លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការបដិសេធមិនទទួលស្គាល់ព្រះយេស៊ូក្នុងទីធ្លា

ការបដិសេធមិនទទួលស្គាល់ព្រះយេស៊ូក្នុងទីធ្លា

ជំពូក​ទី​១២០

ការ​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ក្នុង​ទី​ធ្លា

ក្រោយ​ពី​ពួក​សាវ័ក​ទាំង​អស់​រត់​ចោល​ព្រះ​យេស៊ូ​ក្នុង​សួន​ច្បារ​គែតសេម៉ានី​ដោយសារ​ភាព​ភ័យ​ខ្លាច​នោះ ពេត្រុស​និង​យ៉ូហាន​ក៏​ឈប់​រត់​គេច​ខ្លួន​ទៀត។ ប្រហែល​ជា​ពួក​គេ​តាម​មក​ទាន់​ព្រះ​យេស៊ូ ពេល​ទាហាន​យក​ទ្រង់​ទៅ​គេហដ្ឋាន​របស់​លោក​អាណ។ ពេល​លោក​អាណ​បញ្ជូន​ទ្រង់​ទៅ​សម្ដេច​សង្ឃ​កៃផា នោះ​ពេត្រុស​និង​យ៉ូហាន​ក៏​ដើរ​តាម​ពី​ចម្ងាយ​ដែរ តាម​មើល​ទៅ​ដោយ​ព្រោះ​ពួក​គាត់​ខ្លាច​បាត់​បង់​ជីវិត​របស់​ខ្លួន និង​ម្យ៉ាង​វិញ​ទៀត​ដោយ​សារ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​ចៅហ្វាយ​របស់​ពួក​គាត់។

ពេល​មក​ដល់​គេហដ្ឋាន​ដ៏​ធំ​របស់​លោក​កៃផា នោះ​យ៉ូហាន​ក៏​ចូល​ក្នុង​ទី​ធ្លា ពីព្រោះ​គាត់​ស្គាល់​សម្ដេច​សង្ឃ។ ប៉ុន្តែ ពេត្រុស​ឈរ​នៅ​មាត់​ទ្វារ​ខាង​ក្រៅ។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក យ៉ូហាន​មក​វិញ​ហើយ​និយាយ​នឹង​អ្នក​ឆ្មាំ​ទ្វារ​ជា​បាវ​ស្រី រួច​យ៉ូហាន​ក៏​នាំ​ពេត្រុស​ចូល​ដែរ។

ពួក​អ្នក​បំរើ​និង​ពួក​អាជ្ញា​របស់​សម្ដេច​សង្ឃ​បាន​បង្កាត់​ភ្លើង​អាំង​កំដៅ​ខ្លួន ដ្បិត​នៅ​ពេល​នោះ​រងា​ណាស់។ ហើយ​ពេត្រុស​ក៏​នៅ​អាំង​ភ្លើង​ជា​មួយ​ពួក​គេ​ដែរ ពេល​រង់​ចាំ​នូវ​លទ្ធផល​នៃ​ការ​កាត់​ទោស​របស់​ព្រះ​យេស៊ូ។ នៅ​ទី​នោះ​ដោយ​សារ​ភ្លើង​ភ្លឺ នោះ​អ្នក​ឆ្មាំ​ទ្វារ​ដែល​បាន​អនុញ្ញាត​ឲ្យ​ពេត្រុស​ចូល ក៏​សម្លឹង​ឃើញ​មុខ​គាត់​យ៉ាង​ច្បាស់។ បាវ​ស្រី​នេះ​លាន់​មាត់​ថា៖ «អ្នក​ឯង​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​កាលីឡេ​នេះ​ដែរ»។

ពេត្រុស​ខក​ចិត្ត​យ៉ាង​ខ្លាំង​ពេល​គេ​ស្គាល់​គាត់ ហើយ​នៅ​ចំពោះ​មុខ​បណ្ដា​ជន គាត់​បដិសេធ​ថា​មិន​ដែល​ស្គាល់​ព្រះ​យេស៊ូ​ទេ។ គាត់​ថា៖ «ខ្ញុំ​មិន​ដឹង មិន​យល់​ជា​អ្នក​និយាយ​អ្វី​ទេ»។

