លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កំណើតនៃអ្នករៀបចំផ្លូវ

កំណើតនៃអ្នករៀបចំផ្លូវ

ជំពូក​ទី​៣

កំណើត​នៃ​អ្នក​រៀបចំ​ផ្លូវ

អេលីសាបិត​ជិត​សម្រាល​កូន​របស់​គាត់​ហើយ។ ក្នុង​រយៈ​បី​ខែ​កន្លង​ទៅ​នេះ ម៉ារា​បាន​នៅ​ជា​មួយ​នឹង​គាត់។ ប៉ុន្តែ ឥឡូវ​នេះ​ក៏​ដល់​ពេល​ដែល​ម៉ារា​ត្រូវ​ជំរាប​លា ហើយ​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​ត្រឡប់​ទៅ​ផ្ទះ​របស់​នាង​វិញ​នៅ​ភូមិ​ណាសារ៉ែត។ ប្រមាណ​ប្រាំ​មួយ​ខែ​ទៀត​នោះ ម៉ារា​ក៏​នឹង​សម្រាល​កូន​ដែរ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ម៉ារា​ចាក​ចេញ​ទៅ​នោះ អេលីសាបិត​ក៏​សម្រាល​បាន​កូន​មួយ។ មនុស្ស​គ្រប់​គ្នា​មាន​អំណរ​ណាស់ ពេល​ដែល​ការ​សម្រាល​នេះ​គ្មាន​គ្រោះ​ថ្នាក់ ថែម​ទាំង​អេលីសាបិត​និង​កូន​មាន​សុខភាព​ល្អ​ទៀត​ផង។ នៅ​ពេល​ដែល​អេលីសាបិត​បង្ហាញ​កូន​ង៉ា​នេះ​ទៅ​អ្នក​ជិត​ខាង​និង​ញាតិ​សន្ដាន នោះ​ពួក​គេ​មាន​សេចក្ដី​រីករាយ​អរ​សប្បាយ​ជា​មួយ​នឹង​គាត់។

ស្រប​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​ក្នុង​ប្រទេស​អ៊ីស្រាអែល គឺ​ត្រូវ​កាត់​ស្បែក​ឲ្យ​ទារក​ប្រុស​ដែល​ទើប​តែ​កើត​បាន​អាយុ​ប្រាំ​បី​ថ្ងៃ។ សំរាប់​គ្រា​នេះ ជា​ធម្មតា​គឺ​មាន​មិត្ត​និង​ញាតិ​សន្ដាន​ទាំង​ប៉ុន្មាន​មក​លេង។ ពួក​គេ​និយាយ​ថា ទារក​ប្រុស​នេះ​ត្រូវ​ដាក់​ឈ្មោះ​ថា​សាការី ដូច​ឈ្មោះ​ឪពុក​ដែរ។ ប៉ុន្តែ អេលីសាបិត​បាន​និយាយ​ថា៖ «ទេ! ត្រូវ​ឲ្យ​ឈ្មោះ​យ៉ូហាន​វិញ»។ នឹក​ចាំ​ទេ នេះ​គឺ​ជា​ឈ្មោះ​ដែល​ទេវតា​កាព្រីយ៉ែល​បាន​ពោល​ថា​នឹង​ត្រូវ​ដាក់​ឲ្យ​កូន​នេះ។

ប៉ុន្តែ មិត្ត​ភក្ដិ​របស់​ពួក​គាត់​បាន​ប្រកែក​ថា៖ «ក្នុង​ពួក​ញាតិ​សន្ដាន​អ្នក គ្មាន​អ្នក​ណា​ដែល​មាន​ឈ្មោះ​នោះ​ទេ!»។ រួច​មក ពួក​គេ​ប្រើ​ភាសា​មនុស្ស​គ សួរ​ដល់​ឪពុក​ថា​លោក​ចង់​ដាក់​ឈ្មោះ​អ្វី​ឲ្យ​ទារក​ប្រុស​នេះ។ លោក​សាការី​សូម​ក្ដារ​ឆ្នួន​មក​សរសេរ​ថា៖ «វា​ឈ្មោះ​យ៉ូហាន»។ ការ​នេះ​នាំ​ឲ្យ​ពួក​គេ​គ្រប់​គ្នា​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង។

រួច​មក​ដោយ​អព្ភូតហេតុ លោក​សាការី​និយាយ​បាន​ដូច​ដើម​វិញ។ អ្នក​ច្បាស់​ជា​នៅ​ចាំ​ថា លោក​បាន​ទៅ​ជា​គ​និយាយ​មិន​រួច ពេល​លោក​មិន​ជឿ​ចំពោះ​សេចក្ដី​ប្រកាស​របស់​ទេវតា ដែល​ថា​អេលីសាបិត​នឹង​មាន​កូន​មួយ​នោះ។ នៅ​ពេល​ដែល​សាការី​ពោល​ពាក្យ​ឡើង មនុស្ស​គ្រប់​គ្នា​ដែល​រស់​នៅ​ម្ដុំ​នោះ​មាន​ចិត្ត​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ហើយ​ពួក​គេ​នឹក​ក្នុង​ចិត្ត​ថា៖ «ដូច្នេះ តើ​កូន​នេះ​នឹង​បាន​ជា​អ្វី?»។

