លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការឮព្រះសូរសៀងរបស់ព្រះជាលើកទីបី

ការឮព្រះសូរសៀងរបស់ព្រះជាលើកទីបី

ជំពូក​ទី​១០៤

ការ​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​ជា​លើក​ទី​បី

ពេល​នៅ​ក្នុង​ព្រះ​វិហារ នោះ​ព្រះ​យេស៊ូ​ពិបាក​ព្រះ​ទ័យ​ក្រៃ​លែង ព្រោះ​ទ្រង់​នឹង​ត្រូវ​គេ​ធ្វើ​គុត​ទ្រង់​នៅ​ពេល​បន្ដិច​ទៀត។ កង្វល់​ដ៏​ចំបង​របស់​ព្រះ​យេស៊ូ គឺ​ថា​តើ​នឹង​មាន​អានុភាព​យ៉ាង​ណា​លើ​កិត្ដិនាម​របស់​ព្រះ​វរបិតា ដូច្នេះ​ទ្រង់​ក៏​មាន​បន្ទូល​ថា៖ «ឱ​ព្រះ​វរបិតា​អើយ! សូម​ដំកើង​ព្រះ​នាម​ទ្រង់​ឡើង»។

ពេល​នោះ​មាន​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​ពី​លើ​មេឃ​មក​ថា៖ «អញ​បាន​ដំកើង​ហើយ ក៏​នឹង​ដំកើង​ឡើង​ទៀត​ដែរ»។

បណ្ដា​ជន​ដែល​ឈរ​នៅ​ជុំ​វិញ​នោះ​ងឿង​ឆ្ងល់​ជា​ខ្លាំង។ អ្នក​ខ្លះ​ក៏​ពោល​ថា៖ «ទេវតា​ទូល​នឹង​ទ្រង់»។ អ្នក​ឯ​ទៀត​ថា​មាន​ឮ​ផ្គរ​លាន់។ ប៉ុន្តែ គឺ​ជា​ព្រះ​សូរ​សៀង​របស់​ព្រះ​យេហូវ៉ា​ទៅ​វិញ​ទេ! យ៉ាង​ណា​ក៏​ដោយ នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ ដែល​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​មាន​បន្ទូល​ទាក់​ទង​ជា​មួយ​ព្រះ​យេស៊ូ​នោះ។

បី​ឆ្នាំ​កន្លះ​មុន​នេះ ពេល​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​យ៉ូហាន​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ បាន​ឮ​ព្រះ​មាន​បន្ទូល​នឹង​ព្រះ​យេស៊ូ​ថា៖ «នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់»។ រួច​មក នៅ​ពេល​មួយ​ក្រោយ​ពី​បុណ្យ​រំលង​កន្លង​ទៅ​នេះ ពេល​ដែល​ព្រះ​យេស៊ូ​បាន​ត្រូវ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​នៅ​មុខ​យ៉ាកុប យ៉ូហាន និង​ពេត្រុស នោះ​ពួក​គេ​បាន​ឮ​ព្រះ​ប្រកាស​ថា៖ «នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ចូរ​ស្ដាប់​តាម​ចុះ!»។ ឥឡូវ​នេះ​ជា​លើក​ទី​បី នៅ​ថ្ងៃ​ទី​១០ ខែ​ណែសាន បួន​ថ្ងៃ​មុន​នឹង​ព្រះ​យេស៊ូ​សោយ​ទិវង្គត មាន​មនុស្ស​ជា​ច្រើន​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​ម្ដង​ទៀត។ ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ម្ដង​នេះ ដើម្បី​ឲ្យ​បណ្ដា​ជន​ឮ​ដែរ!

ព្រះ​យេស៊ូ​ពន្យល់​ថា៖ «សំឡេង​នេះ​មិន​មែន​ឮ​ដោយ​ព្រោះ​ខ្ញុំ​ទេ គឺ​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​វិញ»។ នេះ​ផ្ដល់​ភស្តុ​តាង​ថា​ព្រះ​យេស៊ូ គឺ​ពិត​ជា​បុត្រា​របស់​ព្រះ​មែន គឺ​ជា​ព្រះ​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​មក​នោះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ត​ថា៖ «ឥឡូវ លោកីយ​នេះ​ត្រូវ​ជាប់​ទោស​ហើយ ឥឡូវ​នេះ ចៅហ្វាយ​របស់​លោកីយ​នេះ ក៏​ត្រូវ​បោះ​ចោល​ចេញ»។ តាម​រយៈ​ដំណើរ​ព្រះ​ជន្ម​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេស៊ូ ជា​លទ្ធផល​បញ្ជាក់​ថា អារក្ស​សាតាំង ដែល​ជា​អ្នក​គ្រប់​គ្រង​នៃ​លោកីយ៍​នេះ សម​នឹង«បោះ​ចោល​ចេញ»។