រួច​ពេត្រុស​ក៏​ចេញ​ទៅ​ខាង​ក្រៅ​ជិត​មាត់​ទ្វារ។ នៅ​ទី​នោះ មាន​បាវ​ស្រី​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ប្រាប់​ដល់​ពួក​អ្នក​ឈរ​នៅ​ទី​នោះ​ថា៖ «អ្នក​នេះ​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត​ដែរ»។ ពេត្រុស​ក៏​ប្រកែក​ម្ដង​ទៀត ទាំង​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ!»។

ពេត្រុស​នៅ​ក្នុង​ទី​ធ្លា ដោយ​ខំ​ប្រឹង​បន្លំ​ខ្លួន​កុំ​ឲ្យ​គេ​ស្គាល់​គាត់។ ប្រហែល​នៅ​ត្រង់​កន្លែង​នេះ​ហើយ ដែល​គាត់​បាន​ភ្ញាក់​ផ្អើល​នឹង​មាន់​រងាវ​ពេល​ព្រលឹម​ស្រាង​ៗ​នោះ។ ចន្លោះ​ពេល​នោះ ពួក​គេ​កំពុង​តែ​វិនិច្ឆ័យ​ទោស​ព្រះ​យេស៊ូ ដែល​តាម​មើល​ទៅ​គេ​ធ្វើ​នៅ​ជាន់​ខាង​លើ​ទី​ធ្លា។ ជាក់​ស្តែង​ណាស់ ពេត្រុស​និង​អ្នក​ដទៃ​កំពុង​តែ​រង់​ចាំ​មើល​ពី​ខាង​ក្រោម​ទៅ ដើម្បី​នឹង​អាច​ឃើញ​សាក្សី​ជា​ច្រើន​ដែល​ចេញ​ចូល​ធ្វើ​ជា​សាក្សី​ឲ្យ​ពួក​គេ។

មួយ​ម៉ោង​បាន​កន្លង​ទៅ​ហើយ តាំង​ពី​គេ​សម្គាល់​ថា​ពេត្រុស​ជា​សហការី​របស់​ព្រះ​យេស៊ូ​នោះ។ ឥឡូវ​នេះ អស់​អ្នក​ដែល​នៅ​ទី​នោះ ពួក​គេ​មក​ឯ​ពេត្រុស​ចោទ​ថា៖ «ឯង​ប្រាកដ​ជា​ពួក​មនុស្ស​នោះ​ដែរ ដ្បិត​សំដី​ឯង​ស​ពី​ខ្លួន​ឯង​ឲ្យ​ដឹង​ហើយ»។ មនុស្ស​ម្នាក់​ក្នុង​ចំណោម​ក្រុម​នោះ គឺ​ជា​សាច់​ញាតិ​ម៉ាលកុស ដែល​ត្រូវ​ពេត្រុស​កាប់​ដាច់​ស្លឹក​ត្រចៀក​នោះ។ គាត់​ពោល​ថា៖ «តើ​អញ​មិន​បាន​ឃើញ​ឯង​នៅ​ក្នុង​ច្បារ​ជា​មួយ​នឹង​អ្នក​នោះ​ទេ​ឬ?»។

ពេត្រុស​អះអាង​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖ «ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ»។ តាម​ការ​ពិត គាត់​ខំ​ប្រឹង​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ថា ពួក​គេ​ច្រឡំ​ហើយ ដោយ​គាត់​ប្រមាថ​និង​ស្បថ គឺ​ថា​គាត់​ប្រទេច​ផ្ដាសា​ខ្លួន​ឲ្យ​ត្រូវ​អន្តរាយ បើ​គាត់​មិន​និយាយ​ពាក្យ​ពិត​នោះ។

ពេល​ពេត្រុស​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​យេស៊ូ​លើក​ទី​បី ស្រាប់​តែ​មាន់​ក៏​រងាវ​ឡើង។ ហើយ​ក្នុង​ពេល​នោះ​ដែរ គេ​បាន​យក​ព្រះ​យេស៊ូ​ចេញ​មក​ខាង​ក្រៅ​នៅ​យ៉​រ​ខាង​លើ​ទី​ធ្លា​នោះ ទ្រង់​បែរ​ព្រះ​ភ័ក្ដ្រ​ទត​មក​គាត់។ ភ្លាម​នោះ ពេត្រុស​នឹក​ឃើញ​បន្ទូល​របស់​ព្រះ​យេស៊ូ ដែល​មាន​បន្ទូល​បី​បួន​ម៉ោង​មុន​នៅ​ឯ​បន្ទប់​ខាង​លើ​ដែល​ធ្វើ​បុណ្យ​រំលង​នោះ។ ដែល​ថា៖ «មុន​ដែល​មាន់​រងាវ​២​ដង នោះ​អ្នក​នឹង​ប្រកែក​គ្រប់​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ»។ ពេត្រុស​បាន​សោក​ស្ដាយ​ពន់​ពេក​នឹង​អំពើ​បាប​ដ៏​ធ្ងន់​របស់​គាត់ ហើយ​គាត់​រត់​ចេញ​ទៅ​ក្រៅ​ទាំង​យំ​សោក​យ៉ាង​ខ្លាំង។

