លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការស្វែងរកអស់អ្នកដែលវង្វេង

ការស្វែងរកអស់អ្នកដែលវង្វេង

ជំពូក​ទី​៨៥

ការ​ស្វែង​រក​អស់​អ្នក​ដែល​វង្វេង

ព្រះ​យេស៊ូ​ខំ​ស្វែង​រក​អស់​អ្នក​ដែល​ចង់​បំរើ​ព្រះ​ដោយ​ចិត្ត​រាប​ទាប។ ដូច្នេះ ទ្រង់​ស្វែង​រក​មនុស្ស​និង​រៀប​រាប់​ប្រាប់​ពួក​គេ​អំពី​ព្រះ​រាជាណាចក្រ ព្រម​ទាំង​មាន​បន្ទូល​ជា​មួយ​មនុស្ស​មាន​បាប​ដែល​គេ​ស្គាល់​ជា​ទូទៅ​ទៀត​ផង។ មនុស្ស​មាន​បាប​ទាំង​នេះ​ក៏​នាំ​គ្នា​ចូល​មក​ស្ដាប់​ព្រះ​បន្ទូល​របស់​ទ្រង់​ដែរ។

នោះ​ពួក​ផារីស៊ី​និង​ពួក​ស្ក្រែប​ពេល​ឃើញ​ដូច​នេះ ក៏​រិះ​គន់​ព្រះ​យេស៊ូ​ព្រោះ​ទ្រង់​សេព​គប់​ជា​មួយ​មនុស្ស ដែល​ពួក​គេ​ចាត់​ទុក​ថា​មិន​សម​គួរ។ ពួក​គេ​និយាយ​រុក​កួន​ថា៖ «អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​ក៏​ស៊ី​ជា​មួយ​នឹង​គេ​ផង»។ ពួក​គេ​មិន​ចេះ​បន្ទាប​ខ្លួន​ធ្វើ​ដូច្នេះ​ទេ! ពួក​ផារីស៊ី​និង​ពួក​ស្ក្រែប​ប្រព្រឹត្ត​លើ​មនុស្ស​សាមញ្ញ ដូច​ជា​ធូលី​ដី​ក្រោម​ជើង​របស់​ពួក​គេ។ តាម​ការ​ពិត ពួក​គេ​ប្រើ​ឃ្លា​ភាសា​ហេព្រើរ​អាមហាអារិត ដែល​មាន​ន័យ​ថា«ប្រជាជន​នៅ​ក្នុង​ស្រុក» ដើម្បី​បង្ហាញ​នូវ​ការ​ស្អប់​ខ្ពើម​របស់​ពួក​គេ​ចំពោះ​មនុស្ស​បែប​នេះ។

ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​ប្រព្រឹត្ត​លើ​មនុស្ស​គ្រប់​គ្នា​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ សេចក្ដី​សប្បុរស និង​សេចក្ដី​មេត្ដា។ ជា​លទ្ធផល មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ទាំង​នេះ រួម​មាន​មនុស្ស​ដែល​គេ​ល្បី​ថា​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ក៏​ចូល​មក​ស្ដាប់​ទ្រង់​ដែរ។ ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ការ​រិះ​គន់​របស់​ពួក​ផារីស៊ី​ដែល​ថា ព្រះ​យេស៊ូ​ខំ​ប្រឹង​ជួយ​អស់​អ្នក​ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​ពួក​ដែល​មិន​សម​គួរ​នោះ?

ព្រះ​យេស៊ូ​ប្រើ​រឿង​ប្រៀប​ប្រដូច​មួយ ដើម្បី​តប​ឆ្លើយ​នឹង​ការ​ជំទាស់​របស់​ពួក​គេ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ដូច​ជា​ទស្សនៈ​របស់​ពួក​ផារីស៊ី​ផ្ទាល់ ដែល​អាង​ខ្លួន​ជា​មនុស្ស​សុចរិត​ហើយ​មាន​សុវត្ថិភាព​ក្នុង​ក្រោល​របស់​ព្រះ តែ​ពួក​អាមហាអារិត​ដែល​ជា​ទី​ស្អប់​ខ្ពើម​នោះ គឺ​បាន​វង្វេង​បាត់។ ចូរ​ស្ដាប់​កាល​ដែល​ទ្រង់​មាន​បន្ទូល​សួរ​ថា៖

«ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​១​រយ តែ​បាត់​១ តើ​មិន​ទុក​ចៀម​៩៩​ឲ្យ​នៅ​ទី​រហោ​ស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម​១​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬ​អី? កាល​ណា​រក​ឃើញ​ហើយ នោះ​ក៏​លើក​ព្រនរ​មក ដោយ​អំណរ លុះ​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​នឹង​ហៅ​ពួក​សំឡាញ់ នឹង​ពួក​អ្នក​ជិត​ខាង​មក ប្រាប់​ថា ‹សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ!›»។

រួច​មក ព្រះ​យេស៊ូ​បក​ស្រាយ​នូវ​រឿង​របស់​ទ្រង់ ដោយ​ពន្យល់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន​សួគ៌ នឹង​មាន​សេចក្ដី​អំណរ​យ៉ាង​នោះ​ដែរ ដោយ​សារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ ជា​ជាង​មនុស្ស​សុចរិត​៩៩​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត​ទេ»។

