គន្លឹះសុភមង្គលគ្រួសារ
សូមតាំងចិត្តស្មោះចំពោះគូអាពាហ៍ពិពាហ៍
ប្រពន្ធនិយាយថា៖«ខ្ញុំសម្គាល់ឃើញថាពេលខ្លះមីកែលប្ដីរបស់ខ្ញុំមិនសូវរវីរវល់នឹងខ្ញុំទេ ហើយគាត់ក៏មិនសូវអើពើនឹងកូនៗដែរ។ a គាត់មានឫកពាបែបនេះមិនយូរក្រោយពីយើងបានភ្ជាប់អ៊ីនធឺណិត ហើយខ្ញុំសង្ស័យថាគាត់បានមើលរូបអាសអាភាសតាមកុំព្យូទ័រ។ យប់មួយ ក្រោយកូនៗចូលគេង ខ្ញុំក៏ជជីកសួរគាត់អំពីរឿងនោះ។ គាត់សារភាពថាគាត់បានមើលរូបអាសអាភាសតាមវេបសាយ។ គ្រាន់តែឮភ្លាម ចិត្តខ្ញុំខ្ទេចខ្ទាំអស់ហើយ។ ខ្ញុំមិននឹកស្មានថារឿងនេះកើតឡើងចំពោះខ្ញុំឡើយ។ តាំងពីពេលនោះមក ខ្ញុំលែងទុកចិត្តគាត់ទៀត។ ដំណាលគ្នានោះ ក៏មានរឿងមួយទៀតកើតឡើងដែរ គឺថ្មីៗនេះអ្នករួមការងារម្នាក់បានប្រាប់ខ្ញុំថាគាត់មានចិត្តមកលើខ្ញុំ»។
ប្ដីនិយាយថា៖«ថ្ងៃមួយ ម៉ារៀប្រពន្ធរបស់ខ្ញុំបានឃើញរូបដែលនៅជាប់ក្នុងកុំព្យូទ័រ ហើយគាត់បានសួរខ្ញុំអំពីរឿងនោះ។ ខ្ញុំក៏បានសារភាពថា ខ្ញុំបានមើលរូបអាសអាភាសតាមវេបសាយ។ ឮដូច្នោះ នាងខឹងជាខ្លាំង។ ខ្ញុំពិតជាខ្មាសខ្លួនឯងខ្លាំងណាស់ ហើយក៏បន្ទោសខ្លួនដែរ។ ខ្ញុំគិតថាចំណងអាពាហ៍ពិពាហ៍របស់យើងច្បាស់ជាចប់ហើយ»។
តើអ្នកគិតយ៉ាងណា តើអ្វីបានធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់ម៉ៃឃឺលនិងម៉ារៀឈានដល់ដំណាក់កាលនេះ? អ្នកប្រហែលជាគិតថាមកពីម៉ៃឃឺលបានមើលរូបអាសអាភាស។ ប៉ុន្តែសម្រាប់ម៉ៃឃឺលវិញ គាត់ដឹងថាបញ្ហាចម្បងដែលធ្វើឲ្យគាត់ឈានដល់ចំណុចនេះ គឺដោយសារគាត់មិនបានតាំងចិត្តស្មោះចំពោះប្រពន្ធរបស់គាត់។ b ពេលម៉ៃឃឺលនិងម៉ារៀទើបតែរៀបការ ពួកគេសង្ឃឹមថាជីវិតគូនឹងពោរពេញទៅដោយសុភមង្គល និងសប្បាយរីករាយ។ ប៉ុន្តែ ដូចគូអាពាហ៍ពិពាហ៍ជាច្រើនទៀត ការតាំងចិត្តស្មោះចំពោះគូអាចនឹងរសាយទៅ ហើយពួកគេអាចនឹងអស់ចិត្តចំពោះគ្នាទៀតផង។
ប៉ុន្មានឆ្នាំមកនេះ តើអ្នកមានអារម្មណ៍ថាចំណងអាពាហ៍ពិពាហ៍របស់អ្នកជាមួយគូកាន់តែចុះខ្សោយទៅៗទេ? តើអ្នកចង់ឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នករឹងមាំឡើងវិញឬទេ? បើចង់ អ្នកត្រូវស្វែងរកចម្លើយចំពោះសំណួរបីដូចតទៅ៖ តើការតាំងចិត្តស្មោះចំពោះគូមានន័យយ៉ាងណា? តើមានស្ថានភាពអ្វីខ្លះដែលធ្វើឲ្យការតាំងចិត្តស្មោះចំពោះគូកាន់តែខ្សោយទៅ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីពង្រឹងការតាំងចិត្តស្មោះចំពោះគូ?
