លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការយាងដំណើរដោយសម្ងាត់ទៅក្រុងយេរូសាឡិម

ការយាងដំណើរដោយសម្ងាត់ទៅក្រុងយេរូសាឡិម

ជំពូក​ទី​៦៥

ការ​យាង​ដំណើរ​ដោយ​សម្ងាត់​ទៅ​ក្រុង​យេរូសាឡិម

នេះ​ជា​សរទរដូវ​នៃ​ឆ្នាំ​៣២ ស.យ. ហើយ​បុណ្យ​បារាំ​គឺ​ជិត​ដល់​ហើយ។ តាំង​តែ​ពី​បុណ្យ​រំលង​នៃ​ឆ្នាំ​៣១ ស.យ. ពួក​សាសន៍​យូដា​បាន​តាម​រក​ធ្វើ​គុត​ព្រះ​យេស៊ូ ហេតុ​នេះ​ហើយ​ទ្រង់​មាន​សកម្មភាព​តែ​នៅ​ស្រុក​កាលីឡេ​ប៉ុណ្ណោះ។ ប្រហែល​ជា​តាំង​ពី​ពេល​នោះ​មក ព្រះ​យេស៊ូ​យាង​ទៅ​ក្រុង​យេរូសាឡិម​តែ​បី​ដង​ប៉ុណ្ណោះ​រៀង​រាល់​ឆ្នាំ​ដើម្បី​ចូល​រួម​ពិធី​បុណ្យ​សាសន៍​យូដា។

ពេល​នោះ ប្អូន​ៗ​ទ្រង់​ទូល​ថា៖ «ចូរ​ចេញ​ពី​ទី​នេះ​ទៅ​ឯ​ស្រុក​យូដា​ទៅ!»។ ក្រុង​យេរូសាឡិម​ជា​រាជធានី​របស់​ស្រុក​យូដា ហើយ​ជា​មណ្ឌល​សាសនា​នៃ​ប្រទេស​ទាំង​មូល។ ប្អូន​ៗ​របស់​ព្រះ​យេស៊ូ​វែក​ញែក​ថា៖ «ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន នោះ​មិន​ដែល​ធ្វើ​ការ​ដោយ​សំងាត់​ទេ»។

ទោះ​ជា​យ៉ាកុប ស៊ីម៉ូន យ៉ូសែប​និង​យូដា​មិន​ជឿ​ថា បង​ប្រុស​របស់​ពួក​គាត់​គឺ​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី​ក៏​ដោយ តែ​ពួក​គាត់​ចង់​ឲ្យ​ទ្រង់​បង្ហាញ​នូវ​អំណាច​ដោយ​ធ្វើ​អព្ភូតហេតុ​ឲ្យ​អស់​អ្នក​ដែល​មក​ធ្វើ​បុណ្យ​នោះ​បាន​ឃើញ។ ប៉ុន្តែ ព្រះ​យេស៊ូ​ជ្រាប​នូវ​គ្រោះ​ថ្នាក់ ទ្រង់​មាន​បន្ទូល​ថា៖ ‹លោកីយ​ពុំ​អាច​នឹង​ស្អប់​អ្នក​រាល់​គ្នា​បាន​ទេ តែ​គេ​ស្អប់​ខ្ញុំ​វិញ ពីព្រោះ​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គេ​ថា ការ​ប្រព្រឹត្ត​របស់​គេ​សុទ្ធ​តែ​អាក្រក់›។ ដូច្នេះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ប្អូន​ៗ​ថា៖ ‹ចូរ​អ្នក​រាល់​គ្នា​ឡើង​ទៅ​ឯ​បុណ្យ​នេះ​ចុះ! ឯ​ខ្ញុំ​មិន​ទាន់​ទៅ​ទេ ព្រោះ​កំណត់​ខ្ញុំ​មិន​ទាន់​សំរេច​នៅ​ឡើយ›។

