លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការចង់បានអ្នកគ្រប់គ្រងដែលមានមហិទ្ធិឫទ្ធិលើសមនុស្សលោក

ការចង់បានអ្នកគ្រប់គ្រងដែលមានមហិទ្ធិឫទ្ធិលើសមនុស្សលោក

ជំពូក​ទី​៥៣

ការ​ចង់​បាន​អ្នក​គ្រប់​គ្រង​ដែល​មាន​មហិទ្ធិឫទ្ធិ​លើស​មនុស្ស​លោក

នៅ​ពេល​ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ផ្ដល់​ម្ហូប​អាហារ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់ នោះ​បណ្ដា​ជន​មាន​ចិត្ត​ស្ញប់​ស្ញែង​មែន។ ពួក​គេ​និយាយ​ថា៖ «លោក​នេះ​ប្រាកដ​ជា​ហោរា​នោះ ដែល​ត្រូវ​មក​ក្នុង​លោកីយ​មែន»។ ពួក​គេ​បាន​គិត​ថា ព្រះ​យេស៊ូ​ច្បាស់​ជា​ព្យាការី​ដែល​ធំ​ជាង​លោក​ម៉ូសេ​ទៅ​ទៀត ថែម​ទាំង​គិត​ថា​ទ្រង់​គឺ​ជា​អ្នក​គ្រប់​គ្រង​ដែល​គួរ​ឲ្យ​ចង់​បាន​ជា​ទី​បំផុត។ ដូច្នេះ ពួក​គេ​បំរុង​នឹង​ចាប់​ទ្រង់​យក​ទៅ​ធ្វើ​ជា​ស្តេច​របស់​គេ។

ប៉ុន្តែ ព្រះ​យេស៊ូ​ជ្រាប​អំពី​អ្វី​ដែល​ពួក​គេ​បំរុង​នឹង​ធ្វើ​នោះ។ ដូច្នេះ ទ្រង់​ក៏​ចាត់​វិធានការ​ភ្លាម ដើម្បី​បង្ការ​កុំ​ឲ្យ​ពួក​គេ​ចាប់​បង្ខំ​ទ្រង់​ឡើយ។ ព្រះ​យេស៊ូ​ឲ្យ​ហ្វូង​មនុស្ស​វិល​ទៅ​វិញ ហើយ​ទ្រង់​បាន​បង្ខំ​ពួក​សិស្ស​ទ្រង់​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ក្រុង​កាពើណិម​វិញ។ រួច​មក ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​អធិស្ឋាន។ ទ្រង់​គង់​នៅ​ទី​នោះ​តែ​មួយ​អង្គ​ទ្រង់​អស់​មួយ​យប់។

លុះ​ដល់​ពេល​ជិត​ភ្លឺ ព្រះ​យេស៊ូ​ទត​មើល​ពី​កំពូល​ភ្នំ​ឃើញ​ទឹក​រលក​បក់​បោក​យ៉ាង​ខ្លាំង។ ពន្លឺ​លោក​ខែ​ពេញ​បូរ​មី សំគាល់​ថា​គឺ​ជិត​ដល់​ថ្ងៃ​បុណ្យ​នៃ​ថ្ងៃ​ទី​៥០​ហើយ នោះ​ព្រះ​យេស៊ូ​ទត​ឃើញ​ពួក​សិស្ស​កំពុង​អុំទូក​យ៉ាង​លំបាក​បញ្ច្រាស​ខ្យល់។ ពួក​សិស្ស​ខំ​ប្រឹង​អុំទូក​យ៉ាង​ពេញ​ទំហឹង។