ឥឡូវ លោក​សាការី​គឺ​បាន​ពេញ​ដោយ​វិញ្ញាណ​បរិសុទ្ធ ហើយ​លោក​ច្រៀង​សរសើរ​ឡើង​ថា៖ «សូម​ឲ្យ​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ប្រកប​ដោយ​ព្រះ​គុណ ពីព្រោះ​ទ្រង់​បាន​ទត​មើល ហើយ​ប្រោស​លោះ​រាស្ត្រ​ទ្រង់ ព្រម​ទាំង​បង្កើត​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ ​នៅ​ក្នុង​ពូជ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ សំរាប់​នឹង​ជួយ​សង្គ្រោះ​យើង​ផង»។ ប្រាកដ​ហើយ ‹អ្នក​បំរើ​សំរាប់​នឹង​ជួយ​សង្គ្រោះ› គឺ​ព្រះ​អម្ចាស់​ជា​ព្រះ​យេស៊ូ ដែល​មិន​ទាន់​ប្រសូត​មក​នៅ​ឡើយ។ តាម​រយៈ​ទ្រង់ នោះ​លោក​សាការី​មាន​ប្រសាសន៍​ថា ព្រះ​នឹង «បើក​ឲ្យ​យើង​បាន​សង្គ្រោះ រួច​ពី​កណ្ដាប់​ដៃ​ពួក​ខ្មាំង​សត្រូវ ដើម្បី​ឲ្យ​បាន​បំរើ​ទ្រង់ ឥត​ភ័យ​ខ្លាច ដោយ​សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​សុចរិត នៅ​ចំពោះ​ទ្រង់ អស់​១​ជីវិត​យើង»។

រួច​មក លោក​សាការី​ក៏​ទាយ​ប្រាប់​អំពី​យ៉ូហាន ដែល​ជា​កូន​របស់​លោក​ថា៖ «ឯ​ឯង​ទារក​អើយ! គេ​នឹង​ហៅ​ឯង​ជា​ហោរា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ឯង​នឹង​ដើរ​ចំពោះ​ព្រះ​អម្ចាស់ ដើម្បី នឹង​រៀបចំ​ផ្លូវ​ថ្វាយ​ទ្រង់ ប្រយោជន៍​ឲ្យ​រាស្ត្រ​ទ្រង់​បាន​ស្គាល់​សេចក្ដី​សង្គ្រោះ ជា​ការ​ប្រោស​ឲ្យ​គេ​រួច​ពី​បាប ដោយ​ព្រោះ​ព្រះ​ហឫទ័យ​មេត្ដា​ករុណា​របស់​ព្រះ​នៃ​យើង ដែល​បណ្ដាល​ឲ្យ​បច្ចូស​កាល ភ្លឺ​មក​ដល់​យើង​ពី​ស្ថាន​ដ៏​ខ្ពស់ ដើម្បី នឹង​បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត ហើយ​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ប្រយោជន៍​ឲ្យ​បាន​ដំរង់​ជើង​យើង តាម​ផ្លូវ​សុខ​សាន្ត​វិញ»។

មក​ដល់​ពេល​នេះ ម៉ារា​បាន​ត្រឡប់​មក​ដល់​ភូមិ​ណាសារ៉ែត​វិញ​ហើយ​ៗ​តាម​មើល​ទៅ នាង​មិន​ទាន់​រៀប​ការ​នៅ​ឡើយ​ទេ។ តើ​អ្វី​នឹង​កើត​ឡើង​ដល់​នាង ពេល​ឃើញ​យ៉ាង​ជាក់​ច្បាស់​ថា​នាង​មាន​ផ្ទៃ​ពោះ​នោះ? លូកា ១:៥៦​-​៨០; លេវីវិន័យ ១២:២, ៣

តើ​យ៉ូហាន​មាន​អាយុ​បង​ព្រះ​យេស៊ូ​ប៉ុន្មាន​ឆ្នាំ?

តើ​អ្វី​បាន​កើត​ឡើង ពេល​យ៉ូហាន​មាន​អាយុ​ប្រាំ​បី​ថ្ងៃ​នោះ?

តើ​ព្រះ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ទៅ​លើ​រាស្ត្រ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

តើ​កិច្ច​ការ​អ្វី​ដែល​យ៉ូហាន​ត្រូវ​ធ្វើ ដែល​បាន​ទាយ​មក​នោះ?