ការត្រៀមខ្លួនប្រឈមមុខនឹងការបៀតបៀន
ជំពូកទី៥០
ការត្រៀមខ្លួនប្រឈមមុខនឹងការបៀតបៀន
បន្ទាប់ពីបង្រៀនពួកសាវ័ករបស់ទ្រង់នូវវិធីផ្សព្វផ្សាយរួចមក ព្រះយេស៊ូក៏ព្រមានពួកគេអំពីអ្នកប្រឆាំងដែរ។ ទ្រង់មានបន្ទូលថា៖ «នែ! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមនៅកណ្ដាលហ្វូងស្វាន . . . ត្រូវឲ្យប្រយ័តនឹងមនុស្សលោក ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅពួកក្រុមជំនុំ ហើយនឹងវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំ អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅនៅមុខចៅហ្វាយខេត្ត ហើយនៅចំពោះស្តេច ដោយព្រោះខ្ញុំ»។
ថ្វីបើពួកអ្នកកាន់តាមទ្រង់ត្រូវរងការបៀតបៀនយ៉ាងខ្លាំងក៏ដោយ ព្រះយេស៊ូសន្យាឲ្យពួកគេមានទំនុកចិត្តថា៖ «ប៉ុន្តែ កាលណាគេចាប់បញ្ជូនអ្នករាល់គ្នាទៅ នោះកុំឲ្យថប់ព្រួយពីបែបនិយាយ ឬពីពាក្យដែលត្រូវថាឡើយ ពីព្រោះសេចក្ដីដែលត្រូវនិយាយ នឹងបានប្រទានមកអ្នករាល់គ្នានៅវេលានោះឯង ដ្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេ គឺជាព្រះវិញ្ញាណរបស់ព្រះវរបិតានៃអ្នកទេតើ ដែលទ្រង់មានបន្ទូលក្នុងខ្លួនអ្នកវិញ»។
ព្រះយេស៊ូមានបន្ទូលទៀតថា៖ «បងប្អូននឹងបញ្ជូនគ្នាឲ្យត្រូវស្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូននឹងលើកគ្នាទាស់នឹងឪពុកម្ដាយ ព្រមទាំងសំឡាប់គាត់ផង»។ ទ្រង់មានបន្ទូលបន្ថែមថា៖ «មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ ប៉ុន្តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត អ្នកនោះនឹងបានសង្គ្រោះ»។
ការផ្សព្វផ្សាយដំណឹងល្អ គឺសំខាន់បំផុត។ ហេតុនេះហើយ បានជាព្រះយេស៊ូបញ្ជាក់ឲ្យគេចេះប្រុងប្រយ័ត្ន ដើម្បីឲ្យពួកគេអាចមានសេរីភាពធ្វើកិច្ចការនេះ។ ទ្រង់មានបន្ទូលថា៖ «កាលណាគេធ្វើទុក្ខ បៀតបៀនអ្នករាល់គ្នា ក្នុងក្រុងនេះ នោះត្រូវរត់ទៅឯក្រុង១ទៀតវិញ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងដើរ មិនទាន់ដល់គ្រប់ទាំងទីក្រុងនៃសាសន៍អ៊ីស្រាអែលនៅឡើយ នោះកូនមនុស្សនឹងបានមកដល់ហើយ»។
គឺពិតមែនដែលព្រះយេស៊ូប្រទានឲ្យនូវសេចក្ដីបង្រៀន ការព្រមាន និងការលើកទឹកចិត្តដល់ពួកសាវ័ក១២នាក់របស់ទ្រង់។ ប៉ុន្តែសេចក្ដីទាំងនេះក៏ទាក់ទងនឹងអស់អ្នកដែលនឹងចូលរួមក្នុងការផ្សព្វផ្សាយទូទាំងពិភពលោក ក្រោយពីទ្រង់សោយទិវង្គត និងក្រោយពីដំណើររស់ឡើងវិញរបស់ទ្រង់ដែរ។ យើងដឹងថាពិតជាដូច្នេះមែន តាមរយៈបន្ទូលរបស់ទ្រង់។ ពួកសិស្សរបស់ទ្រង់នឹងត្រូវ‹មនុស្សទាំងអស់ស្អប់› នេះមិនគ្រាន់តែសំដៅទៅពួកអ៊ីស្រាអែលដែលព្រះយេស៊ូបញ្ជូនពួកសាវ័កឲ្យទៅផ្សព្វផ្សាយប្រាប់គេនោះប៉ុណ្ណោះទេ។ យ៉ាងជាក់ស្តែងណាស់ ពួកសាវ័កឥតបានត្រូវគេបញ្ជូនទៅនៅមុខចៅហ្វាយខេត្តនិងនៅចំពោះស្តេចទេ ពេលដែលព្រះយេស៊ូចាត់គេឲ្យទៅផ្សព្វផ្សាយក្នុងដំណើរទស្សនកិច្ចផ្សព្វផ្សាយដ៏ខ្លីនោះ។ មួយវិញទៀត នៅពេលនោះក៏គ្មានបងប្អូនញាតិមិត្តចាប់បញ្ជូនពួកអ្នកជឿទៅឲ្យគេសម្លាប់ឡើយ។