តើការតាំងចិត្តស្មោះមានន័យយ៉ាងណា?
បើអ្នកពន្យល់ពាក្យនេះ តើអ្នកនឹងពន្យល់យ៉ាងណា? មនុស្សជាច្រើននិយាយថាពួកគេនៅស្មោះចំពោះគូព្រោះតែភារកិច្ច។ ជាឧទាហរណ៍ ប្ដីប្រពន្ធខ្លះនៅស្មោះជាមួយនឹងគ្នាដោយសារតែកូន ឬពីព្រោះពួកគេត្រូវទទួលខុសត្រូវចំពោះព្រះដែលជាអ្នកផ្ដើមឲ្យមានអាពាហ៍ពិពាហ៍។ (ដើមកំណើត ២:២២-២៤) គួរឲ្យសរសើរណាស់ដែលមានបំណងចិត្តបែបនេះ។ បំណងចិត្តនេះនឹងជួយប្ដីប្រពន្ធឲ្យយកឈ្នះការពិបាកផ្សេងៗដែលមានក្នុងជីវិតអាពាហ៍ពិពាហ៍។ ប៉ុន្តែដើម្បីមានសុភមង្គល គូអាពាហ៍ពិពាហ៍មិនគ្រាន់តែត្រូវគិតអំពីភារកិច្ចប៉ុណ្ណោះទេ តែមានអ្វីជាច្រើនទៀតដែលពួកគេត្រូវគិតដែរ។
ព្រះយេហូវ៉ាបានរៀបចំអាពាហ៍ពិពាហ៍ដើម្បីឲ្យប្ដីប្រពន្ធសប្បាយនិងស្កប់ចិត្តក្នុងចំណងស្នេហ៍របស់ពួកគេ។ ហើយលោកចង់ឲ្យប្ដី«សប្បាយរីករាយជាមួយនឹងប្រពន្ធ[របស់គាត់]» ហើយសម្រាប់ប្រពន្ធវិញ លោកចង់ឲ្យនាងស្រឡាញ់ប្ដី និងទទួលបានអារម្មណ៍ថាប្ដីក៏ស្រឡាញ់នាងដូចរូបកាយរបស់គាត់ដែរ។ (សុភាសិត ៥:១៨; អេភេសូរ ៥:២៨) អ្វីដែលសំខាន់ដើម្បីពង្រឹងចំណងអាពាហ៍ពិពាហ៍ គឺប្ដីប្រពន្ធត្រូវរៀនឲ្យចេះទុកចិត្តគ្នា។ ហើយសំខាន់មួយទៀត គឺពួកគេក៏ត្រូវពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេឲ្យនៅរឹងមាំនិងយូរអង្វែងដែរ។ ពេលប្ដីប្រពន្ធទុកចិត្តគ្នានិងសហការគ្នា នោះពួកគេនឹងក្លាយទៅជាមិត្តជិតស្និទ្ធនឹងគ្នា។ ហើយការតាំងចិត្តស្មោះជាមួយគ្នានឹងមានកាន់តែខ្លាំងឡើងដែរ។ ពេលពួកគេធ្វើដូច្នេះ ពួកគេនឹងកាន់តែស្និទ្ធស្នាលគ្នាដូចគម្ពីរចែង គឺទាំងពីរនាក់ប្រៀបដូចជា«សាច់ឈាមតែមួយ»។—ម៉ាថាយ ១៩:៥
ហេតុនេះហើយ យើងអាចប្រៀបប្រដូចការតាំងចិត្តស្មោះទៅនឹងការរៀបឥដ្ឋដើម្បីសាងសង់ផ្ទះ។ ដើម្បីឲ្យឥដ្ឋជាប់គ្នា យើងត្រូវការស៊ីម៉ង់ត៍ ទឹក និងខ្សាច់។ ស្រដៀងគ្នាដែរ ការតាំងចិត្តស្មោះចំពោះគូក៏មានកត្តាបីបូកបញ្ចូលគ្នាដែរ គឺភារកិច្ច ការទុកចិត្ត និងចំណងមិត្តភាព។ ប៉ុន្តែ តើអ្វីអាចធ្វើឲ្យចំណងនោះចុះខ្សោយ?
