តើគ្រិស្តសាសនិកគួរគោរពប្រណិប័តន៍នៅទីគោរពបូជាឬទេ?
ជារៀងរាល់ឆ្នាំ មនុស្សជាង៦លាននាក់ធ្វើដំណើរទៅតំបន់ព្រៃមួយនៅជិតឆ្នេរស៊ីម៉ាប្រទេសជប៉ុន។ ពួកគេទៅកន្លែងគោរពបូជាមួយ(Grand Shrine of Ise) ដែលមានព្រះនៃព្រះអាទិត្យឈ្មោះអាម៉ាធីរ៉ាស៊ូ អូមីកាមីរបស់សាសនាស៊ីនតូ។ មនុស្សបានទៅគោរពបូជានៅទីនោះអស់ប្រហែលជា២.០០០ឆ្នាំហើយ។ ពេលទៅដល់ទីនោះ មុនដំបូងអ្នកកាន់តាមសាសនានោះត្រូវធ្វើឲ្យខ្លួនបរិសុទ្ធដោយលាងដៃនិងលាងមាត់។ បន្ទាប់មក ពួកគេឈរនៅមុខទីគោរពបូជាដែលហៅថាហាអ៊ីដែន (សាលគោរពបូជា) ហើយធ្វើពិធីគោរពបូជាដូចជាឱនគោរពប្រណិប័តន៍ ទះដៃ ថែមទាំងអធិដ្ឋានទៅព្រះរបស់ពួកគេទៀតផង។ a សាសនាស៊ីនតូអនុញ្ញាតឲ្យអ្នកកាន់តាមមានជំនឿផ្សេងៗ។ ចំណែកឯអ្នកកាន់តាមខ្លះរបស់សាសនាព្រះពុទ្ធ និងអ្នកខ្លះដែលអះអាងថាខ្លួនជាគ្រិស្តសាសនិក ថែមទាំងអ្នកដែលមានសាសនាឯទៀតគិតថាការធ្វើតាមពិធីគោរពបូជារបស់សាសនាស៊ីនតូនៅទីគោរពបូជានេះ មិនប៉ះពាល់នឹងទំនៀមទម្លាប់របស់សាសនាពួកគេឡើយ។
ក្នុងពិភពលោកសាសនាធំៗជាច្រើនមានទីគោរពបូជា b ហើយមនុស្សរាប់លាននាក់បានធ្វើដំណើរទៅមើលកន្លែងទាំងនោះ។ នៅប្រទេសផ្សេងៗដែលមានមនុស្សអះអាងថាខ្លួនជាគ្រិស្តសាសនិក មានទីគោរពបូជានិងវិហារជាច្រើនសម្រាប់លោកយេស៊ូ ម៉ារៀ និងមនុស្សឯទៀតដែលពួកគេចាត់ទុកថាបរិសុទ្ធ។ រីឯទីគោរពបូជាផ្សេងទៀតបានត្រូវសង់ឡើងនៅកន្លែងដែលទាក់ទងនឹងកំណត់ហេតុក្នុងគម្ពីរ ឬកន្លែងដែលមនុស្សអះអាងថាមានអព្ភូតហេតុដែលទើបតែបានកើតឡើង ឬក៏កន្លែងដែលមានវត្ថុស័ក្ដិសិទ្ធិ។ មនុស្សជាច្រើនទៅទីគោរពបូជាពីព្រោះពួកគេជឿថាបើពួកគេអធិដ្ឋាននៅទីនោះ ព្រះទំនងជានឹងស្ដាប់សេចក្ដីអធិដ្ឋានរបស់ពួកគេ។ ចំណែកឯអ្នកខ្លះទៀត បានធ្វើធម្មយាត្រាយ៉ាងឆ្ងាយដើម្បីទៅដល់ទីគោរពបូជា ពីព្រោះពួកគេជឿថាការធ្វើដូច្នេះបង្ហាញថាពួកគេមានភក្ដីភាពចំពោះសាសនាពួកគេ។
