លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការបង្រៀនស្ត្រីសាសន៍សាម៉ារីម្នាក់

ការបង្រៀនស្ត្រីសាសន៍សាម៉ារីម្នាក់

ជំពូក​ទី​១៩

ការ​បង្រៀន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់

ពេល​ចេញ​ពី​ស្រុក​យូដា​ទៅ​ឯ​ស្រុក​កាលីឡេ​វិញ នោះ​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​សាម៉ារី។ ដោយ​អស់​កម្លាំង ប្រហែល​ជា​ថ្ងៃ​ត្រង់ នោះ​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​ក៏​ឈប់​សំរាក​នៅ​ក្បែរ​មាត់​អណ្ដូង​មួយ​ជិត​ទី​ក្រុង​ស៊ូខារ។ អណ្ដូង​នេះ​បាន​ត្រូវ​ជីក​ជា​ច្រើន​សតវត្ស​មក​ហើយ​ដោយ​លោក​យ៉ាកុប ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​អណ្ដូង​នេះ​ក៏​នៅ​តែ​មាន គឺ​ជិត​ទី​ក្រុង​មួយ​នៅ​សម័យ​ទំនើប​នេះ​ឈ្មោះ​ថា​ណាប្លូស។

កាល​ដែល​ព្រះ​យេស៊ូ​ឈប់​សំរាក​នៅ​ទី​នេះ នោះ​ពួក​សិស្ស​របស់​ទ្រង់​ក៏​ចូល​ទៅ​ទី​ក្រុង ដើម្បី​ទៅ​ទិញ​ស្បៀង​អាហារ។ នៅ​ពេល​ដែល​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក នោះ​ទ្រង់​សុំ​ថា៖ «សូម​ឲ្យ​ខ្ញុំ​ផឹក​ផង!»។

ធម្មតា​សាសន៍​យូដា​និង​សាសន៍​សាម៉ារី​ឥត​មាន​ការ​ប្រស្រ័យ​ទាក់​ទង​នឹង​គ្នា​ទេ ពីព្រោះ​ការ​ប្រកាន់​នេះ​មាន​តាំង​ពី​យូរ​មក​ហើយ។ ដូច្នេះ ដោយ​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នោះ​ស្ត្រី​នេះ​ទូល​សួរ​ថា៖ «លោក​ជា​សាសន៍​យូដា ម្ដេច​ឡើយ​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសា ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សាម៉ារី​ដូច្នេះ?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «បើ​សិន​ជា​នាង​បាន​ស្គាល់ . . . នឹង​អ្នក​ដែល​និយាយ​នឹង​នាង​ថា ‹សូម​ឲ្យ​ខ្ញុំ​ផឹក​ផង!› នោះ​នាង​នឹង​បាន​សូម​ពី​អ្នក​នោះ​វិញ រួច​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់​ដល់​នាង»។

នាង​ទូល​តប​ថា៖ «លោក​ម្ចាស់! លោក​គ្មាន​អ្វី​នឹង​ដង​ទេ ហើយ​អណ្ដូង​ក៏​ជ្រៅ​ផង ដូច្នេះ​លោក​បាន​ទឹក​រស់​នោះ​ពី​ណា​មក តើ​លោក​ធំ​ជាង​យ៉ាកុប ជា​ឰយុកោ​យើង​ខ្ញុំ ដែល​ឲ្យ​អណ្ដូង​នេះ​មក​យើង​ខ្ញុំ ហើយ​ទាំង​ខ្លួន​លោក កូន​ចៅ នឹង​ហ្វូង​សត្វ​របស់​លោក ក៏​បាន​ផឹក​ផង​ឬ?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «អស់​អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ត្រូវ​ស្រេក​ទៀត តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច»។

ស្ត្រី​នេះ​ក៏​ទូល​តប​ថា៖ «លោក​ម្ចាស់​អើយ! សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក ឬ​មក​ដង​នៅ​ទី​នេះ​ទៀត»។

ឥឡូវ​នេះ ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​ទៅ​កាន់​នាង​ទៀត​ថា៖ «ចូរ​ទៅ​ហៅ​ប្ដី​នាង​មក​ឯ​ណេះ!»។

