លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការបូតកួរស្រូវនៅថ្ងៃឈប់សំរាក

ការបូតកួរស្រូវនៅថ្ងៃឈប់សំរាក

ជំពូក​ទី​៣១

ការ​បូត​កួរ​ស្រូវ​នៅ​ថ្ងៃ​ឈប់​សំរាក

មិន​យូរ​ប៉ុន្មាន​ទៀត​នោះ​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ។ នេះ​គឺ​ជា​រដូវ​ផ្កា​រីក ហើយ​នៅ​វាល​ស្រែ​គឺ​មាន​កួរ​ស្រូវ​ពេញ​ដើម។ ពួក​សិស្ស​ឃ្លាន​ណាស់ ក៏​នាំ​គ្នា​ចាប់​បូត​កួរ​ស្រូវ​បរិភោគ​ទៅ។ ក៏​ប៉ុន្តែ ដោយ​សារ​នេះ​គឺ​ជា​ថ្ងៃ​ឈប់​សំរាក នោះ​មនុស្ស​ឃើញ​ទង្វើ​នេះ។

ពួក​មេ​ដឹក​នាំ​សាសនា​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ទើប​តែ​រក​ធ្វើ​គុត​ព្រះ​យេស៊ូ ដោយ​ចោទ​ប្រកាន់​ថា​ទ្រង់​បាន​រំលង​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក។ ឥឡូវ​នេះ ពួក​ផារីស៊ី​ក៏​ចោទ​ប្រកាន់​ទ្រង់​ទៀត ដោយ​ទូល​ថា៖ «មើល​ន៏! សិស្ស​លោក​ធ្វើ​អំពើ ដែល​គ្មាន​ច្បាប់​ធ្វើ នៅ​ថ្ងៃ​ឈប់​សំរាក​ហើយ»។

ពួក​ផារីស៊ី​អះអាង​ថា ការ​បូត​កួរ​ស្រូវ​មក​ត្រដុស​នៅ​ក្នុង​ដៃ​ហើយ​បរិភោគ នោះ​គឺ​ជា​ការ​ច្រូត​និង​ការ​បោក​បែន​ស្រូវ។ ក៏​ប៉ុន្តែ ការ​បក​ស្រាយ​តាម​បែប​ដ៏​តឹង​រ៉ឹង​របស់​ពួក​គេ​អំពី​អ្វី​ដែល​រាប់​ជា​ការ​ធ្វើ​ការ បាន​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សំរាក​ទៅ​ជា​បន្ទុក​ដ៏​ធ្ងន់។ តែ​ថ្ងៃ​ឈប់​សំរាក​គឺ​មាន​បំណង​សំរាប់​ជា​ពេល​លើក​ទឹក​ចិត្ត​ខាង​វិញ្ញាណ និង​ជា​ពេល​អរ​សប្បាយ​ទៅ​វិញ​ទេ។ ដូច្នេះ ព្រះ​យេស៊ូ​តប​ឆ្លើយ​ដោយ​ប្រើ​គំរូ​ក្នុង​បទ​គម្ពីរ ដើម្បី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មិន​ដែល​មាន​បំណង​ព្រះ​ហឫទ័យ​ឲ្យ​មនុស្ស​យក​ច្បាប់​ថ្ងៃ​ឈប់​សំរាក​របស់​ទ្រង់ មក​ធ្វើ​ជា​វិន័យ​ដ៏​តឹង​រ៉ឹង​បែប​នេះ​ទេ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា នៅ​ពេល​ដែល​ស្តេច​ដាវីឌ​និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទ្រង់​បាន​ឃ្លាន នោះ​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ ហើយ​បាន​សោយ​នំ​ប៉័ង​តាំង​ទុក​នោះ។ នំ​ប៉័ង​ទាំង​នោះ​បាន​ត្រូវ​យក​ចេញ​ពី​ព្រះ​ភ័ក្ដ្រ​ព្រះ​យេហូវ៉ា និង​បាន​ដាក់​នំ​ប៉័ង​ថ្មី​ទៀត ហើយ​តាម​ធម្មតា នំ​ប៉័ង​នេះ​គឺ​ទុក​សំរាប់​តែ​ពួក​សង្ឃបរិភោគ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ នៅ​ក្នុង​កាលៈទេសៈ​នេះ ស្តេច​ដាវីឌ​និង​ពួក​អ្នក​នៅ​ជា​មួយ​ទ្រង់​មិន​បាន​ត្រូវ​ផ្ដន្ទា​ទោស​ដោយ​បាន​សោយ​នំ​ប៉័ង​នោះ​ទេ។

