ចូរប្រុងប្រៀបជាស្រេច!
ជំពូកទី៧៨
ចូរប្រុងប្រៀបជាស្រេច!
ក្រោយពីព្រះយេស៊ូព្រមានហ្វូងមនុស្សអំពីការច្រណែនលោភលន់ និងព្រមានពួកសិស្សរបស់ទ្រង់កុំឲ្យផ្ដោតអារម្មណ៍ទៅលើវត្ថុទ្រព្យហួសហេតុពេក នោះព្រះយេស៊ូបានលើកទឹកចិត្តថា៖ «កុំឲ្យខ្លាច ហ្វូងតូចអើយ! ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះហឫទ័យ នឹងប្រទាននគរមកអ្នករាល់គ្នាពិត»។ ដូច្នេះ ទ្រង់ក៏លាតត្រដាងឲ្យគេដឹងថា មានតែមួយចំនួនតូច(ដែលក្រោយមកដឹងចំនួនគឺ១៤៤.០០០នាក់)នឹងគង់នៅក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌។ មនុស្សភាគច្រើនដែលនឹងទទួលជីវិតជារៀងរហូតនៅលើផែនដី នឹងជាអនុរាស្ត្ររបស់ព្រះរាជាណាចក្រនេះ។
‹ព្រះរាជាណាចក្រ›នេះជាអំណោយទានដ៏អស្ចារ្យមែន! ព្រះយេស៊ូរៀបរាប់នូវការតបឆ្លើយដ៏ត្រឹមត្រូវដែលពួកសិស្សគួរមាន ពេលទទួលអំណោយទាននោះ ទ្រង់ក៏ដាស់តឿនពួកគេថា៖ «ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកឲ្យទៅជាទានចុះ!»។ ត្រូវហើយ ពួកគេគប្បីប្រើធនធានរបស់ពួកគេ ដើម្បីឲ្យអ្នកដទៃទទួលជាប្រយោជន៍ខាងវិញ្ញាណ ហើយប្រមូល«ទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ»។
ក្រោយមក ព្រះយេស៊ូដាស់តឿនពួកសិស្សរបស់ទ្រង់ឲ្យប្រុងប្រៀបខ្លួនជាស្រេច ពេលទ្រង់ត្រឡប់មកវិញ។ ព្រះយេស៊ូមានបន្ទូលថា៖ «ចូរឲ្យចង្កេះអ្នករាល់គ្នានៅជាក្រវាត់ ហើយចង្កៀងនៅឆេះ ចូរអ្នករាល់គ្នាធ្វើដូចជាមនុស្ស ដែលនៅរង់ចាំចៅហ្វាយខ្លួន ត្រឡប់មកពីស៊ីការវិញ ដើម្បីកាលណាលោកមកគោះទ្វារហៅ នោះឲ្យបានបើកឲ្យជា១រំពេច បើកាលណាចៅហ្វាយមកដល់ ឃើញពួកបាវកំពុងតែចាំយាមដូច្នោះ នោះគេមានពរណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងឲ្យអ្នកទាំងនោះ អង្គុយនៅតុ ហើយលោកនឹងក្រវាត់ខ្លួនលោក មកបំរើគេវិញ»។
ក្នុងរឿងប្រៀបប្រដូចនេះ ពួកសិស្សប្រុងប្រៀបខ្លួនជាស្រេចចាំចៅហ្វាយត្រឡប់មកវិញ គឺបង្ហាញដោយពួកគេក្រវាត់សំពត់នៅចង្កេះនៅឡើយ ហើយបំពេញភារកិច្ចពេលយប់ដោយចង្កៀងនៅឆេះ។ ព្រះយេស៊ូពន្យល់ថា៖ «បើលោកមកដល់ក្នុងយាមទី២[ប្រហែលពីម៉ោងប្រាំបួនយប់ដល់អធ្រាត្រ] ឬយាមទី៣[ប្រហែលពីអធ្រាត្ររហូតដល់ម៉ោងបីព្រឹក] ហើយឃើញពួកបាវនៅចាំយាមដូច្នោះដដែល នោះគេមានពរហើយ»។
ចៅហ្វាយប្រទានរង្វាន់តាមបែបដ៏អស្ចារ្យ។ លោកឲ្យបាវទាំងនោះអង្គុយនៅតុ ហើយលោកក៏ចាប់បំរើពួកគេវិញ។ ចៅហ្វាយនោះប្រព្រឹត្តលើពួកគេដូចជាមិត្តសំឡាញ់ដ៏ស្មោះ មិនមែនដូចជាអ្នកបាវបំរើទេ។ នេះជារង្វាន់ដ៏ល្អមែនហ្ន៎! ចំពោះការបន្តធ្វើការឲ្យចៅហ្វាយពេញមួយយប់ កាលដែលរង់ចាំលោកត្រឡប់មកវិញ! ព្រះយេស៊ូមានបន្ទូលបញ្ចប់ថា៖ «ដូច្នេះ ចូរអ្នករាល់គ្នាបំរុងខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត»។
ឥឡូវនេះពេត្រុសក៏ទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! ទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចនេះ ដល់ត្រឹមយើងខ្ញុំប៉ុណ្ណោះ ឬដល់មនុស្សគ្រប់គ្នាដែរ?»។
ព្រះយេស៊ូទ្រង់ប្រទាននូវរឿងប្រៀបប្រដូចមួយទៀត ជាជាងមានបន្ទូលតបត្រង់ៗនោះ។ ទ្រង់មានបន្ទូលសួរថា៖ «ចុះតើអ្នកណាជានាយដំរួតការដែលស្មោះត្រង់ មានមារយាទល្អ ដែលចៅហ្វាយនឹងតាំងឲ្យត្រួតលើពួកផ្ទះលោក ដើម្បីនឹងបើកអាហារឲ្យគេបរិភោគតាមត្រូវពេល បើកាលណាចៅហ្វាយមកដល់ ឃើញអ្នកបំរើនោះកំពុងតែធ្វើដូច្នោះ នោះវាមានពរហើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងតាំងអ្នកនោះ ឲ្យត្រួតត្រាលើរបស់ទ្រព្យលោកទាំងអស់»។
យ៉ាងច្បាស់ណាស់ ព្រះយេស៊ូគ្រីស្ទគឺជា«ចៅហ្វាយ»នោះ។ «នាយដំរួតការ» គឺតំណាង«ហ្វូងតូច» គឺពួកសិស្សជាក្រុមមួយ និង«ពួកផ្ទះលោក» សំដៅទៅក្រុមដដែលនេះដែលមានចំនួន១៤៤.០០០នាក់ នឹងទទួលព្រះរាជាណាចក្រនៅស្ថានសួគ៌ ប៉ុន្តែឃ្លានេះគឺដៅបញ្ជាក់នូវកិច្ចការរបស់ពួកគេជាបុគ្គលម្នាក់ៗ។ «របស់ទ្រព្យ» ដែលនាយដំរួតការដ៏ស្មោះត្រង់ត្រូវមើលថែរក្សា នោះគឺជារបស់ចៅហ្វាយនៅលើផែនដី ដែលរួមបញ្ចូលរាស្ត្រនៅលើផែនដីនេះជាកម្មសិទ្ធិរបស់ព្រះរាជាណាចក្រ។
ព្រះយេស៊ូមានបន្ទូលបន្តអំពីរឿងប្រៀបប្រដូចនេះ ដោយបញ្ជាក់ប្រាប់ថា មិនមែនសមាជិកទាំងអស់នៃក្រុមនាយដំរួតការឬអ្នកបំរើនឹងមានចិត្តស្មោះត្រង់នោះទេ ទ្រង់ពន្យល់ថា៖ «ប៉ុន្តែ បើអ្នកបំរើនោះគិតស្មានក្នុងចិត្តថា ចៅហ្វាយអញក្រមក ហើយក៏តាំងវាយពួកបាវប្រុសស្រី ទាំងស៊ីផឹកស្រវឹងវិញ ដូច្នេះ ដល់ថ្ងៃដែលអ្នកបំរើនោះមិននៅចាំ . . . នោះចៅហ្វាយនឹងមកដល់ ក៏នឹងធ្វើទោសជាយ៉ាងធ្ងន់»។
ព្រះយេស៊ូកត់សម្គាល់ថា ការយាងមករបស់ទ្រង់នេះបាននាំឲ្យមានគ្រាដ៏ពិបាកដល់ពួកយូដា កាលដែលអ្នកខ្លះទទួលយកការបង្រៀនរបស់ទ្រង់ ហើយអ្នកឯទៀតឥតទទួលយកទេ។ ជាងបីឆ្នាំមុននេះ ទ្រង់បានទទួលបុណ្យជ្រមុជទឹក តែឥឡូវនេះ ពេលវេលាដែលទ្រង់នឹងជ្រមុជក្នុងសេចក្ដីសុគតកាន់តែជិតមកដល់ហើយ ដូច្នេះទ្រង់មានបន្ទូលថា៖ «ខ្ញុំត្រូវចង្អៀតចង្អល់យ៉ាងដូចម្ដេចទៅហ្ន៎! ទំរាំតែបុណ្យនោះបានសំរេច»។
ក្រោយពីព្រះយេស៊ូមានបន្ទូលដូច្នេះប្រាប់ពួកសិស្សរបស់ទ្រង់ នោះទ្រង់ក៏មានបន្ទូលទៅបណ្ដាមនុស្សម្ដងទៀត។ ព្រះយេស៊ូមានព្រះទ័យតូចចិត្ត ដែលហ្វូងមនុស្សបដិសេធទាំងរឹងចចេស ឥតព្រមទទួលយកទីសំអាងយ៉ាងច្បាស់អំពីអត្តសញ្ញាណរបស់ទ្រង់និងសារៈសំខាន់នោះ។ ព្រះយេស៊ូមានបន្ទូលថា៖ «កាលណាអ្នករាល់គ្នាឃើញពពកឡើងពីទិសខាងលិច ស្រាប់តែអ្នករាល់គ្នាថា‹ចង់ភ្លៀងហើយ› រួចក៏មានដូច្នោះមែន ហើយកាលណាខ្យល់បក់ពីខាងត្បូង នោះអ្នករាល់គ្នាថា‹ថ្ងៃនេះ មុខជាក្ដៅ› នោះក៏មានដែរ ឱមនុស្សកំពុតអើយ! អ្នករាល់គ្នាចេះសំគាល់សភាពដី ហើយនឹងមេឃបាន ចុះហេតុដូចម្ដេចបានជាមិនស្គាល់ពេលវេលានេះ?»។ លូកា ១២:៣២-៥៩
▪ តើមានមនុស្សប៉ុន្មាននាក់ក្នុង«ហ្វូងតូច»? ហើយពួកគេនឹងទទួលអំណោយអ្វី?
▪ តើតាមរបៀបណាដែលព្រះយេស៊ូបញ្ជាក់ឲ្យពួកអ្នកបំរើទ្រង់ប្រុងប្រៀបជាស្រេច?
▪ ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ តើអ្នកណាជា«ចៅហ្វាយ» «នាយដំរួតការ» «ពួកផ្ទះលោក» ហើយ«របស់ទ្រព្យ»?