តើព្រះទំនងជានឹងស្ដាប់ហើយតបឆ្លើយសេចក្ដីអធិដ្ឋាននិងសំណូមពរផ្សេងៗដែលមនុស្សបានសុំនៅឯទីគោរពបូជាឬ? តើព្រះនឹងពេញចិត្តចំពោះភក្ដីភាពរបស់ពួកអ្នកដែលបានធ្វើធម្មយាត្រាយ៉ាងឆ្ងាយដើម្បីទៅដល់ទីគោរពបូជាឬទេ? បើសួរឲ្យចំទៅ តើគ្រិស្តសាសនិកគួរគោរពប្រណិប័តន៍នៅទីគោរពបូជាឬទេ? ចម្លើយចំពោះសំណួរទាំងនេះមិនគ្រាន់តែប្រាប់យើងថាយើងគួរមានទស្សនៈយ៉ាងណាចំពោះការគោរពប្រណិប័តន៍នៅឯទីគោរពបូជាប៉ុណ្ណោះទេ តែក៏ជួយយើងឲ្យយល់ថាការគោរពប្រណិប័តន៍បែបណាដែលព្រះពិតជាពេញចិត្ត។
ចូរគោរពប្រណិប័តន៍ ដោយ‹សកម្មពលរបស់ព្រះនិងដោយសេចក្ដីពិត›
ការសន្ទនារបស់លោកយេស៊ូជាមួយនឹងស្ត្រីជនជាតិសាម៉ារីម្នាក់ បង្ហាញអំពីទស្សនៈរបស់ព្រះចំពោះការគោរពប្រណិប័តន៍នៅឯកន្លែងពិសិដ្ឋឬទីគោរពបូជា។ នៅពេលមួយ លោកយេស៊ូបានធ្វើដំណើរឆ្លងកាត់ស្រុកសាម៉ារី ហើយឈប់សម្រាកនៅឯអណ្ដូងមួយជិតក្រុងស៊ីខា។ បន្ទាប់មក លោកបានចាប់ផ្ដើមសន្ទនាជាមួយនឹងស្ត្រីម្នាក់ដែលមកដងទឹកពីអណ្ដូងនោះ។ កាលដែលលោកយេស៊ូកំពុងសន្ទនាជាមួយនឹងស្ត្រីនោះ នាងបានលើកឡើងភាពខុសគ្នាដ៏ចម្បងមួយរវាងសាសនារបស់ជនជាតិយូដានិងសាសនារបស់ជនជាតិសាម៉ារី។ នាងបាននិយាយថា៖ «បុព្វបុរសរបស់យើងធ្លាប់គោរពបូជានៅភ្នំនេះ ប៉ុន្តែពួកលោកនិយាយថាត្រូវគោរពបូជានៅក្រុងយេរូសាឡិមវិញ»។—យ៉ូហាន ៤:៥-៩, ២០
យ៉ូហាន ៤:២១) ប្រសាសន៍របស់លោកយេស៊ូគឺគួរឲ្យកោតស្ងើចមែន ជាពិសេសដោយសារលោកជាជនជាតិយូដាម្នាក់! ហេតុអ្វីនឹងលែងមានការគោរពប្រណិប័តន៍នៅឯវិហាររបស់ព្រះក្នុងក្រុងយេរូសាឡិមទៀត?