ពេល​ឃើញ​ដូច​នេះ ព្រះ​យេស៊ូ​ក៏​យាង​ចុះ​ពី​ភ្នំ ហើយ​ក៏​ចាប់​ផ្ដើម​យាង​ដើរ​លើ​ទឹក​រលក​ឆ្ពោះ​ទៅ​រក​ទូក​នោះ។ ពួក​គេ​បាន​អុំទូក​បាន​ចម្ងាយ​ប្រមាណ​ជា​ប្រាំ​ឬ​ប្រាំ​មួយ​គីឡូ​ម៉ែត្រ​ហើយ ពេល​ព្រះ​យេស៊ូ​យាង​ចូល​មក​ជិត​ទូក​គេ​នោះ។ ប៉ុន្តែ ទ្រង់​យាង​ដំណើរ​បន្ត​ហាក់​ដូច​ជា​ទ្រង់​នឹង​យាង​បង្ហួស​ទូក​របស់​ពួក​គេ។ នៅ​ពេល​ដែល​ពួក​សិស្ស​ឃើញ​ទ្រង់ នោះ​ពួក​គេ​ស្រែក​ឡើង​ថា៖ «ខ្មោច​លង​ហើយ!»។

ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ទៅ​វិញ​យ៉ាង​ស្រទន់​ថា៖ «គឺ​ខ្ញុំ​ទេ​តើ! កុំ​ឲ្យ​ភ័យ​ឡើយ»។

ប៉ុន្តែ ពេត្រុស​និយាយ​ថា៖ «ព្រះ​អម្ចាស់​អើយ! បើ​ជា​ទ្រង់​មែន នោះ​សូម​ឲ្យ​ទូល​បង្គំ​ដើរ​លើ​ទឹក​ទៅ​ឯ​ទ្រង់​ផង»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ចូរ​មក​ចុះ!»

ដូច្នេះ​ពេត្រុស​ក៏​ចុះ​ពី​ទូក​ដើរ​លើ​ទឹក​ទៅ​រក​ព្រះ​យេស៊ូ។ តែ​កាល​ពេត្រុស​ឃើញ​ខ្យល់​បក់​ជា​ខ្លាំង នោះ​គាត់​មាន​ចិត្ត​ភ័យ ហើយ​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក គាត់​ស្រែក​ឡើង​ថា៖ «ព្រះ​អម្ចាស់​អើយ! សូម​ជួយ​សង្គ្រោះ​ទូល​បង្គំ​ផង!»។

ព្រះ​យេស៊ូ​ក៏​លូក​ព្រះ​ហស្ត​ទៅ​ចាប់​គាត់​ភ្លាម ទាំង​មាន​ព្រះ​បន្ទូល​ថា៖ «ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ?»។

បន្ទាប់​មក ព្រះ​យេស៊ូ​និង​ពេត្រុស​ចូល​មក​ក្នុង​ទូក​វិញ ហើយ​ខ្យល់​ក៏​ស្ងប់ នេះ​បាន​ធ្វើ​ឲ្យ​ពួក​សិស្ស​មាន​ចិត្ត​អស្ចារ្យ​មែន។ ប៉ុន្តែ តើ​ពួក​គេ​គប្បី​មាន​ចិត្ត​ដូច្នេះ​ទេ? ប្រសិន​បើ​ពួក​គេ «បាន​យល់​ដោយ​សារ​ការ​ដែល​បាន​ចំរើន​នំ​ប៉័ង»នោះ ហើយ​អបអរ​នឹង​អព្ភូតហេតុ​ដ៏​ធំ​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​បី​បួន​ម៉ោង​មុន​នេះ ពេល​ដែល​ទ្រង់​បាន​ចំអែត​មនុស្ស​រាប់​ពាន់​នាក់​ដោយ​ប្រើ​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​នោះ គឺ​ពួក​គេ​មិន​គួរ​មាន​ចិត្ត​អស្ចារ្យ កាល​ដែល​ទ្រង់​អាច​យាង​ដើរ​លើ​ទឹក ហើយ​ធ្វើ​ឲ្យ​ខ្យល់​ស្ងប់​នោះ​ឡើយ។ តែ​ឥឡូវ​នេះ ពួក​សិស្ស​ក៏​គោរព​ព្រះ​យេស៊ូ​ទាំង​ទូល​ថា៖ «ទ្រង់​ប្រាកដ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​មែន!»។

