លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គន្លឹះ​សុភមង្គល​គ្រួសារ

ពេលមានជម្លោះ តើគួរដោះស្រាយយ៉ាងណា?

ពេលមានជម្លោះ តើគួរដោះស្រាយយ៉ាងណា?

ប្ដី​និយាយ​ថា​៖​«​ក្រោយ​ពី​សារ៉ា aនិង​ខ្ញុំ​រៀប​ការ យើង​បាន​រស់​នៅ​ជា​មួយ​នឹង​ឪពុក​ម្ដាយ​ខាង​ខ្ញុំ។ ថ្ងៃ​មួយ សង្សារ​របស់​ប្អូន​ខ្ញុំ​បាន​សុំ​ខ្ញុំ​ជូន​នាង​ទៅ​ផ្ទះ។ ខ្ញុំ​ក៏​យល់​ព្រម​ជូន​នាង​ទៅ តែ​កូន​ប្រុស​តូច​របស់​ខ្ញុំ​ក៏​ទៅ​ជា​មួយ​ដែរ។ ពេល​ត្រឡប់​មក​ផ្ទះ​វិញ សារ៉ា​ខឹង​ខ្លាំង​មែន​ទែន។ ខ្ញុំ​និង​នាង​បាន​ឈ្លោះ​គ្នា​នៅ​មុខ​ក្រុម​គ្រួសារ​របស់​យើង​តែ​ម្ដង។ នាង​បាន​ចោទ​ខ្ញុំ​ថា​ខ្ញុំ​មាន​ស្រី។ ឮ​ដូច្នេះ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់ ហើយ​ក៏​ប្រើ​ពាក្យ​ដែល​ធ្វើ​ឲ្យ​នាង​កាន់​តែ​ខឹង​ថែម​ទៀត​»។

ប្រពន្ធ​និយាយ​ថា​៖​«​កូន​ប្រុស​របស់​យើង​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ ហើយ​ពេល​នោះ​យើង​ក៏​មាន​បញ្ហា​ខាង​លុយ​កាក់​ដែរ។ ដូច្នេះ ពេល​ដែល​ខ្ញុំ​ឃើញ​ហ្វេណានដូ​ប្ដី​របស់​ខ្ញុំ​នាំ​កូន​ឡើង​ឡាន​ជា​មួយ​សង្សារ​ប្អូន​ប្រុស​របស់​គាត់ ហើយ​បូក​រួម​នឹង​រឿង​ផ្សេង​ទៀត នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ខ្លាំង​ណាស់។ ពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​បាន​ប្រាប់​អារម្មណ៍​របស់​ខ្ញុំ​ដល់​គាត់ ហើយ​យើង​បាន​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង ថែម​ទាំង​បាន​ប្រើ​ពាក្យ​អសុរោះ​ដាក់​គ្នា​ទៀត​ផង។ ក្រោយ​ពី​ឈ្លោះ​គ្នា​រួច ខ្ញុំ​បន្ទោស​ខ្លួន​ខ្លាំង​ណាស់​»។

បើ​ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា តើ​នេះ​មាន​ន័យ​ថា​ពួក​គេ​លែង​ស្រឡាញ់​គ្នា​ឬ? មិន​មែន​ទេ! ហ្វេណានដូ​និង​សារ៉ា​ដែល​បាន​រៀប​រាប់​ខាង​លើ ពិត​ជា​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់។ ទោះ​ជា​គូ​អាពាហ៍ពិពាហ៍​មាន​សុភមង្គល​ក្ដី តែ​ជួន​កាល​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ដែរ។

ហេតុ​អ្វី​ប្ដី​ប្រពន្ធ​ឈ្លោះ​ប្រកែក​គ្នា? ហើយ​តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​រឿង​នោះ​បំផ្លាញ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក? ដោយ​សារ​ព្រះ​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​ចំណង​អាពាហ៍ពិពាហ៍ ដូច្នេះ​សម​ហេតុ​សម​ផល​ដែល​យើង​ពិចារណា​បណ្ដាំ​របស់​លោក​ដែល​មាន​ក្នុង​គម្ពីរ​ស្ដី​អំពី​រឿង​នេះ។—ដើម​កំណើត ២:២១, ២២; ធីម៉ូថេ​ទី២ ៣:១៦, ១៧

