លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការប៉ុនប៉ងធ្វើគុតដល់ព្រះយេស៊ូម្ដងទៀត

ការប៉ុនប៉ងធ្វើគុតដល់ព្រះយេស៊ូម្ដងទៀត

ជំពូក​ទី​៨១

ការ​ប៉ុន​ប៉ង​ធ្វើ​គុត​ដល់​ព្រះ​យេស៊ូ​ម្ដង​ទៀត

ព្រះ​យេស៊ូ​កំពុង​តែ​យាង​តាម​បាំង​សាច​ហ្លួង​សាឡូម៉ូន ដ្បិត​ពេល​នោះ​ជា​រដូវ​រងា។ កន្លែង​នេះ​គឺ​នៅ​ជិត​ព្រះ​វិហារ។ នៅ​ទី​នេះ​មាន​ពួក​សាសន៍​យូដា​ចោម​រោម​ទ្រង់​ទូល​សួរ​ថា៖ «តើ​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​ស្ទាក់​ស្ទើរ​ដល់​កាល​ណា​ទៀត បើ​លោក​ជា​ព្រះ​គ្រីស្ទ​ពិត នោះ​សូម​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ច្បាស់​មក​ចុះ»។

ព្រះ​យេស៊ូ​ទ្រង់​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​មិន​ជឿ»។ ព្រះ​យេស៊ូ​មិន​បាន​ប្រាប់​ពួក​គេ​ត្រង់​ៗ​ថា​ទ្រង់​ជា​ព្រះ​គ្រីស្ទ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​នៅ​ត្រង់​មាត់​អណ្ដូង​ទឹក​នោះ​ទេ។ តែ​តាម​ការ​ពិត ទ្រង់​បាន​លាត​ត្រដាង​អត្តសញ្ញាណ​របស់​ទ្រង់​ឲ្យ​គេ​ស្គាល់​រួច​ហើយ ពេល​ទ្រង់​ពន្យល់​ពួក​គេ​ថា​ទ្រង់​មក​ពី​ស្ថាន​លើ និង​បាន​រស់​នៅ​ពី​មុន​លោក​អ័ប្រាហាំ​ទៅ​ទៀត។

យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​ចង់​ឲ្យ​បណ្ដា​ជន​សន្និដ្ឋាន​ដោយ​ខ្លួន​គេ​ថា​ទ្រង់​ជា​ព្រះ​គ្រីស្ទ ដោយ​ប្រៀប​មើល​សកម្មភាព​របស់​ទ្រង់​ទៅ​នឹង​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ទាយ ថា​ព្រះ​គ្រីស្ទ​នឹង​សម្រេច​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​មុន​នេះ ព្រះ​យេស៊ូ​បញ្ជា​កុំ​ឲ្យ​ពួក​សិស្ស​ទ្រង់​ប្រាប់​អ្នក​ណា​ថា ទ្រង់​ជា​ព្រះ​គ្រីស្ទ​ឲ្យ​សោះ។ ដូច្នេះ​ហើយ ឥឡូវ​នេះ​ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​ដល់​ពួក​សាសន៍​យូដា​ដ៏​កាច​សាហាវ​ថា៖ «ឯកា​រទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ​ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា​ខ្ញុំ ការ​ទាំង​នោះ​ឯង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ហើយ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ជឿ»។

ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​ជឿ? តើ​នេះ​ដោយ​ព្រោះ​តែ​គ្មាន​ទី​សំអាង​ថា​ព្រះ​យេស៊ូ​ជា​ព្រះ​គ្រីស្ទ​ឬ? មិន​មែន​ទេ! ព្រះ​យេស៊ូ​ប្រាប់​នូវ​មូលហេតុ​នេះ ពេល​ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា៖ «ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជា​ចៀម​របស់​ខ្ញុំ​ទេ . . . ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្ដាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ ខ្ញុំ​ឲ្យ​ជីវិត​អស់​កល្ប​ជា​និច្ច​ដល់​វា វា​មិន​ត្រូវ​វិនាស​នៅ​អស់​កល្ប​រៀង​ទៅ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​វា​ពី​ដៃ​ខ្ញុំ​បាន​ទេ ព្រះ​វរបិតា​នៃ​ខ្ញុំ ដែល​ប្រទាន​វា​មក​ខ្ញុំ ទ្រង់​ធំ​លើស​ជាង​ទាំង​អស់ គ្មាន​អ្នក​ណា​អាច​នឹង​ឆក់​យក​វា​ចេញ​ពី​ព្រះ​ហស្ត​របស់​ព្រះ​វរបិតា​ខ្ញុំ​បាន​ឡើយ»។

