លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការគង់នៅខាងស្ដាំព្រះហស្តរបស់ព្រះ

ការគង់នៅខាងស្ដាំព្រះហស្តរបស់ព្រះ

ជំពូក​ទី​១៣២

ការ​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​របស់​ព្រះ

ការ​ចាក់​វិញ្ញាណ​បរិសុទ្ធ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ជា​ភស្តុ​តាង​ដែល​បង្ហាញ​ថា​ព្រះ​យេស៊ូ​បាន​ទៅ​ដល់​ស្ថាន​សួគ៌​វិញ​ហើយ។ បន្ដិច​ក្រោយ​មក ស្ទេផាន​បាន​ទទួល​ចក្ខុនិមិត្ត​មួយ ក៏​ស​ឲ្យ​ឃើញ​ថា ព្រះ​យេស៊ូ​បាន​ទៅ​ដល់​ស្ថាន​សួគ៌​ហើយ។ ពេល​គេ​ចោល​ដុំ​ថ្ម​សម្លាប់​គាត់​ដោយ​សារ​ការ​ធ្វើ​បន្ទាល់​ដ៏​ស្មោះ​ត្រង់ នោះ​គាត់​ពោល​ថា៖ «មើល! ខ្ញុំ​ឃើញ​មេឃ​ចំហ នឹង​កូន​មនុស្ស​ឈរ​នៅ​ខាង​ព្រះ​ហស្ត​ស្ដាំ​នៃ​ព្រះ»។

ពេល​ព្រះ​យេស៊ូ​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​របស់​ព្រះ នោះ​ទ្រង់​រង់​ចាំ​នូវ​បញ្ជា​ពី​ព្រះ​វរបិតា បញ្ជា​នោះ​គឺ​ជា៖ «ឲ្យ​ឯង​គ្រប់​គ្រង​នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ​ផង»។ ប៉ុន្តែ ក្នុង​គ្រា​ចន្លោះ​នោះ តើ​ព្រះ​យេស៊ូ​នឹង​ធ្វើ​អ្វី ទំរាំ​ដល់​ទ្រង់​ចាត់​វិធានការ​ប្រឆាំង​នឹង​ពួក​សត្រូវ​របស់​ទ្រង់​នោះ? ទ្រង់​គ្រប់​គ្រង​ឬ​សោយ​រាជ្យ​លើ​ពួក​សិស្ស​ចាក់​ប្រេង​តាំង​របស់​ទ្រង់ ទ្រង់​ដឹក​នាំ​ពួក​គេ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​តាម​រយៈ​ដំណើរ​រស់​ឡើង​វិញ នោះ​ទ្រង់​រៀបចំ​ពួក​គេ​ឲ្យ​សោយ​រាជ្យ​ជា​ស្តេច​ជា​មួយ​នឹង​ទ្រង់ ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​វរបិតា​របស់​ទ្រង់។

តួយ៉ាង​ដូច​ជា ព្រះ​យេស៊ូ​រើស​តាំង​សុល (ក្រោយ​មក​ត្រូវ​គេ​ហៅ​ប៉ុល​វិញ ជា​ឈ្មោះ​រ៉ូម) ដើម្បី​នាំ​មុខ​ក្នុង​កិច្ច​ការ​បង្កើត​ឲ្យ​មាន​សិស្ស​ក្នុង​ប្រទេស​ផ្សេង​ៗ។ សុល​មាន​ចិត្ត​ខ្នះ​ខ្នែង​ធ្វើ​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​ណាស់ តែ​ពួក​មេ​ដឹក​នាំ​សាសនា​ជាតិ​យូដា​បាន​នាំ​ឲ្យ​គាត់​វង្វេង។ ជា​លទ្ធផល សុល​ចូល​ដៃ​សម្លាប់​ស្ទេផាន មិន​តែ​ប៉ុណ្ណោះ​គាត់​ចេញ​ទៅ​ក្រុង​ដាម៉ាស ដោយ​មាន​សេចក្ដី​បញ្ជា​ពី​សម្ដេច​សង្ឃ​កៃផា ឲ្យ​គាត់​ទៅ​រក​ចាប់​បុរស​ស្ត្រី​ណា​ដែល​កាន់​តាម​ព្រះ​យេស៊ូ នាំ​មក​ក្រុង​យេរូសាឡិម​វិញ។ ប៉ុន្តែ ពេល​សុល​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ចាំង​ពី​លើ​មេឃ​ភ្លឺ​មក​នៅ​ជុំ​វិញ​គាត់ ហើយ​គាត់​ក៏​ដួល​ដល់​ដី។