ស្វែង​យល់​អំពី​បញ្ហា

គូ​អាពាហ៍ពិពាហ៍​ភាគ​ច្រើន​ចង់​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់​និង​សប្បុរស។ ប៉ុន្តែ គម្ពីរ​បាន​ប្រាប់​អំពី​ការ​ពិត​មួយ​ដែល​ថា​៖​«​គ្រប់​គ្នា​ធ្លាប់​ធ្វើ​ខុស ហើយ​មិន​ដល់​កម្រិត​កំណត់​នៃ​សិរី​រុង​រឿង​របស់​ព្រះ​ទេ​»។ (​រ៉ូម ៣:២៣​) ដូច្នេះ ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា យើង​ប្រហែល​ជា​ពិបាក​ទប់​អារម្មណ៍​របស់​យើង។ ពេល​មាន​ជម្លោះ​ផ្ទុះ​ឡើង មនុស្ស​ខ្លះ​ប្រហែល​ជា​ពិបាក​យក​ឈ្នះ​លក្ខណៈ​មិន​ល្អ​របស់​ខ្លួន ដូច​ជា​ការ​ស្រែក​គំហក និង​ប្រើ​ពាក្យ​មិន​សមរម្យ​ជា​ដើម។ (​រ៉ូម ៧:២១; អេភេសូរ ៤:៣១​) តើ​មាន​កត្តា​អ្វី​ទៀត​ដែល​នាំ​ឲ្យ​រឿង​នេះ​កើត​ឡើង?

ប្ដី​និង​ប្រពន្ធ​ច្រើន​តែ​មាន​របៀប​ប្រាស្រ័យ​ទាក់​ទង​ខុស​គ្នា។ ប្រពន្ធ​ម្នាក់​ឈ្មោះ​មីជីកូ​បាន​និយាយ​ថា​៖​«​ពេល​យើង​ទើប​រៀប​ការ ខ្ញុំ​ឃើញ​ថា​របៀប​ដែល​ខ្ញុំ​និង​ប្ដី​ខ្ញុំ​និយាយ​អំពី​រឿង​ណា​មួយ​គឺ​ខុស​គ្នា​ស្រឡះ។ ខ្ញុំ​ចូល​ចិត្ត​និយាយ​អំពី​អ្វី​ដែល​កើត​ឡើង ហើយ​ក៏​និយាយ​អំពី​មូលហេតុ​និង​របៀប​ដែល​រឿង​នោះ​កើត​ឡើង។ ប៉ុន្តែ ប្ដី​ខ្ញុំ​វិញ គាត់​គ្រាន់​តែ​ចង់​ដឹង​អំពី​ចំណុច​សំខាន់​ចុង​ក្រោយ​ប៉ុណ្ណោះ​»។

បញ្ហា​របស់​មីជីកូ​ជា​រឿង​ធម្មតា​ទេ។ គូ​អាពាហ៍ពិពាហ៍​ជា​ច្រើន តែង​មាន​ម្នាក់​ចង់​និយាយ​ល្អិត​ល្អន់​អំពី​រឿង​ណា​មួយ តែ​ម្នាក់​ទៀត​មិន​សូវ​ចាប់​អារម្មណ៍​ទេ។ ជួន​កាល ពេល​ដែល​គូ​របស់​ខ្លួន​ចង់​និយាយ​ច្រើន​អំពី​រឿង​ណា​មួយ គូ​ម្ខាង​ទៀត​ព្យាយាម​បង្វែរ​ទៅ​រឿង​ផ្សេង។ តើ​អ្នក​សង្កេត​ឃើញ​ថា​នេះ​កើត​ឡើង​ចំពោះ​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​ឬ​ទេ? តើ​អ្នក​ប្រហែល​ជា​ចង់​និយាយ​អំពី​រឿង​នោះ​ឲ្យ​បាន​ច្បាស់​លាស់ តែ​គូ​របស់​អ្នក​បែរ​ជា​មិន​ចង់​និយាយ​ឬ​ទេ?

