្នា។
ប្រសិនបើជីវិតគ្មានគោលបំណងទេ មនុស្សយើងមិនសូវមានមូលដ្ឋានសម្រាប់កំណត់គោលដៅផ្ទាល់ខ្លួនឡើយ។ មនុស្សជាច្រើនព្យាយាមបំពេញនូវកង្វះខាតនេះ ដោយខំស្វែងរកអាជីពល្អ ឬដោយខំប្រមូលទ្រព្យសម្បត្តិទុក។ ទោះជាយ៉ាងនោះក្ដី ពួកគេនៅតែមានអារម្មណ៍ថាជីវិតខ្លួនគ្មានន័យអ្វីសោះ។ ការគ្មានគោលបំណងក្នុងជីវិតបានធ្វើឲ្យមនុស្សខ្លះខ្វល់ខ្វាយយ៉ាងខ្លាំង រហូតឈានទៅដល់ការលែងចង់រស់ទៀត។ យោងតាមកាសែតInternational Herald Tribune បានប្រាប់ថា នារីដ៏ស្រស់ស្អាតម្នាក់ធ្លាប់មានអារម្មណ៍បែបនេះ នាងធំឡើងដោយមានជីវិត«ដែលពោរពេញដោយទ្រព្យសម្បត្តិមហាសាល និងមានឋានៈខ្ពស់អាចធ្វើអ្វីក៏បានតាមចិត្ត»។ ទោះជានាងមានជីវិតសម្បូរសប្បាយខ្លាំងក៏ដោយ នាងមានអារម្មណ៍ឯកោ និងមានអារម្មណ៍ថាជីវិតខ្លួនគ្មានគោលបំណងសោះ។ នាងបានលេបថ្នាំងងុយដេក រួចមកគេបានឃើញថានាងស្លាប់ហើយ។ អ្នកប្រហែលជាស្គាល់មនុស្សឯកោផ្សេងទៀតដែលបានបញ្ចប់ជីវិតខ្លួនយ៉ាងខ្លោចផ្សា។
ក៏ប៉ុន្តែ តើអ្នកធ្លាប់ឮគេអះអាងថាវិទ្យាសាស្ត្រអាចប្រាប់យើងអ្វីទាំងអស់អំពីជីវិតឬទេ? កាសែតប្រចាំសប្ដាហ៍មួយរបស់អាល្លឺម៉ង់ ឈ្មោះDie Woche បានសរសេរថា៖«ទោះជាវិទ្យាសាស្ត្រអាចប្រាប់ការពិតច្រើនក៏ដោយ តែមិនជួយខាងជំនឿនិងសីលធម៌ទេ។ ទ្រឹស្ដីវិវត្តន៍ដែលមើលទៅជាទ្រឹស្ដីបឋមនិងសាមញ្ញ ព្រមទាំងរូបវិទ្យាកងទិចដែលមានភាពប្រែប្រួលដែលមិនអាចដឹងទុកជាមុន ក៏មិនអាចជួយមនុស្សឲ្យទទួលការសម្រាលទុក្ខនិងសេចក្ដីសុខសាន្តបានដែរ»។ អ្វីដែលវិទ្យាសាស្ត្របានរកឃើញគឺបានបញ្ជាក់យ៉ាងច្រើនអំពីទម្រង់នៃជីវិតផ្សេងៗ អំពីវដ្ដធម្មជាតិ និងអំពីដំណើរការទ្រទ្រង់ជីវិត។ ប៉ុន្តែ វិទ្យាសាស្ត្រនៅតែមិនអាចប្រាប់យើងអំពីមូលហេតុដែលយើងកើតមក និងអំពីអនាគតរបស់យើងបានទេ។ បើយើងពឹងផ្អែកតែលើវិទ្យាសាស្ត្រប៉ុណ្ណោះ សំណួររបស់យើងអំពីគោលបំណងនៃជីវិតច្បាស់ជាគ្មានចម្លើយឡើយ។ លទ្ធផលគឺដូចអ្វីដែលកាសែតSüddeutsche Zeitung សរសេរថា៖«មនុស្សជាច្រើនត្រូវការការណែនាំ»។
