លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គាត់ពាល់ព្រះពស្ត្ររបស់ព្រះយេស៊ូ

គាត់ពាល់ព្រះពស្ត្ររបស់ព្រះយេស៊ូ

ជំពូក​ទី​៤៦

គាត់​ពាល់​ព្រះ​ពស្ត្រ​របស់​ព្រះ​យេស៊ូ

ដំណឹង​ថា​ព្រះ​យេស៊ូ​ត្រឡប់​មក​វិញ​ពី​ស្រុក​ដេកាប៉ូល បាន​ឮ​ទៅ​ដល់​អ្នក​ក្រុង​កាពើណិម ហើយ​បណ្ដា​ជន​នាំ​គ្នា​មក​ទទួល​ស្វាគមន៍​ទ្រង់​នៅ​ឯ​មាត់​សមុទ្រ។ ប្រាកដ​ហើយ ពួក​គេ​បាន​ឮ​ថា​ទ្រង់​បាន​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​ស្ងប់ ហើយ​ឮ​ថា​ទ្រង់​បាន​ប្រោស​ពួក​បុរស​ដែល​មាន​អារក្ស​ចូល​ឲ្យ​បាន​ជា​ឡើង​វិញ។ ឥឡូវ​នេះ កាល​ដែល​ទ្រង់​យាង​ចុះ​ពី​ទូក នោះ​បណ្ដា​ជន​មក​ចោម​រោម​ជុំ​វិញ​ទ្រង់ ទាំង​មាន​សេចក្ដី​សង្ឃឹម​ដ៏​រំភើប​ចិត្ត​ទៀត​ផង។

លោក​យ៉ៃរ៉ុស​ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ ចង់​ជួប​ព្រះ​យេស៊ូ​ណាស់។ លោក​ទំលាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះ​បាទ​ព្រះ​យេស៊ូ ទូល​អង្វរ​ទ្រង់​ថា៖ «កូន​ស្រី​ទូល​បង្គំ​ជិត​ស្លាប់​ហើយ សូម​ទ្រង់​យាង​ទៅ​ដាក់​ព្រះ​ហស្ត​លើ​វា​ឲ្យ​បាន​ជា នោះ​វា​នឹង​បាន​រស់​វិញ»។ ដោយ​ព្រោះ​លោក​មាន​កូន​ស្រី​តែ​មួយ អាយុ​ទើប​តែ​១២​ឆ្នាំ នោះ​កូន​ស្រី​នេះ​ពិត​ជា​ជា​ទី​ស្រឡាញ់​ណាស់​ចំពោះ​លោក​យ៉ៃរ៉ុស។

ព្រះ​យេស៊ូ​យល់​ព្រម​យាង​ទៅ​ផ្ទះ​របស់​លោក​យ៉ៃរ៉ុស ហើយ​បណ្ដា​ជន​ក៏​ទៅ​ជា​មួយ​ដែរ។ យើង​អាច​នឹក​ក្នុង​ចិត្ត​ថា បណ្ដា​ជន​មាន​ការ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង កាល​ដែល​គេ​ទន្ទឹង​ចាំ​មើល​នូវ​អព្ភូតហេតុ​មួយ​ទៀត។ ប៉ុន្តែ មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បណ្ដា​ជន​កំពុង​ផ្ចង់​អារម្មណ៍​ទៅ​លើ​បញ្ហា​សុខភាព​មិន​ល្អ​របស់​គាត់។

ស្ត្រី​នេះ​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​១២​ឆ្នាំ​មក​ហើយ។ គាត់​បាន​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​ច្រើន​ហើយ និង​ចំណាយ​លុយ​កាក់​ជា​ច្រើន​សំរាប់​ការ​ព្យាបាល។ ក៏​ប៉ុន្តែ គាត់​មិន​ទាន់​ជា​នោះ​ទេ ផ្ទុយ​ទៅ​វិញ បញ្ហា​របស់​គាត់​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ៗ។

ដូច​ជា​អ្នក​ដឹង​ស្រាប់​ហើយ ជំងឺ​នេះ​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​គាត់​ចុះ​ខ្សោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​គាត់​ខ្មាស​គេ​ទៀត​ផង។ ធម្មតា មនុស្ស​មិន​និយាយ​អំពី​ជំងឺ​បែប​នេះ​ជា​សាធារណៈ​ឡើយ។ ម្យ៉ាង​វិញ​ទៀត នៅ​ក្រោម​ក្រិត្យ​វិន័យ​លោក​ម៉ូសេ ការ​មក​រដូវ​ខុស​ពី​ធម្មតា​ដូច្នេះ​ធ្វើ​ឲ្យ​ស្ត្រី​នោះ​ស្ថិត​ក្នុង​ភាព​មិន​ស្អាត ហើយ​អ្នក​ណា​ដែល​ប៉ះ​គាត់​ឬ​ប៉ះ​សំលៀក​បំពាក់​ដែល​ប្រឡាក់​ឈាម​នោះ គឺ​តម្រូវ​ឲ្យ​បោក​សំលៀក​បំពាក់​ខ្លួន​ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។

ស្ត្រី​នេះ​បាន​ឮ​អំពី​អព្ភូតហេតុ​របស់​ព្រះ​យេស៊ូ ហើយ​ឥឡូវ​គាត់​មក​រក​ទ្រង់។ ទោះ​ជា​មាន​ភាព​មិន​ស្អាត​ក៏​ដោយ គាត់​បាន​បន្លំ​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស​ដោយ​លួច​លាក់ ហើយ​គិត​ថា៖ «បើ​គ្រាន់​តែ​ពាល់​ព្រះ​ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ»។ នៅ​ពេល​ដែល​គាត់​ពាល់​ព្រះ​ព​ស្ត​របស់​ទ្រង់ ខណៈ​នោះ​គាត់​ដឹង​ភ្លាម​ថា​ក្នុង​ខ្លួន​គាត់​ឈាម​ឈប់​ធ្លាក់​ហើយ!

