លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការជ្រើសរើសពួកសាវ័ករបស់ទ្រង់

ការជ្រើសរើសពួកសាវ័ករបស់ទ្រង់

ជំពូក​ទី​៣​៤

ការ​ជ្រើស​រើស​ពួក​សាវ័ក​របស់​ទ្រង់

គឺ​ប្រហែល​ជា​មួយ​ឆ្នាំ​កន្លះ​ហើយ​តាំង​ពី​យ៉ូហាន​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក បាន​នាំ​មនុស្ស​ឲ្យ​ស្គាល់​ព្រះ​យេស៊ូ​ជា​កូន​ចៀម​របស់​ព្រះ ហើយ​ព្រះ​យេស៊ូ​បាន​ចាប់​ផ្ដើម​កិច្ច​បំរើ​សាធារណៈ​របស់​ទ្រង់។ នៅ​ពេល​នោះ អនទ្រេ ស៊ីម៉ូន​ពេត្រុស យ៉ូហាន ហើយ​ប្រហែល​ជា​យ៉ាកុប(ដែល​ទំនង​ជា​បង​របស់​យ៉ូហាន) ព្រម​ទាំង​ភីលីព និង​ណាថាណែល(ក៏​មាន​ឈ្មោះ​ថា​បារថូល៉ូមេ) បាន​ក្លាយ​ទៅ​ជា​ពួក​សិស្ស​ដំបូង​របស់​ទ្រង់។ ក្រោយ​មក មាន​ជា​ច្រើន​នាក់​ទៀត​បាន​ចូល​រួម​ជា​មួយ​ពួក​គេ​ក្នុង​ការ​កាន់​តាម​ព្រះ​គ្រីស្ទ។

ឥឡូវ​នេះ ព្រះ​យេស៊ូ​ប្រុង​ប្រៀប​ជ្រើស​រើស​ពួក​សាវ័ក​ទ្រង់​ហើយ។ ពួក​អ្នក​ទាំង​នេះ​នឹង​ទៅ​ជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​ទ្រង់ ដែល​នឹង​ទទួល​ការ​ហ្វឹកហ្វឺន​ពិសេស។ ក៏​ប៉ុន្តែ​មុន​នឹង​ជ្រើស​រើស​ពួក​សាវ័ក ព្រះ​យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ និង​បាន​ចំណាយ​ពេល​អធិស្ឋាន​ពេញ​មួយ​យប់ ប្រហែល​ជា​សុំ​ប្រាជ្ញា​និង​ពរ​ពី​ព្រះ។ លុះ​ភ្លឺ​ឡើង ទ្រង់​ហៅ​ពួក​សិស្ស​មក ហើយ​ពី​ចំណោម​ពួក​គេ នោះ​ទ្រង់​បាន​រើស​យក​១២​នាក់។ ក៏​ប៉ុន្តែ ដោយ​ព្រោះ​ពួក​គេ​បន្ត​ធ្វើ​ជា​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ ពួក​គេ​ក៏​បាន​ត្រូវ​ហៅ​ជា​សិស្ស​របស់​ទ្រង់​ផង​ដែរ។

សិស្ស​ប្រាំ​មួយ​នាក់​ដែល​មាន​ឈ្មោះ​នៅ​ខាង​លើ​នេះ​ជា​សិស្ស​ដែល​ព្រះ​យេស៊ូ​បាន​ជ្រើស​រើស គឺ​ជា​ពួក​អ្នក​ដែល​បាន​ក្លាយ​ទៅ​ជា​សិស្ស​ដំបូង​របស់​ទ្រង់។ ម៉ាថាយ ដែល​ព្រះ​យេស៊ូ​បាន​ហៅ​ពី​ការិយាល័យ​ពន្ធ​របស់​គាត់ ក៏​បាន​ត្រូវ​ជ្រើស​រើស​ដែរ។ សិស្ស​ប្រាំ​នាក់​ទៀត​ដែល​ព្រះ​យេស៊ូ​បាន​ជ្រើស​រើស​គឺ​ជា​យូដាស(ក៏​មាន​ឈ្មោះ​ជា​ថាដេ) យូដាស​-​អ៊ីស្ការីយ៉ុត ស៊ីម៉ូន​ជា​សាសន៍​កាណាន ថូម៉ាស និង​យ៉ាកុប​ជា​កូន​អាល់ផាយ។ យ៉ាកុប​ម្នាក់​នេះ​ក៏​បាន​ត្រូវ​ហៅ​ថា​យ៉ាកុប​ដ៏​តូច ប្រហែល​ជា​ដោយ​សារ​តែ​គាត់​មាន​មាឌ​តូច​ជាង ឬ​ក៏​ក្មេង​ជាង​សាវ័ក​យ៉ាកុប​ម្នាក់​ទៀត។