ព្រះ​យេស៊ូ​បញ្ជាក់​នូវ​លទ្ធផល​ដែល​ទ្រង់​នឹង​សោយ​ទិវង្គត​ពេល​ខាង​មុខ​នេះ ដោយ​មាន​បន្ទូល​ថា៖ «ឯ​ខ្ញុំ បើ​សិន​ជា​ខ្ញុំ​ត្រូវ​លើក​ពី​ដី​ឡើង នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ»។ ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​មិន​មែន​មាន​ន័យ​ថា​ទ្រង់​ទទួល​បរាជ័យ​នោះ​ទេ។ ដ្បិត​ដោយ​ការ​សោយ​ទិវង្គត​នេះ ទ្រង់​នឹង​ទាញ​នាំ​មនុស្ស​មក​ឯ​ទ្រង់ ដើម្បី​ឲ្យ​ពួក​គេ​អាច​ទទួល​នូវ​ជីវិត​ជា​រៀង​រហូត។

ប៉ុន្តែ​ហ្វូង​មនុស្ស​ទូល​សួរ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​ក្នុង​ក្រិត្យ​វិន័យ​ថា ព្រះ​គ្រីស្ទ ទ្រង់​គង់​នៅ​អស់​កល្ប​ជា​និច្ច ចុះ​ធ្វើ​ដូច​ម្ដេច​បាន​ជា​ថា កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ តើ​អ្នក​ណា​ជា​កូន​មនុស្ស​នេះ?»។

មនុស្ស​ភាគ​ច្រើន​ឥត​ជឿ​ថា​ព្រះ​យេស៊ូ​ជា​កូន​មនុស្ស​ដ៏​ពិត គឺ​ជា​ព្រះ​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​មក​នោះ​ទេ ថ្វី​បើ​ពួក​គេ​ឃើញ​នូវ​ទី​សំអាង​ជា​ច្រើន រួម​ទាំង​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​ផ្ទាល់​ក៏​ដោយ។ ប៉ុន្តែ ដូច​ជា​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាំ​មួយ​ខែ​មុន​នៅ​ឯ​ពិធី​បុណ្យ​បារាំ​នោះ ម្ដង​នេះ​ទៀត ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​ខ្លួន​ទ្រង់​ជា«ពន្លឺ» ហើយ​លើក​ទឹក​ចិត្ត​ពួក​អ្នក​ស្ដាប់​របស់​ទ្រង់​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ជឿ​ដល់​ពន្លឺ កំពុង​ដែល​នៅ​មាន​នៅ​ឡើយ​ចុះ! ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​នៃ​ពន្លឺ»។ ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ដូច្នេះ​ហើយ នោះ​ទ្រង់​ក៏​យាង​ចេញ​ទៅ​លាក់​ខ្លួន ដ្បិត​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ព្រះ​ជន្ម​របស់​ទ្រង់។

ដែល​ពួក​សាសន៍​យូដា​ខ្វះ​ជំនឿ​លើ​ព្រះ​យេស៊ូ នោះ​គឺ​សម្រេច​តាម​ពាក្យ​របស់​អេសាយ​ថា‹ភ្នែក​របស់​បណ្ដា​ជន​បាន​ត្រូវ​បាំង និង​ចិត្ត​របស់​គេ​ទៅ​ជា​ស្ពឹក ដែល​ពួក​គេ​ឥត​ប្រែ​ចិត្ត​ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​ជា​ទេ›។ លោក​អេសាយ​បាន​ឃើញ​ក្នុង​ចក្ខុនិមិត្ត​នូវ​ទី​តាំង​សួគ៌ា​របស់​ព្រះ​យេហូវ៉ា ថែម​ទាំង​ឃើញ​ព្រះ​យេស៊ូ​មុន​ពេល​មាន​កំណើត​ជា​មនុស្ស ក្នុង​សិរី​រុង​រឿង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ក៏​ប៉ុន្តែ ពួក​យូដា​បាន​បដិសេធ​ទាំង​ស្រុង​នូវ​ទី​សំអាង​ថា​ទ្រង់​ជា​អ្នក​រំដោះ​ដែល​បាន​សន្យា​មក ហើយ​ការ​បដិសេធ​បែប​នេះ គឺ​បំពេញ​តាម​អ្វី​ដែល​លោក​អេសាយ​បាន​សរសេរ​មក។