ម្យ៉ាង​ទៀត មជ្ឈដ្ឋាន​គ្រួ​សារ​ដែល​គាត់​ធំ​ឡើង​គឺ​អាច​មាន​ឥទ្ធិពល​មក​លើ​គាត់ រួម​ទាំង​ការ​ប្រាស្រ័យ​ទាក់​ទង​ដែរ។ ប្ដី​ម្នាក់​ឈ្មោះ​ចាស្ទីន​ដែល​បាន​រៀប​ការ​អស់​ប្រាំ​ឆ្នាំ​បាន​និយាយ​ថា​៖​«​ខ្ញុំ​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​មិន​សូវ​និយាយ​ច្រើន ហើយ​ខ្ញុំ​ក៏​ពិបាក​ប្រាប់​អារម្មណ៍​ដែរ។ នេះ​ធ្វើ​ឲ្យ​ប្រពន្ធ​ខ្ញុំ​តាន​តឹង​ចិត្ត​ណាស់ ដោយ​សារ​ក្រុម​គ្រួសារ​របស់​នាង​ចូល​ចិត្ត​និយាយ​គ្នា ដូច្នេះ​សម្រាប់​នាង​ការ​និយាយ​ប្រាប់​អំពី​អារម្មណ៍​គឺ​មិន​មែន​ជា​អ្វី​ពិបាក​ទេ​»។

ហេតុ​អ្វី​ត្រូវ​ខំ​ដោះ​ស្រាយ​បញ្ហា?

អ្នក​ស្រាវ​ជ្រាវ​អំពី​អាពាហ៍ពិពាហ៍​បាន​រក​ឃើញ​ថា​អ្វី​ដែល​ជួយ​ឲ្យ​ប្ដី​ប្រពន្ធ​មាន​សុភមង្គល មិន​អាស្រ័យ​ទៅ​លើ​ការ​ពោល​ពាក្យ​ថា​ស្រឡាញ់​គ្នា​ច្រើន​ដង​ប៉ុណ្ណា​ទេ។ ហើយ​ក៏​មិន​អាស្រ័យ​ទៅ​លើ​ការ​រួម​ភេទ​និង​ការ​មាន​លុយ​គ្រប់​គ្រាន់​ដែរ។ ប៉ុន្តែ គឺ​អាស្រ័យ​ទៅ​លើ​របៀប​ដែល​ប្ដី​ប្រពន្ធ​ចេះ​ដោះ​ស្រាយ​បញ្ហា​ពេល​មាន​ជម្លោះ។

បន្ថែម​ទៅ​ទៀត លោក​យេស៊ូ​បាន​ប្រាប់​ថា​ពេល​ដែល​ប្ដី​ប្រពន្ធ​រៀប​ការ​ជា​មួយ​គ្នា គឺ​ព្រះ​ទេ​ដែល​បាន​ផ្សំផ្គុំ​ពួក​គេ។ (​ម៉ាថាយ ១៩:៤​-​៦​) ដូច្នេះ អាពាហ៍ពិពាហ៍​ដែល​មាន​សុភមង្គល​លើក​កិត្តិយស​ព្រះ។ ប៉ុន្តែ បើ​ប្ដី​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រពន្ធ​គាត់​ទេ នោះ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​គាត់​ឡើយ។ (​ពេត្រុស​ទី១ ៣:៧​) មួយ​វិញ​ទៀត បើ​ប្រពន្ធ​មិន​គោរព​ប្ដី នាង​ក៏​មិន​គោរព​ព្រះ​យេហូវ៉ា​ដែរ ព្រោះ​លោក​បាន​តែង​តាំង​ប្ដី​ជា​ប្រមុខ​គ្រួសារ។—កូរិនថូស​ទី១ ១១:៣

