លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការឈឺចាប់ក្នុងសួនច្បារ

ការឈឺចាប់ក្នុងសួនច្បារ

ជំពូក​ទី​១១៧

ការ​ឈឺ​ចាប់​ក្នុង​សួន​ច្បារ

ពេល​ព្រះ​យេស៊ូ​អធិស្ឋាន​ចប់ នោះ​ទ្រង់​និង​ពួក​សាវ័ក​១១​នាក់​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់ ច្រៀង​ចំរៀង​សរសើរ​ព្រះ​យេហូវ៉ា។ រួច​មក ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​ក៏​ចុះ​ពី​បន្ទប់​ខាង​លើ ចេញ​ទៅ​ខាង​ក្រៅ​ក្នុង​រាត្រី​ដ៏​ងងឹត ដែល​មាន​អាកាសធាតុ​ត្រជាក់ ហើយ​ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ជ្រលង​ភ្នំ​កេដ្រុន​ឆ្ពោះ​ទៅ​ភូមិ​បេថានី។ ប៉ុន្តែ ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​ឈប់​តាម​ផ្លូវ​នៅ​កន្លែង ដែល​ទ្រង់​និង​ពួក​សាវ័ក​ចូល​ចិត្ត​ទៅ​ជាង​គេ កន្លែង​នេះ​ឈ្មោះ​សួន​ច្បារ​គែតសេម៉ានី។ កន្លែង​នេះ​ប្រហែល​នៅ​លើ​ឬ​នៅ​ជិត​ភ្នំ​អូលីវ​ហើយ​មើល​ទៅ។ ព្រះ​យេស៊ូ​តែង​ជួប​ពួក​សាវ័ក​របស់​ទ្រង់​នៅ​កន្លែង​នេះ ដែល​មាន​សុទ្ធ​តែ​ដើម​អូលីវ។

ព្រះ​យេស៊ូ​ប្រហែល​ជា​ឲ្យ​សាវ័ក​ប្រាំ​បី​នាក់​ចាំ​នៅ​មាត់​ទ្វារ​សួន​ច្បារ​នេះ ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖ «ចូរ​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​នឹង​ទៅ​អធិស្ឋាន​នៅ​ឯ​ណោះ»។ រួច​មក ទ្រង់​នាំ​ពេត្រុស យ៉ាកុប​និង​យ៉ូហាន​ចូល​ជ្រៅ​ទៅ​ក្នុង​សួន​ច្បារ​នោះ។ ព្រះ​យេស៊ូ​ចាប់​ផ្ដើម​ពិបាក​ក្នុង​ព្រះ​ទ័យ​ហើយ​តប់​ប្រមល់​ជា​ខ្លាំង។ ទ្រង់​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖ «ចិត្ត​ខ្ញុំ​ព្រួយ​ពន់​ពេក ស្ទើរ​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នោះ ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​សិន»។

ព្រះ​យេស៊ូ​យាង​ទៅ​មុខ​បន្ដិច ក្រាប​ព្រះ​ភ័ក្ដ្រ​ដល់​ដី ក៏​ចាប់​ផ្ដើម​អធិស្ឋាន​ស្មោះ​អស់​ពី​ព្រះ​ទ័យ​ថា៖ «ឱ​ព្រះ​វរបិតា​នៃ​ទូល​បង្គំ​អើយ! បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែង​នេះ​កន្លង​ហួស​ពី​ទូល​បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះ​ហឫទ័យ​ទ្រង់​វិញ»។ តើ​ព្រះ​យេស៊ូ​មាន​ន័យ​យ៉ាង​ណា? ហេតុ​អ្វី​បាន​ជា​ទ្រង់«ព្រួយ​ពន់​ពេក ស្ទើរ​តែ​នឹង​ស្លាប់»ដូច្នេះ? តើ​ទ្រង់​មិន​ចង់​រក្សា​សេចក្ដី​សម្រេច​របស់​ទ្រង់ ដើម្បី​សោយ​ទិវង្គត​និង​ប្រទាន​នូវ​តម្លៃ​លោះ​ទេ​ឬ?

មិន​មែន​ដូច្នេះ​ទេ! ព្រះ​យេស៊ូ​មិន​មែន​ទូល​អង្វរ​ឲ្យ​រួច​ពី​ការ​សោយ​ទិវង្គត​ឡើយ។ ព្រោះ​សូម្បី​តែ​ពេល​ពេត្រុស​បាន​ឲ្យ​យោបល់​ទ្រង់​ឲ្យ​ជៀស​វាង​ពី​ការ​សោយ​ទិវង្គត​ដែល​ជា​យញ្ញ​បូជា​នេះ ទ្រង់​រាប់​ទុក​ពាក្យ​នេះ​ជា​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​ឈឺ​ចាប់​ពន់​ពេក ពីព្រោះ​ទ្រង់​ខ្លាច​ថា របៀប​ដែល​ទ្រង់​នឹង​សោយ​ទិវង្គត ជា​ជន​ឧក្រិដ្ឋ​ដែល​គ្មាន​កិត្ដិយស នឹង​នាំ​ឲ្យ​ព្រះ​នាម​ព្រះ​វរបិតា​របស់​ទ្រង់​ត្រូវ​បង្អាប់។ ឥឡូវ​នេះ ទ្រង់​ជ្រាប​ថា ប៉ុន្មាន​ម៉ោង​ទៀត​គេ​នឹង​ព្យួរ​ទ្រង់​លើ​បង្គោល​ឈើ ក្នុង​បទ​ជា​មនុស្ស​អាក្រក់​ជាង​គេ ជា​អ្នក​ប្រមាថ​ប្រឆាំង​ព្រះ! ប្រការ​នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ទ្រង់​មាន​ការ​ឈឺ​ចាប់​ជា​ទី​បំផុត។

