លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កិច្ចបំរើនៅព្រះវិហារបានសម្រេចហើយ

កិច្ចបំរើនៅព្រះវិហារបានសម្រេចហើយ

ជំពូក​ទី​១១០

កិច្ច​បំរើ​នៅ​ព្រះ​វិហារ​បាន​សម្រេច​ហើយ

ព្រះ​យេស៊ូ​បង្ហាញ​ខ្លួន​ជា​លើក​ចុង​ក្រោយ​នៅ​ឯ​ព្រះ​វិហារ។ តាម​ការ​ពិត ទ្រង់​កំពុង​តែ​បញ្ចប់​កិច្ច​បំរើ​សាធារណៈ​របស់​ទ្រង់​នៅ​ផែនដី​នេះ​រួច​រាល់​ហើយ លើក​លែង​តែ​ព្រឹត្ដិការណ៍​ស្តី​អំពី​ការ​វិនិច្ឆ័យ​ទោស ដែល​នៅ​សល់​តែ​បី​ថ្ងៃ​ខាង​មុខ​ទៀត​ប៉ុណ្ណោះ។ ឥឡូវ​នេះ ទ្រង់​បន្ត​ស្តី​បន្ទោស​ដល់​ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី។

ព្រះ​យេស៊ូ​មាន​បន្ទូល​បី​ដង​ទៀត​ថា៖ «វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ!»។ ដំបូង ទ្រង់​ប្រកាស​អំពី​សេចក្ដី​វេទនា​ដែល​នឹង​មាន​មក​លើ​ពួក​គេ ពីព្រោះ​ពួក​គេ​លាង«ចាន​លាង​ថាស​តែ​ខាង​ក្រៅ ឯ​ខាង​ក្នុង​វិញ នោះ​ពេញ​ដោយ​អំពើ​ប្លន់ នឹង​សេចក្ដី​ហួស​ខ្នាត​ទទេ»។ ដូច្នេះ ទ្រង់​ដាស់​តឿន​ថា៖ «ចូរ​លាង​ចាន​លាង​ថាស​ខាង​ក្នុង​ជា​មុន ដើម្បី​ឲ្យ​ខាង​ក្រៅ​បាន​ស្អាត​ដែរ»។

បន្ទាប់​មក ទ្រង់​ប្រកាស​សេចក្ដី​វេទនា​លើ​ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី ដោយ​សារ​សេចក្ដី​ស្មោក​គ្រោក​និង​ភាព​ពុក​រលួយ​សព្វ​បែប​យ៉ាង ដែល​ពួក​គេ​ខំ​លាក់​បាំង ហើយ​សម្ដែង​ឫកពា​ខាង​ក្រៅ​ថា​សុចរិត។ ទ្រង់​មាន​បន្ទូល​ថា៖ «ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ ល្អ​មើល​ពិត​មែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច នឹង​សេចក្ដី​ស្មោក​គ្រោក​គ្រប់​មុខ​វិញ»។

នៅ​ទី​បំផុត ភាព​លាក់​ពុត​របស់​គេ​សម្ដែង​ឲ្យ​ឃើញ ពីព្រោះ​ពួក​គេ​ស្ម័គ្រ​ចិត្ត​សង់​ផ្នូរ​ឲ្យ​ពួក​ព្យាការី ព្រម​ទាំង​តុបតែង​ផ្នូរ​នោះ ដើម្បី​ឲ្យ​គេ​កោត​សរសើរ​នឹង​អំពើ​ល្អ​របស់​ខ្លួន។ ប៉ុន្តែ ព្រះ​យេស៊ូ​លាត​ត្រដាង​ថា ពួក​គេ«ជា​កូន​របស់​ពួក​អ្នក​ដែល​បាន​សំឡាប់​ហោរា​ទាំង​នោះ»។ ប្រាកដ​ហើយ អ្នក​ណា​ដែល​ហ៊ាន​លាត​ត្រដាង​នូវ​ភាព​លាក់​ពុត​របស់​ពួក​គេ គឺ​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​មែន!

