លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការប្រោសបុរសម្នាក់ដែលខ្វាក់ពីកំណើត

ការប្រោសបុរសម្នាក់ដែលខ្វាក់ពីកំណើត

ជំពូក​ទី​៧០

ការ​ប្រោស​បុរស​ម្នាក់​ដែល​ខ្វាក់​ពី​កំណើត

នៅ​ពេល​ពួក​យូដា​ខំ​រើស​ដុំ​ថ្ម​គប់​ព្រះ​យេស៊ូ នោះ​ទ្រង់​មិន​បាន​ចេញ​ពី​ក្រុង​យេរូសាឡិម​ទេ។ ក្រោយ​មក នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ទ្រង់​និង​ពួក​សិស្ស​កំពុង​តែ​ដើរ​នៅ​ក្នុង​ក្រុង ក៏​ឃើញ​បុរស​ម្នាក់​ដែល​ខ្វាក់​ពី​កំណើត។ ពួក​សិស្ស​ទូល​សួរ​ព្រះ​យេស៊ូ​ថា៖ «លោក​គ្រូ តើ​អ្នក​ណា​បាន​ធ្វើ​បាប មនុស្ស​នេះ ឬ​ឪពុក​ម្ដាយ​របស់​គាត់ បាន​ជា​គាត់​កើត​មក​ខ្វាក់​ដូច្នេះ?»។

ប្រហែល​ជា​ពួក​សិស្ស​ជឿ ដូច​ពួក​រ៉ាប៊ី​ខ្លះ​ដែល​ថា បុគ្គល​ម្នាក់​អាច​មាន​អំពើ​បាប​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក។ ក៏​ប៉ុន្តែ​ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «មិន​មែន​ដោយ​ព្រោះ​អ្នក​នេះ ឬ​ឪពុក​ម្ដាយ​គាត់​បាន​ធ្វើ​បាប​ទេ គឺ​ដើម្បី​ឲ្យ​ការ​របស់​ព្រះ បាន​សំដែង​មក ក្នុង​ខ្លួន​គាត់​វិញ»។ ភាព​ពិការ​របស់​បុរស​នេះ គឺ​មិន​មែន​ដោយ​សារ​ទោស​ណា​ឬ​អំពើ​បាប​ណា​មួយ ដែល​បុរស​នេះ​ឬ​ឪពុក​ម្ដាយ​របស់​គាត់​បាន​ប្រព្រឹត្ត​នោះ​ឡើយ។ បាប​របស់​អ័ដាម​ជា​បុរស​ដំបូង​នោះ​បណ្ដាល​ឲ្យ​មនុស្ស​លោក​ទាំង​អស់​ទៅ​ជា​ឥត​គ្រប់​ល័ក្ខណ៍​ជា​លទ្ធផល ដូច្នេះ​ហើយ​មនុស្ស​ក៏​មាន​ខ្ចោះ អាច​កើត​មក​ជា​មនុស្ស​ខ្វាក់​តែ​ម្ដង។ ភាព​មាន​ខ្ចោះ​នៃ​បុរស​នេះ គឺ​ផ្ដល់​ឱកាស​ឲ្យ​ព្រះ​យេស៊ូ​សម្ដែង​នូវ​កិច្ច​ការ​របស់​ព្រះ។

ព្រះ​យេស៊ូ​បញ្ជាក់​នូវ​ភាព​ជា​បន្ទាន់​ចំពោះ​ការ​ធ្វើ​កិច្ចការ​ទាំង​នេះ។ ទ្រង់​មាន​បន្ទូល​ថា៖ «កំពុង​ដែល​ថ្ងៃ​នៅ​ភ្លឺ​នៅ​ឡើយ នោះ​ត្រូវ​តែ​ខ្ញុំ​ធ្វើ​ការ​របស់​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ដ្បិត​យប់​ដល់​មក នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​បាន​ទេ កាល​ខ្ញុំ​កំពុង​តែ​នៅ​ក្នុង​លោកីយ​នៅ​ឡើយ នោះ​ខ្ញុំ​ជា​ពន្លឺ​នៃ​លោកីយ»។ មិន​យូរ​ប៉ុន្មាន​ទៀត នោះ​ពេល​ព្រះ​យេស៊ូ​សោយ​ទិវង្គត​ទៅ ទ្រង់​នឹង​ចូល​ភាព​ងងឹត​គឺ​នៅ​ក្នុង​ផ្នូរ ជា​កន្លែង​ដែល​ទ្រង់​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។ ទំរាំ​ពេល​នោះ​មក​ដល់ ទ្រង់​ជា​ប្រភព​នៃ​ពន្លឺ​ដល់​លោកីយ៍​នេះ។

កាល​ព្រះ​យេស៊ូ​មាន​បន្ទូល​ដូច្នេះ​ហើយ ទ្រង់​ស្ដោះ​ទឹក​ព្រះ​ឱស្ឋ​ទៅ​លើ​ដី ហើយ​យក​ទឹក​ព្រះ​ឱស្ឋ​ធ្វើ​ជា​ភក់។ ទ្រង់​យក​ទៅ​លាប​ភ្នែក​នៃ​បុរស​ខ្វាក់​នេះ រួច​មាន​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ី​ឡោម​ទៅ»។ បុរស​នេះ​ស្ដាប់​តាម ហើយ​ពេល​ធ្វើ​តាម គាត់​មើល​ឃើញ​បាន​មែន! បុរស​នេះ​ច្បាស់​ជា​មាន​ចិត្ត​រីករាយ​ណាស់ ពេល​គាត់​ត្រឡប់​មក​វិញ អាច​មើល​ឃើញ​ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​គាត់​នោះ។

