លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការលេចខ្លួនឲ្យឃើញចុងក្រោយ និងបុណ្យថ្ងៃទី៥០នៅឆ្នាំ៣៣ ស.យ.

ការលេចខ្លួនឲ្យឃើញចុងក្រោយ និងបុណ្យថ្ងៃទី៥០នៅឆ្នាំ៣៣ ស.យ.

ជំពូក​ទី​១៣១

ការ​លេច​ខ្លួន​ឲ្យ​ឃើញ​ចុង​ក្រោយ និង​បុណ្យ​ថ្ងៃ​ទី​៥០​នៅ​ឆ្នាំ​៣៣ ស.យ.

នៅ​ពេល​មួយ ព្រះ​យេស៊ូ​បាន​រៀបចំ​ឲ្យ​ពួក​សាវ័ក​១១​នាក់​មក​ជួប​ទ្រង់​នៅ​ភ្នំ​មួយ​ក្នុង​ស្រុក​កាលីឡេ។ តាម​មើល​ទៅ ពួក​សិស្ស​ឯ​ទៀត​ក៏​បាន​ដឹង​អំពី​ការ​ប្រជុំ​នេះ ហើយ​មាន​សិស្ស​ប្រមាណ​៥០០​នាក់​បាន​មក​ជួប​ជុំ​គ្នា។ នេះ​ជា​ការ​ប្រជុំ​ដ៏​សប្បាយ​រីករាយ​មែន ពេល​ព្រះ​យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ ហើយ​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ!

ក្រៅ​ពី​ការ​បង្រៀន ព្រះ​យេស៊ូ​ក៏​ពន្យល់​ប្រាប់​បណ្ដា​ជន​ថា ព្រះ​ប្រទាន​នូវ​អំណាច​ទាំង​អស់​ជូន​ព្រះ​យេស៊ូ គឺ​ទាំង​នៅ​លើ​មេឃ​ទាំង​នៅ​ផែនដី​នេះ។ ទ្រង់​ដាស់​តឿន​ពួក​សិស្ស​ថា៖ «ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ! ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។

ចូរ​គិត​ទៅ​មើល! បុរស ស្ត្រី និង​ក្មេង​ៗ​ទទួល​នូវ​មុខ​ងារ​នេះ​ដូច​គ្នា ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ការ​បង្កើត​ឲ្យ​មាន​សិស្ស។ គឺ​នឹង​មាន​ពួក​ប្រឆាំង​ដែល​ខំ​បញ្ឈប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​កិច្ច​ការ​បង្រៀន​របស់​ពួក​គាត់ តែ​ព្រះ​យេស៊ូ​សម្រាល​ទុក្ខ​ពួក​គាត់​ថា៖ «ហើយ​មើល! ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប»។ ព្រះ​យេស៊ូ​គង់​នៅ​ជា​មួយ​ពួក​អ្នក​កាន់​តាម​ទ្រង់​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​ពួក​គាត់​ឲ្យ​បំពេញ​នូវ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​ខ្លួន។

សរុប​ទៅ ក្រោយ​ពី​ដំណើរ​រស់​ឡើង​វិញ ព្រះ​យេស៊ូ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​ពួក​សិស្ស​ឃើញ​អស់​រយៈ​ពេល​៤០​ថ្ងៃ។ ក្នុង​កំឡុង​ដែល​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ​នោះ ទ្រង់​បង្រៀន​ពួក​សិស្ស​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ហើយ​ទ្រង់​បញ្ជាក់​នូវ​ភារកិច្ច​របស់​ពួក​គេ​ជា​សិស្ស​របស់​ទ្រង់។ នៅ​គ្រា​មួយ ទ្រង់​ព្រម​ទាំង​បង្ហាញ​ខ្លួន​ឲ្យ​យ៉ាកុប​ជា​ប្អូន​ឃើញ​ដែរ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ធ្លាប់​ជឿ ទទួល​ស្គាល់​ថា​ទ្រង់​ជា​ព្រះ​គ្រីស្ទ​ពិត​មែន។

កាល​ពួក​សាវ័ក​នៅ​ស្រុក​កាលីឡេ​នៅ​ឡើយ តាម​មើល​ទៅ​ព្រះ​យេស៊ូ​ទំនង​ជា​បង្គាប់​ពួក​គាត់​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។ ពេល​ជួប​ពួក​គាត់​នៅ​ទី​នោះ ទ្រង់​មាន​បន្ទូល «ហាម​មិន​ឲ្យ​គេ​ចេញ​ពី​ក្រុង​យេរូសាឡិម​ឡើយ ដោយ​បន្ទូល​ថា ត្រូវ​ឲ្យ​នៅ​ចាំ​សេចក្ដី​សន្យា​នៃ​ព្រះ​វរបិតា ដែល​អ្នក​រាល់​គ្នា​បាន​ឮ ខ្ញុំ​ថ្លែង​ប្រាប់​ហើយ ដ្បិត​ពិត​ជា​លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ​នៅ​បន្ដិច​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​វិញ»។