រួច​ឮ​សម្លេង​ពី​ប្រភព​ដែល​មើល​មិន​ឃើញ​ពោល​មក​កាន់​គាត់​ថា៖ «សុល! នែ​សុល! ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ដល់​ខ្ញុំ​ដូច្នេះ?»។ សុល​ទូល​សួរ​ថា៖ «ឱ​ព្រះ​ម្ចាស់​អើយ! ព្រះ​អង្គ​ណា​នុ៎ះ?»។

សម្លេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​នេះ​ជា​ព្រះ​យេស៊ូវ ដែល​អ្នក​បៀត​បៀន»។

សុល​បាន​ខ្វាក់​ភ្នែក​ដោយ​សារ​ពន្លឺ​ដ៏​មហស្ចារ្យ​នេះ ហើយ​ព្រះ​យេស៊ូ​បង្គាប់​លោក​ឲ្យ​ទៅ​ក្រុង​ដាម៉ាស នៅ​ទី​នោះ​គាត់​ទទួល​នូវ​បញ្ជា​ខ្លះ​ៗ។ រួច​មក តាម​រយៈ​ចក្ខុនិមិត្ត ព្រះ​យេស៊ូ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​អាន្ន៉ានាស​ជា​សិស្ស​ម្នាក់​ឃើញ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​អាន្ន៉ានាស​អំពី​សុល​ថា៖ «អ្នក​នោះ​ជា​ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សំរាប់​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ ដល់​ពួក​សាសន៍​ដទៃ នឹង​ពួក​ស្តេច ហើយ​នឹង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ផង»។

ប្រាកដ​ហើយ ដោយ​មាន​ការ​តែង​តាំង​ពី​ព្រះ​យេស៊ូ នោះ​សុល(ដែល​ឥឡូវ​មាន​ឈ្មោះ​ប៉ុល) និង​ពួក​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ឯ​ទៀត ទទួល​បាន​ជោគ​ជ័យ​ជា​ច្រើន​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន។ តាម​ការ​ពិត ២៥​ឆ្នាំ​ក្រោយ​ពេល​ដែល​ព្រះ​យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ប៉ុល​ឃើញ​ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស​នោះ ប៉ុល​សរសេរ​ថា«ដំណឹង​ល្អ»បាន«ផ្សាយ​ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ»។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ព្រះ​យេស៊ូ​ប្រទាន​នូវ​ចក្ខុនិមិត្ត​ត​ៗ​គ្នា​ដល់​សាវ័ក​យ៉ូហាន​ជា​សាវ័ក​ដែល​ជា​ទី​ស្រឡាញ់​របស់​ទ្រង់។ តាម​រយៈ​ចក្ខុនិមិត្ត​ទាំង​នេះ យ៉ូហាន​ឃើញ​ព្រះ​យេស៊ូ​កំពុង​តែ​កាន់​អំណាច​គ្រប់​គ្រង​ក្នុង​ស្ថាន​សួគ៌ ហើយ​ចក្ខុនិមិត្ត​ទាំង​នេះ​គាត់​ក៏​បាន​រៀប​រាប់​នៅ​ក្នុង​សៀវភៅ​វិវរណៈ​ក្នុង​ព្រះ​គម្ពីរ​ផង​ដែរ។ យ៉ូហាន​ពោល​ថា«ដោយ​វិញ្ញាណ» នោះ​បាន​នាំ​យក​គាត់​ទៅ​ដល់«ថ្ងៃ​នៃ​ព្រះ​អម្ចាស់»។ តើ«ថ្ងៃ»នោះ​ជា​អ្វី?

