លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការសោយព្រះស្ងោយជាមួយផារីស៊ីម្នាក់

ការសោយព្រះស្ងោយជាមួយផារីស៊ីម្នាក់

ជំពូក​ទី​៧៦

ការ​សោយ​ព្រះ​ស្ងោយ​ជា​មួយ​ផារីស៊ី​ម្នាក់

ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​តប​ឆ្លើយ​ទៅ​កាន់​ពួក​អ្នក​រិះ​គន់ ដែល​ទូល​សួរ​អំពី​ប្រភព​នៃ​អំណាច​របស់​ទ្រង់​ដែល​ប្រោស​បុរស​គ​ម្នាក់​ឲ្យ​ជា នោះ​ផារីស៊ី​ម្នាក់​បាន​អញ្ជើញ​ទ្រង់​ទៅ​សោយ​ព្រះ​ស្ងោយ​នៅ​ផ្ទះ​របស់​គាត់។ មុន​ពេល​បរិភោគ នោះ​ពួក​ផារីស៊ី​ធ្វើ​តាម​ក្បួន​រីតិ៍​លាង​ដៃ​រហូត​ដល់​កែង​ដៃ។ ពួក​គេ​ធ្វើ​ដូច្នេះ​ទាំង​មុន​ទទួល​ទាន​អាហារ ទាំង​ក្រោយ​ទទួល​ទាន​អាហារ ព្រម​ទាំង​ពេល​ទទួល​ទាន​អាហារ​ទៀត​ផង។ ថ្វី​បើ​ទំនៀម​ទម្លាប់​នេះ​ឥត​បំពាន​លើ​ក្រិត្យ​វិន័យ​របស់​ព្រះ​ក៏​ដោយ តែ​វា​ហួស​ពី​អ្វី​ដែល​ព្រះ​តម្រូវ​ទៅ​ទៀត ស្តី​អំពី​ភាព​ស្អាត​ស្អំ។

នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ឥត​ធ្វើ​តាម​ទំនៀម​ទម្លាប់​នេះ នោះ​ផារីស៊ី​ដែល​អញ្ជើញ​ទ្រង់​មក​នោះ គាត់​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។ ថ្វី​បើ​ការ​ភ្ញាក់​ផ្អើល​របស់​គាត់​ឥត​សម្ដែង​តាម​ពាក្យ​សំដី​ក៏​ដោយ ក៏​ព្រះ​យេស៊ូ​ទ្រង់​ជ្រាប​ដឹង​បាន​ដែរ ទ្រង់​មាន​បន្ទូល​ថា៖ «ឯ​អ្នក​រាល់​គ្នា ជា​ពួក​ផារិស៊ី អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ​ទេ តែ​ចំណែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា មាន​ពេញ​ដោយ​ការ​ឆ​ស៊ី នឹង​អំពើ​អាក្រក់​វិញ ឱ​មនុស្ស​ល្ងី​ល្ងើ​អើយ! ព្រះ​ដែល​បង្កើត​ខាង​ក្រៅ តើ​មិន​បាន​បង្កើត​ខាង​ក្នុង​ដែរ​ទេ​ឬ?»។

ដូច្នេះ​ហើយ ព្រះ​យេស៊ូ​បាន​បក​អាក្រាត​នូវ​ភាព​លាក់​ពុត​របស់​ពួក​ផារីស៊ី ដែល​ធ្វើ​តាម​ក្បួន​រីតិ៍​ខាង​ការ​លាង​ដៃ​របស់​ពួក​គេ ប៉ុន្តែ​ឥត​បាន​លាង​ចិត្ត​គំនិត​របស់​ពួក​គេ​ពី​អំពើ​អាក្រក់​ជួជាតិ​នោះ​ឡើយ។ ព្រះ​យេស៊ូ​ទូន្មាន​ប្រដៅ​ពួក​គេ​ថា៖ «ត្រូវ​ឲ្យ​ទាន​ពី​របស់​ដែល​នៅ​ខាង​ក្នុង​វិញ នោះ​គ្រប់​ទាំង​អស់​នឹង​ស្អាត​ដល់​អ្នក​រាល់​គ្នា»។ ពួក​គេ​គួរ​ឲ្យ​ទាន ពីព្រោះ​ពួក​គេ​មាន​ចិត្ត​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ មិន​មែន​ដោយ​សេចក្ដី​ប្រាថ្នា​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ស្ងើច​សរសើរ​ថា​គេ​ជា​អ្នក​សុចរិត​នោះ​ឡើយ។

ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ត​ថា៖ «វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ផារិស៊ី​អើយ! ដ្បិត​អ្នក​រាល់​គ្នា​តែង​ថ្វាយ​១​ភាគ​ក្នុង​១០ ទាំង​ជីរ​អង្កាម ជីរ​លីង​លាក់ នឹង​បន្លែ​គ្រប់​មុខ តែ​លះ​ចោល​សេចក្ដី​យុត្ដិធម៌ នឹង​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​វិញ គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​សេចក្ដី​ទាំង​នេះ​វិញ ហើយ​ឥត​ចោល​ការ​ខាង​ដើម​នោះ​ផង»។ ក្រិត្យ​វិន័យ​របស់​ព្រះ​សំរាប់​សាសន៍​អ៊ីស្រាអែល តម្រូវ​ឲ្យ​ពួក​គេ​ថ្វាយ​មួយ​ភាគ​ដប់​នៃ​ផល​ផ្លែ​ពី​ចំការ។ ជីរ​អង្កាម​និង​ជីរ​លីង​លាក់ គឺ​ជា​រុក្ខជាតិ​តូច​ម្យ៉ាង​ដែល​ប្រើ​ដើម្បី​ឲ្យ​ម្ហូប​មាន​ក្លិន​ឈ្ងុយ និង​មាន​ឱ​ជា​រស​ឆ្ងាញ់។ ពួក​ផារីស៊ី​បាន​ថ្វាយ​ជីរ​ដ៏​មិន​សំខាន់​នេះ គឺ​ថ្វាយ​មួយ​ភាគ​ដប់ តែ​ព្រះ​យេស៊ូ​ផ្ដន្ទា​ទោស​ពួក​គេ ពីព្រោះ​ពួក​គេ​ឥត​អើពើ​នូវ​សេចក្ដី​តម្រូវ​ដ៏​សំខាន់​ជាង ដូច​ជា​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់ មាន​ចិត្ត​សប្បុរស និង​ចិត្ត​សុភាព​រាប​ទាប។

ព្រះ​យេស៊ូ​ស្តី​បន្ទោស​ពួក​គេ​ថែម​ទៀត ដោយ​មាន​បន្ទូល​ថា៖ «វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ផារិស៊ី​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​នឹង​កន្លែង​មុខ​គេ​ក្នុង​សាលា​ប្រជុំ ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​អ្នក​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ផ្នូរ​ខ្មោច ដែល​មើល​មិន​ឃើញ ហើយ​មនុស្ស​ដើរ​ជាន់​ឥត​ដឹង​ទេ»។ មនុស្ស​មិន​សូវ​ឃើញ​នូវ​ភាព​មិន​ស្អាត​របស់​ពួក​គេ​ឡើយ។ សាសនា​របស់​ពួក​ផារីស៊ី​និយម​បញ្ចេញ​អាការ​ខាង​ក្រៅ​ល្អ​ណាស់ តែ​ឥត​មាន​តម្លៃ​នៅ​ខាង​ក្នុង​ឡើយ! ការ​ពិត​ពួក​គេ​ធ្វើ​ដោយ​ភាព​លាក់​ពុត​របស់​ពួក​គេ​ទៅ​វិញ​ទេ។

អ្នក​ប្រាជ្ញ​ច្បាប់​របស់​ព្រះ​ម្នាក់​ពេល​ឮ​ការ​ស្តី​ប្រដៅ​នេះ គាត់​ក៏​និយាយ​ត្អូញត្អែរ​ថា៖ «លោក​គ្រូ! ដែល​លោក​មាន​ប្រសាសន៍​យ៉ាង​នេះ នោះ​ឈ្មោះ​ថា​ត្មះ​តិះ​ដៀល​ដល់​ពួក​យើង​ខ្ញុំ​ហើយ»។

ព្រះ​យេស៊ូ​ឲ្យ​ពួក​អ្នក​ប្រាជ្ញ​ច្បាប់​ទទួល​ខុស​ត្រូវ​ដែរ ដោយ​មាន​បន្ទូល​ថា៖ «វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​ជា​អ្នក​ប្រាជ្ញ​ច្បាប់​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ពិបាក​ទទួល ទៅ​លើ​មនុស្ស តែ​ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​១​ឆ្កឹះ​បន្ទុក​នោះ​ផង វេទនា​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ឲ្យ​ពួក​ហោរា ដែល​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​បាន​សំឡាប់!»។

បន្ទុក​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​រៀប​រាប់​នោះ គឺ​ជា​ទំនៀម​ទម្លាប់​តាម​ពាក្យ​សំដី ក៏​ប៉ុន្តែ ពួក​អ្នក​ប្រាជ្ញ​ច្បាប់​ទាំង​នេះ មិន​ទាំង​លើក​លែង​នូវ​ក្រិត្យ​ក្រម​ណា​មួយ ដើម្បី​ឲ្យ​មនុស្ស​ស្រួល​ធ្វើ​តាម​នោះ​ទេ។ ព្រះ​យេស៊ូ​លាត​ត្រដាង​ថា ពួក​អ្នក​ប្រាជ្ញ​ច្បាប់​ទាំង​នេះ​សុខ​ចិត្ត​ឲ្យ​គេ​សម្លាប់​ពួក​ព្យាការី ហើយ​ទ្រង់​ព្រមាន​ពួក​គេ​ថា៖ «ឈាម​របស់​ពួក​ហោរា​ទាំង​អស់ ដែល​បាន​ខ្ចាយ តាំង​ពី​កំណើត​លោកីយ​រៀង​មក​នោះ បាន​ត្រូវ​ទារ​ពី​មនុស្ស​ដំណ​នេះ​វិញ គឺ​ចាប់​តាំង​ពី​ឈាម​របស់​អេបិល ទៅ​ដល់​ឈាម​របស់​សាការី ដែល​គេ​សំឡាប់​នៅ​កណ្ដាល​អាសនា នឹង​វិហារ​ផង អើ! ខ្ញុំ​ប្រាប់​ថា ឈាម​ទាំង​នោះ​នឹង​ត្រូវ​ទារ​ពី​មនុស្ស​ដំណ​នេះ​វិញ»។