ដំណោះ​ស្រាយ​៖ ជៀស​វាង​ពាក្យ​សម្ដី​ដែល​នាំ​ឲ្យ​គូ​ឈឺ​ចិត្ត

អ្នក​ប្រហែល​មាន​របៀប​និយាយ​ឬ​ធំ​ឡើង​ក្នុង​មជ្ឈដ្ឋាន​គ្រួសារ​ខុស​ៗ​គ្នា ទោះ​ជា​យ៉ាង​នោះ​ក្ដី អ្នក​មិន​ត្រូវ​ប្រើ​ពាក្យ​សម្ដី​មិន​ល្អ​ទេ បើ​អ្នក​ចង់​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ ហើយ​ចង់​ដោះ​ស្រាយ​ជម្លោះ​ក្នុង​ក្រុម​គ្រួសារ។ សូម​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​ដូច​ខាង​ក្រោម​៖

‹ដើម្បី​ចង់​ឈ្នះ តើ​ខ្ញុំ​ប្រើ​ពាក្យ​ដែល​ធ្វើ​ឲ្យ​គូ​ឈឺ​ចិត្ត​ទេ?›។

សុភាសិត​មួយ​បាន​រៀប​រាប់​ថា​៖​«​ការ​ច្របាច់​ច្រមុះ​នាំ​ឲ្យ​ចេញ​ឈាម ស្រដៀង​គ្នា​ដែរ ការ​បញ្ឆេះ​កំហឹង​ក៏​នាំ​ឲ្យ​កើត​ជម្លោះ​ដែរ​»។ (​សុភាសិត ៣០:៣៣​) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? សូម​ពិចារណា​ឧទាហរណ៍​នេះ។ ក្រុម​គ្រួសារ​មួយ​កំពុង​ពិគ្រោះ​គ្នា​អំពី​ការ​ចាយ​វាយ។ ប្ដី​ប្រហែល​ជា​និយាយ​ថា​៖​«​យើង​ត្រូវ​ចាយ​វាយ​ដោយ​ចេះ​គិត​»។ ពាក្យ​សម្ដី​នេះ​ប្រៀប​ដូច​ជា​ច្របាច់​ច្រមុះ​គូ​របស់​ខ្លួន​ក្នុង​ន័យ​ថា​៖​«​ចាយ​អត់​ចេះ​គិត​សោះ​»។ ពិត​ណាស់ បើ​យើង​ប្រើ​ពាក្យ​សម្ដី​ដែល​ប្រៀប​ដូច​ជា​យើង‹ច្របាច់​ច្រមុះ›គូ​របស់​យើង គាត់​នឹង​និយាយ​បែប​នោះ​សក​មក​យើង​វិញ​មិន​ខាន។ ដូច្នេះ ការ​ប្រើ​ពាក្យ​សម្ដី​ដែល​បញ្ឈឺ​ចិត្ត​នាំ​ឲ្យ​មាន​កំហឹង ហើយ​ឈាន​ទៅ​ដល់​ការ​ឈ្លោះ​ប្រកែក​គ្នា។

យ៉ាកុប​ដែល​ជា​អ្នក​សរសេរ​គម្ពីរ​បាន​ព្រមាន​ថា​៖​«​មើល! គ្រាន់​តែ​ភ្លើង​ដ៏​តូច​មួយ អាច​ធ្វើ​ឲ្យ​ព្រៃ​ធំ​ឆេះ​បាន! អណ្ដាត​ក៏​ដូច​ជា​ភ្លើង​ដែរ​»។ (​យ៉ាកុប ៣:៥, ៦​) ពេល​គូ​អាពាហ៍ពិពាហ៍​មិន​ចេះ​ទប់​អណ្ដាត​របស់​ខ្លួន នេះ​នាំ​ឲ្យ​រឿង​តូច​តាច​ទៅ​ជា​រឿង​ធំ។ ហើយ​ពេល​ដែល​ពួក​គេ​ប្រើ​ពាក្យ​បញ្ឈឺ​ចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត នោះ​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​ក្រុម​គ្រួសារ​លែង​មាន​សេចក្ដី​ស្រឡាញ់​ទៀត។