នាង​ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​គ្មាន​ប្ដី​ទេ!»។

ព្រះ​យេស៊ូ​ក៏​បញ្ជាក់​ពាក្យ​របស់​នាង​ដោយ​ថ្លែង​ថា៖ «ដែល​នាង​ថា ‹គ្មាន​ប្ដី នោះ​ថា​ត្រូវ​ហើយ!› ដ្បិត​នាង​បាន​មាន​ប្ដី​៥​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ប្ដី​នាង​ទេ!»។

ស្ត្រី​នេះ​ទូល​តប​ទាំង​ភ្ញាក់​ផ្អើល​ថា៖ «លោក​ម្ចាស់​អើយ! ខ្ញុំ​យល់​ឃើញ​ថា លោក​ជា​ហោរា»។ ដោយ​បង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍​ខាង​វិញ្ញាណ នោះ​នាង​កត់​សម្គាល់​ថា សាសន៍​សាម៉ារី «បាន​ថ្វាយ​បង្គំ​នៅ​លើ​ភ្នំ​នេះ [ភ្នំ​កេរិស៊ីម ដែល​នៅ​ជិត​នេះ] តែ​ពួក​លោក[សាសន៍​យូដា]ថា ក្រុង​យេរូសាឡិម​ជា​កន្លែង​ដែល​ត្រូវ​ថ្វាយ​បង្គំ​វិញ»។

ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បញ្ជាក់​ប្រាប់​ថា កន្លែង​នៃ​ការ​ថ្វាយ​បង្គំ​គឺ​មិន​មែន​ជា​អ្វី​ដ៏​សំខាន់​នោះ​ទេ។ ទ្រង់​មាន​បន្ទូល​ថា៖ «តែ​នឹង​មាន​ពេល​វេលា​មក . . . នោះ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត ពីព្រោះ​ព្រះ​វរបិតា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​បាន​ថ្វាយ​បង្គំ​ទ្រង់ ឯ​ព្រះ​ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ​បង្គំ ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត​ដែរ»។

ស្ត្រី​នេះ​មាន​ចិត្ត​ស្ងើច​យ៉ាង​ខ្លាំង។ នាង​ទូល​ថា៖ «ខ្ញុំ​ដឹង​ហើយ​ថា ព្រះ​មែស៊ី​ដែល​ហៅ​ជា​ព្រះ​គ្រីស្ទ ទ្រង់​នឹង​យាង​មក កាល​ណា​មក​ហើយ នោះ​ទ្រង់​នឹង​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​គ្រប់​ទាំង​អស់»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រកាស​ថា៖ «នោះ​គឺ​ខ្ញុំ​នេះ​ហើយ ដែល​និយាយ​នឹង​នាង»។ សូម​គិត​ទៅ​មើល! ស្ត្រី​នេះ​ដែល​មក​ដង​ទឹក​នៅ​ពេល​ថ្ងៃ​ត្រង់ ប្រហែល​ជា​ចង់​ជៀស​វាង​ពី​ស្ត្រី​ឯ​ទៀត​ក្នុង​ក្រុង ដែល​ស្អប់​នាង​ដោយ​សារ​ការ​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​របស់​នាង។ តែ​ព្រះ​យេស៊ូ​បាន​អនុគ្រោះ​ចំពោះ​នាង​តាម​របៀប​ដ៏​អស្ចារ្យ​ទៅ​វិញ។ ដោយ​មាន​បន្ទូល​ចំ​ៗ នោះ​ទ្រង់​មាន​បន្ទូល​ប្រាប់​នាង នូវ​អ្វី​ដែល​ទ្រង់​មិន​ទាន់​បាន​ប្រាប់​សព្វ​គ្រប់​ដល់​អ្នក​ណា​ម្នាក់​ទេ។ តើ​មាន​លទ្ធផល​យ៉ាង​ណា?

សាសន៍​សាម៉ារី​ជា​ច្រើន​បាន​ជឿ

ពេល​ពួក​សិស្ស​មក​ពី​ទិញ​ស្បៀង​អាហារ​នៅ​ទី​ក្រុង​ស៊ូខារ​វិញ​នោះ ពួក​សិស្ស​ឃើញ​ព្រះ​យេស៊ូ​នៅ​ឯ​មាត់​អណ្ដូង​កំពុង​តែ​និយាយ​ជា​មួយ​នឹង​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់។ នៅ​ពេល​ដែល​ពួក​សិស្ស​មក​ដល់ នោះ​នាង​ក៏​ចេញ​ទៅ​ដោយ​ទុក​ចោល​ក្អម​របស់​នាង ហើយ​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​នោះ​វិញ។

ដោយ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នឹង​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​នាង នោះ​នាង​ប្រាប់​ពួក​បុរស​ក្នុង​ទី​ក្រុង​ថា៖ «ចូរ​មក​មើល! មាន​មនុស្ស​ម្នាក់ ដែល​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់ ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត»។ បន្ទាប់​មក​នាង​សួរ​ដោយ​របៀប​ដែល​ធ្វើ​ឲ្យ​គេ​ចង់​ដឹង​ថា៖ «តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះ​គ្រីស្ទ​ទេ​ឬ?»។ តាម​រយៈ​សំនួរ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​បុរស​ទាំង​នេះ​ចង់​ទៅ​មើល​ដោយ​ខ្លួន​គេ​ផ្ទាល់។

ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​សិស្ស​អញ្ជើញ​ព្រះ​យេស៊ូ​សោយ​អាហារ ដែល​បាន​ទិញ​មក​ពី​ទី​ក្រុង។ ក៏​ប៉ុន្តែ ទ្រង់​មាន​បន្ទូល​ថា៖ «ខ្ញុំ​មាន​អាហារ​សំរាប់​ទទួល​ទាន​ហើយ គឺ​ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់»។

ពួក​សិស្ស​ក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «មាន​អ្នក​ណា​យក​អ្វី​មក​ជូន​លោក​ពិសា​ដែរ​ឬ?»។ ព្រះ​យេស៊ូ​ពន្យល់​ថា៖ «ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង តើ​អ្នក​រាល់​គ្នា​មិន​ថា នៅ​៤​ខែ​ទៀត ទើប​ដល់​រដូវ​ចំរូត​ទេ​ឬ?»។ ក៏​ប៉ុន្តែ ដោយ​បញ្ជាក់​ប្រាប់​អំពី​ការ​ច្រូត​ខាង​វិញ្ញាណ នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ចូរ​ងើប​ឡើង​មើល​ទៅ​ស្រែ​មើល! ដ្បិត​បាន​ក្រហម​ល្មម​ច្រូត​ហើយ អ្នក​ណា​ដែល​ច្រូត នោះ​បាន​រង្វាន់ ក៏​ប្រមូល​ផល​សំរាប់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ដើម្បី​ឲ្យ​អ្នក​ដែល​ព្រោះ នឹង​អ្នក​ដែល​ច្រូត បាន​អរ​សប្បាយ​ផង​គ្នា»។

ប្រហែល​ជា​ព្រះ​យេស៊ូ​អាច​ទត​ឃើញ​នូវ​លទ្ធផល​ដ៏​អស្ចារ្យ​ដែល​ទ្រង់​បាន​ជួប​ស្ត្រី​សាសន៍​សាម៉ារី គឺ​ថា​នឹង​មាន​មនុស្ស​ជា​ច្រើន​មាន​ជំនឿ​លើ​ទ្រង់ ដោយ​សារ​ការ​ធ្វើ​បន្ទាល់​របស់​នាង។ នាង​កំពុង​តែ​ធ្វើ​បន្ទាល់​ដល់​មនុស្ស​ក្នុង​ក្រុង ដោយ​និយាយ​ថា៖ «លោក​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត»។ ដូច្នេះ​នៅ​ពេល​ដែល​ពួក​បុរស​នៅ​ទី​ក្រុង​ស៊ូខារ​បាន​មក​ឯ​ទ្រង់​នៅ​ត្រង់​មាត់​អណ្ដូង នោះ​ពួក​គេ​សុំ​អញ្ជើញ​ទ្រង់​មាន​បន្ទូល​ប្រាប់​គេ​ថែម​ទៀត។ ព្រះ​យេស៊ូ​ក៏​យល់​ព្រម​នឹង​សេចក្ដី​អញ្ជើញ​នេះ ហើយ​ទ្រង់​គង់​នៅ​ទី​នោះ​ពីរ​ថ្ងៃ។