មនុស្សជាតិ​ដែល​ត្រូវ​ការ​ឲ្យ​រំដោះ​ពី​បាប គឺ​មាន​ចាប់​ផ្ដើម​តាំង​ពី​ពេល​អ័ដាម​និង​អេវ៉ា​បាន​បង្កើត​កូន​មក ដូច្នេះ​ហើយ អេបិល​បាន​រស់​នៅ«តាំង​ពី​កំណើត​លោកីយ​រៀង​មក​នោះ»។ កង​ទ័ព​សាសន៍​ស៊ីរី​បាន​បំផ្លិច​បំផ្លាញ​ស្រុក​យូដា ក្រោយ​ពី​ការ​សម្លាប់​លោក​សាការី​តាម​របៀប​មួយ​យ៉ាង​សាហាវ​ឃោរ​ឃៅ។ ប៉ុន្តែ ព្រះ​យេស៊ូ​ព្រមាន​ប្រាប់​នូវ​ការ​បំផ្លិច​បំផ្លាញ​កាន់​តែ​ធំ​ជាង​ដល់​ពួក​មនុស្ស​ដំណ​ទ្រង់ ដោយ​សារ​តែ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ជួជាតិ​ខ្លាំង​ជាង​ទៅ​ទៀត។ ការ​បំផ្លិច​បំផ្លាញ​នេះ​បាន​កើត​ឡើង​ប្រហែល​ជា​៣៨​ឆ្នាំ​ក្រោយ​មក គឺ​ក្នុង​ឆ្នាំ​៧០ ស.យ.។

ព្រះ​យេស៊ូ​មាន​បន្ទូល​ស្តី​បន្ទោស​ជា​បន្ត​ថា៖ «វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ប្រាជ្ញ​ច្បាប់​អើយ! ដ្បិត​អ្នក​រាល់​គ្នា​បាន​ដក​កូន​សោ​នៃ​ចំណេះ​ចេញ​ទៅ​ហើយ ខ្លួន​អ្នក​រាល់​គ្នា​មិន​បាន​ចូល ហើយ​ក៏​ហាមឃាត់​ដល់​ពួក​អ្នក ដែល​កំពុង​តែ​រក​ចូល មិន​ឲ្យ​គេ​ចូល​ដែរ»។ ពួក​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​គឺ​មាន​ភារកិច្ច​ពន្យល់​និង​បក​ស្រាយ​អត្ថន័យ​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ដល់​មនុស្ស។ ក៏​ប៉ុន្តែ ពួក​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​មិន​បាន​ធ្វើ​ដូច្នេះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ពុំ​មាន​ឱកាស​យល់​ព្រះ​បន្ទូល​ព្រះ​ទៀត​ផង។

ពួក​ផារីស៊ី​និង​ពួក​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​ក្ដៅ​ចិត្ត​មែន ពេល​ព្រះ​យេស៊ូ​បក​អាក្រាត​នូវ​ធាតុ​ពិត​របស់​ពួក​គេ​នោះ។ ពេល​ព្រះ​យេស៊ូ​យាង​ចេញ​ពី​ផ្ទះ​នោះ ពួក​គេ​ចាប់​ផ្ដើម​ប្រឆាំង​នឹង​ទ្រង់​យ៉ាង​ខ្លាំង ហើយ​ដេញ​ដោល​សួរ​ទ្រង់​អំពី​រឿង​ផ្សេង​ៗ​ជា​ច្រើន។ ពួក​គេ​ចង់​ចាប់​កំហុស​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​មាន​បន្ទូល​អំពី​អ្វី​មួយ ដែល​ពួក​គេ​អាច​ចាប់​ទ្រង់​ដាក់​គុក។ លូកា ១១:៣៧​-​៥៤; ចោទិយកថា ១៤:២២; មីកា ៦:៨; របាក្សត្រ​ទី​២ ២៤:២០​-​២៥

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ផ្ដន្ទា​ទោស​ពួក​ផារីស៊ី​និង​ពួក​អ្នក​ប្រាជ្ញ​ខាង​ច្បាប់?

តើ​បន្ទុក​អ្វី​ខ្លះ​ដែល​ពួក​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​ដាក់​លើ​មនុស្ស?

តើ«កំណើត​លោកីយ»មាន​តាំង​ពី​ពេល​ណា​មក?