ចេញពីផ្ទះរបស់យ៉ៃរ៉ុស ត្រឡប់ទៅភូមិណាសារ៉ែតវិញ
ជំពូកទី៤៨
ចេញពីផ្ទះរបស់យ៉ៃរ៉ុស ត្រឡប់ទៅភូមិណាសារ៉ែតវិញ
ព្រះយេស៊ូពិតជារវល់ពេញមួយថ្ងៃមែន! ក្នុងការធ្វើដំណើរតាមសមុទ្រពីស្រុកដេកាប៉ូល ប្រោសស្ត្រីមានជំងឺធ្លាក់ឈាមឲ្យជា ហើយបានប្រោសកូនស្រីរបស់លោកយ៉ៃរ៉ុសឲ្យរស់ឡើងវិញ។ ប៉ុន្តែ សកម្មភាពក្នុងថ្ងៃនេះមិនទាន់ចប់នៅឡើយទេ។ យ៉ាងជាក់ស្តែងណាស់ កាលដែលព្រះយេស៊ូយាងចេញពីផ្ទះរបស់លោកយ៉ៃរ៉ុស នោះមានបុរសខ្វាក់ពីរនាក់មកតាមទ្រង់ ទាំងស្រែកថា៖ «ឱព្រះរាជបុត្រាហ្លួងដាវីឌអើយ! សូមទ្រង់ប្រោសមេត្ដាដល់យើងខ្ញុំផង»។
ដោយហៅទ្រង់«ព្រះរាជបុត្រាហ្លួងដាវីឌ» នោះពួកបុរសទាំងនេះសម្ដែងជំនឿថា ព្រះយេស៊ូនឹងទទួលស្នងរាជ្យបល្ល័ង្ករបស់ដាវីឌ។ ដូច្នេះហើយ ទ្រង់ជាព្រះមេស្ស៊ីដែលបានសន្យាមក។ ប៉ុន្តែ ព្រះយេស៊ូទំនងដូចជាមិនអើពើនឹងការស្រែករកជំនួយនេះប៉ុន្មានទេ នេះប្រហែលជាទ្រង់ចង់ល្បងមើលនូវការព្យាយាមរបស់គេហើយមើលទៅ។ ប៉ុន្តែ បុរសពីរនាក់នេះឥតបានឈប់ស្រែកឡើយ។ ពួកគេដើរតាមព្រះយេស៊ូទៅកន្លែងដែលទ្រង់ស្នាក់នៅ ហើយពេលទ្រង់យាងចូលក្នុងផ្ទះ នោះពួកគេក៏ចូលតាមដែរ។
ព្រះយេស៊ូមានបន្ទូលសួរថា៖ «តើអ្នកជឿថា ខ្ញុំអាចនឹងធ្វើការនេះបានឬទេ?»។
ពួកគេទូលឆ្លើយដោយមានទំនុកចិត្តថា៖ «ជឿហើយ ព្រះអម្ចាស់អើយ!»។
នោះព្រះយេស៊ូក៏ពាល់ភ្នែកគេ ដោយមានបន្ទូលថា៖ «ចូរឲ្យបានដូចសេចក្ដីជំនឿរបស់អ្នកចុះ!»។ ភ្លាមនោះ ពួកគេក៏អាចមើលឃើញ! រួចមកព្រះយេស៊ូហាមគេថា៖ «នែ! កុំឲ្យអ្នកណាដឹងការនេះឲ្យសោះ»។ ក៏ប៉ុន្តែ ដោយត្រេកអរពេក ពួកគេឥតធ្វើតាមសេចក្ដីបង្គាប់របស់ព្រះយេស៊ូទេ ហើយបាននិយាយអំពីទ្រង់ពេញស្រុកទាំងមូល។
ពេលបុរសពីរនាក់នេះចេញទៅ នោះមានគេនាំមនុស្សគដែលមានអារក្សចូលមក។ ព្រះយេស៊ូដេញអារក្សចេញ ហើយភ្លាមនោះមនុស្សគក៏និយាយបានវិញ។ មហាជនមានសេចក្ដីអស្ចារ្យនឹងអព្ភូតហេតុទាំងនេះ ដោយនិយាយថា៖ «មិនដែលឃើញមានយ៉ាងដូច្នេះ នៅក្នុងស្រុកអ៊ីស្រាអែលសោះឡើយ»។
ពួកផារីស៊ីក៏មានវត្តមាននៅទីនោះដែរ។ ពួកគេមិនអាចនិយាយថាគ្មានអព្ភូតហេតុឡើយ។ ប៉ុន្តែ ដោយមនុស្សកំណាចទាំងនេះគ្មានជំនឿសោះ នោះគេក៏ចោទប្រកាន់ទ្រង់ម្ដងទៀតអំពីប្រភពនៃអំណាចរបស់ព្រះយេស៊ូ ដោយនិយាយថា៖ «អ្នកនេះដេញអារក្ស ដោយសារតែមេអារក្សទេ!»។
