លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការទូន្មាននាងម៉ាថា និងការណែនាំពីរបៀបអធិស្ឋាន

ការទូន្មាននាងម៉ាថា និងការណែនាំពីរបៀបអធិស្ឋាន

ជំពូក​ទី​៧៤

ការ​ទូន្មាន​នាង​ម៉ាថា និង​ការ​ណែនាំ​ពី​របៀប​អធិស្ឋាន

ក្នុង​កំឡុង​នៃ​កិច្ច​បំរើ​ផ្សាយ​របស់​ព្រះ​យេស៊ូ​នៅ​ស្រុក​យូដា នោះ​ទ្រង់​បាន​យាង​ទៅ​ភូមិ​បេថានី។ នេះ​ជា​ទី​លំនៅ​របស់​នាង​ម៉ាថា នាង​ម៉ារា និង​ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ​ឡាសារ។ ប្រហែល​ជា​ព្រះ​យេស៊ូ​បាន​ជួប​បុគ្គល​បី​នាក់​នេះ​នៅ​ពេល​មុន​រួច​មក​ហើយ​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​ទ្រង់ ដូច្នេះ​ទ្រង់​ច្បាស់​ជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​ពួក​គាត់​ហើយ។ យ៉ាង​ណា​ក៏​ដោយ ឥឡូវ​នេះ​ព្រះ​យេស៊ូ​យាង​ទៅ​លំនៅ​របស់​នាង​ម៉ាថា ហើយ​នាង​មក​ទទួល​ស្វាគមន៍​ទ្រង់​យ៉ាង​រួស​រាយ​រាក់​ទាក់។

នាង​ម៉ាថា​មាន​ចិត្ត​ខ្នះ​ខ្នែង​ចង់​ទទួល​ព្រះ​យេស៊ូ​ដោយ​អ្វី​ដ៏​ល្អ​បំផុត​ដែល​នាង​មាន។ ប្រាកដ​ហើយ គឺ​ជា​កិត្ដិយស​ដ៏​វិសេស​វិសាល​ក្រៃ​លែង ដែល​មាន​ព្រះ​មេស្ស៊ី​មក​លេង​ផ្ទះ​របស់​ខ្លួន! ដូច្នេះ ម៉ាថា​រវល់​ញាប់​ដៃ​ញាប់​ជើង​ដើម្បី​ចំអិន​អាហារ​យ៉ាង​ពិសេស និង​រៀបចំ​អ្វី​ផ្សេង​ជា​ច្រើន​ទៀត ដើម្បី​ឲ្យ​ការ​ស្នាក់​នៅ​របស់​ព្រះ​យេស៊ូ​ជា​ទី​ពេញ​ព្រះ​ទ័យ​និង​បាន​ស្រួល​ចំពោះ​ទ្រង់។

រីឯ​ប្អូន​ស្រី​របស់​ម៉ាថា​ឈ្មោះ​ម៉ារា នាង​អង្គុយ​ស្ដាប់​ព្រះ​យេស៊ូ នៅ​ទៀប​ព្រះ​បាទ​របស់​ទ្រង់។ មួយ​សន្ទុះ​ក្រោយ​មក នាង​ម៉ាថា​ក៏​ចូល​មក​ទូល​ដល់​ព្រះ​យេស៊ូ​ថា៖ «ព្រះ​អម្ចាស់​អើយ! តើ​ទ្រង់​មិន​គិត​ឃើញ​ថា ប្អូន​ខ្ញុំ​ម្ចាស់ វា​ទុក​ខ្ញុំ​ម្ចាស់ ឲ្យ​ខ្វល់​ខ្វាយ​បំរើ​តែ​ម្នាក់​ឯង​ទេ​ឬ? . . . សូម​ទ្រង់​ប្រាប់​ឲ្យ​វា​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង»។

ប៉ុន្តែ ព្រះ​យេស៊ូ​មិន​ព្រម​មាន​បន្ទូល​អ្វី​នឹង​នាង​ម៉ារា​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​បែរ​ជា​ទូន្មាន​ម៉ាថា​ទៅ​វិញ ពីព្រោះ​នាង​ខ្វល់​ខ្វាយ​ហួស​ហេតុ​នឹង​របស់​ខាង​សាច់​ឈាម។ ព្រះ​យេស៊ូ​ទូន្មាន​ប្រដៅ​ដោយ​សប្បុរស​ថា៖ «ម៉ាថា​ៗ​អើយ! នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម្ល៉េះ មាន​សេចក្ដី​តែ​១​ទេ ដែល​សំរាប់​ត្រូវ​ការ»។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា គឺ​មិន​ចាំ​បាច់​ចំណាយ​ពេល​ដើម្បី​ចំអិន​អាហារ​ច្រើន​មុខ​នោះ​ទេ។ មាន​តែ​អាហារ​មួយ​មុខ​ឬ​ពីរ​បី​មុខ​ប៉ុណ្ណោះ គឺ​គ្រប់​គ្រាន់​ទៅ​ហើយ។

នាង​ម៉ាថា​មាន​គោល​បំណង​ល្អ នាង​ចង់​ធ្វើ​ជា​អ្នក​ទទួល​ភ្ញៀវ​ដ៏​រាក់​ទាក់។ ក៏​ប៉ុន្តែ ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​តែ​ម្ហូប​អាហារ នោះ​នាង​បាត់​បង់​នូវ​ឱកាស​ដើម្បី​ទទួល​សេចក្ដី​បង្រៀន​ផ្ទាល់​ខ្លួន​ពី​ព្រះ​រាជបុត្រា​របស់​ព្រះ! ដូច្នេះ​ព្រះ​យេស៊ូ​មាន​បន្ទូល​សន្និដ្ឋាន​ថា៖ «ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ»។