ក្រោយ​មក ព្រះ​យេស៊ូ​ជួប​ពួក​សាវ័ក​របស់​ទ្រង់​ម្ដង​ទៀត និង​នាំ​ពួក​គាត់​ចេញ​ពី​ទី​ក្រុង​រហូត​ដល់​ភូមិ​បេថានី ដែល​នៅ​ទី​ជម្រាល​ខាង​កើត​នៃ​ភ្នំ​អូលីវ។ គួរ​ឲ្យ​អស្ចារ្យ​មែន ទោះ​ជា​ទ្រង់​បាន​មាន​បន្ទូល​ជា​ច្រើន ថា​បន្ដិច​ទៀត​ទ្រង់​នឹង​យាង​ទៅ​ស្ថាន​សួគ៌ ក៏​ពួក​សិស្ស​នៅ​តែ​ជឿ​ដដែល​ថា ព្រះ​រាជាណាចក្រ​របស់​ទ្រង់​នឹង​ស្ថាបនា​ឡើង​នៅ​លើ​ផែនដី​នេះ។ ដូច្នេះ ពួក​សិស្ស​ក៏​ទូល​សួរ​ថា៖ «ព្រះ​អម្ចាស់​អើយ! តើ​នៅ​គ្រា​នេះ​ឬ . . . ដែល​ទ្រង់​នឹង​តាំង​នគរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ​នោះ?»។

ព្រះ​យេស៊ូ​មិន​កែ​តម្រូវ​នូវ​ការ​យល់​ច្រឡំ​របស់​ពួក​សិស្ស​ទេ តែ​ទ្រង់​គ្រាន់​តែ​មាន​បន្ទូល​ថា៖«មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះ​វរបិតា​បាន​ទុក​នៅ ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ»។ រួច​មក ព្រះ​យេស៊ូ​បញ្ជាក់​នូវ​កិច្ចការ​ដែល​ពួក​គាត់​ត្រូវ​តែ​ធ្វើ ដោយ​មាន​បន្ទូល​ថា៖ «កាល​ណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្ដា ហើយ​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។

កាល​ពួក​សិស្ស​កំពុង​តែ​សម្លឹង​មើល​ព្រះ​យេស៊ូ​យាង​ឡើង​ទៅ​លើ​មេឃ ស្រាប់​តែ​ភ្លាម​នោះ​មាន​ពពក​រសាត់​មក​បាំង​ទ្រង់​ពី​ក្រសែ​ភ្នែក​ពួក​គេ​ទៅ។ ទ្រង់​យាង​ឡើង​ទៅ​ស្ថាន​សួគ៌​ជា​បុគ្គល​វិញ្ញាណ ក្រោយ​ពី​ផ្លាស់​ប្រែ​ពី​រូប​កាយ​ជា​មនុស្ស។ កាល​ដែល​ពួក​សាវ័ក​១១​នាក់​នៅ​តែ​សម្លឹង​មើល​ទៅ​លើ​មេឃ​នៅ​ឡើយ នោះ​មាន​មនុស្ស​ពីរ​នាក់​ស្លៀក​ពាក់​ស​ឈរ​នៅ​ជិត​ពួក​គាត់។ គឺ​ជា​ពួក​ទេវតា​ដែល​បាន​ប្រែ​ក្រឡា ហើយ​ពោល​ថា៖ «ពួក​អ្នក​ស្រុក​កាលីឡេ​អើយ! ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះ? ព្រះ​យេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា ឡើង​ទៅ​លើ​ស្ថាន​សួគ៌ ទ្រង់​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​ទៅ​នោះ​ដែរ»។