បន្ដិចក្រោយពីព្រឹត្ដិការណ៍ទាំងនេះ ព្រះយេស៊ូត្រឡប់ទៅផ្ទះនៅភូមិណាសារ៉ែតវិញ ហើយលើកនេះពួកសិស្សក៏ទៅជាមួយទ្រង់ដែរ។ ប្រហែលជាមួយឆ្នាំមុននេះ ទ្រង់បានមកលេងសាលាប្រជុំ និងបានបង្រៀនមនុស្សនៅទីនោះ។ ថ្វីបើមុនដំបូងបណ្ដាជនមានចិត្តស្ងើចនឹងការបង្រៀនដ៏ពីរោះស្ដាប់របស់ទ្រង់ក៏ដោយ តែក្រោយមក ពួកគេបានតូចចិត្តនឹងការបង្រៀនរបស់ទ្រង់ ហើយបានប៉ុនប៉ងធ្វើគុតទ្រង់វិញ។ ដោយមានព្រះទ័យមេត្ដា ឥឡូវនេះព្រះយេស៊ូចង់ជួយពួកអ្នកជិតខាងដែលនៅក្នុងភូមិជាមួយទ្រង់ម្ដងទៀត។
មិនដូចភូមិផ្សេងៗដែលមានមនុស្សជាច្រើនមកទទួលស្វាគមន៍ទ្រង់នោះ នៅទីនេះ តាមមើលទៅ ឥតមានមនុស្សមកឯទ្រង់ទេ។ ដូច្នេះ នៅថ្ងៃឈប់សំរាក ទ្រង់យាងទៅបង្រៀននៅឯសាលាប្រជុំ។ មនុស្សភាគច្រើនដែលបានស្ដាប់ទ្រង់ មានចិត្តអស្ចារ្យណាស់។ ពួកគេសួរថា៖ «តើអ្នកនេះបានចំណេះ នឹងការឫទ្ធិបារមីទាំងនេះពីណាមក? តើមិនមែនជាកូនរបស់ជាងឈើទេឬអី? តើម្ដាយមិនមែនឈ្មោះម៉ារា ហើយបងប្អូនឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយនឹងយូដាសទេឬអី? ឯប្អូនស្រី តើមិននៅជាមួយនឹងយើងទេឬអី? ដូច្នេះ តើបានសេចក្ដីទាំងនេះពីណាមក?»។
ពួកគេវែកញែកថា ‹ព្រះយេស៊ូគ្រាន់តែជាមនុស្សដូចយើងទេ›។ យើងបានឃើញទ្រង់ធំពេញរូបពេញរាងឡើង ហើយយើងស្គាល់ក្រុមគ្រួសាររបស់ទ្រង់ដែរ។ តើទ្រង់អាចជាព្រះមេស្ស៊ីយ៉ាងដូចម្ដេចបានទៅ?›។ ដូច្នេះ ទោះជាគេមានទីសំអាងជាច្រើន ឃើញប្រាជ្ញាដ៏ឧត្តមនិងអព្ភូតហេតុទាំងឡាយរបស់ទ្រង់ ហើយពួកគេនៅតែមិនព្រមទទួលស្គាល់ទ្រង់ទៀត។ សូម្បីតែសាច់ញាតិរបស់ទ្រង់ក្ដី ដោយស្គាល់ទ្រង់យ៉ាងច្បាស់ ពួកគេមិនទទួលស្គាល់ទ្រង់ដែរ ដែលធ្វើឲ្យទ្រង់សន្និដ្ឋានថា៖ «ហោរាមិនមែនឥតគេរាប់អានទេ លើកតែនៅក្នុងស្រុក ឬក្នុងផ្ទះរបស់ខ្លួនចេញ»។
ប្រាកដហើយ ព្រះយេស៊ូឆ្ងល់នូវការខ្វះជំនឿរបស់ពួកគេ។ ដូច្នេះ ព្រះយេស៊ូមិនបានធ្វើអព្ភូតហេតុនៅទីនោះទេ បានត្រឹមតែដាក់ព្រះហស្តប្រោសអ្នកជំងឺខ្លះឲ្យជាប៉ុណ្ណោះ។ ម៉ាថាយ ៩:២៧-៣៤; ១៣:៥៤-៥៨; ម៉ាកុស ៦:១-៦; អេសាយ ៩:៧
▪ ដោយហៅព្រះយេស៊ូជា«ព្រះរាជបុត្រាហ្លួងដាវីឌ» តើបុរសខ្វាក់ទាំងពីរនាក់នេះបង្ហាញថាគេជឿទៅលើអ្វី?
▪ តើពួកផារីស៊ីពន្យល់ថា អព្ភូតហេតុរបស់ព្រះយេស៊ូមកពីប្រភពណា?
▪ ហេតុអ្វីជាការប្រកបដោយសេចក្ដីមេត្ដា ដែលព្រះយេស៊ូត្រឡប់ទៅជួយមនុស្សនៅភូមិណាសារ៉ែតវិញ?
▪ តើមនុស្សទទួលស្វាគមន៍ព្រះយេស៊ូយ៉ាងណាក្នុងភូមិណាសារ៉ែត? ហើយហេតុអ្វី?