ជា​ជាង​ប្រើ​ពាក្យ​សម្ដី​បញ្ឈឺ​ចិត្ត សូម​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ពេល​ដែល​គេ​ប្រមាថ​លោក ​«​លោក​មិន​បាន​ប្រមាថ​គេ​វិញ​ទេ​»។ (​ពេត្រុស​ទី១ ២:២៣​) របៀប​ល្អ​បំផុត​ដើម្បី​កុំ​ឲ្យ​មាន​ជម្លោះ គឺ​ដោយ​ទទួល​យក​ទស្សនៈ​របស់​គូ ហើយ​សុំ​ទោស​ចំពោះ​កំហុស​របស់​ខ្លួន។

សូម​សាក​ធ្វើ​តាម​យោបល់​នេះ​៖ លើក​ក្រោយ​ពេល​មាន​ជម្លោះ សូម​សួរ​ខ្លួន​អ្នក​ថា‹តើ​ខាត​បង់​ទេ បើ​ខ្ញុំ​ទទួល​ស្គាល់​អារម្មណ៍​របស់​គូ​ខ្ញុំ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ? តើ​អ្វី​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​និយាយ​សុំ​ទោស?›។

‹តើ​ខ្ញុំ​មើល​ស្រាល​អារម្មណ៍​គូ​ខ្ញុំ​ឬ​ទេ?›។

បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖​«​ចូរ​អ្នក​ទាំង​អស់​គ្នា​មាន​ចិត្ត​គំនិត​តែ​មួយ . . . ស្រឡាញ់​រាប់​អាន​គ្នា​ជា​បង​ប្អូន​»។ (​ពេត្រុស​ទី១ ៣:៨​) សូម​ពិចារណា​មូលហេតុ​ពីរ​ដែល​អ្នក​ប្រហែល​ពិបាក​ធ្វើ​តាម​ដំបូន្មាន​នេះ។ មូលហេតុ​មួយ​គឺ​អ្នក​ប្រហែល​ជា​មើល​ស្រាល​អារម្មណ៍​របស់​គូ។ ជា​ឧទាហរណ៍ បើ​គូ​របស់​អ្នក​បារម្ភ​ច្រើន​ជាង​អ្នក​អំពី​រឿង​ណា​មួយ អ្នក​ប្រហែល​ជា​និយាយ​ថា​៖​«​គិត​ច្រើន​ពេក​ហើយ​»។ អ្នក​និយាយ​ដូច្នេះ​ក្នុង​បំណង​ល្អ តែ​គូ​របស់​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​អ្នក​មិន​ខ្វល់​ពី​គាត់​ទៅ​វិញ។ ប៉ុន្តែ សម្រាប់​អ្នក​ខ្លះ​ប្រហែល​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ពាក្យ​ទាំង​នោះ។ មិន​ថា​ក្នុង​ករណី​ណា​ក៏​ដោយ ទាំង​ប្ដី​ទាំង​ប្រពន្ធ​ចង់​ទទួល​បាន​ការ​យល់​អារម្មណ៍​ពី​អ្នក​ដែល​គាត់​ស្រឡាញ់។