រួច​មក ព្រះ​យេស៊ូ​រៀប​រាប់​អំពី​ទំនាក់​ទំនង​របស់​ទ្រង់​ជា​មួយ​ព្រះ​វរបិតា ដោយ​ពន្យល់​ថា៖ «ខ្ញុំ​ហើយ​នឹង​ព្រះ​វរបិតា គឺ​តែ​១​ព្រះ​អង្គ​ទេ»។ យ៉ាង​ច្បាស់​ណាស់ ព្រះ​យេស៊ូ​មិន​ចង់​មាន​ន័យ​ថា ទ្រង់​និង​ព្រះ​វរបិតា​ជា​បុគ្គល​តែ​មួយ​អង្គ​មែន​ទែន​នោះ​ទេ ដ្បិត​នៅ​ពេល​នោះ​ព្រះ​យេស៊ូ​គឺ​នៅ​លើ​ផែនដី ឯ​ព្រះ​វរបិតា​របស់​ទ្រង់​គង់​នៅ​ស្ថាន​សួគ៌។ ផ្ទុយ​ទៅ​វិញ ទ្រង់​ចង់​មាន​ន័យ​ថា ទ្រង់​ទាំង​ពីរ​អង្គ​មាន​គោល​បំណង​តែ​មួយ ពោល​គឺ​ថា​ទ្រង់​ទាំង​ពីរ​អង្គ​មាន​សាមគ្គីភាព។

ពួក​សាសន៍​យូដា​បាន​ខឹង​នឹង​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ ក៏​នាំ​គ្នា​រើស​ដុំ​ថ្ម​បំរុង​គប់​ពិឃាត​ទ្រង់ ដូច​ពួក​គេ​ធ្លាប់​បាន​ធ្វើ​ពី​លើក​មុន​ក្នុង​ពិធី​បុណ្យ​រោង​ឧបោសថ​ឬ​បុណ្យ​បារាំ។ ដោយ​ចិត្ត​ក្លាហាន នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រឈម​មុខ​នឹង​ពួក​អ្នក​ដែល​បំរុង​ធ្វើ​គុត​ដល់​ទ្រង់​ថា៖ «ខ្ញុំ​បាន​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន ដែល​មក​ពី​ព្រះ​វរបិតា​ខ្ញុំ តើ​អ្នក​រាល់​គ្នា​ចោល​ខ្ញុំ​នឹង​ថ្ម ដោយ​ព្រោះ​ការ​ណា​មួយ​នោះ»ឬ?

ពួក​គេ​ទូល​ឆ្លើយ​ថា៖ «យើង​ចោល​អ្នក​នឹង​ថ្ម មិន​មែន​ដោយ​ព្រោះ​ការ​ល្អ​ណា​ទេ គឺ​ដោយ​ព្រោះ​ពាក្យ​ប្រមាថ​ដល់​ព្រះ ហើយ​ពីព្រោះ​អ្នក ដែល​ជា​មនុស្ស បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះ​វិញ​ប៉ុណ្ណោះ»។ ហេតុ​អ្វី​ក៏​ពួក​សាសន៍​យូដា​និយាយ​ដូច្នេះ? ដ្បិត​ព្រះ​យេស៊ូ​មិន​ដែល​អះអាង​ថា​ទ្រង់​ជា​ព្រះ​នោះ​ទេ។

យ៉ាង​ជាក់​ស្តែង​ណាស់ នេះ​គឺ​ពីព្រោះ​ព្រះ​យេស៊ូ​សន្មត​ថា​គ្រប់​អំណាច​ជា​របស់​ទ្រង់​ផ្ទាល់ តែ​ចំពោះ​ពួក​សាសន៍​យូដា​ជឿ​ថា​គឺ​ជា​របស់​ព្រះ​ទៅ​វិញ​ទេ។ តួយ៉ាង​ដូច​ជា ព្រះ​យេស៊ូ​ទើប​តែ​មាន​បន្ទូល​ស្តី​អំពី«ចៀម»ថា«ខ្ញុំ​ឲ្យ​ជីវិត​អស់​កល្ប​ជា​និច្ច​ដល់​វា» នេះ​ជា​អ្វី​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ពួក​សាសន៍​យូដា​ភ្លេច​នូវ​ហេតុ​ការណ៍​ពិត​ដែល​ថា ព្រះ​យេស៊ូ​ក៏​ទទួល​ស្គាល់​នូវ​ការ​ទទួល​អំណាច​ពី​ព្រះ​វរបិតា​របស់​ទ្រង់​ដែរ។