ព្រះ​យេស៊ូ​មាន​បន្ទូល​ជា​បន្ត ដែល​ជា​ពាក្យ​ផ្ដន្ទា​ទោស​ដ៏​ខ្លាំង​ជាង​គេ​របស់​ទ្រង់។ ទ្រង់​មាន​បន្ទូល​ថា៖ «ឱ​សត្វ​ពស់ ឱ​ពូជ​ពស់​វែក​អើយ! ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​រួច​ពី​ទោស នៅ​ក្នុង[ហ្គេហេណា]បាន?»។ ហ្គេហេណា​ជា​ជ្រលង​ភ្នំ ដែល​បាន​ប្រើ​សំរាប់​បោះ​ចោល​សំរាម​នៃ​ក្រុង​យេរូសាឡិម។ ដូច្នេះ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ដែល​ពួក​គេ​ចូល​ចិត្ត​តែ​ធ្វើ​អំពើ​ដ៏​អាក្រក់ នោះ​ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី​នឹង​ទទួល​សេចក្ដី​ហិន​វិនាស​ជា​រៀង​រហូត។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​កាន់​ពួក​ផារីស៊ី​និង​ពួក​ស្ក្រែប​ដែល​នឹង​ប្រព្រឹត្ត​ទៅ​លើ​អស់​អ្នក ដែល​ទ្រង់​បញ្ជូន​ជា​អ្នក​តំណាង​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​ៗ​នឹង​សំឡាប់​ហើយ​ឆ្កាង​ខ្លះ ក៏​វាយ​ខ្លះ​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ទុក្ខ​បៀត​បៀន​គេ ពី​ក្រុង​១​ទៅ​ដល់​ក្រុង​១ ដើម្បី​ឲ្យ​អស់​ទាំង​ឈាម​របស់​មនុស្ស​សុចរិត ដែល​បាន​ខ្ចាយ​នៅ​ផែនដី បាន​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​វិញ តាំង​ពី​ឈាម​របស់​អេបិល ជា​អ្នក​សុចរិត ដរាប​ដល់​សាការី ជា​កូន​បារ៉ាគា[ដែល​ហៅ​តាម​ឈ្មោះ​យេហូយ៉ាដា​នៅ​របាក្សត្រ​ទី​២] ដែល​អ្នក​រាល់​គ្នា​បាន​សំឡាប់​នៅ​កណ្ដាល​ព្រះ​វិហារ ហើយ​នឹង​អាសនា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អំពើ​ទាំង​នោះ​នឹង​ធ្លាក់​មក​លើ​មនុស្ស​ដំណ​នេះ​វិញ»។

ពីព្រោះ​សាការី​ស្តី​បន្ទោស​មេ​ដឹក​នាំ​សាសន៍​អ៊ីស្រាអែល ដែល​ពួក«គេ​រួម​គំនិត​គ្នា​គិត​ប្រទូស្ត នឹង​លោក​វិញ ក៏​ចោល​លោក​នឹង​ថ្ម នៅ​ក្នុង​ទី​លាន​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា តាម​បង្គាប់​ស្តេច»។ ប៉ុន្តែ ដូច​ជា​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ជា​មុន នោះ​សាសន៍​អ៊ីស្រាអែល​នឹង​ទទួល​ទណ្ឌកម្ម​ចំពោះ​ការ​បង្ហូរ​ឈាម​មនុស្ស​សុចរិត​ទាំង​នេះ។ ពួក​គេ​បាន​ទទួល​ទណ្ឌកម្ម​មែន​គឺ​៣៧​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ​៧០ ស.យ. កង​ទ័ព​រ៉ូម​បាន​ចូល​វាយលុក​កំទេច​ចោល​ក្រុង​យេរូសាឡិម និង​ជនជាតិ​យូដា​ជាង​មួយ​លាន​នាក់​បាន​ស្លាប់។

ព្រះ​យេស៊ូ​សែន​ពិបាក​ព្រះ​ទ័យ​ពន់​ពេក ពេល​ទ្រង់​នឹក​គិត​អំពី​ស្ថានការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ។ ទ្រង់​ប្រកាស​ម្ដង​ទៀត​ថា៖ «ឱ​យេរូសាឡិម ក្រុង​យេរូសាឡិម​អើយ! ឯង​ដែល​សំឡាប់​ពួក​ហោរា ហើយ​យក​ថ្ម​ចោល​ពួក​អ្នក​ដែល​បាន​ចាត់​មក​ឯ​ឯង តើ​ប៉ុន្មាន​ដង​ហើយ ដែល​អញ​ចង់​ប្រមូល​កូន​ឯង​ទាំង​ប៉ុន្មាន ដូច​ជា​មេ​មាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​ទេ មើល! ផ្ទះ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ទុក​ឲ្យ​ឯង»។

រួច​មក ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ថែម​ថា៖ «ពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត ដរាប​ដល់​កាល​ណា​អ្នក​រាល់​គ្នា​និយាយ​ថា ព្រះ​អង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ​ពរ!»។ នៅ​ថ្ងៃ​នោះ​គឺ​មាន​វត្តមាន​របស់​ព្រះ​គ្រីស្ទ ពេល​ទ្រង់​យាង​មក​កាន់​អំណាច​គ្រប់​គ្រង​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌ ហើយ​ដោយ​ជំនឿ​នោះ​ពួក​គេ​នឹង​ឃើញ​ទ្រង់​មែន។

