លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការតបឆ្លើយចំពោះពួកអ្នកចោទប្រកាន់ទ្រង់

ការតបឆ្លើយចំពោះពួកអ្នកចោទប្រកាន់ទ្រង់

ជំពូក​ទី​៣០

ការ​តប​ឆ្លើយ​ចំពោះ​ពួក​អ្នក​ចោទ​ប្រកាន់​ទ្រង់

នៅ​ពេល​ដែល​មេ​ដឹក​នាំ​សាសនា​យូដា​ចោទ​ប្រកាន់​ព្រះ​យេស៊ូ​ថា ទ្រង់​បាន​បំពាន​ថ្ងៃ​ឈប់​សំរាក នោះ​ព្រះ​យេស៊ូ​ឆ្លើយ​តប​ថា៖«ព្រះ​វរបិតា​ខ្ញុំ ទ្រង់​ធ្វើ​ការ​ដរាប​មក​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ»។

ទោះ​ជា​ពួក​ផារីស៊ី​ចោទ​យ៉ាង​ណា​ក៏​ដោយ តែ​កិច្ច​ការ​របស់​ព្រះ​យេស៊ូ​គឺ​មិន​មែន​ជា​កិច្ចការ​ដែល​ត្រូវ​ហាមឃាត់​ដោយ​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក​នោះ​ឡើយ។ កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​ការ​ប្រោស​ឲ្យ​ជា គឺ​ជា​កិច្ច​ការ​ពី​ព្រះ។ ហើយ​ក្នុង​ការ​ធ្វើ​តម្រាប់​តាម​គំរូ​របស់​ព្រះ នោះ​ព្រះ​យេស៊ូ​ក៏​នៅ​តែ​ធ្វើ​កិច្ច​ការ​នេះ​ជា​រៀង​រាល់​ថ្ងៃ។ ក៏​ប៉ុន្តែ ការ​មាន​បន្ទូល​តប​ឆ្លើយ​របស់​ទ្រង់​ធ្វើ​ឲ្យ​ពួក​យូដា​កាន់​តែ​ខឹង​ខ្លាំង​ជាង​មុន​ទៅ​ទៀត ហើយ​ពួក​គេ​រិះ​រក​វី​ធី​ដើម្បី​ធ្វើ​គុត​ទ្រង់។ តើ​ហេតុ​អ្វី?

ពីព្រោះ​ឥឡូវ​ពួក​គេ​ជឿ​ថា ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​បំពាន​លើ​ថ្ងៃ​ឈប់​សំរាក​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ពួក​គេ​ចាត់​ទុក​ការ​អះអាង​របស់​ទ្រង់​ដែល​ថា​ទ្រង់​ជា​រាជបុត្រា​ផ្ទាល់​របស់​ព្រះ​នោះ ជា​ការ​ប្រមាថ​ដល់​ព្រះ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​ឥត​មាន​ព្រះ​ទ័យ​ខ្លាច​ឡើយ ទ្រង់​មាន​បន្ទូល​តប​ឆ្លើយ​ទៅ​ពួក​គេ​ថែម​ទៀត​អំពី​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​រវាង​ទ្រង់​និង​ព្រះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ព្រះ​វរបិតា​ទ្រង់​ស្រឡាញ់​ព្រះ​រាជបុត្រា ហើយ​ក៏​បង្ហាញ ឲ្យ​ព្រះ​រាជបុត្រា​ឃើញ​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ​ដែរ»។

ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ត​ថា៖ «ដ្បិត​ដែល​ព្រះ​វរបិតា​ទ្រង់​ប្រោស​មនុស្ស​ស្លាប់ . . . នោះ​ព្រះ​រាជបុត្រា​នឹង​ប្រោស​ដល់​អ្នក​ណា ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ក៏​យ៉ាង​ដូច្នោះ​ដែរ»។ ប្រាកដ​ហើយ ព្រះ​រាជបុត្រា​នេះ​បាន​ប្រោស​មនុស្ស​ស្លាប់​តាម​របៀប​ខាង​វិញ្ញាណ​រួច​ទៅ​ហើយ! ទ្រង់​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះ​អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក . . . គឺ​បាន​កន្លង​ហួស​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​វិញ»។ ត្រូវ​ហើយ ទ្រង់​មាន​បន្ទូល​ទៀត​ថា៖ «នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះ​រាជបុត្រា​នៃ​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ឮ​នឹង​បាន​រស់​វិញ»។

ទោះ​ជា​មិន​ទាន់​មាន​កំណត់​ហេតុ​ណា​ថា​ព្រះ​យេស៊ូ​ពិត​ជា​បាន​ប្រោស​ឲ្យ​មនុស្ស​ណា​ម្នាក់​ពី​ស្លាប់​នៅ​ឡើយ​ក្ដី តែ​ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​អ្នក​ប្រឆាំង​ទ្រង់​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ពិត​មែន។ ទ្រង់​មាន​បន្ទូល​ថា៖ «កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្ដី​នេះ​ឡើយ ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក»។

