លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការលេចខ្លួនឲ្យឃើញថែមទៀត

ការលេចខ្លួនឲ្យឃើញថែមទៀត

ជំពូក​ទី​១២៩

ការ​លេច​ខ្លួន​ឲ្យ​ឃើញ​ថែម​ទៀត

ពួក​សិស្ស​នៅ​មាន​ចិត្ត​សោក​សៅ​ដដែល។ ពួក​គាត់​ឥត​យល់​នូវ​មូលហេតុ​ដែល​ផ្នូរ​នៅ​ទទេ​នោះ​ទេ ហើយ​ពួក​គាត់​ក៏​មិន​ជឿ​ពី​ការ​រាយ​ការណ៍​របស់​ពួក​ស្រី​ៗ​នោះ​ដែរ។ ដូច្នេះ នៅ​ថ្ងៃ​អាទិត្យ​នោះ ក្លេវប៉ាស​និង​សិស្ស​ម្នាក់​ទៀត​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​ទៅ​ភូមិ​អេម៉ោស ដែល​មាន​ចម្ងាយ​១១​គីឡូ​ម៉ែត្រ។

កាល​ពួក​គាត់​កំពុង​តែ​និយាយ​គ្នា​អំពី​ព្រឹត្ដិការណ៍​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ចម្លែក​ម្នាក់​មក​រួម​ដំណើរ​ជា​មួយ​ពួក​គាត់។ មនុស្ស​ចម្លែក​នោះ​សួរ​ពួក​គាត់​ថា៖ «តើ​រឿង​អ្វី ដែល​អ្នក​និយាយ​គ្នា កំពុង​ដែល​ដើរ​ទៅ?»។

ពួក​សិស្ស​ក៏​ឈប់ ទាំង​មាន​ចិត្ត​សោក​សៅ ហើយ​ក្លេវប៉ាស​ឆ្លើយ​ថា៖ «តើ​អ្នក​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូសាឡិម​តែ​ម្នាក់​ឯង​ទេ​ឬ​អី បាន​ជា​មិន​ដឹង​ការ​ដែល​កើត​មក​នៅ​គ្រា​នេះ?»។ មនុស្ស​ចម្លែក​សួរ​ថា៖ «តើ​ការ​អ្វី​ហ្នឹង?»។

ពួក​គាត់​ឆ្លើយ​ថា៖ «គឺ​ពី​ដំណើរ​លោក​យេស៊ូវ ពី​ស្រុក​ណាសារ៉ែត . . . ដែល​ពួក​សង្គ្រាជ នឹង​ពួក​នាម៉ឺន​យើង​ខ្ញុំ បាន​បញ្ជូន​លោក​ទៅ ឲ្យ​ជាប់​ទោស​ដល់​ជីវិត ហើយ[ព្យួរ]លោក​ផង តែ​យើង​ខ្ញុំ​បាន​សង្ឃឹម​ថា គឺ​លោក​នេះ​ហើយ ជា​ព្រះ​ដែល​រៀប​នឹង​ប្រោស​លោះ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន»។

ក្លេវប៉ាស​និង​គូកន​របស់​គាត់​ពន្យល់​ប្រាប់​នូវ​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​នៅ​ថ្ងៃ​នោះ គឺ​ពី​ការ​រាយ​ការណ៍​ថា​ឃើញ​អ្វី​ដ៏​អធិធម្មជាតិ គឺ​ពួក​ទេវតា និង​ផ្នូរ​នៅ​ទទេ។ ពួក​គាត់​បាន​សារភាព​ថា ការណ៍​ទាំង​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​ឆ្ងល់​ណាស់​អំពី​ន័យ​នៃ​ព្រឹត្ដិការណ៍​ទាំង​នេះ។ មនុស្ស​ចម្លែក​នេះ​ស្តី​បន្ទោស​ពួក​គាត់​ថា៖ «ឱ​មនុស្ស​ឥត​ពិចារណា ហើយ​ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​មក​អើយ! តើ​មិន​គួរ​ឲ្យ​ព្រះ​គ្រីស្ទ​រង​ទុក្ខ​ទាំង​នោះ ហើយ​ចូល​ទៅ​ក្នុង​សិរី​ល្អ​នៃ​ទ្រង់​វិញ​ទេ​ឬ?»។ រួច​មក មនុស្ស​ចម្លែក​នោះ​បាន​បក​ស្រាយ​បទ​គម្ពីរ​ពិសិដ្ឋ ដែល​ទាក់​ទង​នឹង​ព្រះ​គ្រីស្ទ។

