លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីត្រូវអធិដ្ឋានក្នុងនាមលោកយេស៊ូ?

ហេតុអ្វីត្រូវអធិដ្ឋានក្នុងនាមលោកយេស៊ូ?

លោក​យេស៊ូ​បាន​បង្រៀន​មនុស្ស​ច្រើន​ដង​អំពី​ការ​អធិដ្ឋាន។ នៅ​សម័យ​លោក មេ​ដឹក​នាំ​សាសនា​យូដា​បាន​អធិដ្ឋាន​នៅ​«​កាច់​ជ្រុង​ផ្លូវ​ធំ​ៗ​»។ ហេតុ​អ្វី? ពីព្រោះ​«​ដើម្បី​ឲ្យ​មនុស្ស​ឃើញ​»។ ជាក់​ស្ដែង​ណាស់​ពួក​គេ​ចង់​ឲ្យ​មនុស្ស​សរសើរ​ថា ពួក​គេ​ជា​អ្នក​គោរព​ស្រឡាញ់​សាសនា។ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​អធិដ្ឋាន​វែង​និង​ពោល​ពាក្យ​ដដែល​ៗ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​សារ​ពួក​គេ​គិត​ថា​ការ​«​ពោល​ពាក្យ​ជា​ច្រើន​»​ គឺ​ចាំ​បាច់​ដើម្បី​ឲ្យ​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ។ (​ម៉ាថាយ ៦:៥​-​៨​) លោក​យេស៊ូ​បាន​បង្ហាញ​ថា​ការ​អធិដ្ឋាន​ដូច​នោះ គឺ​មិន​មាន​ប្រយោជន៍​ទេ។ ហេតុ​នេះ លោក​បាន​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​ដឹង​អំពី​អ្វី​ដែល​ពួក​គេ​គួរ​ជៀស​វាង​ពេល​អធិដ្ឋាន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​បាន​បង្រៀន​អំពី​របៀប​អធិដ្ឋាន​ដែរ។

លោក​យេស៊ូ​បង្រៀន​ថា សេចក្ដី​អធិដ្ឋាន​របស់​យើង​គួរ​បង្ហាញ​ថា​យើង​ចង់​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់ និង​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច។ ម្យ៉ាង​ទៀត លោក​យេស៊ូ​បាន​បង្រៀន​ថា ជា​ការ​សមរម្យ​ឲ្យ​យើង​អធិដ្ឋាន​សុំ​ព្រះ​ឲ្យ​ជួយ​យើង​ក្នុង​រឿង​ផ្ទាល់​ខ្លួន​ដែរ។ (​ម៉ាថាយ ៦:៩​-​១៣; លូកា ១១:២​-​៤​) លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​ជា​ច្រើន​ដើម្បី​បង្ហាញ​ថា បើ​ចង់​ឲ្យ​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង ជា​ការ​ចាំ​បាច់​ដែល​យើង​ត្រូវ​មាន​ជំនឿ មាន​ការ​ស៊ូ​ទ្រាំ និង​មាន​ចិត្ត​រាប​ទាប។ (​លូកា ១១:៥​-​១៣; ១៨:១​-​១៤​) ម្យ៉ាង​ទៀត តាម​រយៈ​គំរូ​របស់​លោក នោះ​ធ្វើ​ឲ្យ​អ្វី​ដែល​លោក​បង្រៀន​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ទៅ​លើ​មនុស្ស។—ម៉ាថាយ ១៤:២៣; ម៉ាកុស ១:៣៥

ការ​បង្រៀន​បែប​នេះ ច្បាស់​ជា​បាន​ជួយ​អ្នក​កាន់​តាម​លោក​យេស៊ូ​ឲ្យ​ចេះ​អធិដ្ឋាន​ល្អ​ជាង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​បាន​រង់​ចាំ​រហូត​ដល់​យប់​ចុង​ក្រោយ​ដែល​លោក​នៅ​ផែនដី ដើម្បី​បង្រៀន​ពួក​គេ​អំពី​មេ​រៀន​សំខាន់​បំផុត​ស្ដី​អំពី​ការ​អធិដ្ឋាន។