យ៉ាង​ជាក់​ស្តែង​ណាស់ តាំង​ពី​មុន​មក ព្រះ​យេស៊ូ​មិន​ធ្លាប់​រៀប​រាប់​ជា​សាធារណៈ​អំពី​មុខ​នាទី​ដ៏​សំខាន់​របស់​ទ្រង់ ក្នុង​គោល​បំណង​របស់​ព្រះ​តាម​របៀប​ដ៏​ជាក់​លាក់​នោះ​ទេ។ ក៏​ប៉ុន្តែ​សូម្បី​តែ​ពួក​អ្នក​ប្រឆាំង​ព្រះ​យេស៊ូ​ក៏​មាន​អ្នក​ដែល​អាច​ធ្វើ​ជា​សាក្សី​ច្រើន​ទៀត​អំពី​រឿង​នេះ​ដែរ មិន​គ្រាន់​តែ​ពួក​សាក្សី​របស់​ទ្រង់​ប៉ុណ្ណោះ​នោះ​ទេ។ ព្រះ​យេស៊ូ​រំឭក​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ចាត់​គេ ឲ្យ​ទៅ​ឯ​លោក​យ៉ូហាន លោក​ក៏​ធ្វើ​បន្ទាល់​តាម​សេចក្ដី​ពិត»។

គ្រាន់​តែ​ពីរ​ឆ្នាំ​មុន​នេះ យ៉ូហាន​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​គេ​បាន​ប្រាប់​ពួក​មេ​ដឹក​នាំ​សាសនា​ទាំង​នេះ អំពី​បុគ្គល​ដែល​នឹង​យាង​មក​ក្រោយ​លោក។ ដោយ​រំឭក​ពួក​គេ​អំពី​យ៉ូហាន​ដែល​បាន​ជាប់​គុក​និង​ជា​បុគ្គល​ដែល​ពួក​គេ​ធ្លាប់​គោរព​យ៉ាង​ជ្រាល​ជ្រៅ​នោះ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ក៏​ចូល​ចិត្ត ឲ្យ​បាន​អរ​សប្បាយ​ក្នុង​ពន្លឺ​របស់​លោក ក្នុង​១​គ្រា​នោះ​ដែរ»។ ព្រះ​យេស៊ូ​រំឭក​ពួក​គេ​ឲ្យ​នឹក​ចាំ​រឿង​ទាំង​នេះ​ឡើង​វិញ ដោយ​សង្ឃឹម​ថា​អាច​ជួយ​ហើយ​សង្គ្រោះ​ពួក​គេ។ ក៏​ប៉ុន្តែ​ទ្រង់​ឥត​ពឹង​យ៉ូហាន​ធ្វើ​បន្ទាល់​ឲ្យ​ទ្រង់​នោះ​ឡើយ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ការ​ដែល​ខ្ញុំ​ធ្វើ​ទាំង​ប៉ុន្មាន​នេះ​ឯង[រួម​បញ្ចូល​នឹង​អព្ភូតហេតុ​ដែល​ទ្រង់​ទើប​តែ​បាន​ធ្វើ] នោះ​បាន​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ហើយ ថា​ព្រះ​វរបិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក»។ ក៏​ប៉ុន្តែ​ក្រៅ​ពី​នេះ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «ឯ​ព្រះ​វរបិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ»។ តួយ៉ាង​ដូច​ជា ព្រះ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ​យេស៊ូ​កាល​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដោយ​មាន​បន្ទូល​ថា៖ «នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់!»។

ពិត​មែន​ហើយ ពួក​អ្នក​ប្រឆាំង​ព្រះ​យេស៊ូ​ឥត​មាន​ហេតុ​ដោះ​សា​ដើម្បី​បដិសេធ​ទ្រង់​ឡើយ។ បទ​គម្ពីរ​ទាំង​ឡាយ​ដែល​ពួក​គេ​អះអាង​នោះ គឺ​បញ្ជាក់​ភស្តុ​តាង​អំពី​ទ្រង់! ព្រះ​យេស៊ូ​មាន​បន្ទូល​បញ្ចប់​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់​លោក​ម៉ូសេ​ពិត នោះ​នឹង​បាន​ជឿ​ដល់​ខ្ញុំ​ដែរ ពីព្រោះ​លោក​បាន​ចែង​ទុក​ពី​ខ្ញុំ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្ដី ដែល​លោក​បាន​ចែង​ទុក​មក​ទេ នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ជឿ​ពាក្យ​ខ្ញុំ​ទៅ​បាន?»។ យ៉ូហាន ៥:១៧​-​៤៧; ១:១៩​-​២៧; ម៉ាថាយ ៣:១៧

ហេតុ​អ្វី​ក៏​កិច្ច​ការ​របស់​ព្រះ​យេស៊ូ​ឥត​បំពាន​ថ្ងៃ​ឈប់​សំរាក?

តើ​ព្រះ​យេស៊ូ​រៀប​រាប់​យ៉ាង​ណា ពី​មុខ​នាទី​ដ៏​សំខាន់​របស់​ទ្រង់​ក្នុង​គោល​បំណង​របស់​ព្រះ?

ដើម្បី​បញ្ជាក់​ថា​ទ្រង់​ជា​រាជបុត្រា​របស់​ព្រះ តើ​ព្រះ​យេស៊ូ​បញ្ជាក់​ប្រាប់​អំពី​អ្នក​ធ្វើ​បន្ទាល់​ណា​ខ្លះ?