តើមានអ្នកណាអាចផ្ដល់ការណែនាំបែបនេះ ដែលល្អជាងព្រះដែលជាអ្នកបង្កើតឬទេ? ដោយសារព្រះជាអ្នកបង្កើតមនុស្សដំបូងនៅផែនដី នោះលោកដឹងច្បាស់អំពីមូលហេតុដែលមនុស្សមានជីវិត។ គម្ពីរពន្យល់ថាព្រះយេហូវ៉ាបង្កើតមនុស្សមកដើម្បីឲ្យពួកគេអាចបង្កើតកូនពេញផែនដី និងមើលថែរក្សាអ្វីៗនៅផែនដី។ អ្វីទាំងអស់ដែលមនុស្សធ្វើ គួរឆ្លុះបញ្ចាំងនូវគុណសម្បត្តិរបស់ព្រះដូចជា យុត្តិធម៌ ប្រាជ្ញា និងសេចក្ដីស្រឡាញ់។ ពេលយើងយល់អំពីមូលហេតុដែលព្រះយេហូវ៉ាបានបង្កើតមនុស្សយើង នោះយើងនឹងដឹងអំពីមូលហេតុដែលយើងមានជីវិតរស់នៅ។—លោកុប្បត្តិ ១:២៦-២៨
តើអ្នកអាចធ្វើអ្វី?
ចុះប្រសិនបើអ្នកនៅមិនទាន់រកឃើញចម្លើយដែលធ្វើឲ្យអ្នកអស់ចម្ងល់ចំពោះសំណួរថា៖‹ហេតុអ្វីខ្ញុំកើតមក? តើអនាគតខ្ញុំនឹងទៅជាបែបណា? តើអ្វីជាគោលបំណងនៃជីវិត?›។ គម្ពីរលើកទឹកចិត្តអ្នកឲ្យស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់។ តាមពិត លោកយេស៊ូបានមានប្រសាសន៍ថា៖«ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់ [អ្នក]ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ ព្រមទាំងយេស៊ូគ្រិស្ត ដែលលោកបានចាត់ឲ្យមក»។ អ្នកក៏បានត្រូវលើកទឹកចិត្តឲ្យបណ្ដុះគុណសម្បត្តិដូចព្រះដែរ ជាពិសេសសេចក្ដីស្រឡាញ់។ ដូច្នេះ សូមមានគោលដៅផ្ទាល់ខ្លួនដើម្បីរស់នៅក្រោមរាជាណាចក្រមេស្ស៊ីដែលនឹងមកដល់។ រួចមក អ្នកនឹងមានគោលបំណងក្នុងជីវិត ព្រមទាំងមានសេចក្ដីសង្ឃឹមដ៏រឹងមាំសម្រាប់អនាគត។ សំណួរសំខាន់ផ្សេងៗដែលអ្នកឆ្ងល់ អ្នកទំនងជានឹងទទួលបានចម្លើយ។—យ៉ូហាន ១៧:៣; សាស្ដា ១២:១៣
តើការដឹងចម្លើយទាំងនេះអាចមានឥទ្ធិពលលើអ្នកខ្លាំងយ៉ាងណា? ក្រោយពីបុរសម្នាក់ឈ្មោះហាន់បានដឹងចម្លើយហើយ នេះបានមានឥទ្ធិពលខ្លាំងទៅលើគាត់។ * អស់ជាច្រើនឆ្នាំ មុនដែលហាន់ដឹងចម្លើយទាំងនេះ គាត់មានជំនឿមិនច្បាស់លាស់អំពីព្រះ តែជំនឿរបស់គាត់គ្មានឥទ្ធិពលទៅលើជីវិតគាត់ទេ។ គាត់ចូលចិត្តប្រើគ្រឿងញៀន លេងស្រី លួចគេ និងជិះម៉ូតូឥតគោរពច្បាប់។ គាត់និយាយថា៖«ប៉ុន្តែ ជីវិតគឺទទេស្អាត គ្មានការស្កប់ចិត្តទាល់តែសោះ»។ ពេលគាត់មានអាយុប្រហែល២៥ឆ្នាំ គាត់សម្រេចចិត្តអានគម្ពីរដោយយកចិត្តទុកដាក់ ដើម្បីអាចស្គាល់ព្រះច្បាស់។ ពេលហាន់ស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់ ហើយយល់អំពីគោលបំណងនៃជីវិត នោះគាត់បានកែប្រែរបៀបរស់នៅ រួចទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។ គាត់បានចូលរួមកិច្ចបម្រើពេញពេលអស់១០ឆ្នាំ។ គាត់និយាយចំៗថា៖«ការបម្រើព្រះយេហូវ៉ាជារបៀបរស់នៅល្អបំផុត។ គ្មានអ្វីដែលអាចប្រៀបផ្ទឹមបានឡើយ។ ការស្គាល់ព្រះយេហូវ៉ាបានធ្វើឲ្យខ្ញុំមានគោលបំណងក្នុងជីវិត»។
ពិតណាស់ គោលបំណងនៃជីវិតមិនគ្រាន់តែជារឿងមួយដែលមនុស្សជាច្រើនខ្វល់ខ្វាយនោះទេ។ កាលដែលស្ថានភាពផ្សេងៗក្នុងពិភពលោកកាន់តែដុនដាប មនុស្សកាន់តែច្រើនព្រួយបារម្ភអំពីបញ្ហាធំៗទាំងនោះ។
ហេតុអ្វីរឿងនេះកើតឡើង?
ពេលមានរឿងខ្លោចផ្សា អ្នកដែលរងទុក្ខច្រើនតែសួរថា ហេតុអ្វីរឿងនេះកើតឡើង? មនុស្សអាចស៊ូទ្រាំចំពោះទុក្ខលំបាកបាន អាស្រ័យទៅលើចម្លើយត្រឹមត្រូវដែលពួកគេបានទទួលចំពោះសំណួរនោះ។ ប្រសិនបើអ្នកដែលមានទុក្ខវេទនាមិនអាចរកឃើញចម្លើយដែលធ្វើឲ្យខ្លួនអស់ចម្ងល់ទេ នោះគាត់នឹងនៅតែបន្តមានអារម្មណ៍ឈឺចិត្ត ហើយប្រហែលជាឆាប់ខឹងទៀតផង។ សូមមើលបទពិសោធន៍របស់ប្រូនី។
ប្រូនីដែលជាម្ដាយមានវ័យកណ្ដាល បាននិយាយថា៖«កូនស្រីតូចរបស់ខ្ញុំស្លាប់អស់ជាច្រើនឆ្នាំហើយ។ ដោយសារខ្ញុំជាអ្នកជឿព្រះ ខ្ញុំបានទៅរកការសម្រាលទុក្ខពីបូជាចារ្យ។ គាត់បានប្រាប់ខ្ញុំថាព្រះបានយកស៊ូហ្សាន់នីទៅស្ថានសួគ៌ ឲ្យធ្វើជាទេវតា។ អ្វីគ្រប់យ៉ាងក្នុងជីវិតខ្ញុំរលាយសាបសូន្យអស់ ដោយសារកូនខ្ញុំស្លាប់។ ដូច្នេះ ខ្ញុំស្អប់ព្រះខ្លាំងណាស់ដែលបានយកជីវិតកូនរបស់ខ្ញុំ»។ ប្រូនីបានឈឺចិត្តនិងសោកសង្រេងអស់ជាច្រើនឆ្នាំ។ នាងបន្តនិយាយទៀតថា៖«ក្រោយមក មានសាក្សីព្រះយេហូវ៉ាម្នាក់បានបង្ហាញគម្ពីរដល់ខ្ញុំថា ខ្ញុំមិនគួរស្អប់ព្រះទេ។ ព្រះយេហូវ៉ាមិនបានយកស៊ូហ្សាន់នីទៅស្ថានសួគ៌ទេ ហើយនាងមិនមែនធ្វើជាទេវតាឡើយ។ នាងមានជំងឺដោយសារយើងទាំងអស់មានភាពមិនល្អឥតខ្ចោះ។ ស៊ូហ្សាន់នីកំពុងដេកលក់ក្នុងសេចក្ដីស្លាប់ នាងកំពុងរង់ចាំព្រះយេហូវ៉ាប្រោសនាងឲ្យរស់ឡើងវិញ។ ខ្ញុំក៏បានរៀនដែរថា លោកបានបង្កើតមនុស្សមកដើម្បីឲ្យរស់ជារៀងរហូតនៅផែនដីដែលជាសួនឧទ្យាន ហើយនេះនឹងកើតឡើងជាក់ជាពុំខាន។ ពេលដែលខ្ញុំចាប់ផ្ដើមស្គាល់អំពីគុណសម្បត្តិឬបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា ខ្ញុំកាន់តែជិតស្និទ្ធជាមួយនឹងលោក ហើយខ្ញុំក៏មិនសូវឈឺចាប់ទៀតដែរ»។—ទំនុកតម្កើង ៣៧:២៩; សកម្មភាព ២៤:១៥; រ៉ូម ៥:១២
មនុស្សរាប់លាននាក់ក៏រងទុក្ខដោយសារបញ្ហាផ្សេងទៀតដែរ ដូចជារឿងខ្លោចផ្សាក្នុងជីវិត សង្គ្រាម ការអត់ឃ្លាន ឬមហន្តរាយធម្មជាតិជាដើម។ ប្រូនីបានទទួលការសម្រាលទុក្ខពេលនាងរៀនគម្ពីរ ហើយនាងដឹងថាព្រះយេហូវ៉ាមិនមែនជាដើមហេតុនៃទុក្ខវេទនាទេ។ នាងក៏ដឹងដែរថាលោកគ្មានគោលបំណងឲ្យមនុស្សរងការឈឺចាប់ឡើយ ហើយថាមិនយូរទៀតលោកនឹងបំបាត់ចោលអំពើអាក្រក់ទាំងអស់។ អំពើអាក្រក់ដែលមានកាន់តែច្រើនឡើងៗ ជាសញ្ញាសម្គាល់មួយថាយើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់»នៃរបៀបរបបពិភពលោកនេះ។ ការផ្លាស់ប្ដូរដ៏ធំនឹងនាំឲ្យមានស្ថានភាពល្អប្រសើរដែលយើងទាំងអស់គ្នាទន្ទឹងរង់ចាំ ហើយការផ្លាស់ប្ដូរនោះគឺជិតមកដល់ហើយ។—ធីម៉ូថេទី២ ៣:១-៥; ម៉ាថាយ ២៤:៧, ៨
ការស្គាល់ព្រះ
ពីមុនហាន់និងប្រូនីស្គាល់ព្រះមិនច្បាស់ទេ ទោះជាពួកគាត់ជឿព្រះក៏ដោយ។ ប៉ុន្តែ ពេលដែលពួកគាត់ចំណាយពេលដើម្បីស្គាល់ព្រះយេហូវ៉ាយ៉ាងច្បាស់ នោះការខិតខំរបស់ពួកគាត់ នាំឲ្យពួកគាត់ស្កប់ចិត្តណាស់។ ពួកគាត់បានទទួលចម្លើយត្រឹមត្រូវចំពោះសំណួរសំខាន់បំផុតអំពីគ្រាសព្វថ្ងៃនេះ។ នេះធ្វើឲ្យពួកគាត់មានសេចក្ដីសុខសាន្តក្នុងចិត្ត និងមានសេចក្ដីសង្ឃឹមរឹងមាំសម្រាប់អនាគត។ មនុស្សរាប់លាននាក់ដែលជាអ្នកបម្រើព្រះយេហូវ៉ា ធ្លាប់មានបទពិសោធន៍ស្រដៀងគ្នា។
ការស្គាល់ព្រះយេហូវ៉ាចាប់ផ្ដើមពីការអានគម្ពីរដោយយកចិត្តទុកដាក់ ព្រោះគម្ពីរប្រាប់យើងអំពីលោកនិងអំពីអ្វីដែលលោកតម្រូវឲ្យយើងធ្វើ។ នេះជាអ្វីដែលអ្នកខ្លះបានធ្វើនៅសតវត្សរ៍ទី១។ លូកាដែលជាអ្នកប្រវត្តិសាស្ត្រនិងជាគ្រូពេទ្យ បានរៀបរាប់ថា បងប្អូនជនជាតិយូដាក្នុងក្រុមជំនុំនៅក្រុងបេរៀប្រទេសក្រិចបាន«ទទួលយកបណ្ដាំរបស់ព្រះ[ពីប៉ូលនិងស៊ីឡាស]ដោយក្ដីរំភើប ហើយបានពិនិត្យមើលបទគម្ពីររាល់ថ្ងៃ ដើម្បីឲ្យដឹងថាការទាំងនោះជាការពិតឬមិនពិត»។—សកម្មភាព ១៧:១០, ១១