ការ​មាន​អំណួត​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​មើល​ស្រាល​អារម្មណ៍​របស់​គូ​ខ្លួន។ បុគ្គល​ដែល​មាន​អំណួត​អាច​គិត​ថា​ខ្លួន​ល្អ​ជាង​គេ ហើយ​គិត​ថា​អ្នក​ឯ​ទៀត​អន់​ជាង​ខ្លួន។ គាត់​ប្រហែល​ជា​ធ្វើ​ដូច្នេះ​ដោយ​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ​ឬ​ប្រើ​ពាក្យ​ប្រៀប​ធៀប​មិន​ល្អ។ សូម​ពិចារណា​គំរូ​មិន​ល្អ​របស់​ពួក​ផារិស៊ី​និង​អ្នក​ជំនាញ​ខាង​ច្បាប់​នៅ​សម័យ​លោក​យេស៊ូ។ ពួក​គេ​ជា​មនុស្ស​មាន​អំណួត ព្រោះ​ពេល​នរណា​ម្នាក់​ឬ​សូម្បី​តែ​ផារិស៊ី​គ្នា​ឯង​បញ្ចេញ​ទស្សនៈ​ផ្សេង ពួក​គេ​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ​និង​រិះ​គន់​អ្នក​ទាំង​នោះ។ (​យ៉ូហាន ៧:៤៥​-​៥២​) ប៉ុន្តែ លោក​យេស៊ូ​ខុស​គ្នា។ លោក​យោគ​យល់​អ្នក​ឯ​ទៀត ពេល​ពួក​គេ​ប្រាប់​អារម្មណ៍​ដល់​លោក។—ម៉ាថាយ ២០:២៩​-​៣៤; ម៉ាកុស ៥:២៥​-​៣៤

សូម​គិត​អំពី​ប្រតិកម្ម​របស់​អ្នក​ពេល​គូ​ប្រាប់​អារម្មណ៍​ដល់​អ្នក។ តើ​ពាក្យ​សម្ដី ទំហំ​សំឡេង និង​ទឹក​មុខ​បង្ហាញ​ថា​អ្នក​យល់​អារម្មណ៍​គាត់​ឬ​ទេ? ឬ​តើ​អ្នក​រហ័ស​និយាយ ហើយ​ប្រព្រឹត្ត​ហាក់​ដូច​ជា​អារម្មណ៍​គូ​របស់​អ្នក​មិន​សូវ​សំខាន់​ឬ​ទេ?

សូម​សាក​ធ្វើ​តាម​យោបល់​នេះ​៖ សូម​គិត​អំពី​របៀប​ដែល​អ្នក​និយាយ​ទៅ​កាន់​គូ​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៅ​មុខ។ បើ​អ្នក​ព្រងើយ​កន្តើយ​ឬ​និយាយ​បែប​មើល​ស្រាល អ្នក​គួរ​សុំ​ទោស​ភ្លាម​ៗ។

‹តើ​ខ្ញុំ​ច្រើន​តែ​សន្និដ្ឋាន​បំណង​ចិត្ត​គូ​របស់​ខ្ញុំ​ថា​គាត់​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ?›។

សាថាន​បាន​ចោទ​ប្រកាន់​យ៉ូប​ថា​៖​«​ការ​ដែល​យ៉ូប​កោត​ខ្លាច​ព្រះ តើ​មិន​មែន​ដោយ​សារ​គាត់​បាន​ទទួល​ប្រយោជន៍​ទេ​ឬ? តើ​លោក​មិន​បាន​ដាក់​របង​ការ​ពារ​គាត់ និង​ក្រុម​គ្រួសារ​គាត់ ព្រម​ទាំង​ការ​ពារ​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន​ទេ​ឬ?​»។ (​យ៉ូប ១:៩, ១០​) សាថាន​ប្រើ​ពាក្យ​ទាំង​នេះ ដើម្បី​ចោទ​ប្រកាន់​បំណង​ចិត្ត​ដ៏​ស្មោះ​ត្រង់​របស់​យ៉ូប។

