ការមិនជឿដោយចេតនារបស់ពួកផារីស៊ី
ជំពូកទី៧១
ការមិនជឿដោយចេតនារបស់ពួកផារីស៊ី
ឪពុកម្ដាយរបស់បុរសខ្វាក់ពីមុននេះមានចិត្តខ្លាចណាស់ ពេលគេនាំពួកគាត់ឲ្យទៅជួបពួកផារីស៊ី។ ពួកគាត់បានដឹងថា ពួកផារីស៊ីបានសំរេចរួចទៅហើយថា បើអស់អ្នកណាដែលមានជំនឿលើព្រះយេស៊ូ នោះនឹងត្រូវបណ្ដេញចេញពីសាលាប្រជុំ។ ការបណ្ដាច់មិត្តភាពពីអ្នកឯទៀតក្នុងសហគមន៍ គឺធ្វើឲ្យមានការពិបាកយ៉ាងខ្លាំង ជាពិសេសសំរាប់ក្រុមគ្រួសារដែលក្រីក្រ។ ដូច្នេះ ឪពុកម្ដាយរបស់គាត់ត្រូវប្រុងប្រយ័ត្នពាក្យសំដីមែនទែន។
ពួកផារីស៊ីសួរថា៖ «តើអ្នកនេះជាកូនរបស់អ្នក ដែលអ្នកថា បានកើតមកខ្វាក់នោះឬ? . . . ចុះឥឡូវនេះ ធ្វើដូចម្ដេចបានជាវាភ្លឺឡើងវិញ?»។
ឪពុកម្ដាយគាត់ឆ្លើយបញ្ជាក់ថា៖ «យើងខ្ញុំដឹងថា នេះជាកូនយើងខ្ញុំពិត ហើយថា វាកើតមកខ្វាក់មែន តែឥឡូវនេះ ដែលវាភ្លឺជាយ៉ាងដូចម្ដេច នោះយើងខ្ញុំមិនដឹងទេ ក៏មិនដឹងជាអ្នកណាបានធ្វើឲ្យភ្លឺផងដែរ»។ យ៉ាងប្រាកដហើយ កូនប្រុសនេះច្បាស់ជាបានប្រាប់ពួកគាត់នូវអ្វីដែលបានកើតឡើង ប៉ុន្តែដោយការប៉ិនប្រសប់ ឪពុកម្ដាយនេះពោលថា៖ «វាពេញអាយុហើយ សូមសួរវាចុះ! វានឹងជំរាបពីដំណើរខ្លួនវា»។
ដូច្នេះហើយ ពួកផារីស៊ីក៏ហៅមនុស្សដែលខ្វាក់ពីមុននោះមកម្ដងទៀត។ ម្ដងនេះពួកគេខំនិយាយគំរាមគាត់ដោយបញ្ជាក់ថា ពួកគេបានប្រមូលភស្តុតាងជាច្រើនដែលថាព្រះយេស៊ូជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។ ពួកគេទាមទារឲ្យពោលថា៖ «ចូរសរសើរដំកើងដល់ព្រះវិញ ឯមនុស្សនោះ យើងដឹងថាជាអ្នកមានបាបទេ!»។
អ្នកដែលខ្វាក់ពីមុននេះឥតបដិសេធនឹងការចោទប្រកាន់របស់ពួកផារីស៊ីទេ ដោយពោលតបថា៖ «បើលោកជាមនុស្សមានបាប នោះខ្ញុំមិនដឹងទេ»។ ក៏ប៉ុន្តែគាត់និយាយបន្ថែមថា៖ «ខ្ញុំដឹងតែប៉ុណ្ណេះថា ពីដើមខ្ញុំខ្វាក់ តែឥឡូវនេះខ្ញុំមើលឃើញ»។
ពួកផារីស៊ីខំរកកំហុសពីចម្លើយដែលគាត់ឆ្លើយនោះ ហើយក៏សួរគាត់ម្ដងទៀតថា៖ «អ្នកនោះបានធ្វើអ្វីដល់ឯង តើបានធ្វើដូចម្ដេចខ្លះ ឲ្យភ្នែកឯងបានភ្លឺឡើង?»។
បុរសនេះឆ្លើយទាំងប្រកែកថា៖ «ខ្ញុំបានជំរាបហើយ តែលោកមិនស្ដាប់ ហេតុអ្វីបានជាចង់ស្ដាប់ម្ដងទៀត?»។ គាត់ក៏សួរទាំងចំអកថា៖ «តើលោកចង់ធ្វើជាសិស្សរបស់លោកនោះដែរឬ?»។
ពួកផារីស៊ីខឹងយ៉ាងខ្លាំងនឹងការតបឆ្លើយនេះ។ ពួកគេចោទថា៖ «គឺឯងជាសិស្សអ្នកនោះហើយ ឯយើង ជាសិស្សរបស់លោកម៉ូសេវិញ យើងដឹងថា ព្រះបានមានបន្ទូលនឹងលោកម៉ូសេពិត តែអ្នកនោះ យើងមិនដឹងជាមកពីណាទេ»។
