លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការបង្រៀនបន្ថែមនៅថ្ងៃទីប្រាំពីរ

ការបង្រៀនបន្ថែមនៅថ្ងៃទីប្រាំពីរ

ជំពូក​ទី​៦៨

ការ​បង្រៀន​បន្ថែម​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ

ថ្ងៃ​ទី​ប្រាំ​ពីរ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យ​បារាំ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា។ ព្រះ​យេស៊ូ​កំពុង​តែ​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ នៅ​ត្រង់«ឃ្លាំង»។ តាម​មើល​ទៅ នេះ​ក៏​ជា​កន្លែង​ដែល​ហៅ​ថា​ទី​ធ្លា​នៃ​ស្ត្រី ហើយ​នៅ​ទី​នេះ​មាន​ប្រដាប់​ដាក់​ប្រាក់​តង្វាយ ដែល​មនុស្ស​អាច​ដាក់​វិភាគទាន​របស់​ពួក​គេ។

រៀង​រាល់​យប់​ក្នុង​ពិធី​បុណ្យ​នោះ គឺ​មាន​ចង្កៀង​បំភ្លឺ​នៅ​ត្រង់​កន្លែង​នេះ​ក្នុង​ព្រះ​វិហារ។ គឺ​មាន​ចង្កៀង​ដ៏​ធំ​បួន ហើយ​ចង្កៀង​និមួយ​ៗ​គឺ​មាន​កន្លែង​ដាក់​ប្រេង​ដ៏​ធំ​បួន ដែល​មាន​ប្រេង​ពេញ។ ចង្កៀង​ធំ​ៗ​ទាំង​បួន​អាច​បញ្ចេញ​ពន្លឺ​យ៉ាង​ភ្លឺ​ចិញ្ចាច​នៅ​ពេល​យប់ ដែល​គេ​អាច​មើល​ឃើញ​ពី​ចម្ងាយ​បាន នេះ​គឺ​ដោយ​សារ​មាន​ប្រេង​ទាំង​១៦​កន្លែង​នោះ។ ប៉ុន្តែ អ្វី​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល អាច​រំឭក​ពួក​អ្នក​ស្ដាប់​ទ្រង់​នូវ​ការ​បញ្ចាំង​ពន្លឺ​នេះ។ ព្រះ​យេស៊ូ​ប្រកាស​ថា៖ «ខ្ញុំ​ជា​ពន្លឺ​លោកីយ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។

នោះ​ពួក​ផារីស៊ី​ជំទាស់​ថា៖ «អ្នក​ធ្វើ​បន្ទាល់​ពី​ខ្លួន​អ្នក ដូច្នេះ សេចក្ដី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «ទោះ​បើ​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ គង់​តែ​សេចក្ដី​បន្ទាល់​នោះ​ក៏​ពិត​ដែរ ព្រោះ​ខ្ញុំ​ដឹង​ជា​ខ្ញុំ​មក​ពី​ណា​ហើយ​ទៅ​ឯ​ណា​ផង តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ»។ ទ្រង់​មាន​បន្ទូល​ទៀត​ថា៖ «ដូច្នេះ មាន​ខ្ញុំ​នេះ​១​ដែល​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ ហើយ​មាន​ព្រះ​វរបិតា​១ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ»។

ពួក​ផារីស៊ី​ទូល​សួរ​ចង់​ដឹង​ថា៖ «តើ​ព្រះ​វរបិតា​អ្នក​នៅ​ឯ​ណា?»។

ព្រះ​យេស៊ូ​ទ្រង់​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ឬ​ព្រះ​វរបិតា​ខ្ញុំ​ទេ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​នឹង​ស្គាល់​ដល់​ព្រះ​វរបិតា​ខ្ញុំ​ដែរ»។ ទោះ​ជា​ពួក​ផារីស៊ី​នៅ​តែ​ចង់​ចាប់​ព្រះ​យេស៊ូ​ក៏​ដោយ ពេល​នោះ​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ប៉ះ​ពាល់​ទ្រង់​ឡើយ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា៖ «ខ្ញុំ​នឹង​ទៅ​បាត់ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ»។

ភ្លាម​នោះ ពួក​សាសន៍​យូដា​ចាប់​ផ្ដើម​ឆ្ងល់​ថា៖ «តើ​អ្នក​នេះ​នឹង​សំឡាប់​ខ្លួន​ឯង​ឬ? . . . បាន​ជា​ថា ‹កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ›»។

ព្រះ​យេស៊ូ​ពន្យល់​ថា៖ «អ្នក​រាល់​គ្នា​មក​ពី​ស្ថាន​ក្រោម ឯ​ខ្ញុំ​ៗ​មក​ពី​ស្ថាន​លើ​វិញ អ្នក​រាល់​គ្នា​កើត​ពី​លោកីយ​នេះ តែ​ខ្ញុំ​មិន​កើត​ពី​លោកីយ​នេះ​ទេ»។ រួច​មក​ទ្រង់​មាន​បន្ទូល​ទៀត​ថា៖ «អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ពីព្រោះ​បើ​មិន​ជឿ​ថា ខ្ញុំ​នេះ​ជា​ព្រះ នោះ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​ពិត​មែន»។

ប្រាកដ​ហើយ ទ្រង់​កំពុង​តែ​សំដៅ​ទៅ​អត្ថិភាព​របស់​ទ្រង់ មុន​ទ្រង់​ប្រសូត​ជា​មនុស្ស និង​អំពី​សេចក្ដី​សន្យា​ថា​ទ្រង់​ជា​ព្រះ​មេស្ស៊ី ឬ​ព្រះ​គ្រីស្ទ។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ទូល​សួរ​ទាំង​មាន​អារម្មណ៍​ស្អប់​ខ្ពើម​យ៉ាង​ខ្លាំង​ថា៖ «តើ​អ្នក​ជា​អ្វី?»។

ពេល​ប្រឈម​មុខ​នឹង​ការ​បដិសេធ​នេះ នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «គឺ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា ពី​ដើម​រៀង​មក​នោះ​ឯង»។ ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ត​ថា៖ «ព្រះ​អង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ពិត​ប្រាកដ ហើយ​សេចក្ដី​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ទ្រង់ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​លោក​ដែរ»។ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​បាន​លើក​កូន​មនុស្ស​ឡើង [«អ្នក​រាល់​គ្នា​មុខ​ជា​នឹង​ស្គាល់​ឋានៈ​របស់​ខ្ញុំ​ពុំ​ខាន», ខ.ស.] ហើយ​ថា ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ គឺ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ តាម​ដែល​ព្រះ​វរបិតា​បាន​បង្រៀន​ខ្ញុំ​វិញ ព្រះ​អង្គ​នោះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ក៏​គង់​នៅ​ជា​មួយ​នឹង​ខ្ញុំ ទ្រង់​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ទេ ពីព្រោះ​ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ជា​ដរាប»។

នៅ​ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​រឿង​ទាំង​នេះ មនុស្ស​ជា​ច្រើន​មាន​ជំនឿ​លើ​ទ្រង់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ចំពោះ​អ្នក​ទាំង​នេះ​ថា៖ «បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច»។

ពួក​អ្នក​ប្រឆាំង​ទ្រង់​ទូល​ថា៖ «យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រាហាំ ក៏​មិន​ដែល​ធ្វើ​ជា​បាវ​បំរើ​របស់​អ្នក​ណា​ឡើយ ម្ដេច​ក៏​អ្នក​ថា យើង​នឹង​បាន​រួច​ដូច្នេះ?»។

ទោះ​ជា​ពួក​សាសន៍​យូដា​បាន​នៅ​ក្រោម​អាណានិគម​ប្រទេស​ក្រៅ​ច្រើន​ដង​ក៏​ដោយ តែ​ពួក​គេ​ឥត​ទទួល​ស្គាល់​អ្នក​ជិះ​ជាន់​ណា​មួយ ជា​ចៅហ្វាយ​នោះ​ឡើយ។ ពួក​គេ​មិន​ព្រម​ឲ្យ​មនុស្ស​ហៅ​ពួក​គេ​ជា​បាវ​បំរើ​ឡើយ។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បញ្ជាក់​ប្រាប់​ថា ពួក​គេ​ប្រាកដ​ជា​បាវ​បំរើ​មែន។ តើ​ក្នុង​ន័យ​យ៉ាង​ណា​ទៅ? ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប នោះ​ជា​បាវ​បំរើ​របស់​អំពើ​បាប​នោះ​ហើយ»។

ពួក​សាសន៍​យូដា​គឺ​អាច​មាន​គ្រោះ​ថ្នាក់​មែន ដោយ​មិន​ព្រម​ទទួល​ស្គាល់​ថា​ពួក​គេ​ជា​បាវ​បំរើ​របស់​អំពើ​បាប។ ព្រះ​យេស៊ូ​ពន្យល់​ថា៖ «រីឯ​បាវ​បំរើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​ជា​ដរាប​ទេ តែ​ព្រះ​រាជបុត្រា ទ្រង់​នៅ​ជាប់​អស់​កល្ប​ជា​និច្ច​វិញ»។ ដោយ​ព្រោះ​បាវ​បំរើ​ឥត​មាន​សិទ្ធិ​នៅ​រហូត​នោះ គាត់​អាច​ត្រូវ​គេ​បណ្ដេញ​ចេញ​ពេល​ណា​ក៏​បាន​ដែរ។ មាន​តែ​កូន​ដែល​បាន​កើត​ឬ​យក​មក​ចិញ្ចឹម​ក្នុង​គ្រួសារ​នោះ​ប៉ុណ្ណោះ​ទេ ដែល​អាច​នៅ‹ជា​រហូត› ពោល​គឺ​អស់​មួយ​ជីវិត​របស់​គាត់។

ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ត​ថា៖ «ដូច្នេះ បើ​ព្រះ​រាជបុត្រា​ប្រោស​ឲ្យ អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត»។ ដូច្នេះ​ហើយ សេចក្ដី​ពិត​ដែល​រំដោះ​មនុស្ស គឺ​ជា​សេចក្ដី​ពិត​អំពី​ព្រះ​រាជបុត្រា គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ មាន​តែ​តាម​រយៈ​យញ្ញ​បូជា​ជីវិត​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​របស់​ទ្រង់​ប៉ុណ្ណោះ ដែល​អាច​ជួយ​មនុស្ស​ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដល់​ជីវិត ដោយ​អំពើ​បាប។ យ៉ូហាន ៨:១២​-​៣៦

នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​នៃ​ពិធី​បុណ្យ តើ​ព្រះ​យេស៊ូ​បង្រៀន​នៅ​ឯ​ណា? ពេល​យប់​តើ​មាន​អ្វី​នៅ​ទី​នោះ? ហើយ​តើ​នេះ​ទាក់​ទង​នឹង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​យ៉ាង​ណា​អំពី​កំណើត​របស់​ទ្រង់? ហើយ​តើ​នេះ​បាន​បង្ហាញ​នូវ​អត្តសញ្ញាណ​របស់​ទ្រង់​យ៉ាង​ណា?

តើ​តាម​របៀប​ណា​ដែល​បង្ហាញ​ថា​ពួក​យូដា​ជា​បាវ​បំរើ​នោះ? ប៉ុន្តែ​តើ​សេចក្ដី​ពិត​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​រួច​នោះ?