បើ​គូ​អាពាហ៍ពិពាហ៍​មិន​ប្រុង​ប្រយ័ត្ន​ទេ ពួក​គេ​ក៏​អាច​ប្រព្រឹត្ត​ដូច​នោះ​ដែរ។ ជា​ឧទាហរណ៍ បើ​គូ​របស់​គាត់​ធ្វើ​ល្អ​ដាក់​គាត់ តើ​គាត់​សន្និដ្ឋាន​ថា​មក​ពី​គូ​ចង់​បាន​អ្វី​មួយ ឬ​មួយ​ក៏​លាក់​បាំង​អ្វី​មួយ​ទេ? បើ​គូ​របស់​អ្នក​ធ្វើ​ខុស តើ​អ្នក​សន្និដ្ឋាន​ថា​កំហុស​ដែល​គាត់​មាន​ដោយ​សារ​តែ​គាត់​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ​គ្មាន​សេចក្ដី​ស្រឡាញ់​ឬ? ណា​មួយ​ទៀត ពេល​គូ​របស់​អ្នក​ធ្វើ​ខុស តើ​អ្នក​ចង​ចាំ​កំហុស​នោះ​ទុក ហើយ​ភ្លាម​ៗ​នឹក​ចាំ​ពី​កំហុស​ដែល​គាត់​ធ្លាប់​ធ្វើ​ពី​មុន​ទេ?

សូម​សាក​ធ្វើ​តាម​យោបល់​នេះ​៖ សូម​កត់​ទុក​អ្វី​ល្អ​ៗ​ដែល​គូ​របស់​អ្នក​បាន​ធ្វើ​សម្រាប់​អ្នក និង​បំណង​ចិត្ត​ដែល​ជំរុញ​គាត់​ឲ្យ​ធ្វើ​បែប​នេះ។

សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖​«​សេចក្ដី​ស្រឡាញ់ . . . មិន​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​»។ (​កូរិនថូស​ទី១ ១៣:៤, ៥​) នេះ​មិន​មែន​មាន​ន័យ​ថា សេចក្ដី​ស្រឡាញ់​ពិត​នាំ​ឲ្យ​យើង​មើល​រំលង​កំហុស​របស់​គូ​ទេ តែ​យើង​មិន​ចាំ​ទុក​នូវ​អ្វី​ដែល​គាត់​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ ប៉ូល​ក៏​បាន​ប្រាប់​បន្ថែម​ទៀត​ថា​សេចក្ដី​ស្រឡាញ់​«​ជឿ​អ្វី​ៗ​ទាំង​អស់​»។ (​កូរិនថូស​ទី១ ១៣:៧​) នេះ​មិន​មែន​បាន​ន័យ​ថា​គាត់​ជឿ​លើ​អ្វី​ៗ​ទាំង​អស់​ដែល​គូ​របស់​គាត់​ប្រាប់​ទេ តែ​គាត់​ទុក​ចិត្ត​គូ​របស់​គាត់​ដោយ​មិន​សង្ស័យ។ សេចក្ដី​ស្រឡាញ់​ដែល​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​នេះ​ជួយ​អ្នក​ឲ្យ​បម្រុង​តែ​នឹង​អភ័យ​ទោស ហើយ​មិន​សង្ស័យ​បំណង​ចិត្ត​របស់​គូ។ (​ចម្រៀង​សរសើរ​ព្រះ ៨៦:៥; អេភេសូរ ៤:៣២​) ពេល​ដែល​គូ​អាពាហ៍ពិពាហ៍​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ចំពោះ​គ្នា ពួក​គេ​នឹង​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ។

សូម​សួរ​ខ្លួន​អ្នក​ថា . . .

  • តើ​ប្ដី​ប្រពន្ធ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​អត្ថបទ​មាន​កំហុស​អ្វី​ខ្លះ?

  • តើ​អ្នក​អាច​ជៀស​វាង​កុំ​ឲ្យ​មាន​កំហុស​ស្រដៀង​គ្នា​យ៉ាង​ណា​ក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក?

  • ក្នុង​អត្ថបទ​នេះ​តើ​មាន​ចំណុច​ណា​ដែល​អ្នក​ចង់​ធ្វើ​តាម​ជាង​គេ?

a ឈ្មោះ​បាន​ត្រូវ​ប្ដូរ។