លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការរើសតាំងសិស្សបួនរូប

ការរើសតាំងសិស្សបួនរូប

ជំពូក​ទី​២​២

ការ​រើស​តាំង​សិស្ស​បួន​រូប

បន្ទាប់​ពី​បណ្ដា​ជន​ប៉ុន​ប៉ង​ចង់​ធ្វើ​គុត​ព្រះ​យេស៊ូ​នៅ​ក្នុង​ភូមិ​ណាសារ៉ែត ជា​ភូមិ​របស់​ទ្រង់ នោះ​ទ្រង់​ក៏​យាង​ចេញ​ទៅ​ក្រុង​កាពើណិម​ជិត​សមុទ្រ​កាលីឡេ។ ការ​យាង​ចេញ​នេះ​ក៏​បាន​សម្រេច​ទំនាយ​មួយ​ទៀត​របស់​ព្យាការី​អេសាយ​ដែរ។ នេះ​គឺ​ជា​ទំនាយ​ដែល​បាន​ទាយ​ប្រាប់​ថា បណ្ដា​ជន​នៃ​ស្រុក​កាលីឡេ​ដែល​រស់​នៅ​ជិត​តំបន់​មាត់​សមុទ្រ នឹង​ឃើញ​ពន្លឺ​យ៉ាង​ចិញ្ចាច​ចិញ្ចែង។

នៅ​ពេល​ព្រះ​យេស៊ូ​បន្ត​កិច្ច​ការ​បញ្ចាំង​ពន្លឺ​នៃ​ការ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​នៅ​ទី​នោះ ទ្រង់​បាន​រក​ឃើញ​សិស្ស​របស់​ទ្រង់​បួន​រូប។ ពួក​សិស្ស​ទាំង​នេះ​ធ្លាប់​បាន​ធ្វើ​ដំណើរ​ជា​មួយ​ទ្រង់​ពី​ពេល​មុន​រួច​មក​ហើយ ក៏​ប៉ុន្តែ​ពេល​ពួក​គេ​វិល​មក​ស្រុក​យូដា​ជា​មួយ​ព្រះ​យេស៊ូ​វិញ ពួក​គេ​ក៏​ទៅ​ប្រកប​របរ​នេសាទ​របស់​ខ្លួន​វិញ​ដែរ។ ប្រហែល​ជា​ឥឡូវ​នេះ ព្រះ​យេស៊ូ​កំពុង​តែ​ស្វែង​រក​ពួក​គេ ពីព្រោះ​នេះ​ជា​គ្រា​ដែល​ទ្រង់​ត្រូវ​ការ​អ្នក​ជំនួយ​នៅ​ជាប់​ជា​មួយ​នឹង​ទ្រង់​ជា​និច្ច ដើម្បី​អប់រំ​ពួក​គេ​ឲ្យ​ចេះ​បន្ត​ធ្វើ​កិច្ច​ការ​នេះ ក្រោយ​ពេល​ដែល​ទ្រង់​លែង​មាន​វត្តមាន​ទៀត។

ដូច្នេះ កាល​ដែល​ព្រះ​យេស៊ូ​កំពុង​តែ​យាង​តាម​ឆ្នេរ​សមុទ្រ ទ្រង់​ឃើញ​ស៊ីម៉ូន​ពេត្រុស និង​ពួក​គូកន​របស់​គាត់​កំពុង​តែ​បង់​សំណាញ់​នេសាទ​ត្រី ឃើញ​ដូច្នោះ​ទ្រង់​ក៏​យាង​ឆ្ពោះ​ទៅ​រក​ពួក​គេ។ ទ្រង់​យាង​ឡើង​ទូក​របស់​ពេត្រុស ហើយ​សុំ​ឲ្យ​គាត់​ច្រាន​ទូក​ចេញ​ពី​ឆ្នេរ​ទៅ។ នៅ​ពេល​ដែល​ចេញ​ឆ្ងាយ​បន្ដិច ព្រះ​យេស៊ូ​គង់​នៅ​ក្នុង​ទូក ហើយ​ចាប់​ផ្ដើម​បង្រៀន​បណ្ដា​ជន​ដែល​អង្គុយ​នៅ​តាម​ឆ្នេរ​សមុទ្រ។

ក្រោយ​មក ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពេត្រុស​ថា៖ «ឲ្យ​ចេញ​ទូក​ទៅ​ឯ​កន្លែង​ទឹក​ជ្រៅ​ទំលាក់​អួន​ចាប់​ត្រី​ចុះ!»។

ពេត្រុស​ទូល​ឆ្លើយ​ថា៖ «លោក​គ្រូ​អើយ! យប់​មិញ យើង​ខ្ញុំ​បាន​ខំ​ដឹក​អួន​ទាល់​ភ្លឺ គ្មាន​បាន​អ្វី​សោះ តែ​ខ្ញុំ​នឹង​ទំលាក់​អួន តាម​ពាក្យ​លោក​មើល»។

នៅ​ពេល​ពួក​គេ​ទំលាក់​អួន​ទៅ នោះ​ក៏​ជាប់​បាន​ត្រី​យ៉ាង​សន្ធឹក​ដល់​ម្ល៉េះ​បាន​ជា​អួន​ចាប់​ផ្ដើម​ធ្លាយ។ ពួក​បុរស​ទាំង​នេះ​ក៏​បក់​ដៃ​ហៅ​ទូក​មិត្ត​ភក្ដិ​ដែល​នេសាទ​នៅ​ជិត​នោះ​ឲ្យ​មក​ជួយ​ជា​ប្រញាប់។ ភ្លាម​នោះ ទូក​ទាំង​ពីរ​ក៏​ដាក់​ពេញ​ទៅ​ដោយ​ត្រី​ច្រើន​ដល់​ម្ល៉េះ ដែល​ទូក​ទាំង​ពីរ​ស្ទើរ​តែ​នឹង​លិច។ ពេល​ឃើញ​ដូច្នេះ នោះ​ពេត្រុស​ក៏​ក្រាប​ទៀប​ព្រះ​ជង្ឃ​ព្រះ​យេស៊ូ ហើយ​ទូល​ថា៖ «ព្រះ​អម្ចាស់​អើយ! សូម​ថយ​ចេញ​ពី​ទូល​បង្គំ ដ្បិត​ទូល​បង្គំ​ជា​មនុស្ស​មាន​បាប»។

ព្រះ​យេស៊ូ​តប​ឆ្លើយ​ថា៖ «កុំ​ខ្លាច​អី! ពី​នេះ​ទៅ​មុខ អ្នក​នឹង​ចាប់​មនុស្ស​វិញ»។

ព្រះ​យេស៊ូ​ក៏​អញ្ជើញ​អនទ្រេ​ជា​ប្អូន​របស់​ពេត្រុស​ឲ្យ​ទៅ​ជា​មួយ​ដែរ។ ទ្រង់​ដាស់​តឿន​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ​ៗ​នឹង​តាំង​អ្នក ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»។ អ្នក​នេសាទ​ដែល​ជា​គូ​កូន​របស់​ពួក​គាត់ គឺ​យ៉ាកុប​និង​យ៉ូហាន​ជា​កូន​របស់​សេបេដេ ក៏​បាន​ទទួល​នូវ​សេចក្ដី​អញ្ជើញ​នេះ​ដែរ ហើយ​ពួក​គាត់​បាន​យល់​ព្រម​ដោយ​ឥត​ស្ទាក់​ស្ទើរ​ឡើយ។ ដូច្នេះ​ទាំង​បួន​នាក់​នេះ​ក៏​លះ​បង់​ចោល​របរ​នេសាទ​ត្រី​របស់​ពួក​គាត់ ហើយ​ក៏​ក្លាយ​ទៅ​ជា​សិស្ស​បួន​នាក់​ដំបូង ដែល​កាន់​តាម​ព្រះ​យេស៊ូ​និង​នៅ​ជាប់​ជា​មួយ​ទ្រង់​រហូត។ លូកា ៥:១​-​១១; ម៉ាថាយ ៤:១៣​-​២២; ម៉ាកុស ១:១៦​-​២០; អេសាយ ៩:១, ២

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​អញ្ជើញ​ពួក​សិស្ស​ទ្រង់​ឲ្យ​មក​តាម​ទ្រង់? ហើយ​តើ​ពួក​គាត់​ជា​អ្នក​ណា​ខ្លះ?

តើ​អព្ភូតហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​ពេត្រុស​ខ្លាច?

តើ​ការ​នេសាទ​អ្វី ដែល​ព្រះ​យេស៊ូ​អញ្ជើញ​ពួក​សិស្ស​ទ្រង់​ឲ្យ​ធ្វើ?