​«​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ក្នុង​របៀប​អធិដ្ឋាន​»​

នៅ​យប់​ចុង​ក្រោយ លោក​យេស៊ូ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​លោក។ នោះ​គឺ​ជា​ពេល​ត្រឹម​ត្រូវ​ដើម្បី​លោក​បើក​បង្ហាញ​អ្វី​ថ្មី​ដល់​ពួក​គេ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖​«​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​អ្នក​ណា​អាច​មក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​មក​តាម​ខ្ញុំ​»។ ក្រោយ​មក​លោក​បាន​ពង្រឹង​ទំនុក​ចិត្ត​ពួក​គេ​ថា​៖​«​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​សុំ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ ដើម្បី​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​ទទួល​ការ​លើក​តម្កើង​តាម​រយៈ​បុត្រ​របស់​លោក។ ប្រសិន​បើ​អ្នក​រាល់​គ្នា​សុំ​អ្វី​ក៏​ដោយ ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ​»។ នៅ​ចុង​បញ្ចប់​នៃ​ការ​សន្ទនា លោក​មាន​ប្រសាសន៍​ថា​៖​«​មក​ដល់​ពេល​នេះ អ្នក​រាល់​គ្នា​មិន​បាន​សុំ​អ្វី​មួយ​សោះ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ។ ចូរ​សុំ ហើយ​អ្នក​រាល់​គ្នា​នឹង​ទទួល ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពោរ​ពេញ​ដោយ​អំណរ​»។—យ៉ូហាន ១៤:៦, ១៣, ១៤; ១៦:២៤

ពាក្យ​ទាំង​នោះ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់។ សៀវភៅ​យោង​មួយ​បាន​រៀប​រាប់​អំពី​ពាក្យ​ទាំង​នោះ​ថា ជា​«​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ក្នុង​របៀប​អធិដ្ឋាន​»។ លោក​យេស៊ូ​មិន​មែន​មាន​ន័យ​ថា ពួក​អ្នក​កាន់​លោក​គួរ​ប្ដូរ​ពី​ការ​អធិដ្ឋាន​ទៅ​ព្រះ មក​អធិដ្ឋាន​ដល់​លោក​វិញ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​កំពុង​បើក​ផ្លូវ​ថ្មី​មួយ​ដើម្បី​ឲ្យ​ពួក​គេ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។

ពិត​ប្រាកដ​ណាស់ ព្រះ​តែង​តែ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អស់​អ្នក​ដែល​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់។ (​សាំយូអែល​ទី​១ ១:៩​-​១៩; ចម្រៀង​សរសើរ​ព្រះ ៦៥:២​) ប៉ុន្តែ ចាប់​ពី​ពេល​ដែល​ព្រះ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល អស់​អ្នក​ដែល​ចង់​ឲ្យ​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ ពួក​គេ​ត្រូវ​ទទួល​ស្គាល់​ថា​ព្រះ​បាន​ជ្រើស​រើស​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ធ្វើ​ជា​រាស្ត្រ​របស់​លោក។ ក្រោយ​មក​ទៀត ចាប់​តាំង​ពី​សម័យ​សាឡូម៉ូន ពួក​គេ​ត្រូវ​ទទួល​ស្គាល់​ថា វិហារ​គឺ​ជា​កន្លែង​ដែល​ព្រះ​បាន​ជ្រើស​រើស​សម្រាប់​ការ​ជូន​គ្រឿង​បូជា​ដល់​លោក។ (​ការ​បំភ្លឺ​ច្បាប់ ៩:២៩; ប្រវត្តិហេតុ​ទី​២ ៦:៣២, ៣៣​) ប៉ុន្តែ របៀប​រៀបចំ​នេះ​គឺ​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ ដូច​សាវ័ក​ប៉ូល​បាន​សរសេរ ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល និង​គ្រឿង​បូជា​ដែល​គេ​បាន​ជូន​លោក​នៅ​វិហារ គឺ​«​ជា​ស្រមោល​នៃ​ពរ​ដែល​នឹង​មក​ដល់ តែ​មិន​មែន​ជា​រូប​ពិត​នោះ​ទេ​»។ (​ហេប្រឺ ១០:១, ២​) ស្រមោល​នោះ​នឹង​ត្រូវ​បង្ហាញ​ដោយ​រូប​ពិត​នៅ​ពេល​ក្រោយ​មក។ (​កូឡុស ២:១៧​) ចាប់​តាំង​ពី​ឆ្នាំ​៣៣ គ.ស. ទំនាក់​ទំនង​រវាង​មនុស្ស​និង​ព្រះ​លែង​ផ្អែក​ទៅ​លើ​ច្បាប់​ម៉ូសេ​ទៀត តែ​ផ្អែក​ទៅ​លើ​ការ​ស្ដាប់​បង្គាប់​អ្នក​ដែល​ច្បាប់​បាន​ចង្អុល​បង្ហាញ​គឺ គ្រិស្ត​យេស៊ូ។—យ៉ូហាន ១៥:១៤​-​១៦; កាឡាទី ៣:២៤, ២៥