ដូច្នេះពេលព្រះយេស៊ូមានបន្ទូលថា ពួកសិស្សនឹងមិនបញ្ចប់ការផ្សព្វផ្សាយក្នុងតំបន់គេនៅឡើយ ទាល់តែ«កូនមនុស្សនឹងបានមកដល់ហើយ»។ នេះជាទំនាយដែលព្រះយេស៊ូមានបន្ទូលប្រាប់យើង ថាពួកសិស្សទ្រង់នឹងមិនអាចបញ្ចប់ការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រដែលបានស្ថាបនាហើយ ដល់មនុស្សទាំងអស់លើផែនដីមុននឹងព្រះយេស៊ូគ្រីស្ទជាស្តេចដ៏រុងរឿងយាងមក ដែលនឹងត្រូវធ្វើជាពេជ្ឈឃាតរបស់ព្រះយេហូវ៉ានៅសង្គ្រាមអើម៉ាគេដូន។
ព្រះយេស៊ូមានបន្ទូលបង្គាប់អំពីការផ្សព្វផ្សាយទៀតថា៖ «សិស្សមិនមែនលើសជាងគ្រូទេ ហើយបាវក៏មិនលើសជាងចៅហ្វាយខ្លួនដែរ»។ ដូច្នេះ ពួកអ្នកកាន់តាមព្រះយេស៊ូនឹងមានគេធ្វើបាបហើយទទួលការបៀតបៀនដែរ ដូចជាទ្រង់បានទទួលដោយសារការផ្សព្វផ្សាយសារអំពីព្រះរាជាណាចក្រនៃព្រះ។ ប៉ុន្តែ ទ្រង់ដាស់តឿនថា៖ «កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង នឹងរូបកាយវិនាសទៅក្នុង[ហ្គេហេណា, ព.ថ.]ផង»។
ព្រះយេស៊ូនឹងធ្វើជាគំរូស្តីអំពីរឿងនេះ។ ទ្រង់ស៊ូទ្រាំសោយទិវង្គតដោយឥតខ្លាច ជាជាងឥតរក្សាភក្ដីភាពរបស់ទ្រង់ចំពោះព្រះយេហូវ៉ាដ៏ជាព្រះដែលមានព្រះចេស្ដាបំផុតនោះ។ ត្រូវហើយ គឺជាព្រះយេហូវ៉ាដែលអាចសម្លាប់ «ព្រលឹង»យើង (ក្នុងករណីនេះមានន័យថា សេចក្ដីសង្ឃឹមទៅអនាគតរបស់យើង ត្រូវជាអ្នកមានជីវិត) ឬអាចប្រោសមនុស្សឲ្យមានជីវិតជារៀងរហូត។ ព្រះយេហូវ៉ាជាព្រះវរបិតានៅស្ថានសួគ៌ដែលពិតជាប្រកបដោយសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្ដាមែនហ្ន៎!
បន្ទាប់មក ព្រះយេស៊ូលើកទឹកចិត្តសិស្សទ្រង់ដោយប្រើរឿងប្រៀបប្រដូច ដែលបញ្ជាក់ពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាដែលមានចំពោះពួកគេ។ ទ្រង់មានបន្ទូលសួរថា៖ «តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី? តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ យ៉ាងនោះ មិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃ លើសជាងចាបជាច្រើន»។
សារព្រះរាជាណាចក្រដែលព្រះយេស៊ូចាត់ឲ្យពួកសិស្សទ្រង់ប្រកាសនោះ នឹងធ្វើឲ្យមានការបែកបាក់ក្នុងក្រុមគ្រួសារ ដ្បិតនឹងមានសមាជិកខ្លះទទួលយកសារនេះ ហើយសមាជិកខ្លះទៀតឥតទទួលយកទេ។ ទ្រង់ពន្យល់ថា៖ «កុំឲ្យស្មានថា ខ្ញុំមកនឹងតាំងឲ្យមានសេចក្ដីមេត្រីនៅផែនដីឡើយ ខ្ញុំមិនមែនមក ដើម្បីតាំងឲ្យមានសេចក្ដីមេត្រីទេ គឺឲ្យមានដាវវិញ»។ ដូច្នេះហើយ ដើម្បីឲ្យសមាជិកក្នុងគ្រួសារទទួលយកសេចក្ដីពិតពីព្រះគម្ពីរ គេត្រូវតែក្លាហាន។ ព្រះយេស៊ូមានបន្ទូលថា៖ «អ្នកណាដែលស្រឡាញ់ឪពុក ឬម្ដាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុស ឬកូនស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ»។
ពេលបញ្ចប់សេចក្ដីបង្គាប់របស់ទ្រង់ នោះព្រះយេស៊ូពន្យល់ថាអ្នកណាដែលទទួលសិស្សទ្រង់ នោះក៏ដូចជាទទួលទ្រង់ដែរ។ «អ្នកណាដែលឲ្យទឹកត្រជាក់តែ១កែវ ទៅកូនក្មេងតូច១នេះផឹក ពីព្រោះជាសិស្សខ្ញុំ នោះខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះមិនបាត់រង្វាន់ខ្លួនឡើយ»។ ម៉ាថាយ ១០:១៦-៤២
▪ តើព្រះយេស៊ូបានប្រទាននូវការព្រមានអ្វីដល់ពួកសិស្សទ្រង់?
▪ តើព្រះយេស៊ូលើកទឹកចិត្ត និងសម្រាលទុក្ខដល់ពួកគេយ៉ាងណា?
▪ ហេតុអ្វីបានជាសេចក្ដីបង្គាប់របស់ព្រះយេស៊ូ ក៏ជាប់ទាក់ទងជាមួយពួកគ្រីស្ទាននៅសម័យទំនើបនេះដែរ?
▪ តើតាមរបៀបណាដែលសិស្សរបស់ព្រះយេស៊ូ មិនធំលើសជាងគ្រូរបស់ខ្លួន?