ពួក​ផារីស៊ី​ចាត់​ទុក​ខ្លួន​គេ​ជា​មនុស្ស​សុចរិត ដូច្នេះ​ហើយ​គេ​មិន​ត្រូវ​ការ​ប្រែ​ចិត្ត​ទេ។ បី​បួន​ឆ្នាំ​មុន​នេះ ពួក​គេ​ខ្លះ​បាន​រិះ​គន់​ព្រះ​យេស៊ូ ដោយ​ព្រោះ​ទ្រង់​សោយ​ព្រះ​ស្ងោយ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ​និង​អ្នក​មាន​បាប នៅ​ពេល​នោះ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា៖ «ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​មាន​បាប»ទៅ​វិញ​ទេ។ ពួក​ផារីស៊ី​ដែល​អះអាង​ថា​ខ្លួន​គេ​ជា​មនុស្ស​សុចរិត ហើយ​ឥត​យល់​ឃើញ​ថា​ខ្លួន​ត្រូវ​ការ​ប្រែ​ចិត្ត និង​ឥត​បាន​នាំ​ឲ្យ​មាន​អំណរ​នៅ​ស្ថាន​សួគ៌​ទេ។ ក៏​ប៉ុន្តែ អស់​អ្នក​ដែល​មាន​បាប​ហើយ​ប្រែ​ចិត្ត​ដ៏​ស្មោះ​នឹង​ធ្វើ​ឲ្យ​មាន​អំណរ​មែន។

ព្រះ​យេស៊ូ​រៀប​រាប់​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត ដើម្បី​បញ្ជាក់​កាន់​តែ​ខ្លាំង​ថា ការ​ជួយ​រក​ចៀម​វង្វេង​ឲ្យ​ឃើញ​មក​វិញ ពិត​ជា​បណ្ដាល​ឲ្យ​មាន​អំណរ​មែន។ ទ្រង់​មាន​បន្ទូល​ថា៖ «មាន​ស្ត្រី​ឯ​ណា ដែល​មាន​ប្រាក់[«ដ្រាកម៉ា​១០​កាក់», ព.ថ.] បើ​បាត់​១ តើ​មិន​អុជ​ចង្កៀង ហើយ​បោស​ផ្ទះ​រក​អស់​ពី​ចិត្ត ទាល់​តែ​បាន​ឃើញ​ទេ​ឬ​អី? កាល​រក​ឃើញ នោះ​ក៏​ហៅ​ពួក​សំឡាញ់ នឹង​អ្នក​ជិត​ខាង​មក​ប្រាប់​ថា ‹សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ​ចុះ! ដ្បិត​ប្រាក់​ខ្ញុំ​ដែល​បាត់ នោះ​រក​ឃើញ​វិញ​ហើយ!›»។

រួច​មក ព្រះ​យេស៊ូ​ក៏​ពន្យល់​បក​ស្រាយ​ស្រដៀង​មុន​ដែរ។ ទ្រង់​មាន​បន្ទូល​ថា៖ «ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្ដី​អំណរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយ​សារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ»។

ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួក​ទេវតា​នៃ​ព្រះ ចំពោះ​ការ​ជួយ​មនុស្ស​ដែល​មាន​បាប​ឲ្យ​ប្រែ​ចិត្ត​នោះ គឺ​អស្ចារ្យ​ណាស់​ហ្ន៎! ជា​ពិសេស​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ទាំង​នេះ ដែល​ពី​មុន​ត្រូវ​គេ​ស្អប់​និង​ចាត់​ទុក​ជា​អាមហាអារិត តែ​នៅ​ទី​បំផុត គេ​អាច​ក្លាយ​ជា​សមាជិក​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​របស់​ព្រះ។ ជា​លទ្ធផល ពួក​គេ​ទទួល​ឋានៈ​នៅ​ស្ថាន​សួគ៌​ដែល​ខ្ពង់​ខ្ពស់​ជាង​ពួក​ទេវតា​ទៅ​ទៀត! ពួក​ទេវតា​ឥត​មាន​ចិត្ត​ច្រណែន​ឬ​តូច​ចិត្ត​ឡើយ តែ​ពួក​គេ​អបអរ​ថា មនុស្ស​មាន​បាប​ទាំង​នេះ​បាន​ប្រឈម​មុខ​និង​ឈ្នះ​លើ​ស្ថានការណ៍​ទាំង​ប៉ុន្មាន​ក្នុង​ជីវិត ដែល​នឹង​ជួយ​ពួក​គេ​ឲ្យ​បំរើ​ជា​ស្តេច​និង​ជា​សង្ឃ​នៅ​ស្ថាន​សួគ៌ ដែល​មាន​ចិត្ត​យោគ​យល់​ហើយ​មេត្ដា​ទៀត​ផង។ លូកា ១៥:១​-​១០; ម៉ាថាយ ៩:១៣; កូរិនថូស​ទី​១ ៦:២, ៣; វិវរណៈ ២០:៦

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​សេព​គប់​នឹង​មនុស្ស​មាន​បាប​ដែល​គេ​ស្គាល់​ជា​ទូទៅ​នោះ? ហើយ​តើ​ព្រះ​យេស៊ូ​បាន​ទទួល​នូវ​ការ​រិះ​គន់​យ៉ាង​ណា​ពី​ពួក​ផារីស៊ី?

តើ​ពួក​ផារីស៊ី​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​មនុស្ស​សាមញ្ញ?

តើ​ព្រះ​យេស៊ូ​ប្រើ​រឿង​ប្រៀប​ប្រដូច​អ្វី​ខ្លះ? ហើយ​តើ​យើង​អាច​រៀន​ពី​រឿង​ប្រៀប​ប្រដូច​នោះ​យ៉ាង​ណា?

ហេតុ​អ្វី​បាន​ជា​អំណរ​អរ​របស់​ពួក​ទេវតា​គឺ​អស្ចារ្យ​ម្ល៉េះ?