បុណ្យ​បារាំ​គឺ​មាន​ប្រាំ​ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ​បី គេ​នឹង​បញ្ចប់​បុណ្យ​នេះ​ដោយ​មាន​ពិធី​ដ៏​ឧឡារិក។ បុណ្យ​នេះ​ប្រារព្ធ​ឡើង​នៅ​រដូវ​ប្រមូល​ផល​កសិកម្ម​ចុង​ក្រោយ​បង្អស់ ហើយ​ជា​ពេល​សំរាប់​ការ​អរ​សប្បាយ​និង​ការ​ថ្លែង​អំណរ​គុណ។ បី​បួន​ថ្ងៃ​ក្រោយ​ពី​ប្អូន​ប្រុស​ៗ​របស់​ព្រះ​យេស៊ូ​ចាក​ចេញ​ទៅ​ធ្វើ​បុណ្យ​ជា​មួយ​អ្នក​ដំណើរ​ផ្សេង​ទៀត នោះ​ទ្រង់​និង​ពួក​សិស្ស​របស់​ទ្រង់​ក៏​ទៅ​ដោយ​សម្ងាត់ មិន​ឲ្យ​អ្នក​ណា​ឃើញ​ទេ។ ព្រះ​យេស៊ូ​និង​ពួក​សិស្ស​ធ្វើ​ដំណើរ​កាត់​ស្រុក​សាម៉ារី ល្អ​ជាង​ទៅ​តាម​ដង​ទន្លេ​យ័រដាន់​ជា​ផ្លូវ​ដែល​មនុស្ស​ភាគ​ច្រើន​ធ្វើ​ដំណើរ។

ព្រះ​យេស៊ូ​និង​ពួក​អ្នក​រួម​ដំណើរ​ជា​មួយ​ទ្រង់ ត្រូវ​ការ​កន្លែង​ស្នាក់​នៅ​ក្នុង​ភូមិ​មួយ​នៃ​ស្រុក​សាម៉ារី ដូច្នេះ​ហើយ​ទ្រង់​ក៏​បាន​បញ្ជូន​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន​ដើម្បី​រៀបចំ​ថ្វាយ​ទ្រង់។ ក៏​ប៉ុន្តែ មនុស្ស​នៅ​ភូមិ​នោះ​មិន​ព្រម​ធ្វើ​តាម​ព្រះ​យេស៊ូ​ឡើយ ពេល​ពួក​គេ​ដឹង​ថា ទ្រង់​យាង​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម។ យ៉ាកុប​និង​យ៉ូហាន​មាន​ចិត្ត​ខឹង ក៏​ទូល​សួរ​ទ្រង់​ថា៖ ‹ព្រះ​អម្ចាស់​អើយ! តើ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ឲ្យ​យើង​ខ្ញុំ​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ​ឬ​ទេ?›។ តែ​ព្រះ​យេស៊ូ​បន្ទោស​ពួក​គាត់​ដែល​មាន​គំនិត​បែប​នេះ ហើយ​ទ្រង់​និង​ពួក​សិស្ស​ក៏​ធ្វើ​ដំណើរ​ទៅ​ភូមិ​មួយ​ទៀត។

កាល​ព្រះ​យេស៊ូ​កំពុង​តែ​យាង​តាម​ផ្លូវ​ជា​មួយ​ពួក​សិស្ស នោះ​មាន​អាចារ្យ​ម្នាក់​ចូល​មក​ទូល​ទ្រង់​ថា៖ «លោក​គ្រូ​អើយ! ខ្ញុំ​នឹង​តាម​លោក​ទៅ​ដែរ ទោះ​បើ​លោក​ទៅ​ឯ​ណា​ក៏​ដោយ»។

ព្រះ​យេស៊ូ​ទ្រង់​មាន​បន្ទូល​តប​ថា៖ «កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សំបុក តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ ព្រះ​យេស៊ូ​កំពុង​តែ​ពន្យល់​ថា អាចារ្យ​នេះ​នឹង​មាន​ការ​ពិបាក​ប្រសិន​បើ​គាត់​ក្លាយ​ទៅ​ជា​សិស្ស​របស់​ទ្រង់។ តែ​ការ​តប​ឆ្លើយ​របស់​អាចារ្យ​នេះ ហាក់​ដូច​ជា​គាត់​មាន​ចិត្ត​មានះ​ពេក​ក្នុង​ការ​ធ្វើ​ជា​សិស្ស​របស់​ទ្រង់។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​បុរស​ម្នាក់​ទៀត​ថា៖ «ចូរ​មក​តាម​ខ្ញុំ!»។