របៀប​ដែល​ព្រះ​យេស៊ូ​យាង​ចេញ​ពី​ផែនដី គឺ​មិន​មាន​ភាព​អធិកអធម​គគ្រឹក​គគ្រេង​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​ប៉ុណ្ណោះ​ដែល​បាន​ឃើញ។ ដូច្នេះ ទ្រង់​នឹង​យាង​ត្រឡប់​មក​វិញ​តាម​បែប​ដូច​គ្នា ដោយ​ឥត​មាន​ភាព​អធិកអធម​គគ្រឹក​គគ្រេង​ឡើយ ហើយ​មាន​តែ​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​ប៉ុណ្ណោះ​ដែល​យល់​ដឹង​ថា ទ្រង់​បាន​យាង​ត្រឡប់​មក​វិញ​ចាប់​ផ្ដើម​គ្រប់​គ្រង​ក្នុង​ព្រះ​រាជាណាចក្រ។

ឥឡូវ​នេះ ពួក​សាវ័ក​ចុះ​ពី​ភ្នំ​អូលីវ ឆ្លង​កាត់​ជ្រលង​កេដ្រុន និង​ចូល​ក្រុង​យេរូសាឡិម​ម្ដង​ទៀត។ ពួក​គេ​នៅ​ទី​នោះ​ដោយ​ស្ដាប់​បង្គាប់​តាម​បញ្ជា​របស់​ព្រះ​យេស៊ូ។ ដប់​ថ្ងៃ​ក្រោយ​មក នៅ​បុណ្យ​ថ្ងៃ​ទី​៥០​ឆ្នាំ​៣៣ ស.យ. កាល​ពួក​សិស្ស​១២០​នាក់​កំពុង​ប្រជុំ​គ្នា​ក្នុង​បន្ទប់​ខាង​លើ​មួយ​ក្នុង​ក្រុង​យេរូសាឡិម ស្រាប់​តែ​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ចូល​ពេញ​ក្នុង​ផ្ទះ។ ពួក​គេ​ឃើញ​ហាក់​ដូច​ជា​មាន​អណ្ដាត​ភ្លើង មក​សណ្ឋិត​លើ​ពួក​គេ​ម្នាក់​ៗ​ដែល​មាន​វត្តមាន ហើយ​ពួក​សិស្ស​ទាំង​នោះ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេង​ៗ​ពី​គ្នា។ នេះ​គឺ​ជា​ការ​ចាក់​វិញ្ញាណ​បរិសុទ្ធ ដូច​ដែល​ព្រះ​យេស៊ូ​បាន​សន្យា​មក! ម៉ាថាយ ២៨:១៦​-​២០; លូកា ២៤:៤៩​-​៥២; កូរិនថូស​ទី​១ ១៥:៥​-​៧; កិច្ច​ការ ១:៣​-​១៥; ២:១​-​៤

មុន​នឹង​ព្រះ​យេស៊ូ​យាង​ចេញ​ទៅ តើ​ព្រះ​យេស៊ូ​ប្រទាន​សេចក្ដី​បង្គាប់​ដល់​ពួក​ណា​នៅ​ឯ​ភ្នំ​ក្នុង​ស្រុក​កាលីឡេ? តើ​សេចក្ដី​បង្គាប់​នេះ​មាន​អ្វី​ខ្លះ?

តើ​ព្រះ​យេស៊ូ​ប្រទាន​នូវ​ការ​សម្រាល​ទុក្ខ​យ៉ាង​ណា​ដល់​ពួក​សិស្ស? ហើយ​តើ​ទ្រង់​នឹង​គង់​នៅ​ជា​មួយ​ពួក​គេ​យ៉ាង​ណា?

ក្រោយ​ពី​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ តើ​ព្រះ​យេស៊ូ​បង្ហាញ​ខ្លួន​ទ្រង់​ឲ្យ​ពួក​សិស្ស​ឃើញ​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ? ហើយ​តើ​ព្រះ​យេស៊ូ​បង្រៀន​ពួក​គេ​អំពី​អ្វី?

ជាក់​ស្តែង តើ​ព្រះ​យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ណា​ឃើញ ដែល​គាត់​មិន​ទាន់​ក្លាយ​ជា​សិស្ស​របស់​ទ្រង់​ផង មុន​ទ្រង់​សោយ​ទិវង្គត?

តើ​កិច្ច​ប្រជុំ​ពីរ​ចុង​ក្រោយ​ណា ដែល​ព្រះ​យេស៊ូ​ជួប​ប្រជុំ​នឹង​ពួក​សាវ័ក? តើ​មាន​អ្វី​កើត​ឡើង​ក្នុង​គ្រា​ទាំង​ពីរ​នេះ?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​នឹង​ត្រឡប់​មក​វិញ ដូច​ពេល​ដែល​ទ្រង់​យាង​ចេញ​ទៅ​នោះ?

តើ​មាន​អ្វី​កើត​ឡើង​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ នៅ​ឆ្នាំ​៣៣ ស.យ.?