ភ្នំដែលស្ត្រីនោះបាននិយាយគឺភ្នំកេរិស៊ីម ដែលមានចម្ងាយប្រហែលជា៥០គីឡូម៉ែត្រ(៣០ម៉ៃល៍)ខាងជើងនៃក្រុងយេរូសាឡិម។ នៅទីនោះធ្លាប់មានវិហារមួយដែលជនជាតិសាម៉ារីធ្វើពិធីបុណ្យផ្សេងៗដូចជាបុណ្យរំលងជាដើម។ ក៏ប៉ុន្តែ លោកយេស៊ូមិនបានផ្ដោតទៅលើភាពខុសគ្នារវាងសាសនាទាំងពីរនោះទេ។ លោកបានមានប្រសាសន៍ទៅកាន់ស្ត្រីនោះថា៖ «នាង ចូរជឿខ្ញុំចុះថា នឹងមានគ្រាមកដល់ ដែលពេលនោះ អ្នករាល់គ្នានឹងមិនគោរពប្រណិប័តន៍បិតានៅស្ថានសួគ៌ នៅភ្នំនេះ ឬនៅក្រុងយេរូសាឡិមទៀតឡើយ»។ (លោកយេស៊ូបានមានប្រសាសន៍បន្តថា៖ «នឹងមានវេលាមកដល់ ក៏នៅឥឡូវនេះហើយ ពេលដែលអ្នកគោរពប្រណិប័តន៍ដ៏ពិតនឹងគោរពប្រណិប័តន៍បិតានៅស្ថានសួគ៌ដោយមានការដឹកនាំពីសកម្មពលរបស់លោកនិងដោយសេចក្ដីពិត ព្រោះបិតានៅស្ថានសួគ៌កំពុងរកមនុស្សបែបនេះដើម្បីគោរពប្រណិប័តន៍លោក»។ (យ៉ូហាន ៤:២៣) អស់ជាច្រើនសតវត្សរ៍ ជនជាតិយូដាចាត់ទុកថាវិហារដ៏អស្ចារ្យក្នុងក្រុងយេរូសាឡិម គឺជាកន្លែងដ៏សំខាន់សម្រាប់ការគោរពប្រណិប័តន៍ព្រះ។ ហេតុនេះ ពួកគេបានធ្វើដំណើរទៅទីនោះបីដងក្នុងមួយឆ្នាំ ដើម្បីជូនគ្រឿងបូជាទៅព្រះយេហូវ៉ាដែលជាព្រះរបស់ពួកគេ។ (និក្ខមនំ ២៣:១៤-១៧) ប៉ុន្តែ លោកយេស៊ូបានមានប្រសាសន៍ថាទំនៀមទម្លាប់ទាំងអស់នេះនឹងត្រូវផ្លាស់ប្ដូរ ហើយថា«អ្នកគោរពប្រណិប័តន៍ដ៏ពិត»នឹងគោរពប្រណិប័តន៍ព្រះដោយ«មានការដឹកនាំពីសកម្មពលរបស់លោកនិងដោយសេចក្ដីពិត»។
វិហារនោះរបស់ជនជាតិយូដាគឺជាអគារមួយដែលមនុស្សអាចមើលឃើញ ហើយនៅកន្លែងមួយជាក់លាក់។ ប៉ុន្តែ សកម្មពលរបស់ព្រះនិងសេចក្ដីពិតមិនមែនជាអគារឬជាកន្លែងណាមួយនោះទេ។ ដូច្នេះ លោកយេស៊ូកំពុងពន្យល់ថាការគោរពប្រណិប័តន៍របស់គ្រិស្តសាសនិកពិតមិនពឹងផ្អែកទៅលើអគារណាមួយឬកន្លែងណាមួយនោះទេ មិនថានៅភ្នំកេរិស៊ីម នៅឯវិហារក្នុងក្រុងយេរូសាឡិម ឬក៏នៅកន្លែងពិសិដ្ឋណាទៀតឡើយ។
