កំណើតរបស់ព្រះយេស៊ូតើនៅកន្លែងណានិងនៅពេលណា?
ជំពូកទី៥
កំណើតរបស់ព្រះយេស៊ូតើនៅកន្លែងណានិងនៅពេលណា?
ស្តេចចក្រពត្ដិនៃចក្រភពរ៉ូម៉ាំងព្រះនាមសេសារអូគូស្ទ បានចេញបញ្ជាឲ្យមនុស្សទាំងអស់ត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន ដើម្បីចុះឈ្មោះធ្វើជំរឿនប្រជាជន។ ដូច្នេះហើយ យ៉ូសែបក៏ធ្វើដំណើរទៅស្រុកកំណើតរបស់គាត់នៅភូមិបេថ្លេហិម។
នៅក្នុងភូមិបេថ្លេហិមមានប្រជាជនច្រើនណែនណាន់តាន់តាប់មកចុះឈ្មោះ ដោយហេតុនេះហើយយ៉ូសែបនិងម៉ារាមិនអាចរកកន្លែងស្នាក់នៅបានទេ គឺមានតែស្នាក់នៅក្នុងក្រោលសត្វប៉ុណ្ណោះ។ នៅកន្លែងនោះហើយដែលព្រះយេស៊ូបានប្រសូតមក គឺជាក្រោលសត្វលានិងសត្វផ្សេងៗទៀត។ ម៉ារារុំបុត្រនោះនឹងក្រណាត់សំពត់ ហើយដាក់ក្នុងស្នូក ដែលជាប្រដាប់សំរាប់ដាក់ចំណីឲ្យសត្វ។
យ៉ាងពិតណាស់ នេះគឺជាសេចក្ដីបង្គាប់របស់ព្រះទេ ដែលបណ្ដាលឲ្យលោកសេសារអូគូស្ទ បានបង្កើតច្បាប់ចុះឈ្មោះធ្វើជំរឿនប្រជាជននោះ។ នេះជាហេតុធ្វើឲ្យព្រះយេស៊ូអាចប្រសូតនៅក្នុងភូមិបេថ្លេហិមទៅបាន ជាភូមិដែលព្រះគម្ពីរបានទាយទុកជាយូរយារមកហើយថានឹងត្រូវជាកន្លែងកំណើតរបស់អ្នកគ្រប់គ្រងដែលបានត្រូវសន្យាមកនោះ។
នេះជារាត្រីដ៏សំខាន់ណាស់ហ្ន៎! នៅឯទីវាលនោះមានពន្លឺភ្លឺចិញ្ចាចចិញ្ចែងនៅជុំវិញពួកអ្នកគង្វាលមួយក្រុម។ នេះគឺជាសិរីរុងរឿងរបស់ព្រះយេហូវ៉ា! ហើយទេវតារបស់ព្រះយេហូវ៉ាពោលប្រាប់ពួកគេថា៖ «កុំខ្លាចអី! មើល! ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្ដីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្ដាជនទាំងអស់គ្នា ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយនេះជាទីសំគាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរស១រុំនឹងសំពត់ផ្ដេកនៅក្នុងស្នូក»។ មួយរំពេចនោះស្រាប់តែមានពួកទេវតាជាច្រើនច្រៀងថា៖ «សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្ដីសុខសាន្តនៅផែនដី នៅកណ្ដាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់»។
នៅពេលដែលពួកទេវតាបានចាកចេញទៅ នោះពួកអ្នកគង្វាលនិយាយទៅកាន់គ្នាថា៖ «ចូរយើងទៅឯបេថ្លេហិម មើលការដែលបានកើតមកនោះ ដែលព្រះ[យេហូវ៉ា]បានប្រាប់ឲ្យយើងដឹង»។ ពួកគេក៏ទៅជាប្រញាប់ ហើយឃើញព្រះយេស៊ូនៅចំកន្លែងដែលពួកទេវតាបានពោលមកមែន។ នៅពេលដែលពួកអ្នកគង្វាលបានរៀបរាប់ប្រាប់នូវអ្វីដែលទេវតាបានប្រាប់ពួកគេ នោះអស់អ្នកណាដែលឮក៏មានចិត្តរំភើបយ៉ាងខ្លាំង។ ម៉ារាបានរក្សាទុកព្រមទាំងចងចាំពាក្យសំដីទាំងនេះដោយសេចក្ដីអំណរនៅក្នុងចិត្តរបស់គាត់។
មនុស្សជាច្រើនសព្វថ្ងៃនេះជឿថា ព្រះយេស៊ូបានត្រូវប្រសូតមកនៅថ្ងៃទី២៥ ខែធ្នូ។ ប៉ុន្តែខែធ្នូគឺត្រូវនឹងរដូវដែលមានភ្លៀងធ្លាក់ច្រើន ថែមទាំងត្រជាក់ទៀតផងនៅក្នុងភូមិបេថ្លេហិម។ ពួកអ្នកគង្វាលនឹងមិនយកហ្វូងសត្វរបស់ពួកគេចេញទៅវាលនៅពេលយប់ក្នុងខែនោះឡើយ។ ហើយព្រះចៅអធិរាជរ៉ូម៉ាំង ប្រហែលជាមិនតម្រូវឲ្យប្រជាជន ដែលមានចិត្តចង់បះបោរប្រឆាំងនឹងលោកធ្វើដំណើរទៅចុះឈ្មោះធ្វើជំរឿននៅក្នុងរដូវដ៏ត្រជាក់នោះដែរ។ យ៉ាងជាក់ស្តែងណាស់ ព្រះយេស៊ូបានត្រូវប្រសូតមកនៅដើមរដូវស្លឹកឈើជ្រុះក្នុងឆ្នាំនោះ។ លូកា ២:១-២០; មីកា ៥:១
▪ ហេតុអ្វីបានជាយ៉ូសែបនិងម៉ារាធ្វើដំណើរទៅភូមិបេថ្លេហិម?
▪ តើព្រឹត្ដិការណ៍អ្វីដ៏អស្ចារ្យ បានកើតឡើងក្នុងរាត្រីដែលព្រះយេស៊ូបានប្រសូតមកនោះ?
▪ តើតាមរបៀបណាដែលយើងដឹងថា ព្រះយេស៊ូមិនបានប្រសូតមកនៅថ្ងៃទី ២៥ ខែធ្នូនោះ?