ការប្រហារជីវិតក្នុងពិធីបុណ្យចំរើនព្រះជន្ម
ជំពូកទី៥១
ការប្រហារជីវិតក្នុងពិធីបុណ្យចំរើនព្រះជន្ម
បន្ទាប់ពីព្រះយេស៊ូបានផ្ដែផ្ដាំពួកសាវ័ករបស់ទ្រង់រួចហើយ នោះទ្រង់ចាត់ពួកគេឲ្យចេញទៅក្នុងតំបន់ផ្សាយជាគូៗ។ ប្រហែលជាពេត្រុសទៅជាមួយប្អូនគាត់អនទ្រេ។ ហើយយ៉ាកុបទៅជាមួយយ៉ូហានជាប្អូនគាត់ដែរ។ ភីលីពទៅជាមួយបារថូល៉ូមេ ថូម៉ាសទៅជាមួយម៉ាថាយ យ៉ាកុបទៅជាមួយថាដេ និងស៊ីម៉ូនទៅជាមួយយ៉ូដាស-អ៊ីស្ការីយ៉ុត។ ប្រាំមួយគូនេះ បានផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រ និងបានធ្វើអព្ភូតហេតុនៅគ្រប់ទីកន្លែងដែលពួកគេទៅ។
នៅពេលនោះ យ៉ូហានជាអ្នកដែលធ្វើបុណ្យជ្រមុជទឹកឲ្យគេគឺជាប់នៅក្នុងគុកនៅឡើយ។ លោកបានជាប់គុកជិតពីរឆ្នាំហើយ។ អ្នកប្រហែលជានៅចាំ ពេលយ៉ូហានបានប្រកាសជាសាធារណៈថា គឺជាការខុស បើស្តេចហេរ៉ូឌ អាន់ទីប៉ាសយកហេរ៉ូឌាសដែលត្រូវជាមហេសីរបស់ភីលីពជាអនុជទ្រង់មកធ្វើជាមហេសីនោះ។ យ៉ូហានប្រហែលជាបានលាតត្រដាងនូវអំពើកំផិតរបស់ស្តេចហេរ៉ូឌ អាន់ទីប៉ាស ដ្បិតទ្រង់បានអះអាងថាធ្វើតាមក្រិត្យវិន័យលោកម៉ូសេ។ ដូច្នេះស្តេចហេរ៉ូឌក៏ចាប់យ៉ូហានដាក់គុក ប្រហែលជាដោយសារហេរ៉ូឌាសបានបង្ខំទ្រង់។
ស្តេចហេរ៉ូឌ អាន់ទីប៉ាសដឹងថា យ៉ូហានជាមនុស្សសុចរិត ហើយបានស្ដាប់ពាក្យរបស់យ៉ូហានទាំងពេញព្រះហឫទ័យផង។ ដូច្នេះហើយចំពោះយ៉ូហាន ស្តេចហេរ៉ូឌមិនដឹងជាត្រូវគិតយ៉ាងណាទេ។ រីឯហេរ៉ូឌាសវិញស្អប់យ៉ូហានណាស់ ហើយរិះរកវិធីសម្លាប់យ៉ូហាន។ នៅទីបំផុត ឱកាសដែលហេរ៉ូឌាសបានរង់ចាំក៏មកដល់។
មុនបន្ដិចនៅបុណ្យរំលងនៅឆ្នាំ៣២ ស.យ. នោះស្តេចហេរ៉ូឌបានរៀបចំពិធីបុណ្យចំរើនព្រះជន្មរបស់ទ្រង់។ អស់ទាំងមន្ត្រី មេទ័ព និងនាម៉ឺនធំៗនៅស្រុកកាលីឡេបានមកចូលរួមពិធីបុណ្យនោះដែរ។ ក្នុងកំឡុងរាត្រីនោះ សាឡូមេជាបុត្រីរបស់ភីលីពដែលត្រូវជាស្វាមីមុនរបស់ហេរ៉ូឌាសនោះ នាងបានត្រូវគេអញ្ជើញឲ្យចូលរាំសំដែងជូនភ្ញៀវទស្សនា។ ពួកអ្នកទស្សនាប្រុសៗមានចិត្តរីករាយយ៉ាងខ្លាំងនឹងការរាំរបស់នាង។