ម្យ៉ាង​វិញ​ទៀត អ្នក​គ្រប់​គ្រង​ជា​ច្រើន(ជាក់​ស្តែង​គឺ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​សាសន៍​យូដា) បាន​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ។ លោក​នីកូដេម​និង​លោក​យ៉ូសែប​អើរីម៉ាថេ​គឺ​ជា​សមាជិក​នៃ​អ្នក​គ្រប់​គ្រង។ ប៉ុន្តែ មក​ទល់​ឥឡូវ​នេះ អ្នក​គ្រប់​គ្រង​ទាំង​នោះ​មិន​បាន​ប្រកាស​ជំនឿ​របស់​ខ្លួន​នៅ​ឡើយ​ទេ ដ្បិត​ពួក​គេ​ខ្លាច​ថា​ខ្លួន​នឹង​បាត់​បង់​នូវ​មុខ​ងារ​នៅ​ក្នុង​សាលា​ប្រជុំ។ ពួក​អ្នក​ទាំង​នេះ​ពិត​ជា​បង់​ប្រយោជន៍​ច្រើន​មែន!

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មិន​មែន​ជឿ​ដល់​ខ្ញុំ គឺ​ជឿ​ដល់​ព្រះ​អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ ហើយ​អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​ឃើញ​ព្រះ​អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ។ . . . បើ​អ្នក​ណា​ឮ​ពាក្យ​ខ្ញុំ តែ​មិន​ជឿ នោះ​ខ្ញុំ​មិន​កាត់​ទោស​គេ ដ្បិត​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​កាត់​ទោស​ដល់​លោកីយ​ទេ គឺ​មក​ប្រយោជន៍​នឹង​សង្គ្រោះ​វិញ។ . . . ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​ឯង ពាក្យ​នោះ​នឹង​កាត់​ទោស​ដល់​គេ នៅ​ថ្ងៃ​ចុង​បំផុត»។

សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​លោក ជំរុញ​ឲ្យ​ទ្រង់​ចាត់​ព្រះ​យេស៊ូ​មក ដើម្បី​អស់​អ្នក​ដែល​មាន​ជំនឿ​លើ​ទ្រង់​នឹង​បាន​សង្គ្រោះ។ មនុស្ស​នឹង​បាន​សង្គ្រោះ​ឬ​ក៏​មិន​បាន​សង្គ្រោះ គឺ​ពឹង​ទៅ​លើ​ថា​តើ​ពួក​គេ​ស្ដាប់​បង្គាប់​តាម​អ្វី​ដែល​ព្រះ​បង្គាប់​ព្រះ​យេស៊ូ​ឲ្យ​មាន​បន្ទូល​នោះ​ឬ​ក៏​មិន​ស្ដាប់​តាម។ សេចក្ដី​ជំនុំ​ជំរះ​នឹង​មាន​នៅ «ថ្ងៃ​ចុង​បំផុត»ក្នុង​កំឡុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ។

ព្រះ​យេស៊ូ​មាន​បន្ទូល​បញ្ចប់​ថា៖ «ដ្បិត​ខ្ញុំ​មិន​បាន​និយាយ ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ជា​ព្រះ​វរបិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​បាន​បង្គាប់​ខ្ញុំ ពី​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​និយាយ ហើយ​ពី​ពាក្យ​ដែល​ខ្ញុំ​ត្រូវ​ប្រាប់​វិញ ខ្ញុំ​ក៏​ដឹង​ថា សេចក្ដី​ដែល​ទ្រង់​បង្គាប់​មក​នោះ ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ដូច្នេះ សេចក្ដី​អ្វី​ដែល​ខ្ញុំ​និយាយ នោះ​ខ្ញុំ​និយាយ​តាម​ដែល​ព្រះ​វរបិតា​បាន​ប្រាប់​មក»។ យ៉ូហាន ១២:២៨​-​៥០; ១៩:៣៨, ៣៩; ម៉ាថាយ ៣:១៧; ១៧:៥; អេសាយ ៦:១, ៨​-​១០

តើ​នៅ​គ្រា​បី​ដង​ណា​ខ្លះ ដែល​ព្រះ​សូរ​សៀង​របស់​ព្រះ​បាន​ឮ​ដោយ​ទាក់​ទង​ព្រះ​យេស៊ូ?

តើ​តាម​របៀប​ណា​ដែល​ព្យាការី​អេសាយ បាន​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ​យេស៊ូ?

តើ​អ្នក​ណា​ខ្លះ​ដែល​ជា​អ្នក​គ្រប់​គ្រង​ហើយ​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ? ប៉ុន្តែ​ហេតុ​អ្វី​ក៏​ពួក​គេ​មិន​ទទួល​ស្គាល់​ទ្រង់​នៅ​មុខ​គេ​ឯង?

តើ​អ្វី​ជា«ថ្ងៃ​ចុង​បំផុត»? ហើយ​តើ​មនុស្ស​នឹង​ត្រូវ​ជំនុំ​ជំរះ​លើ​មូលដ្ឋាន​អ្វី?