គ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានជួបជុំគ្នាក្នុងក្រុមជំនុំ។ (សកម្មភាព ២:៤១, ៤២, ៤៦; កូរិនថូសទី១ ១:១, ២; កាឡាទី ១:១, ២; ថែស្សាឡូនិចទី២ ១:១) សព្វថ្ងៃនេះក៏ដូចគ្នាដែរ សាក្សីព្រះយេហូវ៉ាចូលរួមកិច្ចប្រជុំនៅក្រុមជំនុំ។ ជាពិសេស កិច្ចប្រជុំបានត្រូវរៀបចំឡើង គឺដើម្បីជួយមនុស្សឲ្យចូលទៅជិតព្រះយេហូវ៉ានិងមានអំណរក្នុងការបម្រើលោក។ ការសេពគប់សាក្សីព្រះយេហូវ៉ាក្នុងតំបន់ នាំឲ្យទទួលប្រយោជន៍ថែមទៀត។ ដោយសារសាក្សីព្រះយេហូវ៉ាខំព្យាយាមយកតម្រាប់ព្រះដែលពួកគេគោរពប្រណិប័តន៍ នោះពួកគេបង្ហាញគុណសម្បត្តិកាន់តែដូចព្រះ ទោះជាពួកគេមិនអាចធ្វើតាមលោកយ៉ាងល្អឥតខ្ចោះក៏ដោយ។ ដូច្នេះ ការចូលរួមជាមួយនឹងសាក្សីព្រះយេហូវ៉ា ជួយយើងឲ្យស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់។—ហេប្រឺ ១០:២៤, ២៥
តើស្ដាប់ទៅដូចជាត្រូវខំព្យាយាមខ្លាំងដើម្បីស្គាល់បុគ្គលណាម្នាក់ឬទេ? ពិតជាត្រូវខំព្យាយាមមែន។ ជាធម្មតា បើយើងចង់បានអ្វីមួយឬចង់សម្រេចកិច្ចការណាមួយ យើងត្រូវខំព្យាយាម មែនទេ? សូមគិតអំពីការខំព្យាយាមរបស់កីឡាករឆ្នើមម្នាក់ដែលស្ថិតនៅក្នុងការហ្វឹកហាត់។ ជាឧទាហរណ៍ បុរសម្នាក់ឈ្មោះជីនខ្លូត ឃីលលី មកពីប្រទេសបារាំង បានឈ្នះមេដាយមាសក្នុងការជិះស្គីនៅកីឡាអូឡាំពិក គាត់បាននិយាយថា ដើម្បីក្លាយទៅជាកីឡាករអន្តរជាតិដែលទទួលបានភាពជោគជ័យ «អ្នកត្រូវចាប់ផ្ដើម១០ឆ្នាំទុកជាមុន ហើយរៀបចំផែនការអស់រាប់ឆ្នាំ និងគិតអំពីរឿងនេះជារៀងរាល់ថ្ងៃ . . . ក្នុងមួយឆ្នាំមាន៣៦៥ថ្ងៃ គ្មានថ្ងៃណាដែលមិនគិតនិងមិនខំហ្វឹកហាត់នោះទេ»។ រាល់ពេលវេលានិងរាល់ការខំព្យាយាមទាំងប៉ុន្មាន គឺដើម្បីប្រកួតក្នុងរយៈពេលតែ១០នាទីប៉ុណ្ណោះ! ប៉ុន្តែ ការខំព្យាយាមស្គាល់ព្រះយេហូវ៉ា នាំឲ្យមានប្រយោជន៍យូរអង្វែងជាងនោះឆ្ងាយណាស់!
ចំណងមិត្តភាពដែលកាន់តែជិតស្និទ្ធ
តើមានអ្នកណាចង់ខ្វះអ្វីម្យ៉ាងដ៏សំខាន់ក្នុងជីវិតឬទេ? គ្មានអ្នកណាចង់ទេ។ បើអ្នកមានអារម្មណ៍ថាជីវិតអ្នកគ្មានគោលបំណងពិតប្រាកដ ឬបើអ្នកចង់បានការពន្យល់អំពីមូលហេតុដែលមានទុក្ខវេទនា សូមអ្នកតាំងចិត្តស្គាល់ព្រះយេហូវ៉ាជាព្រះនៃគម្ពីរបរិសុទ្ធ។ ការរៀនអំពីលោកអាចផ្លាស់ប្ដូរជីវិតអ្នកឲ្យកាន់តែប្រសើរជាង ជារៀងរហូតតទៅ។
តើយើងនឹងឈប់សម្រាកពីការរៀនអំពីព្រះយេហូវ៉ាឬទេ? អស់អ្នកដែលធ្លាប់បម្រើលោកអស់រាប់សិបឆ្នាំ នៅតែរំភើបចិត្តអំពីអ្វីដែលពួកគេបានរៀនអំពីលោក និងអ្វីថ្មីៗដែលពួកគេបន្តរៀនអំពីលោក។ ការរៀនអំពីអ្វីទាំងនោះធ្វើឲ្យយើងសប្បាយរីករាយ និងនាំយើងឲ្យកាន់តែជិតស្និទ្ធជាមួយនឹងលោក។ សូមយើងយល់ស្របជាមួយនឹងគំនិតរបស់សាវ័កប៉ូលដែលគាត់បានសរសេរថា៖«ពរ ប្រាជ្ញា និងចំណេះរបស់ព្រះគឺបរិបូរណាស់ហ្ន៎! ការវិនិច្ឆ័យរបស់លោកគ្មានអ្នកណាអាចស្វែងយល់បានទេ ហើយផ្លូវរបស់លោកគ្មានអ្នកណាអាចវាស់ស្ទង់បានឡើយ! ព្រោះ‹តើអ្នកណាស្គាល់គំនិតរបស់ព្រះយេហូវ៉ា? ឬតើអ្នកណាអាចធ្វើជាទីប្រឹក្សារបស់លោកបាន?›»។—រ៉ូម ១១:៣៣, ៣៤
[កំណត់សម្គាល់]
^ វគ្គ 12 ឈ្មោះបានត្រូវផ្លាស់ប្ដូរ។
[ឃ្លាអក្សរធំ]
មនុស្សម្នាក់ៗនៅតែសួរសំណួរសំខាន់ៗដូចជា៖‹ហេតុអ្វីខ្ញុំកើតមក? តើអនាគតខ្ញុំនឹងទៅជាបែបណា? តើអ្វីជាគោលបំណងនៃជីវិត?›
[ឃ្លាអក្សរធំ]
«ពេលដែលខ្ញុំចាប់ផ្ដើមស្គាល់អំពីគុណសម្បត្តិឬបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា ខ្ញុំកាន់តែជិតស្និទ្ធជាមួយនឹងលោក»
[ឃ្លាអក្សរធំ]
«ការបម្រើព្រះយេហូវ៉ាជារបៀបរស់នៅល្អបំផុត។ គ្មានអ្វីដែលអាចប្រៀបផ្ទឹមបានឡើយ។ ការស្គាល់ព្រះយេហូវ៉ាបានធ្វើឲ្យខ្ញុំមានគោលបំណងក្នុងជីវិត»