មក​ដល់​ឥឡូវ​នេះ សិស្ស​១២​នាក់​នេះ​បាន​នៅ​ជា​មួយ​ព្រះ​យេស៊ូ​អស់​មួយ​រយៈ​ហើយ​ៗ​ទ្រង់​ក៏​ស្គាល់​ពួក​គាត់​បាន​យ៉ាង​ច្បាស់។ តាម​ការ​ពិត ពួក​គាត់​មួយ​ចំនួន​ជា​ញាតិ​វង្ស​របស់​ទ្រង់ ដូច​ជា​យ៉ាកុប​និង​ប្អូន​របស់​គាត់​ឈ្មោះ​យ៉ូហាន​ជា​បង​ប្អូន​ជីដូន​មួយ​របស់​ព្រះ​យេស៊ូ។ នេះ​ប្រហែល​ជា​ដោយ​សារ​អាល់ផាយ ជា​ប្អូន​របស់​យ៉ូសែប​ត្រូវ​ជា​បិតា​ចិញ្ចឹម​របស់​ព្រះ​យេស៊ូ​ហើយ​មើល​ទៅ។ ដូច្នេះ​កូន​របស់​អាល់ផាយ គឺ​សាវ័ក​យ៉ាកុប ជា​បង​ប្អូន​ជីដូន​មួយ​របស់​ព្រះ​យេស៊ូ។

ប្រាកដ​ហើយ ព្រះ​យេស៊ូ​ឥត​មាន​បញ្ហា​ក្នុង​ការ​ចង​ចាំ​ឈ្មោះ​របស់​សាវ័ក​ទ្រង់​នោះ​ទេ។ ក៏​ប៉ុន្តែ តើ​អ្នក​អាច​ចាំ​ឈ្មោះ​របស់​ពួក​សាវ័ក​បាន​ទេ? បើ​ដូច្នេះ ចូរ​គ្រាន់​តែ​ចង​ចាំ​ថា​មាន​បុគ្គល​ពីរ​នាក់​ឈ្មោះ​ស៊ីម៉ូន បុគ្គល​ពីរ​នាក់​ឈ្មោះ​យ៉ាកុប ហើយ​បុគ្គល​ពីរ​នាក់​ឈ្មោះ​យូដាស និង​ស៊ីម៉ូន​មាន​ប្អូន​ឈ្មោះ​អនទ្រេ ថែម​ទាំង​យ៉ាកុប​មាន​ប្អូន​ឈ្មោះ​យ៉ូហាន។ នោះ​ហើយ​ជា​ចំណុច​សំខាន់​នៃ​ការ​ចង​ចាំ​ឈ្មោះ​សាវ័ក​ប្រាំ​បី​នាក់។ សាវ័ក​បួន​នាក់​ទៀត រួម​បញ្ចូល​អ្នក​យក​ពន្ធ(ឈ្មោះ​ម៉ាថាយ) សិស្ស​ដែល​ក្រោយ​មក​មាន​ចិត្ត​សង្ស័យ(ឈ្មោះ​ថូម៉ាស) បុគ្គល​ម្នាក់​ដែល​បាន​ត្រូវ​ហៅ​ពី​ក្រោម​ដើម​ឈើ(ឈ្មោះ​ណាថាណែល) ហើយ​មិត្ត​របស់​គាត់​ឈ្មោះ​ភីលីព។

ពួក​សាវ័ក​១១​នាក់​គឺ​មក​ពី​ស្រុក​កាលីឡេ ជា​ស្រុក​កំណើត​របស់​ព្រះ​យេស៊ូ។ ណាថាណែល​គឺ​មក​ពី​ភូមិ​កាណា។ ភីលីព ពេត្រុស និង​អនទ្រេ​មក​ពី​ក្រុង​បេតសៃដា តែ​ក្រោយ​មក​ពេត្រុស​និង​អនទ្រេ​បាន​ផ្លាស់​ទី​លំនៅ​ទៅ​ក្រុង​កាពើណិម​វិញ ដែល​តាម​មើល​ទៅ​ជា​កន្លែង​ម៉ាថាយ​ធ្លាប់​រស់​នៅ។ យ៉ាកុប​និង​យ៉ូហាន​មាន​របរ​ជា​អ្នក​នេសាទ​ត្រី ហើយ​ក៏​ប្រហែល​ជា​ធ្លាប់​រស់​នៅ​ក្នុង​ក្រុង​កាពើណិម​ឬ​ក៏​នៅ​ជិត​ក្រុង​នោះ​ដែរ។ តាម​មើល​ទៅ​គឺ​ហាក់​ដូច​ជា​យូដាស​-​អ៊ីស្ការីយ៉ុត ដែល​ក្រោយ​មក​បាន​ក្បត់​ព្រះ​យេស៊ូ គឺ​ជា​សាវ័ក​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​មក​ពី​ស្រុក​យូដា។ ម៉ាកុស ៣:១៣​-​១៩; លូកា ៦:១២​-​១៦

តើ​ពួក​សាវ័ក​ណា​ខ្លះ​ប្រហែល​ជា​ញាតិ​វង្ស​របស់​ព្រះ​យេស៊ូ​នោះ?

តើ​នរណា​ខ្លះ​ជា​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ? ហើយ​តើ​តាម​របៀប​ណា​ដែល​អ្នក​អាច​ចង​ចាំ​ឈ្មោះ​របស់​ពួក​គាត់​បាន?

តើ​ពួក​សាវ័ក​មក​ពី​តំបន់​ណា​ខ្លះ?