លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការក្បត់និងការចាប់

ការក្បត់និងការចាប់

ជំពូក​ទី​១១៨

ការ​ក្បត់​និង​ការ​ចាប់

ពេល​យូដាស​នាំ​ពួក​ទាហាន ពួក​សង្គ្រាជ ពួក​ផារីស៊ី និង​អ្នក​ឯ​ទៀត​មក​ដល់​សួន​ច្បារ​គែតសេម៉ានី នោះ​គឺ​ហួស​ពាក់​កណ្ដាល​អាធ្រាត្រ​ហើយ។ ពួក​សង្ឃ​បាន​ឯកភាព​បង់​ប្រាក់​៣០​ដុំ​ឲ្យ​យូដាស​ក្នុង​ការ​ក្បត់​នឹង​ព្រះ​យេស៊ូ។

តាម​មើល​ទៅ មុន​នេះ យូដាស​បាន​ទៅ​ជួប​ពួក​សង្គ្រាជ​ភ្លាម ក្រោយ​ពី​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ពិធី​បុណ្យ​រំលង។ ភ្លាម​នោះ​ពួក​សង្គ្រាជ​បាន​ប្រមូល​ពួក​មន្ត្រី និង​ទាហាន​មួយ​ក្រុម​ដែរ។ ប្រហែល​ជា​មុន​ដំបូង យូដាស​នាំ​ពួក​គេ​ទៅ​កន្លែង​ដែល​ព្រះ​យេស៊ូ និង​ពួក​សាវ័ក​របស់​ទ្រង់​បាន​ធ្វើ​បុណ្យ​រំលង​នោះ។ តែ​ដោយ​ឃើញ​ថា​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​ចេញ​ទៅ​បាត់​ហើយ នោះ​បណ្ដា​ជន​ដែល​កាន់​អាវុធ កាន់​គោម​កាន់​ចន្លុះ​ក៏​នាំ​គ្នា​ដើរ​តាម​យូដាស ចេញ​ពី​ក្រុង​យេរូសាឡិម​ឆ្លង​ទៅ​ជ្រលង​ភ្នំ​កេដ្រុន។

កាល​យូដាស​នាំ​ហ្វូង​មនុស្ស​ឡើង​ទៅ​ភ្នំ​អូលីវ គាត់​ប្រាកដ​ក្នុង​ចិត្ត​ថា​នឹង​រក​ឃើញ​ព្រះ​យេស៊ូ។ ក្នុង​កំឡុង​សប្ដាហ៍​មុន​នេះ កាល​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​បាន​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក ពី​ភូមិ​បេថានី​និង​ក្រុង​យេរូសាឡិម ពួក​គាត់​តែង​ឈប់​សំរាក​ជជែក​គ្នា​លេង​នៅ​ឯ​សួន​ច្បារ​គែតសេម៉ានី។ ប៉ុន្តែ ឥឡូវ​នេះ ដោយ​ព្រះ​យេស៊ូ​ប្រហែល​ជា​បាំង​ក្នុង​ភាព​ងងឹត​ក្រោម​ដើម​អូលីវ តើ​ពួក​ទាហាន​នឹង​សម្គាល់​ទ្រង់​យ៉ាង​ណា​ទៅ បើ​ពួក​គេ​ខ្លះ​មិន​ដែល​ឃើញ​ទ្រង់​ពី​មុន​ផង​នោះ? ដូច្នេះ​ហើយ យូដាស​ក៏​ប្រាប់​សញ្ញា​មួយ ដោយ​ពោល​ថា៖ «អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​វា​នាំ​ទៅ​ដោយ​ប្រយ័ត​ប្រយែង​ចុះ!»។

យូដាស​នាំ​បណ្ដា​ជន​ចូល​ក្នុង​សួន​ច្បារ​នេះ ឃើញ​ព្រះ​យេស៊ូ​នៅ​ជា​មួយ​ពួក​សាវ័ក ក៏​ដើរ​តម្រង់​ទៅ​រក​ទ្រង់។ យូដាស​ទូល​ថា៖ «ជំរាប​សួរ​លោក​គ្រូ» រួច​ក៏​ថើប​ទ្រង់​ថ្នម​ៗ។

ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ថា៖ «សំឡាញ់​អើយ! ឯង​មក​ធ្វើ​អី?»។ រួច​មក ទ្រង់​ឆ្លើយ​សំនួរ​របស់​ទ្រង់ ដោយ​ថា៖ «យូដាស​អើយ! អ្នក​បញ្ជូន​កូន​មនុស្ស​ទៅ ដោយ​ថើប​១​ខ្សឺត​ឬ?»។ ប៉ុន្តែ ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​ធុញ​ទ្រាន់​នឹង​អ្នក​ក្បត់​នេះ​ណាស់! ព្រះ​យេស៊ូ​ក៏​យាង​ទៅ​មុខ​ចេញ​ទៅ​កន្លែង​ភ្លឺ​ដោយ​ពន្លឺ​គោម​និង​ចន្លុះ ហើយ​មាន​បន្ទូល​សួរ​ពួក​គេ​ថា៖ «តើ​មក​រក​អ្នក​ណា?»។

ពួក​គេ​ទូល​ឆ្លើយ​ថា៖ «រក​យេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត»។

ដោយ​ឈរ​យ៉ាង​ក្លាហាន​នៅ​ពី​មុខ​ពួក​គេ ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ ពួក​គេ​បាន​ភ្ញាក់​ផ្អើល​នឹង​ភាព​ក្លាហាន​របស់​ទ្រង់ ហើយ​មិន​ដឹង​ជា​ទ្រង់​នឹង​ធ្វើ​យ៉ាង​ណា​ទេ នោះ​ពួក​បុរស​ថយ​ក្រោយ​ហើយ​ដួល​ដាច់​ផ្ងារ​ទាំង​អស់​គ្នា។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​ខ្ញុំ​នេះ​ហើយ ដូច្នេះ បើ​អ្នក​រាល់​គ្នា​រក​ខ្ញុំ នោះ​ចូរ​បើក​ឲ្យ​អ្នក​ទាំង​នេះ​ទៅ​ចុះ!»។ បន្ដិច​មុន​នេះ​នៅ​ក្នុង​បន្ទប់​ខាង​លើ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ព្រះ​វរបិតា​តាម​រយៈ​សេចក្ដី​អធិស្ឋាន ថា​ទ្រង់​បាន​រក្សា​ការ​ពារ​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់ ហើយ​គ្មាន​នរណា​ម្នាក់​បាន​វង្វេង​លើក​លែង​តែ«១​នាក់​នោះ​ដែល​បាន​ដំរូវ​ឲ្យ​ត្រូវ​វិនាស»ប៉ុណ្ណោះ។ ដូច្នេះ ដើម្បី​ឲ្យ​ពាក្យ​បន្ទូល​របស់​ទ្រង់​បាន​សម្រេច នោះ​ទ្រង់​សុំ​ឲ្យ​គេ​លែង​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ទៅ។

ពួក​ទាហាន​ក្រោក​ឈរ​និង​តាំង​ជំហរ​ឡើង​វិញ ហើយ​ចាប់​ផ្ដើម​ចង​ព្រះ​យេស៊ូ ពេល​នោះ​ពួក​សាវ័ក​យល់​ដឹង​នូវ​ព្រឹត្ដិការណ៍​ដែល​ហៀប​នឹង​កើត​ឡើង។ ពួក​គេ​ទូល​សួរ​ថា៖«ព្រះ​អម្ចាស់​អើយ! តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​កាប់​នឹង​ដាវ​ឬ?»។ មុន​នឹង​ព្រះ​យេស៊ូ​តប​ឆ្លើយ នោះ​ពេត្រុស​យក​ដាវ​មួយ​ដែល​ពួក​សាវ័ក​យក​មក​ជា​មួយ កាប់​អ្នក​បំរើ​របស់​សម្ដេច​សង្ឃ​ឈ្មោះ​ម៉ាលកុស។ ពេត្រុស​កាប់​ខុស​ក្បាល តែ​ដាច់​ស្លឹក​ត្រចៀក​ស្ដាំ។

ព្រះ​យេស៊ូ​ក៏​ធ្វើ​អន្តរាគមន៍​ហើយ​មាន​បន្ទូល​ថា៖ «ចូរ​ឈប់​ប៉ុណ្ណឹង​ចុះ!»។ ទ្រង់​ពាល់​ត្រចៀក​ម៉ាលកុស ហើយ​ទ្រង់​ប្រោស​ឲ្យ​ជា​វិញ។ រួច​មក ព្រះ​យេស៊ូ​បង្រៀន​មេ​រៀន​ដ៏​សំខាន់​មួយ ដោយ​បង្គាប់​ពេត្រុស​ថា៖ «ចូរ​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ តើ​អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​នឹង​សូម​ដល់​ព្រះ​វរបិតា​ខ្ញុំ​ឥឡូវ ដែល​ទ្រង់​នឹង​ចាត់​ពួក​ទេវតា​១២​កង​មក​ខ្ញុំ​ជា​១​រំពេច​ទេ​ឬ?»។