អ្នក​នោះ​ទូល​ឆ្លើយ​ថា៖ «ព្រះ​អម្ចាស់​អើយ! សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូល​បង្គំ​ទៅ​កប់​ខ្មោច​ឪពុក​ទូល​បង្គំ​សិន»។

ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ថា៖ «ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ! ឯ​អ្នក ចូរ​ចេញ​ទៅ​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​វិញ»។ យ៉ាង​ជាក់​ស្តែង​ណាស់ ឪពុក​របស់​បុរស​នេះ​មិន​ទាន់​ស្លាប់​ទេ ប្រសិន​បើ​ឪពុក​គាត់​ស្លាប់​មែន នោះ​ច្បាស់​ជា​គាត់​នឹង​មិន​នៅ​ទី​នេះ​ស្ដាប់​ព្រះ​យេស៊ូ​ឡើយ។ តាម​មើល​ទៅ បុរស​ម្នាក់​នេះ​សុំ​ពេល​វេលា​ដើម្បី​រង់​ចាំ​ឲ្យ​ឪពុក​ខ្លួន​ស្លាប់​សិន។ គាត់​មិន​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​ទុក​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អាទិភាព​ក្នុង​ជីវិត​របស់​គាត់​នោះ​ទេ។

កាល​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម នោះ​មាន​បុរស​ម្នាក់​ទៀត​ទូល​ព្រះ​យេស៊ូ​ថា៖ «ព្រះ​អម្ចាស់​អើយ! ទូល​បង្គំ​នឹង​តាម​ទ្រង់​ទៅ​ដែរ តែ​សូម​អនុញ្ញាត​ឲ្យ​ទូល​បង្គំ​ទៅ​លា​ពួក​ផ្ទះ​ទូល​បង្គំ​សិន»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ»។ អស់​អ្នក​ដែល​នឹង​ទៅ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ ត្រូវ​ផ្ដោត​អារម្មណ៍​លើ​កិច្ច​បំរើ​ខាង​ព្រះ​រាជាណាចក្រ​ជា​និច្ច។ ដូច​ជា​នង្គ័ល​អាច​ភ្ជួរ​វៀច​ខុស​គន្លង​បាន ប្រសិន​បើ​អ្នក​ភ្ជួរ​ឥត​មើល​ត្រង់​ទៅ​មុខ​ទេ ដូច្នេះ​អ្នក​ណា​ដែល​បែរ​មក​រក​របប​លោកីយ៍​ចាស់​នេះ​ទៀត នឹង​ជំពប់​ដួល​តាម​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត​ជា​រៀង​រហូត​ដែរ។ យ៉ូហាន ៧:២​-​១០; លូកា ៩:៥១​-​៦២; ម៉ាថាយ ៨:១៩​-​២២

តើ​អ្នក​ណា​ជា​ប្អូន​ៗ​របស់​ព្រះ​យេស៊ូ? ហើយ​តើ​ពួក​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ព្រះ​យេស៊ូ?

ហេតុ​អ្វី​បាន​ជា​ពួក​សាសន៍​សាម៉ារី​មាន​ចិត្ត​អាក្រក់​ម្ល៉េះ? តើ​យ៉ាកុប​និង​យ៉ូហាន​ចង់​ធ្វើ​អ្វី?

តើ​ការ​សន្ទនា​ទាំង​បី​របស់​ព្រះ​យេស៊ូ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ មាន​អ្វី​ខ្លះ? ហើយ​តើ​តាម​របៀប​ណា ដែល​ព្រះ​យេស៊ូ​បញ្ជាក់​ថា​កិច្ច​ការ​នេះ​ត្រូវ​ធ្វើ​ពលិកម្ម​នោះ?