លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការយាងទៅព្រះវិហារម្ដងទៀត

ការយាងទៅព្រះវិហារម្ដងទៀត

ជំពូក​ទី​១០៣

ការ​យាង​ទៅ​ព្រះ​វិហារ​ម្ដង​ទៀត

ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់​បាន​ស្នាក់​នៅ​ភូមិ​បេថានី​បី​យប់​ហើយ តាំង​តែ​ពី​ពេល​ទ្រង់​និង​ពួក​សិស្ស​បាន​ធ្វើ​ដំណើរ​មក​ពី​ក្រុង​យេរីខូរ​វិញ។ ឥឡូវ​នេះ គឺ​ជា​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១០ ខែ​ណែសាន ព្រះ​យេស៊ូ​និង​ពួក​សិស្ស​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម។ ព្រះ​យេស៊ូ​ទ្រង់​ឃ្លាន​ជា​ខ្លាំង ដូច្នេះ​ពេល​នោះ​ទ្រង់​បាន​ទត​ឃើញ​ដើម​ល្វា​មួយ​ដែល​មាន​ស្លឹក​ជា​ច្រើន ទ្រង់​ក៏​យាង​ទៅ​មើល ក្រែង​លោ​មាន​ផ្លែ។

ស្លឹក​នៃ​ដើម​នេះ​គឺ​ចេញ​មុន​រដូវ ដ្បិត​រដូវ​ដែល​មាន​ផ្លែ​ល្វា​គឺ​នៅ​ខែ​មិថុនា តែ​ឥឡូវ​នេះ​ទើប​តែ​ចុង​ខែ​មីនា​ប៉ុណ្ណោះ។ ប៉ុន្តែ យ៉ាង​ជាក់​ស្តែង​ណាស់ ព្រះ​យេស៊ូ​មាន​អារម្មណ៍​ថា បើ​មាន​ស្លឹក​ច្រើន នោះ​ប្រហែល​ជា​មាន​ផ្លែ​មុន​រដូវ​ដែរ​ហើយ។ ប៉ុន្តែ ឥត​មាន​ផ្លែ​ដូច​ព្រះ​យេស៊ូ​គិត​នោះ​ទេ។ ស្លឹក​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ដើម​នេះ​មាន​សណ្ឋាន​ដែល​ធ្វើ​ឲ្យ​គេ​យល់​ខុស។ ព្រះ​យេស៊ូ​ដាក់​បណ្ដា​សា​ដើម​នោះ​ថា៖ «កុំ​ឲ្យ​អ្នក​ណា​ស៊ី​ផ្លែ​ឯង​ទៀត​ជា​រៀង​រាប​ដរាប​ទៅ»។ លទ្ធផល​និង​អត្ថន័យ​ពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេស៊ូ​នោះ គឺ​ពួក​គេ​អាច​យល់​ដឹង​នៅ​ព្រឹក​ថ្ងៃ​ស្អែក។

ព្រះ​យេស៊ូ​និង​ពួក​សិស្ស​ធ្វើ​ដំណើរ​ជា​បន្ត ហើយ​បន្ដិច​ទៀត​ទៅ​ដល់​ក្រុង​យេរូសាឡិម​ហើយ។ ទ្រង់​យាង​ទៅ​ឯ​ព្រះ​វិហារ ដែល​ទ្រង់​បាន​ពិនិត្យ​មើល​នៅ​ថ្ងៃ​រសៀល​ម្សិល​មិញ​នោះ។ ប៉ុន្តែ នៅ​ថ្ងៃ​នេះ ទ្រង់​បាន​ចាត់​វិធានការ​ធ្វើ​អ្វី​មួយ ដូច​ដែល​ទ្រង់​ធ្លាប់​ធ្វើ​នៅ​បី​ឆ្នាំ​មុន ពេល​ទ្រង់​បាន​យាង​មក​ធ្វើ​បុណ្យ​រំលង​ក្នុង​ឆ្នាំ​៣០ ស.យ.។ ព្រះ​យេស៊ូ​ដេញ​អ្នក​លក់​ដូរ​ចេញ ហើយ​ផ្ដួល​តុ​ពួក​អ្នក​ប្ដូរ​ប្រាក់ រួច​ផ្ដួល​កៅអី​របស់​អ្នក​លក់​ព្រាប។ ព្រះ​យេស៊ូ​មិន​ឲ្យ​នរណា​លី​សែង​អីវ៉ាន់​កាត់​ទី​ធ្លា​ព្រះ​វិហារ​ឡើយ។