នាម​មួយ​ដែល​«​ប្រសើរ​ជាង​នាម​ឯ​ទៀត​ទាំង​អស់​»​

លោក​យេស៊ូ​បាន​បង្រៀន​អំពី​របៀប​ដែល​ប្រសើរ​ជាង​ដើម្បី​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ហើយ​បញ្ជាក់​ថា​ខ្លួន​លោក​គឺ​ជា​មិត្ត​សម្លាញ់ និង​ជា​អ្នក​ដែល​បើក​ផ្លូវ​ដើម្បី​ឲ្យ​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង។ តើ​អ្វី​ជំរុញ​ចិត្ត​លោក​យេស៊ូ​ឲ្យ​ធ្វើ​ដូច្នេះ?

ដោយ​សារ​យើង​ទាំង​អស់​គ្នា​កើត​មក​ក្នុង​ភាព​ខុស​ឆ្គង ដូច្នេះ​មិន​ថា​យើង​ទាំង​អស់​គ្នា​ធ្វើ​កិច្ច​ការ​អ្វី​ឬ​ជូន​គ្រឿង​បូជា​ណា​ក៏​ដោយ យើង​មិន​អាច​សម្អាត​ភាព​ខុស​ឆ្គង​របស់​យើង​បាន​ទេ ហើយ​យើង​ក៏​មិន​មាន​សិទ្ធិ​ដើម្បី​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​បរិសុទ្ធ​ដែរ។ (​រ៉ូម ៣:២០, ២៤; ហេប្រឺ ១:៣, ៤​) ក៏​ប៉ុន្តែ លោក​យេស៊ូ​បាន​ប្រគល់​ជីវិត​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ដើម្បី​លោះ​ភាព​ខុស​ឆ្គង​របស់​មនុស្សជាតិ។ (​រ៉ូម ៥:១២, ១៨, ១៩​) ដូច្នេះ អស់​អ្នក​ដែល​ចង់​រួច​ផុត​ពី​ភាព​ខុស​ឆ្គង មាន​ឱកាស​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​ទុក​ពួក​គេ​ថា​ជា​មនុស្ស​ស្អាត​ស្អំ និង​ជា​មនុស្ស​ដែល​«​អាច​និយាយ​ដោយ​ក្លាហាន​»​នៅ​ចំពោះ​មុខ​លោក។ ប៉ុន្តែ លុះ​ត្រា​តែ​ពួក​គេ​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ ហើយ​អធិដ្ឋាន​ក្នុង​នាម​លោក​យេស៊ូ។—អេភេសូរ ៣:១១, ១២