«តើ​អ្នក​ណា​ពាល់​ខ្ញុំ?»។ ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​ច្បាស់​ជា​ធ្វើ​ឲ្យ​គាត់​ភ័យ​យ៉ាង​ណា​ទៅ​ហ្ន៎! តើ​ទ្រង់​អាច​ជ្រាប​ដឹង​យ៉ាង​ដូច​ម្ដេច​ទៅ? ពេត្រុស​ប្រកែក​ថា៖ ‹លោក​គ្រូ! បណ្ដា​មនុស្ស​កំពុង​ប្រជ្រៀត​គ្នា​ត្បៀត​ទ្រង់​យ៉ាង​នេះ ម្ដេច​ក៏​ទ្រង់​មាន​បន្ទូល​ថា«អ្នក​ណា​ពាល់​ទ្រង់​ធ្វើ​អី?»›។

ដោយ​ចង់​រក​ស្ត្រី​នោះ ព្រះ​យេស៊ូ​ពន្យល់​ថា៖ «ច្បាស់​ជា​មាន​អ្នក​ណា​ពាល់​ខ្ញុំ​ពិត ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ឫទ្ធិ​ផ្សាយ​ចេញ​ពី​ខ្ញុំ​ទៅ​ហើយ»។ ប្រាកដ​ហើយ នេះ​មិន​មែន​ជា​ការ​ពាល់​ធម្មតា​ទេ ដ្បិត​ការ​ជា​នេះ​បាន​បន្ថយ​កម្លាំង​របស់​ព្រះ​យេស៊ូ។

ដោយ​ដឹង​ថា​គាត់​លាក់​ខ្លួន​មិន​បាន នោះ​ស្ត្រី​នេះ​ក៏​មក​ក្រាប​ទៀប​ព្រះ​បាទ​ព្រះ​យេស៊ូ ទាំង​ភ័យ​ញ័រ​រន្ធត់។ ស្ត្រី​នេះ​ទូល​ទ្រង់​នៅ​មុខ​មនុស្ស​ទាំង​អស់ ពី​ហេតុ​ការណ៍​ពិត​អំពី​ជំងឺ​គាត់ និង​អំពី​របៀប​ដែល​គាត់​បាន​ជា​វិញ។

ដោយ​មាន​ព្រះ​ទ័យ​អាណិត​ចំពោះ​ការ​សារភាព​របស់​គាត់ នោះ​ព្រះ​យេស៊ូ​សម្រាល​ទុក្ខ​គាត់​ដោយ​មេត្ដា​ប្រណី​ថា៖ «កូន​ស្រី​អើយ! សេចក្ដី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ! ហើយ​ឲ្យ​នាង​បាន​រួច​ពី​សេចក្ដី​វេទនា​របស់​នាង​ទៅ»។ ជា​ការ​គួរ​ឲ្យ​សប្បាយ​រីករាយ​មែន! ដោយ​ដឹង​ថា បុគ្គល​ដែល​ព្រះ​បាន​រើស​តាំង​ឲ្យ​គ្រប់​គ្រង​ទៅ​លើ​ផែនដី ជា​បុគ្គល​ដែល​មាន​សេចក្ដី​មេត្ដា​យ៉ាង​កក់​ក្ដៅ​ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ប្រជាជន ព្រម​ទាំង​មាន​ព្រះ​ចេស្ដា​ដើម្បី​ជួយ​មនុស្ស​ដែរ។ ម៉ាថាយ ៩:១៨​-​២២; ម៉ាកុស ៥:២១​-​៣៤; លូកា ៨:៤០​-​៤៨; លេវីវិន័យ ១៥:២៥​-​២៧

តើ​លោក​យ៉ៃរ៉ុស​ជា​អ្នក​ណា? ហេតុ​អ្វី​បាន​ជា​គាត់​មក​រក​ព្រះ​យេស៊ូ?

តើ​ស្ត្រី​ម្នាក់​មាន​បញ្ហា​អ្វី? ហើយ​ហេតុ​អ្វី​បាន​ជា​ការ​មក​រក​ជំនួយ​ពី​ព្រះ​យេស៊ូ ជា​អ្វី​ដ៏​ពិបាក​ម្ល៉េះ​ចំពោះ​គាត់?

តើ​ស្ត្រី​នេះ​បាន​ជា​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ព្រះ​យេស៊ូ​សម្រាល​ទុក្ខ​គាត់​យ៉ាង​ដូច​ម្ដេច?