ក្រោយ​ព្រះ​យេស៊ូ​បាន​អធិស្ឋាន​យ៉ាង​យូរ ទ្រង់​យាង​ត្រឡប់​មក​កន្លែង​ដែល​ពួក​សាវ័ក​កំពុង​ចាំ​នោះ ទ្រង់​ទត​ឃើញ​ពួក​គេ​បាន​ដេក​លក់​ទៅ​ហើយ។ ទ្រង់​មាន​បន្ទូល​ទៅ​ពេត្រុស​ថា៖ «ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​តែ​១​ម៉ោង​មិន​បាន​ទេ​ឬ? . . . ចូរ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ! ដើម្បី​មិន​ឲ្យ​កើត​សេចក្ដី​ល្បួង​នាំ​ចិត្ត​ឡើយ»។ ប៉ុន្តែ ព្រះ​យេស៊ូ​ជ្រាប​ថា​ពួក​គេ​មាន​ចិត្ត​តាន​តឹង ហើយ​យប់​កាន់​តែ​ជ្រៅ​ដែរ នោះ​ទ្រង់​មាន​បន្ទូល​ថា៖ «ឯ​វិញ្ញាណ ក៏​ប្រុង​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ»។

ព្រះ​យេស៊ូ​យាង​ចេញ​ទៅ​ម្ដង​ទៀត​ជា​លើក​ទី​ពីរ ហើយ​ទូល​អង្វរ​ឲ្យ​ព្រះ​យក«ពែង​នេះ»ចេញ​ពី​ទ្រង់ ដែល​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ព្រះ​យេស៊ូ​បំពេញ​នោះ។ ពេល​ព្រះ​យេស៊ូ​វិល​ត្រឡប់​ទៅ​រក​ពួក​សាវ័ក​ម្ដង​ទៀត ពួក​គេ​បី​នាក់​នេះ​ជា​ជាង​អធិស្ឋាន​កុំ​ឲ្យ​ខ្លួន​ត្រូវ​សេចក្ដី​ល្បួង​នោះ ពួក​គេ​បែរ​ជា​ដេក​លក់​ទៅ​វិញ។ ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​នឹង​ពួក​គេ​ៗ​មិន​អាច​រក​ពាក្យ​អ្វី​មក​តប​ឆ្លើយ​វិញ​ឡើយ។

នៅ​ទី​បំផុត ព្រះ​យេស៊ូ​ក៏​យាង​ទៅ​ឆ្ងាយ​ពី​ពួក​សាវ័ក​ជា​លើក​ទី​បី ចម្ងាយ​ប្រហែល​ជា​គេ​ចោល​ដុំ​ថ្ម​មួយ​ទំហឹង​ដៃ នៅ​កន្លែង​នោះ​ទ្រង់​ក៏​លុត​ជង្គង់​អធិស្ឋាន​ដោយ​សម្លេង​ជា​ខ្លាំង​ទាំង​ទឹក​ភ្នែក​ថា៖ «ឱ​ព្រះ​វរបិតា​អើយ! បើ​សិន​ជា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ​ទៅ»។ ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ពីព្រោះ​ទ្រង់​នឹង​សោយ​ទិវង្គត​ជា​ជន​ឧក្រិដ្ឋ ហើយ​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​បង្អាប់​ចំពោះ​ព្រះ​នាម​នៃ​ព្រះ​វរបិតា​របស់​ទ្រង់។ ម្យ៉ាង​វិញ​ទៀត ការ​ជាប់​ចោទ​គឺ​ជា​បទ​ប្រមាថ​ព្រះ នោះ​គឺ​សឹង​តែ​ទ្រាំ​ពុំ​បាន​ទៅ​ហើយ!

យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​អធិស្ឋាន​ជា​បន្ត​ថា៖ «ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​សំរេច​តាម​ព្រះ​ហឫទ័យ​ទ្រង់​វិញ»។ ដោយ​ស្ដាប់​បង្គាប់ ព្រះ​យេស៊ូ​ចុះ​ចូល​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ ខណ​នោះ ទេវតា​មួយ​រូប​ចុះ​ពី​ស្ថាន​សួគ៌​មក​ពង្រឹង​ព្រះ​កាយ​ពល​ថ្វាយ​ទ្រង់ ទាំង​លើក​ទឹក​ចិត្ត​ទ្រង់​ទៀត។ ទេវតា​នេះ​ទំនង​ជា​ទូល​ប្រាប់​ព្រះ​យេស៊ូ ថា​ព្រះ​វរបិតា​របស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​ទ្រង់​ណាស់។

ប៉ុន្តែ ព្រះ​យេស៊ូ​នៅ​មាន​ភារកិច្ច​ដ៏​ធ្ងន់​នៅ​លើ​ស្មា​របស់​ទ្រង់​នៅ​ឡើយ! ព្រះ​ជន្ម​ជា​រៀង​រហូត​របស់​ទ្រង់​ផ្ទាល់​និង​ជីវិត​របស់​មនុស្សជាតិ គឺ​ពឹង​ពាក់​ទៅ​លើ​ទ្រង់​ទាំង​ស្រុង។ ភាព​តាន​តឹង​ក្នុង​ចិត្ត​គឺ​មាន​កាន់​តែ​ខ្លាំង​ឡើង។ ដូច្នេះ ព្រះ​យេស៊ូ​ក៏​ខំ​ប្រឹង​អធិស្ឋាន​បន្ត​ទៀត រហូត​ដល់​ដំណក់​ញើស​របស់​ទ្រង់​ក្លាយ​ជា​ដំណក់​ឈាម​ស្រក់​ចុះ​ដល់​ដី។ ទស្សនាវដ្ដី​មួយ​ខាង​វិជ្ជា​ពេទ្យ​បាន​កត់​សម្គាល់​ថា៖ «ទោះ​ជា​នេះ​ជា​ព្រឹត្ដិការណ៍​ដែល​កម្រ​មាន​មែន​ក៏​ដោយ តែ​ដំណក់​ញើស​ដែល​មាន​ជា​ឈាម . . . អាច​កើត​ឡើង​បាន ពេល​មាន​ភាព​តាន​តឹង​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​នោះ»។ (The Journal of the American Medical Association)

ក្រោយ​មក ព្រះ​យេស៊ូ​យាង​មក​រក​ពួក​សាវ័ក​ជា​លើក​ទី​បី ហើយ​ម្ដង​នេះ​ក៏​ពួក​គេ​នៅ​តែ​ដេក​លក់​ដែរ។ សេចក្ដី​សោក​សៅ​បាន​ធ្វើ​ឲ្យ​ពួក​គេ​អស់​កម្លាំង​ណាស់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ នៅ​តែ​ដេក​លក់ ហើយ​សំរាក​កំឡាំង​ទៀត​ឬ? ប៉ុណ្ណឹង​ចុះ កំណត់​ដល់​ហើយ មើល! កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​មនុស្ស​មាន​បាប ចូរ​ក្រោក​ឡើង យើង​ទៅ! ន៏! អ្នក​ដែល​បញ្ជូន​ខ្ញុំ វា​ជិត​មក​ដល់​ហើយ»។

ព្រះ​យេស៊ូ​មាន​បន្ទូល​មិន​ទាន់​រួច​ពី​ព្រះ​ឱស្ឋ​នៅ​ឡើយ ស្រាប់​តែ​យូដាស​អ៊ីស្ការីយ៉ុត​មក​ដល់ រួម​មាន​បណ្ដា​ជន​មួយ​ក្រុម​មក​ជា​មួយ​ទាំង​កាន់​គោម​កាន់​ចន្លុះ និង​កាន់​អាវុធ​ផង។ ម៉ាថាយ ២៦:៣០, ៣៦​-​៤៧; ១៦:២១​-​២៣; ម៉ាកុស ១៤:២៦, ៣២​-​៤៣; លូកា ២២:៣៩​-​៤៧; យ៉ូហាន ១៨:១​-​៣; ហេព្រើរ ៥:៧

ក្រោយ​ពី​ចេញ​ពី​បន្ទប់​ខាង​លើ តើ​ព្រះ​យេស៊ូ​នាំ​ពួក​សាវ័ក​ទៅ​កន្លែង​ណា? ហើយ​តើ​ទ្រង់​ធ្វើ​អ្វី​នៅ​ទី​នោះ?

ពេល​ព្រះ​យេស៊ូ​កំពុង​តែ​អធិស្ឋាន តើ​ពួក​សាវ័ក​កំពុង​តែ​ធ្វើ​អ្វី?

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​ឈឺ​ចាប់? ហើយ​តើ​ព្រះ​យេស៊ូ​ស្នើ​សុំ​អ្វី​ពី​ព្រះ​យេហូវ៉ា?

ពេល​ដំណក់​ញើស​របស់​ព្រះ​យេស៊ូ​ក្លាយ​ជា​ដំណក់​ឈាម​នោះ តើ​នេះ​បញ្ជាក់​អំពី​អ្វី?