ឥឡូវ​នេះ​ទ្រង់​យាង​ទៅ​គង់​នៅ​ខាង​មុខ​កន្លែង​ដាក់​ប្រាក់​តង្វាយ​ក្នុង​ព្រះ​វិហារ ហើយ​បណ្ដា​ជន​យក​ប្រាក់​មក​ដាក់​ក្នុង​ប្រដាប់​ដាក់​ប្រាក់​នោះ។ អ្នក​មាន​ជា​ច្រើន​នាក់​ដាក់​ប្រាក់​ជា​ច្រើន​ទៅ​ក្នុង​នោះ។ តែ​រួច​មក មាន​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​មក​ដល់ ក៏​ដាក់​ប្រាក់​ពីរ​កាក់ ដែល​មាន​តម្លៃ​ដ៏​តិច​តួច​បំផុត​ទៅ​ក្នុង​នោះ​ដែរ។

ព្រះ​យេស៊ូ​ហៅ​ពួក​សិស្ស​មក​មាន​បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង»។ ពួក​សិស្ស​ច្បាស់​ជា​ឆ្ងល់​ណាស់​អំពី​រឿង​នេះ។ ដូច្នេះ​ព្រះ​យេស៊ូ​ពន្យល់​ថា៖ «ដ្បិត​គេ​សុទ្ធ​តែ​យក​ពី​របស់​ជា​សំណល់​ខ្លួន​មក​ថ្វាយ តែ​ស្ត្រី​នេះ​បាន​យក​ពី​សេចក្ដី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សំរាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង»។ ក្រោយ​ពី​មាន​បន្ទូល​ដូច្នេះ​ហើយ ព្រះ​យេស៊ូ​ក៏​យាង​ចេញ​ពី​ព្រះ​វិហារ ហើយ​នេះ​ជា​លើក​ចុង​ក្រោយ។

ពួក​សិស្ស​របស់​ទ្រង់​មាន​ចិត្ត​រំភើប​នឹង​សោភ័ណ​ភាព​នៃ​ព្រះ​វិហារ​នេះ​ណាស់ នោះ​សិស្ស​ម្នាក់​ក៏​លាន់​មាត់​ទូល​ថា៖ «លោក​គ្រូ! មើល​ន៏! ថ្ម​ហើយ​នឹង​មន្ទីរ​ល្អ​ណាស់​ហ្ន៎!»។ ប្រាកដ​ហើយ គេ​និយាយ​ថា​មាន​ថ្ម​បណ្ដោយ​ប្រវែង​១១​ម៉ែត្រ និង​ទទឹង​ប្រវែង​៥​ម៉ែត្រ ហើយ​មាន​កំពស់​៣​ម៉ែត្រ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «តើ​ឃើញ​មន្ទីរ​ធំ​ទាំង​នេះ​ឬ​ទេ? បន្ដិច​ទៀត នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ»។

ក្រោយ​ពី​មាន​បន្ទូល​ដូច្នេះ​ហើយ នោះ​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​របស់​ទ្រង់​ធ្វើ​ដំណើរ​កាត់​ជ្រលង​ភ្នំ​កេដ្រុន ហើយ​យាង​ឡើង​ភ្នំ​អូលីវ។ ពី​កន្លែង​នោះ​ទ្រង់​និង​ពួក​សាវ័ក​របស់​ទ្រង់​អាច​មើល​ឃើញ​ព្រះ​វិហារ​ដ៏​រុង​រឿង​យ៉ាង​ច្បាស់។ ម៉ាថាយ ២៣:២៥–២៤:៣; ម៉ាកុស ១២:៤១–១៣:៣; លូកា ២១:១​-​៦; របាក្សត្រ​ទី​២ ២៤:២០​-​២២

តើ​ព្រះ​យេស៊ូ​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះ​វិហារ​ជា​លើក​ចុង​ក្រោយ?

តើ​ភាព​លាក់​ពុត​របស់​ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី ត្រូវ​លាត​ត្រដាង​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច?

តើ«ទោស នៅ​ក្នុង[ហ្គេហេណា]»មាន​ន័យ​យ៉ាង​ណា?

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ស្ត្រី​មេម៉ាយ​បាន​ផ្ដល់​វិភាគទាន​ច្រើន​ជាង​ពួក​អ្នក​មាន?