ពេល​យើង​អធិដ្ឋាន​ក្នុង​នាម​លោក​យេស៊ូ យ៉ាង​ហោច​ណាស់​យើង​កំពុង​បង្ហាញ​ជំនឿ​ទៅ​លើ​ផ្នែក​បី​យ៉ាង​នៃ​តួ​នាទី​របស់​លោក។ លោក​យេស៊ូ​មាន​តួ​នាទី​ធ្វើ​ឲ្យ​គោល​បំណង​របស់​ព្រះ​ក្លាយ​ជា​ការ​ពិត​៖ (​១​) លោក​យេស៊ូ​ជា​«​កូន​ចៀម​របស់​ព្រះ​»​ដែល​បាន​បូជា​ជីវិត ដើម្បី​ឲ្យ​ព្រះ​អភ័យ​ទោស​ចំពោះ​ភាព​ខុស​ឆ្គង​របស់​មនុស្ស។ (​២​) លោក​យេស៊ូ​បាន​ត្រូវ​ព្រះ​យេហូវ៉ា​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ឥឡូវ​លោក​បម្រើ​ជា​«​សម្ដេច​សង្ឃ​ដ៏​ឧត្ដុង្គ​ឧត្ដម​»​ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​ផល​ប្រយោជន៍​ដែល​មក​ពី​ថ្លៃ​លោះ។ (​៣​) មាន​តែ​លោក​យេស៊ូ​ប៉ុណ្ណោះ​ជា​«​ផ្លូវ​»​ដែល​នាំ​មនុស្ស​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា តាម​រយៈ​សេចក្ដី​អធិដ្ឋាន។—យ៉ូហាន ១:២៩; ១៤:៦; ហេប្រឺ ៤:១៤, ១៥

ការ​អធិដ្ឋាន​ក្នុង​នាម​លោក​យេស៊ូ គឺ​ជា​ការ​លើក​កិត្តិយស​លោក​យេស៊ូ។ លោក​សម​នឹង​ទទួល​ការ​លើក​កិត្តិយស​មែន ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​បំណង​ឲ្យ​អ្វី​ៗ​ទាំង​អស់​«​លុត​ជង្គង់​ដោយ​សារ​នាម​លោក​យេស៊ូ ហើយ​មនុស្ស​គ្រប់​រូប​ត្រូវ​ប្រកាស​ទទួល​ស្គាល់​ជា​សាធារណៈ​ថា លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់ ដើម្បី​សរសើរ​តម្កើង​ព្រះ​ដែល​ជា​បិតា​»។ (​ភីលីព ២:១០, ១១​) ប៉ុន្តែ សំខាន់​ជាង​នោះ​ទៅ​ទៀត ការ​អធិដ្ឋាន​ក្នុង​នាម​លោក​យេស៊ូ គឺ​ជា​ការ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ដែល​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ជា​ប្រយោជន៍​សម្រាប់​យើង។—យ៉ូហាន ៣:១៦

យើង​គួរ​អធិដ្ឋាន​ដោយ​«​អស់​ពី​ដួង​ចិត្ត​»​ មិន​មែន​អធិដ្ឋាន​ឲ្យ​រួច​ពី​មាត់​នោះ​ទេ

ដើម្បី​ជួយ​យើង​ឲ្យ​យល់​ថា​តួ​នាទី​របស់​លោក​យេស៊ូ​សំខាន់​ខ្លាំង​យ៉ាង​ណា គម្ពីរ​បាន​ប្រើ​នាម​និង​មុខ​ងារ​ផ្សេង​ៗ​ដើម្បី​រៀប​រាប់​អំពី​លោក។ នាម​និង​មុខ​ងារ​ទាំង​នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​គុណប្រយោជន៍​ជា​ច្រើន​ដែល​យើង​អាច​ទទួល ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ និង​កំពុង​ធ្វើ​ដើម្បី​យើង (​សូម​មើល​ប្រអប់​ចំណង​ជើង​ថា​«​ តួ​នាទី​ដ៏​សំខាន់​របស់​លោក​យេស៊ូ​»​​)។ តាម​ពិត​លោក​យេស៊ូ​បាន​ទទួល​នាម​ដែល​«​ប្រសើរ​ជាង​នាម​ឯ​ទៀត​ទាំង​អស់​»។ a ព្រះ​បាន​ប្រគល់​គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី​ឲ្យ​ដល់​លោក។—ភីលីព ២:៩; ម៉ាថាយ ២៨:១៨

មិន​មែន​គ្រាន់​តែ​ជា​ទម្លាប់​នោះ​ទេ

ពិត​ណាស់ បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង យើង​ត្រូវ​អធិដ្ឋាន​ក្នុង​នាម​លោក​យេស៊ូ។ (​យ៉ូហាន ១៤:១៣, ១៤​) ប៉ុន្តែ យើង​មិន​ចង់​និយាយ​ពាក្យ​«​ក្នុង​នាម​លោក​យេស៊ូ​»​ដដែល​ៗ គ្រាន់​តែ​ជា​ទម្លាប់​នោះ​ទេ។ ហេ​តុ​អ្វី?