តើ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច​បាន? ម្ដេច​ក៏​ពេត្រុស​បដិសេធ​ថា​មិន​ស្គាល់​ព្រះ​យេស៊ូ​បី​ដង​ផ្ទួន​ៗ​ដូច្នេះ ក្រោយ​គាត់​បាន​ប្រាកដ​ក្នុង​ចិត្ត​ថា​ភាព​វិញ្ញាណ​របស់​ខ្លួន​ខ្លាំង​ហើយ​នោះ? ស្ថានភាព​នៅ​ពេល​នោះ​ច្បាស់​ជា​ធ្វើ​ឲ្យ​ពេត្រុស​ភាំង​ស្មារតី​ហើយ។ សេចក្ដី​ពិត​បាន​ត្រូវ​គេ​បំផ្លាស់​ទៅ​ជា​មិន​ពិត ហើយ​ព្រះ​យេស៊ូ​កំពុង​តែ​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​ឧក្រិដ្ឋជន​ដ៏​អាក្រក់​ម្នាក់។ អ្វី​ដែល​ត្រឹម​ត្រូវ ពួក​គេ​ក្រឡៃ​ទៅ​ជា​មិន​ត្រឹម​ត្រូវ​ទៅ​វិញ ហើយ​មនុស្ស​គ្មាន​ទោស​ទៅ​ជា​មាន​ទោស​ទៅ​វិញ​ដែរ។ ដូច្នេះ​ដោយ​មាន​ការ​គាប​សង្កត់​ពី​គ្រប់​ទិស​ទី​នៅ​គ្រា​នោះ ពេត្រុស​បាន​ទៅ​ជា​វង្វេង​ស្មារតី។ មួយ​រំពេច​នោះ គាត់​វង្វេង​លែង​ដឹង​ថា​ខ្លួន​គួរ​តែ​មាន​ភក្ដី​ភាព​ចំពោះ​អ្នក​ណា​ហើយ។ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដោយ​ការ​ខ្លាច​មនុស្ស ធ្វើ​ឲ្យ​ពេត្រុស​តក់​ស្លុត​យ៉ាង​ខ្លាំង។ សូម​កុំ​ឲ្យ​រឿង​នេះ​កើត​ឡើង​ចំពោះ​យើង​ផ្ទាល់​ឡើយ! ម៉ាថាយ ២៦:៥៧, ៥៨, ៦៩​-​៧៥; ម៉ាកុស ១៤:៣០, ៥៣, ៥៤, ៦៦​-​៧២; លូកា ២២:៥៤​-​៦២; យ៉ូហាន ១៨:១៥​-​១៨, ២៥​-​២៧

តើ​ពេត្រុស​និង​យ៉ូហាន​អាច​ចូល​ក្នុង​ទី​ធ្លា​គេហដ្ឋាន​របស់​សម្ដេច​សង្ឃ​យ៉ាង​ដូច​ម្ដេច?

កាល​ពេត្រុស​និង​យ៉ូហាន​នៅ​ក្នុង​ទី​ធ្លា តើ​មាន​ព្រឹត្ដិការណ៍​អ្វី​នៅ​ក្នុង​គេហដ្ឋាន​នោះ?

តើ​មាន់​រងាវ​ប៉ុន្មាន​ដង? ហើយ​តើ​ពេត្រុស​បដិសេធ​មិន​ស្គាល់​ព្រះ​គ្រីស្ទ​ប៉ុន្មាន​ដង?

តើ​ពេត្រុស​ប្រមាថ​ហើយ​ស្បថ​មាន​ន័យ​យ៉ាង​ណា?

តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​ពេត្រុស​បដិសេធ​មិន​ស្គាល់​ព្រះ​យេស៊ូ​នោះ?