លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំនឿដ៏ខ្លាំង របស់មេទ័ពម្នាក់

ជំនឿដ៏ខ្លាំង របស់មេទ័ពម្នាក់

ជំពូក​ទី​៣​៦

ជំនឿ​ដ៏​ខ្លាំង របស់​មេ​ទ័ព​ម្នាក់

នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ប្រទាន​សេចក្ដី​បង្រៀន​របស់​ទ្រង់​នៅ​លើ​ភ្នំ នោះ​គឺ​មក​ដល់​ពាក់​កណ្ដាល​នៃ​កិច្ច​បំរើ​សាធារណៈ​របស់​ទ្រង់​ទៅ​ហើយ។ នេះ​បាន​សេចក្ដី​ថា ទ្រង់​មាន​តែ​មួយ​ឆ្នាំ​និង​ប្រាំ​បួន​ខែ​ទៀត​ទេ ដើម្បី​នឹង​បញ្ចប់​កិច្ច​ការ​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ។

ឥឡូវ​នេះ ព្រះ​យេស៊ូ​យាង​ចូល​ទៅ​ក្នុង​ទី​ក្រុង​កាពើណិម គឺ​ជា​កន្លែង​សំរាប់​រៀបចំ​សកម្មភាព​របស់​ទ្រង់។ នៅ​ទី​នេះ ពួក​អ្នក​ចាស់​ទុំ​ជនជាតិ​យូដា​ខ្លះ​មក​រក​ទ្រង់​ដើម្បី​សុំ​ឲ្យ​ជួយ​រឿង​មួយ។ មេ​ទ័ព​រ៉ូម៉ាំង​ជា​សាសន៍​ដទៃ បាន​បញ្ជូន​ពួក​គេ​ឲ្យ​មក ហើយ​មេ​ទ័ព​នោះ​ជា​បុរស​ម្នាក់​ដែល​មាន​ពូជ​អំបូរ​មិន​មែន​ជា​សាសន៍​យូដា។

អ្នក​បំរើ​សំណប់​ចិត្ត​របស់​មេ​ទ័ព​នេះ​មាន​ជំងឺ​ជា​ទម្ងន់​ជិត​ដល់​ក្ដី​មរណា ហើយ​គាត់​ចង់​ឲ្យ​ព្រះ​យេស៊ូ​ប្រោស​អ្នក​បំរើ​របស់​គាត់​ឲ្យ​ជា​វិញ។ ពួក​អ្នក​ចាស់​ទុំ​ជនជាតិ​យូដា​បាន​ទៅ​គាល់​ព្រះ​យេស៊ូ​ឲ្យ​មេ​ទ័ព​នោះ ហើយ​ទទូច​អង្វរ​ថា៖ «មេ​ទ័ព​នោះ​មាន​បំណាច់​ណាស់ គួរ​ឲ្យ​ប្រោស​មេត្ដា​ដែរ ដ្បិត​គាត់​ស្រឡាញ់​ដល់​សាសន៍​យើង ហើយ​បាន​សង់​សាលា​ប្រជុំ​១​សំរាប់​យើង​រាល់​គ្នា»។

ព្រះ​យេស៊ូ​ក៏​យាង​ចេញ​ទៅ​ជា​មួយ​ពួក​បុរស​ទាំង​នេះ ដោយ​ឥត​មាន​ព្រះ​ទ័យ​ស្ទាក់​ស្ទើរ​ឡើយ។ ក៏​ប៉ុន្តែ កាល​ហៀប​នឹង​ដល់​ផ្ទះ​គាត់​ទៅ​ហើយ ភ្លាម​នោះ​មេ​ទ័ព​នេះ​ក៏​ចាត់​ពួក​សំឡាញ់​ឲ្យ​មក​ទូល​ទ្រង់​ថា៖ «ព្រះ​អម្ចាស់​អើយ! សូម​កុំ​ព្រួយ​ព្រះ​ទ័យ​ឡើយ មិន​គួរ​នឹង​ឲ្យ​ទូល​បង្គំ​ទទួល​ទ្រង់​នៅ​ក្នុង​ផ្ទះ​ទូល​បង្គំ​ទេ គឺ​ដោយ​ហេតុ​នោះ​បាន​ជា ទូល​បង្គំ​មិន​បាន​រាប់​ខ្លួន​ថា គួរ​នឹង​មក​ឯ​ទ្រង់​ដែរ»។