ការ​ពិនិត្យ​មើល​ក្នុង​ទំនាយ​ទាំង​ប៉ុន្មាន​ក្នុង​ព្រះ​គម្ពីរ ដែល​រួម​បញ្ចូល​នឹង​ទំនាយ​របស់​ព្រះ​យេស៊ូ​ផ្ទាល់ ស្តី​អំពី​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ បង្ហាញ​ថា«ថ្ងៃ​នៃ​ព្រះ​អម្ចាស់»បាន​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​១៩១៤ ដែល​ជា​ឆ្នាំ​ដ៏​សំខាន់​ក្នុង​ប្រវត្ដិ​សាស្ត្រ! ដូច្នេះ នៅ​ក្នុង​ឆ្នាំ​១៩១៤ ព្រះ​យេស៊ូ​បាន​ត្រឡប់​មក​វិញ​ដែល​យើង​មើល​មិន​ឃើញ ដោយ​មិន​មាន​ភាព​អធិកអធម​គគ្រឹក​គគ្រេង​នោះ​ទេ ហើយ​មាន​តែ​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​ប៉ុណ្ណោះ ដែល​ដឹង​ថា​ទ្រង់​បាន​ត្រឡប់​មក​វិញ​ហើយ។ ក្នុង​ឆ្នាំ​នោះ ព្រះ​យេហូវ៉ា​បញ្ជា​ព្រះ​យេស៊ូ​ឲ្យ​ទៅ​បង្ក្រាប​ពួក​សត្រូវ​របស់​ទ្រង់!

ព្រះ​យេស៊ូ​ស្ដាប់​បង្គាប់​តាម​បញ្ជា​របស់​ព្រះ​វរបិតា ដោយ​សំអាត​ស្ថាន​សួគ៌​ហើយ​ទំលាក់​សាតាំង​និង​ពួក​បិសាច​របស់​វា​មក​លើ​ផែនដី​នេះ។ ក្រោយ​ពី​យ៉ូហាន​ឃើញ​នូវ​ព្រឹត្ដិការណ៍​ក្នុង​ចក្ខុនិមិត្ត គាត់​ក៏​ឮ​សម្លេង​មួយ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖ «ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ ព្រះ​ចេស្ដា នឹង​រាជ្យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​អំណាច​របស់​ព្រះ​គ្រីស្ទ​នៃ​ទ្រង់ បាន​មក​ដល់​ហើយ!»។ ត្រូវ​ហើយ ព្រះ​គ្រីស្ទ​គ្រង​រាជ្យ​ជា​ស្តេច​នៅ​ឆ្នាំ​១៩១៤!

នេះ​ជា​ដំណឹង​ល្អ​មែន​ចំពោះ​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា​នៅ​លើ​ស្ថាន​សួគ៌។ ពួក​គេ​បាន​ទទួល​ការ​ដាស់​តឿន​ថា៖ «ឱ​ស្ថាន​សួគ៌ នឹង​ពួក​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ! ចូរ​អរ​សប្បាយ​ឡើង!»។ ប៉ុន្តែ តើ​ពួក​អ្នក​រស់​នៅ​ផែនដី​មាន​ស្ថានភាព​យ៉ាង​ណា​ដែរ? សម្លេង​មួយ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ពោល​ទៀត​ថា៖ «តែ​វេទនា​ដល់​ផែនដី នឹង​សមុទ្រ​វិញ ពីព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរ​ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។

ឥឡូវ​នេះ យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ដ៏​ខ្លី​នេះ។ នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​កំពុង​តែ​បង្ហាញ​ថា​តើ​ពួក​គេ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ឲ្យ​ចូល​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ ឬ​ទទួល​សេចក្ដី​ហិន​វិនាស។ ហេតុ​ការណ៍​ពិត​គឺ​ថា អនាគត​របស់​អ្នក​ទៅ​ជា​យ៉ាង​ណា​គឺ​អាស្រ័យ​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​អ្នក​ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដែល​កំពុង​តែ​ផ្សព្វ​ផ្សាយ​ទូទាំង​ផែនដី ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​គ្រីស្ទ។