តើមានការពិបាកអ្វីខ្លះ?
ការតាំងចិត្តស្មោះចំពោះគូតម្រូវឲ្យខំព្យាយាមនិងលះបង់ប្រយោជន៍ខ្លួន។ អ្នកប្រហែលជាត្រូវលះបង់អ្វីដែលអ្នកចូលចិត្តដើម្បីគូរបស់អ្នក។ ប៉ុន្តែ ការសម្របទៅតាមបំណងចិត្តរបស់អ្នកណាម្នាក់ គឺមិនសូវមានគេចង់ធ្វើប៉ុន្មានទេ ហើយអ្នកខ្លះថែមទាំងខឹងទៀតផង ជាពិសេសពេលដែលពួកគេគិតថា‹តើនេះមានប្រយោជន៍អីចំពោះខ្ញុំ›។ ប៉ុន្តែ សូមសួរខ្លួនថា‹តើខ្ញុំស្គាល់មនុស្សប៉ុន្មាននាក់ដែលគិតតែពីប្រយោជន៍ខ្លួន ហើយមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍?›។ តាមមើលទៅ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ។ ហេតុអ្វី? ពីព្រោះមនុស្សដែលគិតតែពីប្រយោជន៍ខ្លួន នឹងមិនព្យាយាមតាំងចិត្តស្មោះត្រង់ចំពោះគូទេ បើគាត់ត្រូវលះបង់ប្រយោជន៍របស់គាត់ ហើយជាពិសេសបើការលះបង់នោះមិនបានទទួលផលអ្វីមកវិញ។ ដូច្នេះ មិនថាសេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះគ្នាតាំងពីដំបូងខ្លាំងយ៉ាងណាក៏ដោយ បើពួកគេមិនរក្សាចិត្តស្មោះចំពោះគ្នាទេ នោះចំណងអាពាហ៍ពិពាហ៍របស់ពួកគេនឹងទៅជាល្វីងជូរចត់មិនខាន។
គម្ពីរបានប្រាប់ការពិតមួយដែលថា ជីវិតអាពាហ៍ពិពាហ៍គឺតម្រូវឲ្យមានការខំព្យាយាម។ គម្ពីរថា៖«បុរសដែលរៀបការហើយ ខ្វល់ខ្វាយអំពីអ្វីៗដែលទាក់ទងនឹងពិភពលោកនេះ ពោលគឺរបៀបដែលគាត់អាចធ្វើឲ្យប្រពន្ធពេញចិត្ត»។ រីឯ«ស្ត្រីដែលរៀបការហើយ ខ្វល់ខ្វាយអំពីអ្វីៗដែលទាក់ទងនឹងពិភពលោកនេះ ពោលគឺរបៀបដែលនាងអាចធ្វើឲ្យប្ដីពេញចិត្ត»។ (កូរិនថូសទី១ ៧:៣៣, ៣៤) គួរឲ្យស្ដាយណាស់ សូម្បីតែគូអាពាហ៍ពិពាហ៍ដែលលះបង់ប្រយោជន៍ដើម្បីគូ នៅតែមិនដឹងថាគូខ្វល់ខ្វាយអំពីរឿងអ្វីខ្លះ ហើយពួកគេក៏មិនតែងតែឲ្យតម្លៃចំពោះការលះបង់របស់គូដែរ។ ពេលដែលគូអាពាហ៍ពិពាហ៍មិនឲ្យតម្លៃគ្នា នោះចំណងអាពាហ៍ពិពាហ៍របស់ពួកគេទំនងជាមាន«ការលំបាក»ច្រើនជាង។—កូរិនថូសទី១ ៧:២៨