ក្រោយ​មក នៅ​គ្រា​មួយ​ទៀត នោះ​សិស្ស​ម្នាក់​ទូល​ព្រះ​យេស៊ូ​ថា៖ «សូម​ទ្រង់​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ផង ដូច​ជា​លោក​យ៉ូហាន​បាន​បង្រៀន​ដល់​សិស្ស​លោក​ដែរ»។ ប្រហែល​ជា​សិស្ស​ម្នាក់​នេះ​ឥត​មាន​វត្តមាន​កាល​ដែល​ព្រះ​យេស៊ូ​បង្រៀន​សេចក្ដី​អធិស្ឋាន​គំរូ​ក្នុង​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ​កាល​ពី​មួយ​ឆ្នាំ​កន្លះ​មុន​នេះ​ទេ​មើល​ទៅ។ ដូច្នេះ ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​ម្ដង​ទៀត តែ​ទ្រង់​ពន្យល់​ជា​រឿង​ប្រៀប​ប្រដូច ដើម្បី​បញ្ជាក់​នូវ​តម្រូវ​ការ​ឲ្យ​ព្យាយាម​អធិស្ឋាន។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​មិត្រ​សំឡាញ់​ម្នាក់ ហើយ​ទៅ​និយាយ​នឹង​អ្នក​នោះ ទាំង​ពាក់​កណ្ដាល​អធ្រាត្រ​ថា‹សំឡាញ់​អើយ! សូម​ឲ្យ​អញ​ខ្ចី​នំ​ប៉័ង​៣​ដុំ​សិន ដ្បិត​មាន​សំឡាញ់​អញ​ម្នាក់ មាន​ដំណើរ​មក​ឯ​ផ្ទះ អញ​គ្មាន​អ្វី​ទទួល​គេ​សោះ›។ តែ​អ្នក​នោះ​នឹង​ឆ្លើយ​ពី​ក្នុង​ផ្ទះ​មក​ថា ‹កុំ​មក​រំខាន​ចិត្ត​អញ​អី! ព្រោះ​ទ្វារ​បិទ​ហើយ កូន​អញ​ក៏​ដេក​នៅ​គ្រែ​ជា​មួយ​នឹង​អញ​ផង អញ​ក្រោក​ទៅ​យក​ឲ្យ​ឯង​ពុំ​បាន​ទេ›។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សំឡាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជា​និច្ច»។

តាម​រយៈ​ការ​ប្រៀប​ធៀប​នេះ ព្រះ​យេស៊ូ​មិន​ចង់​មាន​ន័យ​ថា ព្រះ​យេហូវ៉ា​មិន​សុខ​ព្រះ​ហឫទ័យ​តប​ឆ្លើយ​នឹង​សេចក្ដី​អង្វរ ដូច​ជា​សំឡាញ់​នៅ​ក្នុង​រឿង​នេះ​ឡើយ។ ក៏​ប៉ុន្តែ ទ្រង់​ពន្យល់​ថា ប្រសិន​បើ​មិត្ត​ដែល​មិន​សុខ​ចិត្ត​ធ្វើ​នេះ តប​ឆ្លើយ​តាម​សេចក្ដី​ស្នើ​សុំ​ម្ដង​ហើយ​ម្ដង​ទៀត​ឥត​ឈប់​ឈរ​យ៉ាង​ណា នោះ​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ក៏​នឹង​ធ្វើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត! ដូច្នេះ​ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ត​ថា៖ «បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ»។

រួច​មក ព្រះ​យេស៊ូ​មាន​បន្ទូល​សំដៅ​ទៅ​ឪពុក​ដែល​មាន​បាប​ដោយ​ភាព​ឥត​គ្រប់​ល័ក្ខណ៍​ថា៖ «ឯ​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក បើ​កូន​សូម​នំ​ប៉័ង តើ​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ទៅ​វា? ឬ​បើ​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ? បើ​វា​សូម​ពង​មាន់ តើ​នឹង​ឲ្យ​ខ្យា​ដំរី​ឬ . . . បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះ​វរបិតា ដែល​គង់​ស្ថាន​សួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត»។ ប្រាកដ​ហើយ នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ដែល​ព្រះ​យេស៊ូ​ប្រទាន​មក ដើម្បី​ជំរុញ​ចិត្ត​យើង​ឲ្យ​ខំ​ព្យាយាម​អធិស្ឋាន។ លូកា ១០:៣៨–១១:១៣

ហេតុ​អ្វី​បាន​ជា​នាង​ម៉ាថា​ខំ​ខ្នះ​ខ្នែង​រៀបចំ​ច្រើន​ម្ល៉េះ​សំរាប់​ទទួល​ព្រះ​យេស៊ូ?

តើ​នាង​ម៉ារា​ធ្វើ​អ្វី? ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​សរសើរ​នាង​ម៉ារា តែ​ឥត​សរសើរ​នាង​ម៉ាថា​ទៅ​វិញ?

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះ​យេស៊ូ​មាន​បន្ទូល​ម្ដង​ទៀត​ចំពោះ​សេចក្ដី​បង្គាប់​ខាង​ការ​អធិស្ឋាន?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ពន្យល់​ឲ្យ​យើង​ត្រូវ​ខំ​ព្យាយាម​អធិស្ឋាន?