ក្រោយ​មក ព្រះ​យេស៊ូ​គ្រីស្ទ​នឹង​បំរើ​ជា​ខ្សែ​រយៈ​ដែល​ព្រះ​នឹង​ប្រើ​ដើម្បី​បំផ្លាញ​ចោល​ប្រព័ន្ធ​ទាំង​មូល​របស់​សាតាំង និង​អស់​អ្នក​ដែល​គាំទ្រ​វា​នៅ​លើ​ផែនដី​នេះ។ ព្រះ​យេស៊ូ​នឹង​បង្ហើយ​នូវ​ការ​ដក​ចេញ​អំពើ​កំណាច​ទាំង​អស់ ក្នុង​សង្គ្រាម​ដែល​ព្រះ​គម្ពីរ​ហៅ​ថា​អើម៉ាគេដូន។ ក្រោយ​មក ព្រះ​យេស៊ូ​ជា​បុគ្គល​ដ៏​ឧត្តម​បំផុត​បន្ទាប់​ពី​ព្រះ​យេហូវ៉ា ទ្រង់​នឹង​ចាប់​សាតាំង​និង​ពួក​បិសាច​របស់​វា​ចង​បោះ​ទៅ​ក្នុង«ជង្ហុក​ធំ»អស់​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ គឺ​ក្នុង​ស្ថានភាព​ដែល​គ្មាន​សកម្មភាព​ដូច​សេចក្ដី​ស្លាប់។ កិច្ច​ការ ៧:៥៥​-​៦០; ៨:១​-​៣; ៩:១​-​១៩; ១៦:៦​-​១០; ទំនុក​ដំកើង ១១០:១, ២; ហេព្រើរ ១០:១២, ១៣; ពេត្រុស​ទី​១ ៣:២២; លូកា ២២:២៨​-​៣០; កូល៉ុស ១:១៣, ២៣; វិវរណៈ ១:១, ១០; ១២:៧​-​១២; ១៦:១៤​-​១៦; ២០:១​-​៣; ម៉ាថាយ ២៤:១៤; ២៥:៣១​-​៣៣

ក្រោយ​ពី​ព្រះ​យេស៊ូ​យាង​ទៅ​ស្ថាន​សួគ៌ តើ​ទ្រង់​គង់​នៅ​ទី​ណា? ហើយ​តើ​ទ្រង់​រង់​ចាំ​អ្វី?

តើ​ព្រះ​យេស៊ូ​គ្រប់​គ្រង​លើ​អ្នក​ណា​ក្រោយ​ពី​យាង​ទៅ​ស្ថាន​សួគ៌? តើ​ការ​គ្រប់​គ្រង​របស់​ទ្រង់​បាន​ស​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច?

តើ«ថ្ងៃ​នៃ​ព្រះ​អម្ចាស់»ចាប់​ផ្ដើម​នៅ​ពេល​ណា? ហើយ​មាន​អ្វី​កើត​ឡើង​នៅ​ដំណាក់​កាល​ដំបូង​នៃ​ថ្ងៃ​នោះ?

តើ​កិច្ច​ផ្សព្វ​ផ្សាយ​ដែល​កំពុង​តែ​មាន​ដំណើរ​ការ​នៅ​សព្វ​ថ្ងៃ​នេះ មាន​អានុភាព​លើ​យើង​ម្នាក់​ៗ​ផ្ទាល់​ខ្លួន​យ៉ាង​ណា?

នៅ​ពេល​បង្ហើយ​កិច្ច​ផ្សព្វ​ផ្សាយ តើ​នឹង​មាន​ព្រឹត្ដិការណ៍​អ្វី​ជា​បន្ទាប់?