ព្រះ​យេស៊ូ​អះអាង​ថា​ទ្រង់​គឺ​ទាប​ជាង​ព្រះ ដោយ​មាន​បន្ទូល​ថា៖ «តើ​គ្មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​ក្រិត្យ​វិន័យ[ទំនុក​ដំកើង ៨២:៦]របស់​អ្នក​រាល់​គ្នា​ថា‹អញ​បាន​និយាយ​ថា «ឯង​រាល់​គ្នា​ជា​ព្រះ»›ទេ​ឬ? . . . ដូច្នេះ បើ​ទ្រង់​បាន​ហៅ​អ្នក​ទាំង​នោះ​ជា​ព្រះ ដែល​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​បាន​ឮ​ទៅ​ដល់​គេ . . . នោះ​តើ​អ្នក​រាល់​គ្នា​និយាយ​មក​ខ្ញុំ​នេះ ដែល​ព្រះ​វរបិតា​ញែក​ជា​បរិសុទ្ធ ហើយ​ចាត់​មក​ក្នុង​លោកីយ ថា‹ខ្ញុំ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ› ដោយ​ព្រោះ​តែ​ខ្ញុំ​និយាយ​ថា ខ្ញុំ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដូច្នេះ​ឬ?»។

បទ​គម្ពីរ​ក៏​ហៅ​ចៅ​ក្រម​ជា​មនុស្ស​ដែល​ឥត​មាន​ភាព​យុត្ដិធម៌​ថា«ព្រះ»ដែរ ដូច្នេះ​តើ​ពួក​សាសន៍​យូដា​ទាស់​ចិត្ត​អ្វី ដែល​ព្រះ​យេស៊ូ​គ្រាន់​តែ​មាន​បន្ទូល​ថា៖ «ខ្ញុំ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ»។ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «បើ​សិន​ជា​ខ្ញុំ​មិន​ធ្វើ​ការ​របស់​ព្រះ​វរបិតា​ខ្ញុំ​ទេ នោះ​កុំ​ឲ្យ​ជឿ​ដល់​ខ្ញុំ​ឡើយ ប៉ុន្តែ បើ​ខ្ញុំ​ធ្វើ​ការ​របស់​ទ្រង់​វិញ នោះ​ទោះ​បើ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ គង់​តែ​ត្រូវ​ជឿ​ដល់​ការ​ទាំង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង ហើយ​ជឿ​ថា ព្រះ​វរបិតា​ទ្រង់​គង់​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក្នុង​ទ្រង់​ដែរ»។

ពួក​យូដា​ខំ​រក​ចាប់​ព្រះ​យេស៊ូ​ភ្លាម​ពេល​ទ្រង់​មាន​បន្ទូល​ដូច្នេះ។ ក៏​ប៉ុន្តែ​ព្រះ​យេស៊ូ​គេច​ផុត​ពី​ពួក​គេ​ម្ដង​ទៀត ដូច​ជា​នៅ​គ្រា​មុន​នេះ នៅ​ពិធី​បុណ្យ​រោង​ឧបោសថ។ ព្រះ​យេស៊ូ​យាង​ចេញ​ពី​ក្រុង​យេរូសាឡិម​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ជា​កន្លែង​ដែល​លោក​យ៉ូហាន​ធ្លាប់​ចាប់​ផ្ដើម​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​គេ កាល​ពី​បួន​ឆ្នាំ​មុន​នេះ។ តាម​មើល​ទៅ កន្លែង​នេះ​គឺ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ​ខាង​ត្បូង​នៃ​សមុទ្រ​កាលីឡេ​ទេ បើ​ធ្វើ​ដំណើរ​ពី​ក្រុង​យេរូសាឡិម គឺ​អស់​រយៈ​ពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ។

មនុស្ស​ជា​ច្រើន​មក​គាល់​ព្រះ​យេស៊ូ​នៅ​ទី​នេះ ក៏​ពោល​ថា៖ «លោក​យ៉ូហាន គ្មាន​ធ្វើ​ទី​សំគាល់​ណា​ទេ តែ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ពី​អ្នក​នេះ នោះ​សុទ្ធ​តែ​ពិត​ទាំង​អស់»។ ដូច្នេះ​ហើយ នៅ​ទី​នេះ​មាន​មនុស្ស​ជា​ច្រើន​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ។ យ៉ូហាន ១០:២២​-​៤២; ៤:២៦; ៨:២៣, ៥៨; ម៉ាថាយ ១៦:២០

តើ​តាម​រយៈ​អ្វី​ដែល​ព្រះ​យេស៊ូ​ចង់​ឲ្យ​មនុស្ស​សម្គាល់​ទ្រង់​ជា​ព្រះ​គ្រីស្ទ?

តើ​យ៉ាង​ដូច​ម្ដេច​ដែល​ព្រះ​យេស៊ូ​និង​ព្រះ​វរបិតា​របស់​ទ្រង់​គឺ​តែ​មួយ?

ហេតុ​អ្វី​ក៏​ពួក​សាសន៍​យូដា​ពោល​ថា ព្រះ​យេស៊ូ​បាន​តាំង​ខ្លួន​ជា​ព្រះ​នោះ?

តើ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ស្រង់​ចេញ​ពី​ទំនុក​ដំកើង បង្ហាញ​ថា ទ្រង់​មិន​អះអាង​ថា​អង្គ​ទ្រង់​ស្មើ​នឹង​ព្រះ​យ៉ាង​ណា?