កាល​ដែល​សាសន៍​សាម៉ារី​ស្ដាប់​ព្រះ​យេស៊ូ នោះ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ជឿ​ទ្រង់។ រួច​មក ពួក​គេ​ក៏​និយាយ​ទៅ​ស្ត្រី​នេះ​ថា៖ «ឥឡូវ​នេះ យើង​ជឿ មិន​មែន​ដោយ​ព្រោះ​ពាក្យ​សំដី​របស់​អ្នក​ទៀត​ទេ គឺ​ជឿ​ដោយ​ព្រោះ​បាន​ឮ​ទ្រង់​ផ្ទាល់​ខ្លួន​យើង​វិញ ហើយ​យើង​ដឹង​ថា ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​មនុស្ស​លោក​ពិត​ប្រាកដ​មែន»។ យ៉ាង​ប្រាកដ​ហើយ ស្ត្រី​សាសន៍​សាម៉ារី​នេះ​ផ្ដល់​នូវ​គំរូ​ដ៏​ល្អ ពី​របៀប​ដែល​យើង​អាច​ធ្វើ​បន្ទាល់​អំពី​ព្រះ​គ្រីស្ទ ដោយ​ធ្វើ​ឲ្យ​គេ​ចង់​ដឹង ដើម្បី​ឲ្យ​ពួក​អ្នក​ស្ដាប់​ចង់​យល់​ចង់​ដឹង​ថែម​ទៀត!

ចូរ​ចង​ចាំ​ថា គឺ​នៅ​តែ​បួន​ខែ​ទៀត​ដល់​រដូវ​ចំរូត​ហើយ តាម​មើល​ទៅ គឺ​ចំរូត​ស្រូវ​ឱ​ក​ដែល​នៅ​ស្រុក​ប៉ាឡេស្ទីន​នឹង​មាន​នៅ​និទាឃ​រដូវ។ ដូច្នេះ​ឥឡូវ​នេះ គឺ​ប្រហែល​ជា​ខែ​វិច្ឆិកា​ឬ​ក៏​ខែ​ធ្នូ​ហើយ។ នេះ​មាន​ន័យ​ថា បន្ទាប់​ពី​បុណ្យ​រំលង​នៅ​ឆ្នាំ​៣០ ស.យ. ព្រះ​យេស៊ូ​និង​ពួក​សិស្ស​ទ្រង់ បាន​ចំណាយ​ពេល​អស់​ប្រាំ​បី​ខែ​ឬ​ច្រើន​ទៅ​ទៀត នៅ​ក្នុង​ស្រុក​យូដា​ដើម្បី​បង្រៀន​និង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស។ ឥឡូវ​នេះ ព្រះ​យេស៊ូ​និង​ពួក​សិស្ស​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ទី​លំនៅ​នៅ​ស្រុក​កាលីឡេ​វិញ​ហើយ។ តើ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ទី​នោះ? យ៉ូហាន ៤:៣​-​៤៣

ហេតុ​អ្វី​ក៏​ស្ត្រី​សាសន៍​សាម៉ារី​មាន​ចិត្ត​ភ្ញាក់​ផ្អើល ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​ជា​មួយ​នាង​នោះ?

តើ​អ្វី​ដែល​ព្រះ​យេស៊ូ​បង្រៀន​នាង​អំពី​ទឹក​រស់ និង​កន្លែង​ដែល​ត្រូវ​ថ្វាយ​បង្គំ​នោះ?

តើ​ព្រះ​យេស៊ូ​លាត​ត្រដាង​អង្គ​ទ្រង់​ឲ្យ​ស្ត្រី​សាសន៍​សាម៉ារី​ដឹង​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​ក៏​ការ​លាត​ត្រដាង​នេះ​គឺ​អស្ចារ្យ​ម្ល៉េះ?

តើ​ការ​ធ្វើ​បន្ទាល់​អ្វី​ដែល​ស្ត្រី​សាសន៍​សាម៉ារី​នេះ​ធ្វើ? ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

តើ​អាហារ​របស់​ព្រះ​យេស៊ូ​ទាក់​ទង​នឹង​ការ​ច្រូត​យ៉ាង​ដូច​ម្ដេច?

តើ​តាម​របៀប​ណា​ដែល​យើង​អាច​ដឹង​អំពី​រយៈ​ពេល​នៃ​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ នៅ​ក្នុង​ស្រុក​យូដា​បន្ទាប់​ពី​បុណ្យ​រំលង​នៅ​ឆ្នាំ​៣០ ស.យ.នោះ?