ក្នុងការសន្ទនាជាមួយនឹងស្ត្រីជនជាតិសាម៉ារី លោកយេស៊ូក៏បានប្រាប់ដែរថា«វេលា»សម្រាប់ការផ្លាស់ប្ដូរនៃការគោរពប្រណិប័តន៍ព្រះនឹង«មកដល់»។ តើនៅពេលណា? វេលានោះបានមកដល់នៅពេលដែលលោកយេស៊ូលះបង់ជីវិតលោកជាគ្រឿងបូជា។ ជាលទ្ធផល របៀបរបបនៃការគោរពប្រណិប័តន៍របស់ជនជាតិយូដាដែលមានមូលដ្ឋានលើច្បាប់ម៉ូសេ បានមកដល់ទីបញ្ចប់។ (រ៉ូម ១០:៤) យ៉ាងណាក្ដី លោកយេស៊ូក៏បានមានប្រសាសន៍ដែរថា៖ «វេលា . . . ក៏នៅឥឡូវនេះហើយ»។ ហេតុអ្វី? ពីព្រោះលោកគឺជាមេស្ស៊ីដែលកំពុងប្រមូលពួកអ្នកកាន់តាមដែលនឹងស្ដាប់បង្គាប់លោក ដែលថា៖ «ព្រះជាវិញ្ញាណ ហើយអស់អ្នកដែលគោរពប្រណិប័តន៍លោក ត្រូវតែគោរពប្រណិប័តន៍ដោយមានការដឹកនាំពីសកម្មពលរបស់លោកនិងដោយសេចក្ដីពិត»។ (យ៉ូហាន ៤:២៤) ដូច្នេះ តើការគោរពប្រណិប័តន៍ដោយមានការដឹកនាំពីសកម្មពលរបស់ព្រះនិងដោយសេចក្ដីពិតមានន័យអ្វី?
ពេលលោកយេស៊ូមានប្រសាសន៍អំពីការគោរពប្រណិប័តន៍ដោយសកម្មពល លោកកំពុងសំដៅទៅលើការគោរពប្រណិប័តន៍ដែលបានត្រូវដឹកនាំដោយសកម្មពលបរិសុទ្ធរបស់ព្រះ ដែលជួយយើងឲ្យសម្រេចកិច្ចការជាច្រើន រួមទាំងការយល់អំពីបទគម្ពីរផងដែរ។ (កូរិនថូសទី១ ២:៩-១២) ម្យ៉ាងទៀត សេចក្ដីពិតដែលលោកយេស៊ូបានមានប្រសាសន៍គឺជាចំណេះត្រឹមត្រូវអំពីសេចក្ដីបង្រៀនក្នុងគម្ពីរ។ ហេតុនេះ ការគោរពប្រណិប័តន៍របស់យើងនឹងទទួលការពេញចិត្តពីព្រះ បើការគោរពប្រណិប័តន៍នោះស្របតាមអ្វីដែលគម្ពីរបង្រៀន និងបានត្រូវដឹកនាំដោយសកម្មពលបរិសុទ្ធរបស់ព្រះ មិនមែនអាស្រ័យទៅលើកន្លែងពិសេសណាមួយទេ។
ទស្សនៈរបស់គ្រិស្តសាសនិកអំពីទីគោរពបូជា
ដូច្នេះ តើគ្រិស្តសាសនិកគួរមានទស្សនៈយ៉ាងណាចំពោះការធ្វើធម្មយាត្រាទៅទីគោរពបូជានិងការគោរពប្រណិប័តន៍នៅទីនោះ? លោកយេស៊ូបានបង្គាប់ថាអ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះ គោរពប្រណិប័តន៍លោកដោយសកម្មពលនិងដោយសេចក្ដីពិត នេះបញ្ជាក់យ៉ាងច្បាស់ថាការគោរពប្រណិប័តន៍ដែលបានត្រូវធ្វើឡើងនៅទីគោរពបូជា គឺគ្មានតម្លៃសោះចំពោះបិតារបស់យើងដែលនៅស្ថានសួគ៌។ បន្ថែមទៅទៀត គម្ពីរប្រាប់យើងអំពីទស្សនៈរបស់ព្រះចំពោះការគោរពបូជារូបព្រះ ដោយចែងថា៖ «ចូររត់ចេញពីការគោរពបូជារូបព្រះ»និង«ចូរជៀសចេញពីរូបព្រះ»។ (កូរិនថូសទី១ ១០:១៤; យ៉ូហានទី១ ៥:២១) ដូច្នេះ គ្រិស្តសាសនិកពិតនឹងមិនគោរពប្រណិប័តន៍ព្រះនៅកន្លែងណាមួយដែលមនុស្សចាត់ទុកថាជាបរិសុទ្ធ ឬនៅកន្លែងណាមួយដែលលើកទឹកចិត្តឲ្យពួកគេគោរពបូជារូបព្រះនោះទេ។ ដោយហេតុថាទីគោរពបូជាជាប់ទាក់ទងនឹងការគោរពប្រណិប័តន៍មិនពិត នោះគ្រិស្តសាសនិកពិតជៀសវាងពីការគោរពប្រណិប័តន៍នៅកន្លែងទាំងនោះ។
ប៉ុន្តែ នេះមិនមានន័យថាបណ្ដាំរបស់ព្រះហាមឃាត់យើងមិនឲ្យមានកន្លែងសមរម្យដែលយើងអាចអធិដ្ឋាន សិក្សា ឬរំពឹងគិតនោះឡើយ។ កន្លែងប្រជុំដែលមានរបៀបរៀបរយនិងស្អាតស្អំនាំឲ្យងាយស្រួលជាងក្នុងការសិក្សានិងពិភាក្សាគ្នាអំពីរឿងដែលទាក់ទងនឹងព្រះ។ ម្យ៉ាងទៀត មិនមែនជាការខុសទេដែលមានកន្លែងនិងអ្វីណាមួយដើម្បីនឹកចាំបុគ្គលជាទីស្រឡាញ់ដែលបានស្លាប់ទៅ ដូចជាធ្វើថ្មដាក់នៅមុខផ្នូរជាដើម។ ក៏ប៉ុន្តែ បើយើងចាត់ទុកកន្លែងដូចនោះជាកន្លែងបរិសុទ្ធ ឬចាត់ទុកអ្វីផ្សេងទៀតនៅទីនោះថាពិសិដ្ឋសម្រាប់ការគោរពប្រណិប័តន៍ នោះយើងនឹងប្រព្រឹត្តផ្ទុយពីបង្គាប់របស់លោកយេស៊ូហើយ។
ដូច្នេះ អ្នកមិនចាំបាច់ទៅទីគោរពបូជាណាមួយដើម្បីឲ្យព្រះស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកនោះទេ។ បន្ថែមទៀត ព្រះនឹងមិនពេញចិត្តអ្នកឬផ្ដល់ពរឲ្យអ្នកទេ កាលដែលអ្នកធ្វើធម្មយាត្រាទៅទីគោរពបូជាទាំងនោះ។ គម្ពីរចែងថាព្រះយេហូវ៉ា«មិននៅក្នុងវិហារធ្វើដោយដៃមនុស្សឡើយ ព្រោះលោកជាម្ចាស់មេឃនិងផែនដី»។ ប៉ុន្តែ នេះមិនមានន័យថាយើងមិនអាចចូលទៅជិតព្រះបាននោះឡើយ។ យើងអាចអធិដ្ឋានទៅលោកនៅទីណាក៏បាន ហើយលោកនឹងស្ដាប់យើង ពីព្រោះ«លោកមិននៅឆ្ងាយពីយើងម្នាក់ៗ»ទេ។—សកម្មភាព ១៧:២៤-២៧
a ពិធីគោរពបូជារបស់សាសនាស៊ីនតូប្រហែលជាខុសគ្នាពីទីគោរពបូជាមួយទៅទីគោរពបូជាមួយទៀត។
b សូមមើលប្រអប់« តើទីគោរពបូជាជាអ្វី?»។