ព្រះ​យេស៊ូ​ផ្ដន្ទា​ទោស​ពួក​អ្នក​ដែល​ប្ដូរ​ប្រាក់​និង​លក់​សត្វ​ក្នុង​ព្រះ​វិហារ ដោយ​មាន​បន្ទូល​ថា៖ «តើ​គ្មាន​សេចក្ដី​ចែង​ទុក​មក​ទេ​ឬ . . . ថា ‹ដំណាក់​អញ​ត្រូវ​ហៅ​ជា​ទី​អធិស្ឋាន សំរាប់​គ្រប់​អស់​ទាំង​សាសន៍?›។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​រោង​ចោរ​វិញ»។ ពួក​គេ​គឺ​ជា​ពួក​ចោរ​ពីព្រោះ​ពួក​គេ​យក​ថ្លៃ​ហួស​ប្រមាណ​ពី​ពួក​អ្នក​ក្រី​ក្រ ដែល​ត្រូវ​តែ​ទិញ​សត្វ​ដើម្បី​ធ្វើ​យញ្ញ​បូជា។ ដូច្នេះ ព្រះ​យេស៊ូ​ចាត់​ទុក​ការ​ធ្វើ​ជំនួញ​បែប​នេះ ជា​ការ​កំហែង​យក​ប្រាក់​ឬ​ការ​ប្លន់។

ពេល​ពួក​សង្គ្រាជ ពួក​ស្ក្រែប និង​ពួក​អ្នក​ធំ​ដុំ​ក្នុង​ចំណោម​មនុស្ស​ដឹង​ឮ​នូវ​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ នោះ​ពួក​គេ​ក៏​រិះ​រក​វិធី​ធ្វើ​គុត​ទ្រង់​ទៀត។ ហេតុ​នេះ​ស​ឲ្យ​ឃើញ​ថា ពួក​គេ​ជា​ពួក​ដែល​កែ​លែង​បាន​ហើយ។ ប៉ុន្តែ ពួក​គេ​មិន​ដឹង​ជា​ធ្វើ​តាម​វិធី​ណា​ដើម្បី​ធ្វើ​គុត​ព្រះ​យេស៊ូ​នោះ​ទេ ពីព្រោះ​មាន​មនុស្ស​ជា​ច្រើន​ដើរ​តាម​ទ្រង់​ចង់​ស្ដាប់​ទ្រង់។

ក្រៅ​ពី​ពួក​សាសន៍​យូដា ក៏​មាន​ជន​ជាតិ​ដទៃ​ដែរ ដែល​មក​ធ្វើ​បុណ្យ​រំលង​នោះ។ ពួក​អ្នក​ទាំង​នេះ​ជា​សាសន៍​ដទៃ​ចូល​សាសនា​យូដា។ ពួក​អ្នក​ចូល​សាសនា​យូដា​ខ្លះ​ដែល​ជា​ជន​ជាតិ​ក្រិច បាន​ចូល​ទៅ​ឯ​ភីលីព ដើម្បី​សុំ​ចង់​ជួប​ព្រះ​យេស៊ូ។ ភីលីព​ក៏​ទៅ​ប្រាប់​អនទ្រេ ប្រហែល​ជា​ចង់​សួរ​ថា​តើ​ការ​សុំ​ជួប​ព្រះ​យេស៊ូ សមរម្យ​ឬ​ទេ? តាម​មើល​ទៅ ព្រះ​យេស៊ូ​បាន​គង់​នៅ​កន្លែង​មួយ​ក្នុង​ព្រះ​វិហារ ដែល​ជន​ជាតិ​ក្រិច​ខ្លះ​អាច​មើល​ឃើញ​ទ្រង់។

ព្រះ​យេស៊ូ​ជ្រាប​ថា ទ្រង់​មាន​ព្រះ​ជន្ម​តែ​បី​បួន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដូច្នេះ​ទ្រង់​ក៏​ពន្យល់​ប្រាប់​នូវ​ស្ថានការណ៍​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ថា៖ «កំណត់​ដែល​កូន​មនុស្ស​ត្រូវ​ដំកើង​ឡើង បាន​មក​ដល់​ហើយ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅ​តែ​១​ដដែល តែ​បើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង»។