សូម​ពិចារណា​ឧទាហរណ៍​មួយ។ ពេល​អ្នក​ទទួល​សំបុត្រ​ពី​អ្នក​ជំនួញ​ម្នាក់ ជា​ធម្មតា​ចុង​ក្រោយ​នៃ​សំបុត្រ​ច្រើន​តែ​បញ្ចប់​ដោយ​ពាក្យ​ថា​«​សូម​ទទួល​ការ​គោរព​ពី​ខ្ញុំ​»។ តើ​អ្នក​គិត​ថា​នោះ​ជា​ពាក្យ​ដែល​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​គាត់ ឬ​គ្រាន់​តែ​ជា​ពាក្យ​ដែល​គាត់​ប្រើ​តាម​ទម្រង់​នៃ​ការ​សរសេរ​សំបុត្រ? ពិត​មែន​ថា​ពេល​យើង​អធិដ្ឋាន​យើង​តែង​តែ​ប្រើ​នាម​លោក​យេស៊ូ​នៅ​ក្នុង​សេចក្ដី​បញ្ចប់ តែ​យើង​គួរ​ប្រើ​នាម​របស់​លោក​ឲ្យ​មាន​ន័យ​ខ្លឹម​សារ​ច្រើន​ជាង​ពាក្យ​ដែល​អ្នក​ជំនួញ​ប្រើ​ក្នុង​សេចក្ដី​បញ្ចប់​សំបុត្រ​របស់​គាត់។ ទោះ​ជា​យើង​«​អធិដ្ឋាន​ឥត​ឈប់​»​ក៏​ដោយ យើង​គួរ​អធិដ្ឋាន​ដោយ​«​អស់​ពី​ដួង​ចិត្ត​»​ មិន​មែន​អធិដ្ឋាន​ឲ្យ​រួច​ពី​មាត់​នោះ​ទេ។—ថែស្សាឡូនិច​ទី​១ ៥:១៧; ចម្រៀង​សរសើរ​ព្រះ ១១៩:១៤៥

តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ការ​និយាយ​ពាក្យ​«​ក្នុង​នាម​លោក​យេស៊ូ​»​គ្រាន់​តែ​ជា​ការ​ពោល​តាម​ទម្លាប់​ប៉ុណ្ណោះ? គឺ​យើង​គួរ​ព្យាយាម​រំពឹង​គិត​អំពី​គុណ​សម្បត្តិ​ដ៏​ល្អ​ប្រសើរ​របស់​លោក​យេស៊ូ។ សូម​យើង​គិត​ដែរ​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ​រួច​ហើយ ព្រម​ទាំង​អ្វី​ដែល​លោក​ពេញ​ចិត្ត​ធ្វើ​ដើម្បី​យើង។ ពេល​យើង​អធិដ្ឋាន យើង​ក៏​គួរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា​ដែរ ហើយ​សរសើរ​តម្កើង​លោក​ដែល​បាន​ប្រើ​បុត្រ​របស់​លោក​តាម​វិធី​ដ៏​អស្ចារ្យ។ ប្រសិន​បើ​អ្នក​ធ្វើ​ដូច្នោះ អ្នក​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត​ទៅ​លើ​សេចក្ដី​សន្យា​របស់​លោក​យេស៊ូ ដែល​ថា​៖​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​សុំ​អ្វី​ក៏​ដោយ​ពី​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​លោក​នឹង​ឲ្យ​អ្នក​រាល់​គ្នា​»។—យ៉ូហាន ១៦:២៣

a យោង​ទៅ​តាម​វចនានុក្រម​របស់​វីន(​Expository Dictionary of New Testament Words​) បាន​ពន្យល់​ថា​ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​នាម​»​ អាច​សំដៅ​ទៅ​លើ​«​អ្វី​ៗ​ទាំង​អស់​ដែល​នាម​នោះ​បង្កប់​អត្ថន័យ​ជា​អំណាច លក្ខណៈ​សម្បត្តិ ឋានៈ ឫទ្ធានុភាព [​និង​]ភាព​ឧត្ដុង្គ​ឧត្ដម​ជា​ដើម​»។