បុរសសុំទានដែលមានចិត្តរាបទាបនេះឆ្លើយ ទាំងមានចិត្តភ្ញាក់ផ្អើលថា៖ «នេះចំឡែកណាស់មែន! លោករាល់គ្នាមិនដឹងជាលោកនោះមកពីណា ដែលលោកបានធ្វើឲ្យភ្នែកខ្ញុំភ្លឺផង»។ តើយើងគួរសន្និដ្ឋានយ៉ាងណាអំពីរឿងនេះ? អ្នកសុំទាននេះបញ្ជាក់ប្រាប់អំពីគំនិតមួយ ដែលជាទូទៅគេតែងយល់ព្រមគឺថា៖ «យើងខ្ញុំដឹងថា ព្រះមិនស្ដាប់តាមមនុស្សមានបាបទេ ប៉ុន្តែ បើអ្នកណាកោតខ្លាចដល់ព្រះ ហើយប្រព្រឹត្តតាមព្រះហឫទ័យទ្រង់ ទើបទ្រង់នឹងស្ដាប់តាមអ្នកនោះឯង ចាប់តាំងពីអស់កល្បរៀងមក មិនដែលឮនិយាយពីអ្នកណាដែលធ្វើឲ្យភ្នែកមនុស្សខ្វាក់ពីកំណើតបានភ្លឺទេ»។ ដូច្នេះហើយ សេចក្ដីសន្និដ្ឋានគឺឃើញជាក់ស្តែងថា៖ «បើលោកនោះមិនមែនមកពីព្រះទេ នោះលោកពុំអាចនឹងធ្វើអ្វីបានឡើយ»។
ពួកផារីស៊ីឥតមានការតបឆ្លើយចំពោះការវែកញែកចំៗ ច្បាស់លាស់បែបនេះឡើយ។ ពួកគេមិនចង់ទទួលស្គាល់សេចក្ដីពិត ដូច្នេះហើយពួកគេក៏ជេរប្រមាថគាត់ថា៖ «ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយឯងបង្រៀនយើងឬ?»។ ភ្លាមនោះ ពួកគេក៏បណ្ដេញគាត់ចេញពីសាលាប្រជុំ។
ពេលព្រះយេស៊ូទ្រង់ជ្រាបដឹងនូវអ្វីដែលពួកគេបានធ្វើដល់បុរសនេះ ទ្រង់បានរកបុរសនេះឃើញ ហើយមានបន្ទូលទៅកាន់គាត់ថា៖ «តើអ្នកជឿដល់ព្រះរាជបុត្រានៃព្រះឬទេ?»។
អ្នកសុំទានដែលខ្វាក់ពីមុននេះសួរថា៖ «លោកម្ចាស់អើយ! តើអ្នកណាជាព្រះរាជបុត្រានោះ ដើម្បីឲ្យខ្ញុំបានជឿដល់ទ្រង់ផង?»។
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «គឺជាខ្ញុំដែលនិយាយនឹងអ្នកនេះឯង!»។
ភ្លាមនោះ គាត់ក៏បន្ទន់ខ្លួនឱនគោរពព្រះយេស៊ូទាំងទូលថា៖ «ខ្ញុំជឿហើយ ព្រះអម្ចាស់អើយ!»។
រួចមកព្រះយេស៊ូពន្យល់ថា៖ «ខ្ញុំបានមកក្នុងលោកីយនេះ ដើម្បីនឹងជំនុំជំរះ ឲ្យពួកអ្នកដែលមើលមិនឃើញបានភ្លឺឡើង ហើយឲ្យពួកអ្នកដែលមើលឃើញ បានទៅជាខ្វាក់វិញ»។
ខណនោះពួកផារីស៊ីដែលកំពុងតែស្ដាប់ក៏ទូលសួរថា៖ «តើយើងខ្ញុំខ្វាក់ដែរឬ?»។ ប្រសិនបើពួកគេទទួលស្គាល់ថាពួកគេខ្វាក់ខាងគំនិត នោះគឺជួយឲ្យយើងយល់នូវមូលហេតុដែលពួកគេជំទាស់នឹងព្រះយេស៊ូ។ តែដូចជាព្រះយេស៊ូមានបន្ទូលប្រាប់ពួកគេថា៖ «បើសិនជាអ្នករាល់គ្នាខ្វាក់មែន នោះអ្នករាល់គ្នាឥតមានបាបទេ»។ ក៏ប៉ុន្តែ ពួកគេនិយាយទាំងចចេសថាពួកគេឥតខ្វាក់ទេ ហើយឥតត្រូវការការបំភ្លឺខាងវិញ្ញាណឡើយ។ ដូច្នេះព្រះយេស៊ូក៏មានបន្ទូលថា៖ «តែឥឡូវនេះ អ្នករាល់គ្នាអាងថាភ្លឺ បានជាជាប់មានបាបនៅឡើយ»។ យ៉ូហាន ៩:១៩-៤១
▪ ពេលដែលគេហៅឪពុកម្ដាយរបស់អ្នកសុំទានដែលខ្វាក់ពីមុនឲ្យទៅជួបពួកផារីស៊ី ហេតុអ្វីបានជាពួកគាត់ខ្លាច? ដូច្នេះហើយ តើពួកគាត់ឆ្លើយយ៉ាងប្រយ័ត្នប្រយែងយ៉ាងដូចម្ដេច?
▪ តើពួកផារីស៊ីខំនិយាយគំរាមបុរសដែលខ្វាក់ពីមុននេះថាយ៉ាងដូចម្ដេច?
▪ តើការវែកញែកដ៏សមហេតុផលអ្វីរបស់បុរសនេះ ដែលធ្វើឲ្យពួកផារីស៊ីរឹតតែខឹងថែមទៀត?
▪ ហេតុអ្វីបានជាពួកផារីស៊ីគ្មានហេតុចំពោះការជំទាស់នឹងព្រះយេស៊ូ?