បើអាពាហ៍ពិពាហ៍របស់អ្នកគឺដើម្បីគេចផុតពីគ្រាពិបាក និងដើម្បីជិតស្និទ្ធនៅគ្រាសប្បាយ នោះអ្នកត្រូវបណ្ដុះចិត្តគំនិតត្រឹមត្រូវចំពោះអាពាហ៍ពិពាហ៍របស់អ្នកថាចំណងនោះមិនមែនតែមួយរយៈពេលខ្លីទេ តែគឺគង់វង្សនិងយូរអង្វែង។ តើអ្នកអាចបណ្ដុះឲ្យមានចិត្តគំនិតបែបនេះយ៉ាងដូចម្ដេច? ហើយតើតាមរបៀបណាអ្នកអាចលើកទឹកចិត្តគូរបស់អ្នកឲ្យរក្សាចិត្តស្មោះចំពោះអ្នក?
របៀបពង្រឹងការតាំងចិត្តស្មោះ
កត្តាសំខាន់មួយគឺធ្វើតាមដំបូន្មានក្នុងគម្ពីរដែលជាបណ្ដាំរបស់ព្រះដោយចិត្តរាបទាប។ ពេលអ្នកធ្វើដូច្នេះ អ្នកនិងគូរបស់អ្នកនឹង«ទទួលប្រយោជន៍»។ (អេសាយ ៤៨:១៧) ឥឡូវ សូមឲ្យយើងពិចារណាជំហានពីរយ៉ាង។
១. ចាត់ទុកអាពាហ៍ពិពាហ៍របស់អ្នកជាអ្វីដ៏សំខាន់។
សាវ័កប៉ូលបានសរសេរថា៖«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។ (ភីលីព ១:១០) តាមទស្សនៈព្រះ របៀបដែលប្ដីនិងប្រពន្ធប្រព្រឹត្តចំពោះគ្នាគឺពិតជាសំខាន់ណាស់។ ពេលប្ដីឲ្យកិត្តិយសប្រពន្ធ នោះព្រះក៏ឲ្យកិត្តិយសប្ដីដែរ។ ហើយពេលដែលប្រពន្ធគោរពប្ដី នោះនាង«មានតម្លៃថ្លៃណាស់ចំពោះព្រះ»។—ពេត្រុសទី១ ៣:១-៤, ៧
តើអាពាហ៍ពិពាហ៍របស់អ្នកសំខាន់យ៉ាងណាចំពោះអ្នក? តាមធម្មតា ពេលយើងចាត់ទុកអ្វីមួយថាសំខាន់ នោះយើងនឹងចំណាយពេលយ៉ាងច្រើនទៅលើអ្វីនោះ។ សូមសួរខ្លួនថា៖‹អស់ជាច្រើនខែមកនេះ តើខ្ញុំបានលៃទុកពេលច្រើនប៉ុនណាដើម្បីចំណាយជាមួយនឹងគូខ្ញុំ? តើខ្ញុំបានធ្វើអ្វីខ្លះដែលបញ្ជាក់ឲ្យគូខ្ញុំដឹងថាយើងនៅតែស្រឡាញ់គ្នា?›។ បើអ្នកមិនសូវចំណាយពេលឬមិនចំណាយពេលសោះជាមួយគូ នោះគូអ្នកពិបាកជឿថាអ្នកនៅស្មោះជាមួយគាត់។
តើគូរបស់អ្នកគិតថាអ្នកនៅស្មោះជាមួយគាត់ទេ? តើអ្នកអាចដឹងយ៉ាងដូចម្ដេច?