នៅ​ទី​បំផុត ពួក​គាត់​មក​ដល់​ភូមិ​អេម៉ោស ហើយ​មនុស្ស​ចម្លែក​នេះ​ធ្វើ​ដូច​ជា​ចង់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ពួក​សិស្ស​ចង់​ស្ដាប់​ថែម​ទៀត ក៏​ខំ​ឃាត់​ដោយ​ពាក្យ​ថា៖ «សូម​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​សិន ពីព្រោះ​ល្ងាច​ថ្ងៃ​ទាប​ណាស់​ហើយ»។ ដូច្នេះ មនុស្ស​ចម្លែក​នោះ​ក៏​ព្រម​បរិភោគ​អាហារ​ជា​មួយ​នឹង​ពួក​គាត់។ កាល​គាត់​អរ​ព្រះ​គុណ​ព្រះ​និង​យក​នំ​ប៉័ង​មក​កាន់ រួច​កាច់​ប្រទាន​ឲ្យ​ពួក​គាត់ នោះ​ពួក​គាត់​ដឹង​ថា គាត់​ពិត​ជា​ព្រះ​យេស៊ូ​ដែល​បាន​ប្រែ​ក្រឡា​ជា​មនុស្ស។ ប៉ុន្តែ ក្រោយ​មក​ទ្រង់​ក៏​បំបាំង​កាយ​ពី​ភ្នែក​ពួក​គាត់​ទៅ។

ឥឡូវ​នេះ ពួក​គាត់​យល់​ហើយ​ដែល​មនុស្ស​ចម្លែក​នេះ​ដឹង​ច្រើន​ម្ល៉េះ​នោះ! ពួក​គាត់​និយាយ​គ្នា​ថា៖ «តើ​យើង​មិន​មាន​សេចក្ដី​ខ្មួល​ខ្មាញ់​នៅ​ក្នុង​ចិត្ត ក្នុង​ពេល​ដែល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នឹង​យើង ហើយ​សំដែង​ពី​គម្ពីរ តាម​ផ្លូវ​នោះ​ទេ​ឬ?»។ ពួក​គាត់​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ភ្លាម ឃើញ​ពួក​សាវ័ក​ជួប​ជុំ​គ្នា​នៅ​ទី​នោះ។ មុន​នឹង​ក្លេវប៉ាស​និង​គូកន​របស់​គាត់​ហា​មាត់​និយាយ ពួក​អ្នក​ឯ​ទៀត​រៀប​រាប់​យ៉ាង​រំភើប​ចិត្ត​ថា៖ «ព្រះ​អម្ចាស់! ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន! ក៏​បាន​លេច​មក​ឲ្យ​ស៊ីម៉ូន​ឃើញ»។ រួច​មក សិស្ស​ទាំង​ពីរ​នាក់​ក៏​រៀប​រាប់​ពី​ពេល ដែល​ព្រះ​យេស៊ូ​បាន​លេច​ខ្លួន​ឡើង​ឲ្យ​ពួក​គាត់​ឃើញ​ដែរ។ នេះ​ជា​បួន​លើក​ហើយ​ក្នុង​មួយ​ថ្ងៃ ដែល​ទ្រង់​លេច​ខ្លួន​ឲ្យ​សិស្ស​ផ្សេង​ៗ​ឃើញ។

រំពេច​នោះ ព្រះ​យេស៊ូ​ក៏​បង្ហាញ​ខ្លួន​ម្ដង​ទៀត​ជា​លើក​ទី​ប្រាំ។ ថ្វី​បើ​ពួក​សិស្ស​បាន​បិទ​ទ្វារ​ចាក់​សោ​ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា​ក្ដី នោះ​ព្រះ​យេស៊ូ​យាង​ចូល​ទៅ​ឈរ​នៅ​កណ្ដាល​ពួក​គាត់ ក៏​មាន​បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត​ចុះ!»។ ពួក​សាវ័ក​ភ័យ​តក់​ស្លុត​ជា​ខ្លាំង ព្រោះ​ស្មាន​ថា​ខ្មោច​លង។ ព្រះ​យេស៊ូ​ពន្យល់​ថា ទ្រង់​មិន​មែន​ជា​ខ្មោច​ទេ ក៏​មាន​បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​វិល​វល់ ហើយ​សង្ស័យ​ក្នុង​ចិត្ត​ដូច្នេះ ចូរ​មើល​មក​ដៃ​នឹង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ»។ ប៉ុន្តែ ពួក​សាវ័ក​នៅ​តែ​ពិបាក​ជឿ​នៅ​ឡើយ។