មិន​យូរ​ប៉ុន្មាន ពួក​គេ​មក​ដល់​គេនេសារ៉ែត​ជិត​ក្រុង​កាពើណិម ដែល​ជា​ស្រុក​មាន​ទេសភាព​ស្អាត​និង​សំបូរ​ដី​មាន​ជី​ជាតិ។ ពួក​គេ​ក៏​បោះ​យុថ្កា​នៅ​ទី​នោះ។ ប៉ុន្តែ ពេល​ពួក​គេ​ទៅ​ឯ​ឆ្នេរ​សមុទ្រ នោះ​ពួក​មនុស្ស​នៅ​ទី​នោះ​បាន​ចំណាំ​ព្រះ​យេស៊ូ ហើយ​ពួក​គេ​ចាត់​ឲ្យ​ទៅ​នាំ​មនុស្ស​ពី​គ្រប់​កន្លែង​នៅ​ស្រុក​ជុំ​វិញ ដើម្បី​យក​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​មាន​ជំងឺ​ឲ្យ​មក​ឯ​ទ្រង់។ ហើយ​ពេល​មនុស្ស​ឈឺ​ទាំង​នេះ​បាន​មក គេ​គ្រាន់​តែ​ពាល់​ជាយ​ព្រះ​ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​ក៏​បាន​ជា​សះ​ស្បើយ។

ឥឡូវ​នេះ ហ្វូង​មនុស្ស​ដែល​ឃើញ​ព្រះ​យេស៊ូ​ធ្វើ​អព្ភូតហេតុ​ចំអែត​មនុស្ស​រាប់​ពាន់​នាក់​នោះ​បាន​ដឹង​ថា​ទ្រង់​យាង​ទៅ​បាត់​ហើយ ពួក​គេ​ក៏​ឡើង​ជិះ​ទូក​តូច​ៗ​ដែល​ធ្វើ​ដំណើរ​មក​ពី​ក្រុង​ទីបេរាស​ជិះ​ឆ្ពោះ​ទៅ​ក្រុង​កាពើណិម ដើម្បី​រក​ព្រះ​យេស៊ូ។ ពេល​ពួក​គេ​រក​ទ្រង់​ឃើញ នោះ​ពួក​គេ​ទូល​សួរ​ថា៖ «លោក​គ្រូ! លោក​មក​ដល់​ទី​នេះ​ពី​កាល​ណា?»។ ព្រះ​យេស៊ូ​ក៏​ស្តី​បន្ទោស​ពួក​គេ ហើយ​យើង​នឹង​ឃើញ​ទ្រង់​ធ្វើ​ដូច្នេះ​នៅ​ខាង​មុខ​នេះ​ដែរ។ យ៉ូហាន ៦:១៤​-​២៥; ម៉ាថាយ ១៤:២២​-​៣៦; ម៉ាកុស ៦:៤៥​-​៥៦

ក្រោយ​ពី​ព្រះ​យេស៊ូ​ធ្វើ​អព្ភូតហេតុ​ចំអែត​មនុស្ស​រាប់​ពាន់​នាក់ តើ​ហ្វូង​មនុស្ស​បំរុង​នឹង​ធ្វើ​អ្វី​ចំពោះ​ទ្រង់?

នៅ​ភ្នំ​ដែល​ទ្រង់​បាន​យាង​ទៅ​នោះ តើ​ព្រះ​យេស៊ូ​បាន​ទត​ឃើញ​អ្វី? ហើយ​រួច​មក​តើ​ទ្រង់​បាន​ធ្វើ​អ្វី?

ហេតុ​អ្វី​ក៏​ពួក​សិស្ស​ពុំ​គួរ​មាន​ចិត្ត​ស្ញប់​ស្ញែង​ពេក​នឹង​ការ​ទាំង​នោះ?

តើ​មាន​អ្វី​កើត​ឡើង​ក្រោយ​ពី​ពួក​គេ​ទៅ​ដល់​ឆ្នេរ​សមុទ្រ?