ស្តេចហេរ៉ូឌសព្វព្រះហឫទ័យយ៉ាងខ្លាំងនឹងសាឡូមេ។ ទ្រង់មានបន្ទូលថា៖ «របស់អ្វីដែលនាងចង់បាន ចូរសូមពីយើងចុះ! យើងនឹងឲ្យ»។ ទ្រង់ក៏ស្បថនឹងនាងទៀតថា៖ «របស់អ្វីក៏ដោយដែលនាងសូម នោះយើងនឹងឲ្យដោយពិត ទោះបើដល់នគរ១ចំហៀងផង»។
មុននឹងឆ្លើយ នោះនាងក៏ចេញទៅគាល់មាតានាង។ នាងសួរមាតាថា៖ «តើត្រូវឲ្យខ្ញុំម្ចាស់សូមអ្វី?»។
នេះជាឱកាសដ៏ល្អមែនសំរាប់ហេរ៉ូឌាស! ហេរ៉ូឌាសឆ្លើយដោយឥតស្ទាក់ស្ទើរថា៖ «សូមក្បាលយ៉ូហាន-បាទីស្ទវិញ»។
សាឡូមេក៏ប្រញាប់ត្រឡប់ទៅគាល់ស្តេចវិញភ្លាម ហើយទូលថា៖ «ខ្ញុំម្ចាស់ចង់បានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឥឡូវនេះ»។
ស្តេចហេរ៉ូឌខកព្រះហឫទ័យក្រៃលែង។ ដ្បិតការធ្វើយ៉ាងនេះ មានន័យថា សម្លាប់មនុស្សដែលគ្មានទោស។ ប៉ុន្តែដោយព្រោះពួកភ្ញៀវឮសម្បថរបស់ទ្រង់ នោះទ្រង់មានព្រះទ័យខ្មាសបើទ្រង់ប្រកែកមិនធ្វើតាម។ ពេជ្ឈឃាតម្នាក់ក៏ទៅក្នុងគុកភ្លាមដើម្បីធ្វើតាមបង្គាប់ដ៏សែនឃោរឃៅនោះ។ បន្ដិចក្រោយមក ពេជ្ឈឃាតក៏បានត្រឡប់មកវិញទាំងយកក្បាលយ៉ូហានដាក់លើថាសមួយ ហើយប្រគល់ឲ្យសាឡូមេ។ ហើយនាងក៏យកទៅថ្វាយមាតា។ ពេលដែលសិស្សរបស់យ៉ូហានបានឮនូវអ្វីដែលបានកើតឡើង គេនាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ ហើយទូលថ្វាយរឿងនេះឲ្យព្រះយេស៊ូជ្រាប។
ក្រោយមក ពេលដែលស្តេចហេរ៉ូឌបានឮនូវរបៀបដែលព្រះយេស៊ូប្រោសមនុស្សឲ្យជា និងបណ្ដេញអារក្ស នោះទ្រង់មានព្រះទ័យភ័យរន្ធត់ ដោយខ្លាចក្រែងថាព្រះយេស៊ូ គឺជាយ៉ូហានដែលបានប្រោសឲ្យរស់ឡើងវិញនោះ។ បន្ទាប់មក ទ្រង់មានបំណងចង់ជួបព្រះយេស៊ូ តែមិនមែនទ្រង់ចង់ឮការផ្សព្វផ្សាយដំណឹងល្អទេ គឺដើម្បីចង់បញ្ជាក់ថាតើការខ្លាចរបស់ទ្រង់នោះ ពិតឬក៏មិនពិត។ ម៉ាថាយ ១០:១-៥; ១១:១; ១៤:១-១២; ម៉ាកុស ៦:១៤-២៩; លូកា ៩:៧-៩
▪ ហេតុអ្វីក៏យ៉ូហានជាប់គុក? ហេតុអ្វីបានជាស្តេចហេរ៉ូឌមិនចង់សម្លាប់យ៉ូហាន?
▪ នៅទីបំផុត តើដោយដូចម្ដេចដែលហេរ៉ូឌាសមានឱកាសសម្លាប់យ៉ូហាន?
▪ ហេតុអ្វីបានជាស្តេចហេរ៉ូឌចង់ជួបព្រះយេស៊ូ ក្រោយពេលយ៉ូហានស្លាប់ទៅ?