ពួក​អ្នក​ជិត​ខាង និង​ពួក​អ្នក​ដែល​ស្គាល់​គាត់​រំភើប​ចិត្ត​ឥត​ឧបមា។ ពួក​គេ​ឧទាន​ឡើង​ថា៖ «អ្នក​នេះ​ទេ​តើ! ដែល​ធ្លាប់​តែ​អង្គុយ​សុំ​ទាន​គេ»។ មនុស្ស​ខ្លះ​ថា៖ «គឺ​អ្នក​ហ្នឹង​ហើយ!»។ ប៉ុន្តែ​មនុស្ស​ខ្លះ​ទៀត​មិន​ជឿ​ទេ ក៏​និយាយ​ថា៖ «គាត់​ដូច​ជា​អ្នក​នោះ​ទេ»។ តែ​បុរស​នេះ​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ឯង!»។

ពួក​មនុស្ស​បាន​សួរ​គាត់​ដោយ​ចង់​ដឹង​ថា៖ «ធ្វើ​ដូច​ម្ដេច​បាន​ជា​ភ្នែក​ឯង​បាន​ភ្លឺ​ដូច្នេះ?»។

គាត់​ឆ្លើយ​ថា៖ «មាន​ម្នាក់​ឈ្មោះ យេស៊ូវ បាន​ធ្វើ​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ប្រាប់​ឲ្យ​ទៅ​លាង​នៅ​ស្រះ​ស៊ី​ឡោម ខ្ញុំ​ក៏​ទៅ​លាង ហើយ​បាន​ភ្លឺ​ឡើង»។

ពួក​គេ​សួរ​ទៀត​ថា៖ «អ្នក​នោះ​នៅ​ឯ​ណា?»។

គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ!»។

ពួក​មនុស្ស​ក៏​នាំ​អ្នក​ខ្វាក់​ពី​មុន​នោះ​ទៅ​ជួប​ពួក​មេ​ដឹក​នាំ​សាសនា គឺ​ពួក​ផារីស៊ី។ ពួក​ផារីស៊ី​ក៏​សួរ​គាត់​អំពី​ដើម​ហេតុ​ដែល​គាត់​ភ្លឺ​ភ្នែក​ឡើង​វិញ។ បុរស​នេះ​ពន្យល់​ថា៖ «លោក​យក​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ខ្ញុំ​ទៅ​លាង ហើយ​ក៏​មើល​ឃើញ»។

ពួក​ផារីស៊ី​គប្បី​ជួយ​ត្រេក​អរ​ជា​មួយ​នឹង​អ្នក​សុំ​ទាន​នេះ ដែល​ព្រះ​យេស៊ូ​បាន​ប្រោស​ឲ្យ​ជា! ក៏​ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ពួក​គេ​បែរ​ជា​រិះ​គន់​ព្រះ​យេស៊ូ​ទៅ​វិញ។ ពួក​គេ​អះអាង​ថា៖ «មនុស្ស​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ!»។ ហេតុ​អ្វី​ក៏​ពួក​គេ​និយាយ​ដូច្នេះ? «ព្រោះ​មិន​កាន់​ថ្ងៃ​ឈប់​សំរាក​សោះ»។ ក៏​ប៉ុន្តែ​សមាជិក​ឯ​ទៀត​នៃ​ពួក​ផារីស៊ី​ឆ្ងល់​ថា៖ «ធ្វើ​ដូច​ម្ដេច​ឲ្យ​មនុស្ស​មាន​បាប​អាច​ធ្វើ​ទី​សំគាល់​យ៉ាង​នេះ​បាន?»។ ដូច្នេះ ពួក​គេ​ក៏​បែក​បាក់​គ្នា។

ដូច្នេះ​ហើយ ពួក​គេ​សួរ​បុរស​នេះ​ថា៖ «តើ​ឯង​ថា​ដូច​ម្ដេច ពី​ដំណើរ​អ្នក​ដែល​ធ្វើ​ឲ្យ​ភ្នែក​ឯង​ភ្លឺ​នោះ?»។

គាត់​ឆ្លើយ​ថា៖ «លោក​ជា​ហោរា»។

ពួក​ផារីស៊ី​មិន​ព្រម​ជឿ​រឿង​នេះ​ឡើយ។ ពួក​គេ​ជឿ​ថា ច្បាស់​ជា​មាន​ការ​ឃុប​ឃិត​គ្នា​រវាង​ព្រះ​យេស៊ូ​និង​បុរស​នេះ​ដើម្បី​បញ្ឆោត​មនុស្ស​ហើយ។ ដូច្នេះ ដើម្បី​នឹង​ដោះ​ស្រាយ​រឿង​នេះ ពួក​គេ​ក៏​ទៅ​ហៅ​ឪពុក​ម្ដាយ​របស់​បុរស​សុំ​ទាន​នេះ​មក​ជួប ដើម្បី​សួរ​ពួក​គាត់។ យ៉ូហាន ៨:៥៩; ៩:១​-​១៨

តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​បុរស​នេះ​ខ្វាក់​ភ្នែក? ហើយ​តើ​អ្វី​ដែល​មិន​ជាប់​ទាក់​ទង​នឹង​នោះ?

បើ​និយាយ​ជា​អត្ថបដិរូប តើ​យប់​មួយ​ណា​ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ធ្វើ​ការ​នោះ?

នៅ​ពេល​ដែល​បុរស​នេះ​បាន​ប្រោស​ឲ្យ​ជា តើ​មនុស្ស​ដែល​ស្គាល់​គាត់​បាន​ប្រព្រឹត្ត​តប​យ៉ាង​ណា?

តើ​ពួក​ផារីស៊ី​បាន​បែក​បាក់​គ្នា ដោយ​សារ​បុរស​នេះ​បាន​ជា​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច?