លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចិត្តរាបទាបនៅបុណ្យរំលងចុងក្រោយ

ចិត្តរាបទាបនៅបុណ្យរំលងចុងក្រោយ

ជំពូក​ទី​១១៣

ចិត្ត​រាប​ទាប​នៅ​បុណ្យ​រំលង​ចុង​ក្រោយ

ពេត្រុស​និង​យ៉ូហាន​បាន​ស្ដាប់​បង្គាប់​តាម​ព្រះ​យេស៊ូ ក៏​បាន​មក​ដល់​ក្រុង​យេរូសាឡិម ដើម្បី​រៀបចំ​សំរាប់​ធ្វើ​បុណ្យ​រំលង។ តាម​មើល​ទៅ ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​ដប់​នាក់​ទៀត​បាន​មក​ដល់​នៅ​ពេល​រសៀល។ ថ្ងៃ​កំពុង​តែ​លិច​នៅ​ជើង​មេឃ កាល​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​របស់​ទ្រង់​កំពុង​ចុះ​ពី​ភ្នំ​អូលីវ។ នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​ដែល​ព្រះ​យេស៊ូ​ទត​ឃើញ​ទី​ក្រុង​ពី​លើ​ភ្នំ​នេះ រហូត​ដល់​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។

មិន​យូរ​ប៉ុន្មាន ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​មក​ដល់​ទី​ក្រុង​នេះ និង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ដែល​នឹង​ធ្វើ​បុណ្យ​រំលង។ ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​ឡើង​ជណ្ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ធំ ពួក​គេ​ឃើញ​ការ​រៀបចំ​ហើយ​ជា​ស្រេច​សំរាប់​ពិធី​បុណ្យ​រំលង​ដែល​មាន​តែ​ទ្រង់​និង​ពួក​សាវ័ក​នោះ។ ព្រះ​យេស៊ូ​បាន​ទន្ទឹង​ចាំ​ទាំង​រំភើប​ដល់​គ្រា​នេះ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា៖ «ខ្ញុំ​បាន​ចង់​ទទួល​ទាន​បុណ្យ​រំលង​នេះ ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត»។

តាម​ទំនៀម​ទំលាប់ នោះ​ពួក​អ្នក​ធ្វើ​បុណ្យ​រំលង​នឹង​ពិសា​ស្រា​បួន​ពែង។ ជាក់​ស្តែង ក្រោយ​ពី​ទទួល​យក​ពែង​ទី​បី នោះ​ព្រះ​យេស៊ូ​អរ​ព្រះ​គុណ រួច​មាន​បន្ទូល​ថា៖ «ចូរ​យក​ពែង​នេះ​ចែក​គ្នា​ផឹក ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ទៀត​ទេ ដរាប​ដល់​នគរ​ព្រះ​បាន​មក​ដល់»។

ក្នុង​ពេល​បរិភោគ​អាហារ​នេះ ព្រះ​យេស៊ូ​បាន​ក្រោក​ឡើង ដោះ​ព្រះ​ពស្ត្រ​ចេញ និង​យក​កន្សែង ហើយ​ចាក់​ទឹក​ក្នុង​ផើង​មួយ។ ជា​ធម្មតា អ្នក​ទទួល​ភ្ញៀវ​នឹង​ចាត់​ចែង​លាង​ជើង​ឲ្យ​ពួក​ភ្ញៀវ។ ប៉ុន្តែ ដោយ​ព្រោះ​នៅ​គ្រា​នេះ ឥត​មាន​អ្នក​ទទួល​ភ្ញៀវ​ទេ នោះ​ព្រះ​យេស៊ូ​បាន​បំរើ​គេ​វិញ។ សាវ័ក​ណា​ម្នាក់​ក៏​អាច​ឆ្លៀត​ឱកាស​ដើម្បី​ធ្វើ​ការ​នេះ​បាន​ដែរ តែ​តាម​មើល​ទៅ ដោយ​ព្រោះ​នៅ​មាន​ទំនាស់​ក្នុង​ចំណោម​ពួក​គេ ដូច្នេះ​គ្មាន​អ្នក​ណា​ខ្វល់​ទេ។ ឥឡូវ​នេះ ពួក​គេ​អាម៉ាស់​មុខ​ណាស់ ពេល​ឃើញ​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​លាង​ជើង​របស់​ពួក​គេ​នោះ។

ពេល​ព្រះ​យេស៊ូ​មក​ឯ​ពេត្រុស នោះ​គាត់​ទូល​ប្រកែក​ថា៖ «ទ្រង់​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូល​បង្គំ​សោះ​ឡើយ»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក នោះ​អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ទេ»។