សូមសាកល្បងធ្វើតាមវិធីនេះ៖ សូមកត់លើក្រដាសមួយអំពីអ្វីសំខាន់ប្រាំយ៉ាងដូចជា៖ លុយ ការងារ អាពាហ៍ពិពាហ៍ ការកម្សាន្ដ និងមិត្តភក្ដិ។ រួចមក សូមដាក់លេខរៀងដែលអ្នកគិតថាគូរបស់អ្នកនឹងចាត់ទុកថាសំខាន់ជាងគេនិងមួយណាសំខាន់បន្តបន្ទាប់។ ក្រោយនោះ សូមឲ្យគូធ្វើដូចគ្នាដែរ។ ពេលធ្វើរួច សូមប្ដូរក្រដាសនោះជាមួយគូ។ បើគូរបស់អ្នកមានអារម្មណ៍ថាអ្នកមិនសូវចំណាយពេលវេលាគ្រប់គ្រាន់ជាមួយគាត់ទេ សូមគិតអំពីអ្វីដែលអ្នកគួរកែប្រែដើម្បីអ្នកអាចពង្រឹងការតាំងចិត្តស្មោះចំពោះគ្នា។ ម្យ៉ាងទៀត សូមសួរខ្លួនថា៖‹តើខ្ញុំអាចធ្វើអ្វីដើម្បីបង្ហាញថាខ្ញុំយកចិត្តទុកដាក់ច្រើនជាងចំពោះអ្វីដែលគូខ្ញុំចាត់ទុកថាសំខាន់?›។
២. ជៀសវាងពីទង្វើនិងចិត្តគំនិតមិនស្មោះត្រង់។
លោកយេស៊ូបានប្រាប់ថា៖«អ្នកណាដែលសម្លឹងមើលស្រីរហូតដល់កើតមានចិត្តស្រើបស្រាល អ្នកនោះបានផិតក្បត់ជាមួយនឹងនាងនៅក្នុងចិត្តរួចហើយ»។ (ម៉ាថាយ ៥:២៨) ពេលដែលបុគ្គលម្នាក់រួមដំណេកជាមួយនឹងអ្នកដែលមិនមែនជាគូរបស់ខ្លួន គាត់កំពុងបំផ្លាញចំណងអាពាហ៍ពិពាហ៍របស់គាត់ ហើយគម្ពីរក៏ប្រាប់ដែរថា ការប្រព្រឹត្តនេះជាមូលដ្ឋាននៃការលែងលះគ្នា។ (ម៉ាថាយ ៥:៣២) ប៉ុន្តែ ពាក្យដែលលោកយេស៊ូមានប្រសាសន៍នៅខាងលើបង្ហាញថា ការមានសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវអាចមានក្នុងចិត្តរបស់បុគ្គលម្នាក់អស់រយៈពេលជាយូរ មុននឹងគាត់ចាប់ផ្ដើមប្រព្រឹត្តអំពើផិតក្បត់។ ដូច្នេះ ការមានបំណងប្រាថ្នាមិនត្រឹមត្រូវគឺជាការផិតក្បត់ម្យ៉ាង។
ដើម្បីរក្សាចិត្តស្មោះចំពោះគូអាពាហ៍ពិពាហ៍ សូមតាំងចិត្តមិនមើលរូបអាសអាភាសជាដាច់ខាត។ មនុស្សជាច្រើនប្រហែលជានិយាយផ្សេងៗអំពីរូបអាសអាភាស ទោះជាគេប្រាប់បែបណាក៏ដោយ តាមពិតរូបអាសអាភាសគឺជាថ្នាំពុលដែលបំផ្លាញចំណងអាពាហ៍ពិពាហ៍។ ប្រពន្ធម្នាក់ដែលប្ដីនាងមានទម្លាប់មើលរូបអាសអាភាស