ដើម្បី​ជួយ​ពួក​គាត់​យល់​ថា ទ្រង់​ជា​ព្រះ​យេស៊ូ ទ្រង់​មាន​បន្ទូល​សួរ​ថា៖ «នៅ​ទី​នេះ អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ?»។ ព្រះ​យេស៊ូ​ទទួល​យក​ត្រី​អាំង​មួយ​ដុំ ហើយ​សោយ​នៅ​មុខ​ពួក​គាត់ ក៏​មាន​បន្ទូល​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ[មុន​ខ្ញុំ​សោយ​ទិវង្គត] គឺ​ថា ត្រូវ​តែ​សំរេច​គ្រប់​ទាំង​សេចក្ដី​ដែល​ចែង​ទុក​ពី​ខ្ញុំ ទោះ​ក្នុង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ ក្នុង​ទំនាយ​ពួក​ហោរា ឬ​ក្នុង​បទ​ទំនុក​ដំកើង​ផង»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ជា​បន្ត ដូច​ជា​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ពួក​សាវ័ក នោះ​ទ្រង់​បង្រៀន​ថា៖ «គឺ​សេចក្ដី​នេះ​ហើយ ដែល​បាន​ចែង​ទុក​មក គឺ​ថា ព្រះ​គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​នៅ​ថ្ងៃ​ទី​៣​ទ្រង់​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ត្រូវ​ឲ្យ​ការ​ប្រែ​ចិត្ត នឹង​សេចក្ដី​ប្រោស​ឲ្យ​រួច បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ដោយ​នូវ​ព្រះ​នាម​ទ្រង់ ចាប់​តាំង​ពី​ក្រុង​យេរូសាឡិម​ទៅ អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ពី​ការ​ទាំង​នេះ»។

មិន​ដឹង​ជា​មូលហេតុ​អ្វី​ទេ ដែល​នៅ​ប្រជុំ​ដ៏​ពិសេស​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ថូម៉ាស​ឥត​បាន​នៅ​ទី​នោះ។ ដូច្នេះ នៅ​ថ្ងៃ​ជា​បន្ទាប់ ពួក​អ្នក​ឯ​ទៀត​ប្រាប់​គាត់​ទាំង​អរ​សប្បាយ​ថា៖ «យើង​បាន​ឃើញ​ព្រះ​អម្ចាស់!»។

ថូម៉ាស​ប្រកែក​ថា៖ «បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​ព្រះ​ហស្ត​ទ្រង់ ទាំង​លូក​ម្រាម​ទៅ​ក្នុង​ស្នាម​ដែក​គោល​នោះ ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ក្នុង​ចំហៀង​ទ្រង់​នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ»។

ដល់​ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​ជួប​ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​ម្ដង​ទៀត ហើយ​លើក​នេះ​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ។ ម្ដង​នេះ​ទៀត ព្រះ​យេស៊ូ​ទ្រង់​យាង​មក​ឈរ​កណ្ដាល​ពួក​គេ ទាំង​ទ្វារ​នៅ​បិទ ហើយ​មាន​បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត»។ រួច​ទ្រង់​មាន​បន្ទូល​ទៅ​ថូម៉ាស​ថា៖ «ចូរ​លូក​ម្រាម​ដៃ​អ្នក​មក ស្ទាប​មើល​ដៃ​ខ្ញុំ​ឯ​ណេះ ហើយ​លូក​ដៃ​មក​ក្នុង​ចំហៀង​ខ្ញុំ​ផង កុំ​ឲ្យ​មាន​ចិត្ត​មិន​ជឿ​ឡើយ»។

ថូម៉ាស​លាន់​មាត់​ថា៖ «ឱ​ព្រះ​អម្ចាស់​ទូល​បង្គំ! ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ!»។

ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ថា៖ «អ្នក​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ»។ លូកា ២៤:១១, ១៣​-​៤៨; យ៉ូហាន ២០:១៩​-​២៩

តើ​មនុស្ស​ចម្លែក​សួរ​អ្វី​ទៅ​កាន់​ពួក​សិស្ស​ពីរ​នាក់​នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេម៉ោស?

តើ​មនុស្ស​ចម្លែក​នេះ​និយាយ​អំពី​អ្វី ដែល​ធ្វើ​ឲ្យ​ពួក​សិស្ស​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង​នោះ?

តើ​តាម​របៀប​ណា​ដែល​ពួក​សិស្ស​ដឹង​ថា​មនុស្ស​ចម្លែក​នេះ​ជា​អ្នក​ណា?

នៅ​ពេល​ក្លេវប៉ាស​និង​គូកន​របស់​គាត់​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ តើ​ពួក​គាត់​ឮ​ពី​ការ​រាយ​ការណ៍​ដ៏​រំភើប​យ៉ាង​ណា?

តើ​លើក​ទី​ប្រាំ​ដែល​ព្រះ​យេស៊ូ​លេច​ខ្លួន​ឲ្យ​ពួក​សិស្ស​ទ្រង់​ឃើញ​គឺ​យ៉ាង​ណា? ហើយ​តើ​មាន​អ្វី​កើត​ឡើង​ពេល​នោះ?

ក្រោយ​ពី​លើក​ទី​ប្រាំ តើ​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ទី​ប្រាំ​បី? តើ​តាម​របៀប​ណា​ដែល​ថូម៉ាស​ពិត​ជា​បាន​ជឿ​ថា ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ?