ការលាតត្រដាងមុខមាត់ដោយប្រើរឿងប្រៀបប្រដូចអំពីចំការទំពាំងបាយជូរ
ជំពូកទី១០៦
ការលាតត្រដាងមុខមាត់ដោយប្រើរឿងប្រៀបប្រដូចអំពីចំការទំពាំងបាយជូរ
ព្រះយេស៊ូគង់នៅឯព្រះវិហារ។ ទ្រង់ទើបតែធ្វើឲ្យមេដឹកនាំសាសនាសុញគំនិត ពេលដែលពួកគេទាមទារចង់ដឹងថា តើទ្រង់ធ្វើកិច្ចការអ្វីៗបានអំណាចពីប្រភពណាមក។ មុននឹងពួកគេឈប់សុញគំនិត នោះព្រះយេស៊ូមានបន្ទូលសួរថា៖ «ប៉ុន្តែអ្នករាល់គ្នាគិតដូចម្ដេច?»។ ហើយរួចមក ទ្រង់ប្រើរឿងប្រៀបប្រដូចមួយដើម្បីបង្ហាញថាពួកគេពិតជាមនុស្សបែបណា។
ព្រះយេស៊ូមានបន្ទូលថា៖ «មានមនុស្សម្នាក់មានកូនប្រុសពីរនាក់។ គាត់ទៅប្រាប់កូនច្បងថា៖ ‹កូនអើយ! ថ្ងៃនេះ ចូរកូនទៅធ្វើការក្នុងចំការទំពាំងបាយជូររបស់ឪពុកទៅ›។ កូននោះឆ្លើយថា៖ ‹ខ្ញុំទៅលោកឪពុក!› ប៉ុន្តែមិនបានទៅទេ។ គាត់ក៏ទៅប្រាប់ដល់កូនពៅដូចគ្នា ឯកូននោះឆ្លើយថា៖ ‹ខ្ញុំមិនទៅទេ!› ដល់ក្រោយមកកូននេះប្រែចិត្ត ហើយក៏ទៅចំការ។ ដូច្នេះ បណ្ដាកូនទាំងពីរនោះ តើកូនណាបានធ្វើតាមចិត្តរបស់ឪពុក?»។
ពួកប្រឆាំងទ្រង់ឆ្លើយថា៖ «កូនពៅ»
ដូច្នេះ ព្រះយេស៊ូពន្យល់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកយកពន្ធ នឹងពួកស្រីសំផឹង គេចូលទៅក្នុងនគរព្រះមុនអ្នករាល់គ្នា»។ ពួកអ្នកយកពន្ធនិងស្រីពេស្យា មុនដំបូងបដិសេធមិនព្រមបំរើព្រះទេ។ ប៉ុន្តែរួចមក ដូចជាកូនពៅ ពួកគេបានប្រែចិត្តនិងបានបំរើព្រះវិញ។ ផ្ទុយទៅវិញ ពួកមេដឹកនាំសាសនា ដូចជាកូនច្បងដែលអះអាងថាខ្លួនបំរើព្រះ តែព្រះយេស៊ូមានបន្ទូលថា៖ «ដ្បិតយ៉ូហានបានមកឯអ្នករាល់គ្នាក្នុងផ្លូវសុចរិត តែអ្នករាល់គ្នាមិនបានជឿតាមគាត់ទេ ឯពួកយកពន្ធ នឹងពួកស្រីសំផឹង គេបានជឿតាមគាត់វិញ លុះកាលអ្នករាល់គ្នាបានឃើញដូច្នោះ នោះក៏នៅតែមិនព្រមប្រែចិត្តជឿតាមគាត់ដែរ»។
បន្ទាប់មក ព្រះយេស៊ូបង្ហាញថាហេតុដែលពួកមេដឹកនាំសាសនាខកខានមិនធ្វើ គឺមិនគ្រាន់តែព្រងើយកន្តើយនឹងការបំរើព្រះទេ។ ប៉ុន្តែ តាមពិត ពួកគេជាមនុស្សដ៏អាក្រក់ជួជាតិ។ ព្រះយេស៊ូមានបន្ទូលថា៖ «មានថៅកែម្នាក់ដែលដាំចំការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ ហើយសង់ប៉ម ក៏ប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចចេញពីស្រុកនោះទៅ កាលជិតដល់រដូវបេះផ្លែហើយ នោះក៏ប្រើបាវខ្លួនឲ្យទៅឯពួកអ្នកទាំងនោះ ដើម្បីនឹងទទួលផល ជាចំណែករបស់ខ្លួន តែពួកធ្វើចំការ គេចាប់បាវទាំងនោះវាយម្នាក់ សំឡាប់ម្នាក់ ហើយម្នាក់ទៀតចោលនឹងថ្មវិញ ថៅកែក៏ប្រើបាវដទៃជាច្រើនជាងមុនឲ្យទៅទៀត តែគេប្រព្រឹត្តនឹងបាវទាំងនោះបែបដូចគ្នា»។
«បាវទាំងនោះ»ជាពួកព្យាការីដែល«ថៅកែ» គឺព្រះយេហូវ៉ាចាត់ឲ្យទៅឯ«ពួកអ្នកធ្វើចំការ»នៅ«ចំការទំពាំងបាយជូរ»។ ពួកអ្នកធ្វើចំការនេះ គឺជាអ្នកតំណាងអ្នកមានមុខមាត់ដ៏ធំដុំក្នុងសាសន៍អ៊ីស្រាអែល ហើយព្រះគម្ពីរសម្គាល់សាសន៍នេះជា«ចំការទំពាំងបាយជូរ»របស់ព្រះ។
ដោយព្រោះ«ពួកអ្នកធ្វើចំការ»ធ្វើបាបដោយសម្លាប់«បាវទាំងនោះ» ព្រះយេស៊ូក៏ពន្យល់ថា៖ «ដល់ក្រោយបង្អស់ គាត់[ថៅកែចំការទំពាំងបាយជូរ]ចាត់កូនខ្លួនឲ្យទៅដោយគិតថា គេនឹងកោតខ្លាចដល់កូនអញ ប៉ុន្តែ កាលពួកចំការបានឃើញ នោះគេនិយាយគ្នាថា នេះជាកូនគ្រងមរដកហើយ ចូរយើងសំឡាប់វាចេញទៅ! រួចយើងនឹងដណ្ដើមយកមរដករបស់វា គេក៏ចាប់កូននោះ បោះចោលទៅខាងក្រៅចំការ ហើយសំឡាប់ចោលទៅ»។
ឥឡូវនេះ ព្រះយេស៊ូមានបន្ទូលសំដៅទៅពួកមេដឹកនាំសាសនាថា៖ «ដូច្នេះ កាលណាថៅកែចំការមកដល់ តើគាត់នឹងធ្វើអ្វីដល់ពួកអ្នកដែលធ្វើចំការទាំងនោះ?»។
ពួកមេដឹកនាំសាសនាឆ្លើយតបថា៖ «គាត់នឹងសំឡាប់ពួកកំណាចទាំងនោះយ៉ាងអាក្រក់ណាស់ រួចនឹងប្រវាស់ចំការទៅឲ្យពួកឯទៀតវិញ ដែលគេនឹងឲ្យផលដល់គាត់តាមរដូវ»។
ដូច្នេះ ដោយឥតដឹងខ្លួន ពួកគេជំនុំជំរះខ្លួនគេ ពីព្រោះពួកគេរួមបញ្ចូលក្នុងចំណោមពួកអ៊ីស្រាអែលដែលជា«ពួកអ្នកធ្វើចំការ»នៅឯ«ចំការទំពាំងបាយជូរ»របស់ព្រះយេហូវ៉ាគឺសាសន៍អ៊ីស្រាអែល។ ព្រះយេហូវ៉ាតម្រូវផលផ្លែពីពួកអ្នកធ្វើចំការ គឺឲ្យពួកគេមានជំនឿលើរាជបុត្រារបស់ទ្រង់ ដែលជាព្រះមេស្ស៊ីដ៏ពិត។ ដោយព្រោះពួកគេមិនបានផ្ដល់ផលផ្លែបែបនេះ នោះព្រះយេស៊ូព្រមានដោយមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនដែលមើលក្នុងគម្ពីរទេឬ? [នៅទំនុកដំកើង ១១៨:២២, ២៣] . . . ដែលថា‹ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក ការនោះគឺព្រះអម្ចាស់ទ្រង់បានធ្វើ ហើយជាការយ៉ាងអស្ចារ្យនៅភ្នែកយើងខ្ញុំ?› ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍១ទៀត ដែលគេនឹងបង្កើតផលរបស់នគរនោះ អ្នកណាដែលធ្លាក់លើថ្មនោះ នឹងត្រូវបាក់បែក តែអ្នកណាដែលត្រូវថ្មនោះធ្លាក់មកលើខ្លួន នោះនឹងត្រូវកិនខ្ទេចខ្ទីទៅ»។
ឥឡូវនេះពួកស្ក្រែបនិងពួកសង្គ្រាជទទួលស្គាល់ថា ព្រះយេស៊ូកំពុងតែមានបន្ទូលអំពីពួកគេ ដូច្នេះពួកគេចង់ធ្វើគុតទ្រង់ដែលជា«កូនគ្រងមរតក»ដ៏ត្រឹមត្រូវ។ ដូច្នេះ ឯកសិទ្ធិជាអ្នកគ្រប់គ្រងក្នុងព្រះរាជាណាចក្រនៃព្រះ នឹងត្រូវយកចេញពីពួកគេជាសាសន៍មួយ ហើយសាសន៍មួយថ្មីនៃ ‹ពួកអ្នកធ្វើការក្នុងចំការទំពាំងបាយជូរ›នឹងត្រូវស្ថាបនាឡើង ជាក្រុមដែលនឹងបង្កើតផលផ្លែត្រឹមត្រូវ។
ពីព្រោះពួកមេដឹកនាំសាសនាខ្លាចរអែងចំពោះបណ្ដាជនដោយព្រោះពួកគេចាត់ទុកព្រះយេស៊ូជាព្យាការីម្នាក់ ដូច្នេះពួកគេមិនខំរកវិធីធ្វើគុតទ្រង់នៅគ្រានេះទេ។ ម៉ាថាយ ២១:២៨-៤៦, ព.ថ.; ម៉ាកុស ១២:១-១២; លូកា ២០:៩-១៩; អេសាយ ៥:១-៧
▪ តើកូនពីរនាក់ក្នុងរឿងប្រៀបប្រដូចទីមួយរបស់ព្រះយេស៊ូតំណាងអ្នកណាខ្លះ?
▪ នៅក្នុងរឿងប្រៀបប្រដូចទីពីរ តើ«ថៅកែ» «ចំការទំពាំងបាយជូរ» «ពួកអ្នកធ្វើចំការ» «បាវទាំងនោះ» និង«អ្នកទទួលមរតក» តំណាងអ្នកណា?
▪ តើ‹ពួកអ្នកធ្វើការក្នុងចំការទំពាំងបាយជូរ›នឹងទទួលអ្វី? ហើយតើអ្នកណានឹងធ្វើជំនួសគេ?