ស្រូវ​មួយ​គ្រាប់​គឺ​ឥត​មាន​តម្លៃ​ប៉ុន្មាន​ទេ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ បើ​ដាក់​គ្រាប់​នេះ​ក្នុង​ដី ហើយ​វា«ងាប់»នោះ? គ្រាប់​នេះ​នឹង​ដុះ​ពន្លក ហើយ​ក្រោយ​មក​មាន​ទង ដែល​បង្កើត​គ្រាប់​ស្រូវ​ជា​ច្រើន។ ស្រដៀង​គ្នា​ដែរ ព្រះ​យេស៊ូ​ជា​បុរស​គ្រប់​ល័ក្ខណ៍​តែ​មួយ​គត់។ តែ​បើ​ព្រះ​យេស៊ូ​សោយ​ទិវង្គត​ហើយ​នៅ​ស្មោះ​ចំពោះ​ព្រះ នោះ​ព្រះ​យេស៊ូ​ទៅ​ជា​ខ្សែ​រយៈ​ដែល​នឹង​ប្រទាន​ជីវិត​ជា​រៀង​រហូត​ដល់​មនុស្ស​ស្មោះ​ត្រង់ ដែល​មាន​ស្មារតី​លះ​បង់​ខ្លួន​ដូច​ទ្រង់​ដែរ។ ដូច្នេះ​ហើយ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​ខ្លួន នៅ​លោកីយ​នេះ​វិញ នោះ​នឹង​រក្សា​ជីវិត​ទុក ដរាប​ដល់​អស់​កល្ប​រៀង​ទៅ»។

យ៉ាង​ច្បាស់​ណាស់ ដែល​ព្រះ​យេស៊ូ​ពុំ​គិត​អំពី​អង្គ​ទ្រង់​ទេ ដ្បិត​ទ្រង់​ពន្យល់​ទៀត​ថា៖ «បើ​អ្នក​ណា​បំរើ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ យ៉ាង​នោះ ទោះ​បី​ខ្ញុំ​នៅ​ឯ​ណា​ក្ដី អ្នក​បំរើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បំរើ​ខ្ញុំ ព្រះ​វរបិតា​នឹង​លើក​មុខ​អ្នក​នោះ»។ នេះ​ជា​រង្វាន់​ដ៏​អស្ចារ្យ​មែន ចំពោះ​ការ​កាន់​តាម​ព្រះ​យេស៊ូ​និង​បំរើ​ទ្រង់​នោះ! នេះ​គឺ​ជា​រង្វាន់​ដែល​ព្រះ​វរបិតា​នឹង​លើក​កិត្ដិយស​ចំពោះ​ពួក​គេ ដោយ​ឲ្យ​រួម​សោយ​រាជ្យ​ជា​មួយ​ព្រះ​គ្រីស្ទ​ក្នុង​ព្រះ​រាជាណាចក្រ។

ព្រះ​យេស៊ូ​បាន​គិត​អំពី​ការ​រង​ទុក្ខ​វេទនា​ដ៏​សែន​ឈឺ​ចាប់ ព្រម​ទាំង​ការ​សោយ​ទិវង្គត​ដ៏​សែន​ទារុណ​ដែល​ទ្រង់​នឹង​ទទួល ទ្រង់​ក៏​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់​ប្រមល់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្ដេច? ឱ​ព្រះ​វរបិតា​អើយ! សូម​ជួយ​សង្គ្រោះ​ទូល​បង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង»។ ប្រសិន​បើ​ទ្រង់​អាច​ជៀស​វាង​អ្វី​ដែល​ទ្រង់​នឹង​ទទួល នោះ​ជា​ការ​ល្អ​ហើយ! ប៉ុន្តែ​ឥត​អាច​ជៀស​បាន​ទេ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា៖ «គឺ​ដោយ​ហេតុ​នេះ​ឯង បាន​ជា​ទូល​បង្គំ​មក​ដល់​ពេល​នេះ»។ ព្រះ​យេស៊ូ​ឯកភាព​នឹង​របៀប​រៀបចំ​ទាំង​អស់​របស់​ព្រះ​វរបិតា ដែល​រួម​បញ្ចូល​នឹង​ការ​សោយ​ទិវង្គត​របស់​ទ្រង់​ថ្វាយ​ជា​យញ្ញ​បូជា​ផង​ដែរ។ ម៉ាថាយ ២១:១២, ១៣, ១៨, ១៩; ម៉ាកុស ១១:១២​-​១៨; លូកា ១៩:៤៥​-​៤៨; យ៉ូហាន ១២:២០​-​២៧

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​សង្ឃឹម​ថា​នឹង​មាន​ផ្លែ​ល្វា​សំរាប់​សោយ ទោះ​ជា​មិន​ទាន់​ដល់​រដូវ​វា​ផង​នោះ?

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​ហៅ​ពួក​អ្នក​លក់​ដូរ​ក្នុង​ព្រះ​វិហារ​ជា«ពួក​ចោរ»?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ប្រៀប​ដូច​ជា​គ្រាប់​ស្រូវ​ដែល​ងាប់​ទៅ?

តើ​ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​យ៉ាង​ណា​នឹង​ការ​រង​ទុក្ខ​វេទនា និង​ការ​សោយ​ទិវង្គត​ដែល​ទ្រង់​នឹង​ទទួល​នោះ?