ព្រះ​យេស៊ូ​សុខ​ព្រះ​ទ័យ​ឲ្យ​គេ​ចាប់​ទ្រង់ ដ្បិត​ទ្រង់​ពន្យល់​ថា៖ «ធ្វើ​ដូច​ម្ដេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថា​ត្រូវ​តែ​កើត​មាន​ដូច្នេះ?»។ ហើយ​ទ្រង់​មាន​បន្ទូល​ទៀត​ថា៖ «តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ទទួល​ពែង ដែល​ព្រះ​វរបិតា​បាន​ប្រទាន​មក​ខ្ញុំ​ទេ​ឬ?»។ ទ្រង់​ឯកភាព​ទាំង​ស្រុង​នឹង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ដែល​មាន​ចំពោះ​ទ្រង់!

រួច​មក ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​បណ្ដា​ជន​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ដោយ​កាន់​ដាវ កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ? . . . ខ្ញុំ​បាន​អង្គុយ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​បង្រៀន​ក្នុង​ព្រះ​វិហារ​រាល់​តែ​ថ្ងៃ តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ ប៉ុន្តែ ការ​ទាំង​នេះ​បាន​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ពួក​ហោរា​វិញ»។

ភ្លាម​នោះ ក្រុម​ទាហាន មេ​ទ័ព​និង​នាយ​ទាហាន​សាសន៍​យូដា ក៏​ចាប់​ចង​ព្រះ​យេស៊ូ។ ពេល​ឃើញ​ដូច្នេះ ពួក​សាវ័ក​ក៏​រត់​ចោល​ព្រះ​យេស៊ូ​ទៅ។ ប៉ុន្តែ យុវបុរស​ម្នាក់ ប្រហែល​ជា​ម៉ាកុស​បាន​នៅ​ក្នុង​ចំណោម​បណ្ដា​ជន​នោះ​នៅ​ឡើយ។ គាត់​ប្រហែល​ជា​នៅ​ឯ​ផ្ទះ ដែល​ព្រះ​យេស៊ូ​ធ្វើ​បុណ្យ​រំលង​នោះ​ដែរ​ហើយ ដែល​ក្រោយ​មក​គាត់​បាន​ដើរ​តាម​បណ្ដា​ជន​ពី​កន្លែង​នោះ។ តែ​ឥឡូវ​នេះ បណ្ដា​ជន​មើល​គាត់​ស្គាល់​ហើយ ដូច្នេះ​គេ​បំរុង​នឹង​ចាប់​គាត់​ដែរ។ តែ​គាត់​រត់​រួច​ចោល​សំពត់​នោះ​ទៅ។ ម៉ាថាយ ២៦:៤៧​-​៥៦; ម៉ាកុស ១៤:៤៣​-​៥២; លូកា ២២:៤៧​-​៥៣; យ៉ូហាន ១៧:១២; ១៨:៣​-​១២

ហេតុ​អ្វី​ក៏​យូដាស​ប្រាកដ​ក្នុង​ចិត្ត​ថា គាត់​នឹង​រក​ឃើញ​ព្រះ​យេស៊ូ​នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី?

តើ​ព្រះ​យេស៊ូ​សម្ដែង​ព្រះ​ទ័យ​ខ្វល់​ខ្វាយ​ចំពោះ​ពួក​សាវ័ក​ទ្រង់​យ៉ាង​ដូច​ម្ដេច?

តើ​ពេត្រុស​បាន​ធ្វើ​អ្វី​ដើម្បី​ការ​ពារ​ព្រះ​យេស៊ូ? ប៉ុន្តែ តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​យ៉ាង​ណា​ដល់​ពេត្រុស​អំពី​រឿង​នេះ?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បញ្ជាក់​ថា ទ្រង់​ឯកភាព​ទាំង​ស្រុង​នឹង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​ទ្រង់?

នៅ​ពេល​ពួក​សាវ័ក​រត់​ចោល​ព្រះ​យេស៊ូ តើ​អ្នក​ណា​ដែល​មិន​បាន​រត់​ចោល? ហើយ​តើ​មាន​អ្វី​កើត​ឡើង​ដល់​គាត់?