ព្រះ​យេស៊ូ​ប្រទាន​គំរូ​មួយ​ទៀត ដោយ​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​មិន​បាន​មើល​ក្នុង​ក្រិត្យ​វិន័យ​ទេ​ឬ . . . ថា​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ពួក​សង្ឃ នៅ​ក្នុង​ព្រះ​វិហារ ក៏​ប្រព្រឹត្ត​រំលង​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក ឥត​មាន​ទោស​វិញ?»។ ត្រូវ​ហើយ សូម្បី​តែ​នៅ​ថ្ងៃ​ឈប់​សំរាក ក៏​ពួក​សង្ឃ​នៅ​តែ​កាប់​សាច់ និង​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ព្រះ​វិហារ ដើម្បី​រៀបចំ​ធ្វើ​យញ្ញ​បូជា​សត្វ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​១​អង្គ ដែល​វិសេស​ជាង​ព្រះ​វិហារ​ទៅ​ទៀត»។

ព្រះ​យេស៊ូ​ព្រមាន​ពួក​ផារីស៊ី​ដោយ​មាន​បន្ទូល​ទៀត​ថា៖ «បើ​អ្នក​រាល់​គ្នា​បាន​យល់​ន័យ​សេចក្ដី​ដែល​ថា‹អញ​ចង់​បាន​សេចក្ដី​មេត្ដា​ករុណា មិន​មែន​យញ្ញ​បូជា​ទេ› នោះ​អ្នក​រាល់​គ្នា​មិន​បាន​បន្ទោស ដល់​ពួក​អ្នក​ដែល​គ្មាន​ទោស​ឡើយ»។ រួច​មក ទ្រង់​មាន​បន្ទូល​បញ្ចប់​ថា៖ «ដ្បិត​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ឈប់​សំរាក​ដែរ»។ តើ​ព្រះ​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា? ព្រះ​យេស៊ូ​គឺ​កំពុង​តែ​សំដៅ​ទៅ​ដល់​ការ​គ្រប់​គ្រង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​ក្នុង​ព្រះ​រាជាណាចក្រ​ដែល​មាន​ភាព​សុខសាន្តត្រាណ​ដ៏​បរិបូរ។

អស់​រយៈ​ពេល​៦.០០០​ឆ្នាំ​មក​ហើយ ដែល​មនុស្ស​លោក​បាន​រង​ទុក្ខ​នឹង​សេវកភាព​ដ៏​ពិបាក​ដែល​នៅ​ក្រោម​អំណាច​អារក្ស​សាតាំង ដែល​មាន​អំពើ​ឃោរឃៅ​និង​សង្គ្រាម​ជា​ទូទៅ។ ផ្ទុយ​ទៅ​វិញ ការ​គ្រប់​គ្រង​នៅ​ថ្ងៃ​ឈប់​សំរាក​ដ៏​ឧត្តម​របស់​ព្រះ​គ្រីស្ទ នឹង​បាន​ជា​គ្រា​នៃ​ការ​ឈប់​សំរាក​ពី​ការ​រង​ទុក្ខ​និង​ការ​ជិះ​ជាន់​បែប​នេះ។ ម៉ាថាយ ១២:១​-​៨; លេវីវិន័យ ២៤:៥​-​៩; សាំយូអែល​ទី​១ ២១:១​-​៦; ជន​គណនា ២៨:៩; ហូសេ ៦:៦

តើ​ការ​ចោទ​ប្រកាន់​អ្វី​ដែល​បាន​ធ្វើ​ឡើង​ទាស់​នឹង​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ? ហើយ​តើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​តប​ឆ្លើយ​យ៉ាង​ណា?

តើ​គុណ​វិបត្ដិ​អ្វី​របស់​ពួក​ផារីស៊ី ដែល​ព្រះ​យេស៊ូ​សំដៅ​ទៅ​នោះ?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ជា«ម្ចាស់​លើ​ថ្ងៃ​ឈប់​សំរាក»?