បានប្រាប់អំពីអារម្មណ៍របស់នាងថា៖«ប្ដីរបស់ខ្ញុំប្រាប់ថា ការមើលរូបអាសអាភាសជួយបន្ថែមរសជាតិទៅលើស្នេហារបស់យើង។ ប៉ុន្តែ សម្រាប់ខ្ញុំវិញ នោះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំគ្មានតម្លៃទេ ហើយទោះជាមានខ្ញុំក៏គាត់មិនឆ្អែតឆ្អន់ឡើយ។ ពេលប្ដីខ្ញុំមើលរូបអាសអាភាសម្ដងៗ ខ្ញុំមិនអាចធ្វើអ្វីបានទេ ក្រៅពីគេងយំ»។ តើអ្នកគិតថាបុរសម្នាក់នេះកំពុងតែពង្រឹងការតាំងចិត្តស្មោះចំពោះគូ ឬក៏គាត់កំពុងតែបំផ្លាញចំណងអាពាហ៍ពិពាហ៍របស់គាត់ទៅវិញ? តើអ្នកគិតថាការប្រព្រឹត្តរបស់គាត់ជួយប្រពន្ធគាត់ឲ្យនៅស្មោះចំពោះគាត់ទេ? តើគាត់កំពុងប្រព្រឹត្តចំពោះនាងដូចជាមនុស្សដែលគាត់ស្រឡាញ់ឬទេ?
យ៉ូបជាអ្នកបម្រើស្មោះត្រង់បានបង្ហាញចិត្តស្មោះចំពោះប្រពន្ធគាត់ និងចំពោះព្រះដោយ‹ធ្វើកិច្ចព្រមព្រៀងនឹងភ្នែករបស់គាត់›។ គាត់បានប្ដេជ្ញាចិត្តថាមិន‹សម្លឹងមើលស្ត្រីឯទៀតដោយបំណងចិត្តមិនត្រឹមត្រូវឡើយ›។ (យ៉ូប ៣១:១) តើអ្នកអាចធ្វើតាមគំរូរបស់យ៉ូបយ៉ាងដូចម្ដេច?
ក្រៅពីជៀសវាងមើលរូបអាសអាភាស អ្នកក៏ត្រូវការពារចិត្តពីអ្វីផ្សេងៗទាក់ទងនឹងការស្និទ្ធស្នាលដែលមិនសមរម្យចំពោះមនុស្សភេទផ្ទុយ។ មនុស្សជាច្រើនគិតថាការចែចង់មិនបង្កគ្រោះថ្នាក់អ្វីដល់ចំណងអាពាហ៍ពិពាហ៍ទេ។ ប៉ុន្តែ បណ្ដាំរបស់ព្រះព្រមានយើងថា៖«ឯចិត្ត គឺពូកែបញ្ឆោតលើសអ្វីៗទាំងអស់ ហើយក៏អាក្រក់ក្រៃលែង។ តើអ្នកណាអាចស្គាល់បានទៅ?»។ (យេរេមា ១៧:៩) តើចិត្តរបស់អ្នកល្បួងអ្នកទេ? សូមសួរខ្លួនថា៖‹តើខ្ញុំគួរតែផ្ដោតអារម្មណ៍ទៅលើអ្នកណាច្រើនជាង គូរបស់ខ្ញុំឬអ្នកផ្សេងដែលមានភេទផ្ទុយ? តើខ្ញុំប្រាប់អ្វីល្អៗដល់អ្នកណាមុនគេ គូរបស់ខ្ញុំឬនរណាម្នាក់ទៀត? បើគូរបស់ខ្ញុំសុំខ្ញុំកុំឲ្យជិតស្និទ្ធជាមួយមនុស្សភេទផ្ទុយ តើខ្ញុំនឹងមានប្រតិកម្មបែបណា? តើខ្ញុំអាក់អន់ចិត្តឬខ្ញុំសប្បាយធ្វើតាមសំណូមពររបស់គាត់?›។