ពេត្រុស​ទូល​ទ្រង់​ថា៖ «ឱ​ព្រះ​អម្ចាស់​អើយ! បើ​ដូច្នោះ សូម​កុំ​លាង​ត្រឹម​តែ​ជើង​ទូល​បង្គំ​ប៉ុណ្ណោះ​ឡើយ គឺ​សូម​លាង​ដល់​ទាំង​ដៃ​ទាំង​ក្បាល​ផង​ចុះ»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «អ្នក​ណា​ដែល​ងូត​ទឹក​ហើយ នោះ​ត្រូវ​ការ​លាង​តែ​ជើង​ប៉ុណ្ណោះ ឲ្យ​បាន​ស្អាត​ទាំង​អស់ ឯ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាត​ហើយ តែ​មិន​មែន​ទាំង​អស់​គ្នា​ទេ»។ ទ្រង់​មាន​បន្ទូល​ដូច្នេះ ពីព្រោះ​ទ្រង់​ជ្រាប​ថា យូដាស​អ៊ីស្ការីយ៉ុត​កំពុង​តែ​គ្រោង​នឹង​ក្បត់​ទ្រង់។

កាល​ព្រះ​យេស៊ូ​បាន​លាង​ជើង​ពួក​សាវ័ក​១២​នាក់​រួច​ហើយ ក្នុង​នោះ​ក៏​មាន​ជើង​របស់​យូដាស​ដែល​ជា​អ្នក​ក្បត់​ទ្រង់​ដែរ ហើយ​ទ្រង់​ក៏​ពាក់​ព្រះ​ពស្ត្រ​ទ្រង់​វិញ និង​ទ្រង់​គង់​ចុះ​នៅ​តុ។ រួច​មក ទ្រង់​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​ការ​ដែល​ខ្ញុំ​ទើប​នឹង​ធ្វើ​នេះ​ឬ​ទេ? អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ជា​លោក​គ្រូ ហើយ​ជា​ព្រះ​អម្ចាស់ នោះ​ក៏​ត្រូវ​មែន ពីព្រោះ​គឺ​ខ្ញុំ​នេះ​ហើយ ដូច្នេះ បើ​ខ្ញុំ ដែល​ជា​ព្រះ​អម្ចាស់ ហើយ​ជា​គ្រូ បាន​លាង​ជើង ឲ្យ​អ្នក​រាល់​គ្នា នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​លាង​ជើង ដល់​គ្នា​នឹង​គ្នា​ដែរ ដ្បិត​ខ្ញុំ​បាន​ធ្វើ​ដំ​រាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បាវ​មិន​មែន​ធំ​ជាង​ចៅហ្វាយ​ទេ ហើយ​អ្នក​បំរើ​ក៏​មិន​ធំ​ជាង​អ្នក​ដែល​ប្រើ​ដែរ បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​នោះ​មាន​ពរ​ហើយ»។

នេះ​ជា​មេ​រៀន​ដ៏​ល្អ​មែន​អំពី​កិច្ច​បំរើ​ដ៏​រាប​ទាប! ពួក​សាវ័ក​មិន​គួរ​ចង់​បាន​តែ​លេខ​មួយ ដោយ​គិត​ថា ពួក​គេ​ជា​បុគ្គល​ដ៏​សំខាន់ ហើយ​ឲ្យ​អ្នក​ដទៃ​បំរើ​ពួក​គេ​ជា​និច្ច​នោះ​ទេ។ ពួក​គេ​គួរ​តែ​ធ្វើ​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ។ កិច្ច​ការ​នេះ​មិន​មែន​ជា​ក្បួន​រីតិ៍​លាង​ជើង​នោះ​ទេ។ តែ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត បំរើ​ដោយ​ឥត​រើស​មុខ ទោះ​ជា​កិច្ច​ការ​នោះ​គឺ​តូច​តាច​ឬ​មិន​គួរ​ឲ្យ​ចង់​ធ្វើ​ក៏​ដោយ។ ម៉ាថាយ ២៦:២០, ២១; ម៉ាកុស ១៤:១៧, ១៨; លូកា ២២:១៤​-​១៨; ៧:៤៤; យ៉ូហាន ១៣:១​-​១៧

ពេល​ព្រះ​យេស៊ូ​ទត​មើល​ក្រុង​យេរូសាឡិម កាល​ទ្រង់​ចូល​ក្រុង​នេះ​ដើម្បី​ធ្វើ​បុណ្យ​រំលង តើ​ហេតុ​អ្វី​លើក​នេះ​ជា​ពេល​ដ៏​ពិសេស?

ក្នុង​កំឡុង​បុណ្យ​រំលង តើ​ពែង​ទី​ប៉ុន្មាន​ដែល​ព្រះ​យេស៊ូ​ហុច​ឲ្យ​ពួក​សាវ័ក​១២​នាក់ ពេល​ទ្រង់​អរ​ព្រះ​គុណ​ហើយ​នោះ?

តាម​ទំនៀម​ទម្លាប់ តើ​គេ​បំរើ​ពួក​ភ្ញៀវ​យ៉ាង​ណា ពេល​ព្រះ​យេស៊ូ​គង់​លើ​ផែនដី? ហើយ​ហេតុ​អ្វី​ក៏​គ្មាន​នរណា​ម្នាក់​បំរើ​ដូច្នោះ​ក្នុង​ពិធី​បុណ្យ​រំលង ដែល​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​កំពុង​តែ​ធ្វើ​នោះ?

តើ​ព្រះ​យេស៊ូ​មាន​បំណង​អ្វី​ក្នុង​ការ​បំរើ​ពួក​សាវ័ក​របស់​ទ្រង់ ដោយ​លាង​ជើង​ឲ្យ​ពួក​គេ​នោះ?