សូមសាកល្បងធ្វើតាមវិធីនេះ៖ បើអ្នកឃើញថាអ្នកស្និទ្ធស្នាលជាមួយបុគ្គលណាម្នាក់ដែលមិនមែនជាគូរបស់អ្នក សូមដាក់កម្រិតទៅលើទំនាក់ទំនងជាមួយគាត់ សូមទាក់ទងនឹងគាត់នៅពេលដែលចាំបាច់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ សូមគិតពីគុណសម្បត្តិល្អៗរបស់គូ។ (សុភាសិត ៣១:២៩) សូមនឹកឡើងវិញនូវមូលហេតុដែលអ្នកចាប់ចិត្តស្រឡាញ់គូរបស់អ្នក។ សូមសួរខ្លួនថា៖‹តើគូរបស់ខ្ញុំលែងមានគុណសម្បត្តិទាំងនោះឬក៏ខ្ញុំលែងឃើញគុណសម្បត្តិទាំងនោះហើយ?›។
ចាត់វិធានការមុន
ម៉ៃឃឺលនិងម៉ារៀដែលបានរៀបរាប់ខាងលើសម្រេចចិត្តសុំយោបល់អំពីរបៀបដោះស្រាយបញ្ហាក្នុងចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់។ ពិតមែនថាការស្វែងរកយោបល់ជាជំហានទី១មែន តែការព្រមទទួលស្គាល់បញ្ហា និងការស្វែងរកជំនួយ បានជួយពួកគាត់ឲ្យដោះស្រាយបញ្ហា។ ម៉ៃឃឺលនិងម៉ារៀបានឃើញច្បាស់ថាពួកគាត់ត្រូវតាំងចិត្តស្មោះនឹងគ្នា ហើយខំព្យាយាមធ្វើតាមការតាំងចិត្តនោះ។
មិនថាចំណងអាពាហ៍ពិពាហ៍របស់អ្នករឹងមាំឬរកាំរកូសក្ដី គូរបស់អ្នកត្រូវដឹងថាអ្នកកំពុងតាំងចិត្តស្មោះនឹងគាត់ ហើយថាអ្នកចង់ធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកមានសុភមង្គល។ សូមព្យាយាមធ្វើអ្វីផ្សេងៗដើម្បីឲ្យគូរបស់អ្នកដឹងអំពីការតាំងចិត្តរបស់អ្នក។ តើអ្នកសុខចិត្តធ្វើដូច្នោះទេ?
a ឈ្មោះខ្លះបានត្រូវប្ដូរ។
b ថ្វីត្បិតតែគំរូនៅខាងលើជាបុរសដែលមើលរូបអាសអាភាសក៏ពិតមែន តែបើស្ត្រីបានមើលរូបអាសអាភាស ក៏បង្ហាញថានាងខ្វះការតាំងចិត្តស្មោះចំពោះគូដែរ។
សូមសួរខ្លួនថា . . .
តើខ្ញុំអាចកាត់បន្ថយសកម្មភាពអ្វីខ្លះដើម្បីខ្ញុំអាចចំណាយពេលច្រើនជាងជាមួយគូរបស់ខ្ញុំ?
តើខ្ញុំអាចធ្វើអ្វីដើម្បីគូខ្ញុំអាចប្រាកដចិត្តថាខ្ញុំកំពុងព្យាយាមតាំងចិត្តស្មោះនឹងគាត់?
[រូបភាព]
លៃទុកពេលជាមួយគូរបស់អ្នក
[រូបភាព]
ទង្វើនិងចិត្តគំនិតមិនស្មោះត្រង់ផ្ដើមចេញពីចិត្ត