ចំពោះ​មេ​ទ័ព​ដែល​ធ្លាប់​តែ​បញ្ជា​គេ នេះ​គឺ​ជា​ការ​សម្ដែង​ដែល​បង្ហាញ​ថា​គាត់​មាន​ចិត្ត​រាប​ទាប​មែន! ប៉ុន្តែ​គាត់​ក៏​ប្រហែល​ជា​គិត​អំពី​ព្រះ​យេស៊ូ​ដោយ​ដឹង​ថា តាម​ទំនៀម​ទម្លាប់ សាសន៍​យូដា​ម្នាក់​មិន​អាច​រាប់​អាន​ជា​មួយ​ពួក​អ្នក​ដែល​មិន​មែន​ជា​សាសន៍​យូដា​បាន​ទេ។ សូម្បី​តែ​ពេត្រុស​ក៏​ធ្លាប់​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ថា មនុស្ស​សាសន៍​យូដា​គ្មាន​ច្បាប់​នឹង​សេព​គប់​នឹង​សាសន៍​ដទៃ ឬ​នឹង​ចូល​ទៅ​ជិត​គេ​ឡើយ»។

ប្រហែល​ជា​នាយ​ទាហាន​នេះ​មិន​ចង់​ឲ្យ​ព្រះ​យេស៊ូ ទទួល​ទោស​នៃ​ការ​បំពាន​លើ​ទំនៀម​ទំលាប់​នេះ​ឡើយ បាន​ជា​គាត់​ចាត់​មិត្ត​របស់​គាត់​ឲ្យ​មក​អង្វរ​ទ្រង់​ថា៖ «សូម​ទ្រង់​គ្រាន់​តែ​មាន​បន្ទូល​១​ព្រះ​ឱស្ឋ​ប៉ុណ្ណោះ​ចុះ នោះ​បាវ​ទូល​បង្គំ​បាន​ជា​ហើយ ដ្បិត​ទូល​បង្គំ​នៅ​ក្រោម​អំណាច​គេ​ដែរ ក៏​មាន​ទាហាន​នៅ​ក្រោម​ឱវាទ​ទូល​បង្គំ ទូល​បង្គំ​ប្រាប់​ទៅ​ម្នាក់​ថា ទៅ! វា​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា មក! វា​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​ថា ធ្វើ​ការ​នេះ​ចុះ! នោះ​វា​ក៏​ធ្វើ​តាម»។

នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ឮ​អំពី​រឿង​នេះ នោះ​ទ្រង់​មាន​ព្រះ​ទ័យ​ស្ងើច​ខ្លាំង​ណាស់។ ទ្រង់​មាន​បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​សេចក្ដី​ជំនឿ​ជា​ខ្លាំង​ដល់​ម្ល៉េះ​ទេ ទោះ​ទាំង​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល​ផង»។ ក្រោយ​ពី​ប្រោស​អ្នក​បំរើ​របស់​នាយ​ទាហាន​នោះ​ឲ្យ​ជា​មក ព្រះ​យេស៊ូ​ប្រើ​ឱកាស​នេះ ដើម្បី​ប្រាប់​ដល់​អ្នក​ដែល​មិន​មែន​ជា​ជនជាតិ​យូដា​ថា គេ​នឹង​បាន​ការ​អនុគ្រោះ​ដោយ​សារ​ពរ​ពី​ព្រះ ដែល​ពួក​គេ​បាន​ត្រូវ​បដិសេធ​ចោល​ដោយ​ពួក​យូដា​គ្មាន​ជំនឿ​នោះ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «នឹង​មាន​មនុស្ស​ជា​ច្រើន ពី​ទិស​ខាង​កើត នឹង​ទិស​ខាង​លិច មក​អង្គុយ​ជា​មួយ​នឹង​លោក​អ័ប្រាហាំ លោក​អ៊ីសាក នឹង​លោក​យ៉ាកុប នៅ​ក្នុង​នគរ​ស្ថាន​សួគ៌ តែ​អស់​ទាំង​មនុស្ស​របស់​នគរ​នោះ នឹង​ត្រូវ​បោះ​ចោល ទៅ​ក្នុង​សេចក្ដី​ងងឹត​ខាង​ក្រៅ​វិញ នៅ​ទី​នោះ​នឹង​មាន​យំ ហើយ​សង្កៀត​ធ្មេញ»។

«មនុស្ស​របស់​នគរ​នោះ នឹង​ត្រូវ​បោះ​ចោល ទៅ​ក្នុង​សេចក្ដី​ងងឹត​ខាង​ក្រៅ​វិញ» នេះ​សំដៅ​ទៅ​ពួក​យូដា​មែន​ទែន ដែល​មិន​ទទួល​យក​ឱកាស​ដែល​បាន​ប្រគល់​ឲ្យ​មុន​គេ​ក្នុង​ការ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​នោះ។ លោក​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​តំណាង​ការ​រៀបចំ​ខាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ដូច្នេះ​ហើយ ព្រះ​យេស៊ូ​កំពុង​តែ​ប្រាប់​នូវ​របៀប​ដែល​ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​បាន​ការ​ទទួល​ស្វាគមន៍​ឲ្យ​មក​អង្គុយ​នៅ​ឯ​តុ​ខាង​ស្ថាន​សួគ៌ គឺ«នៅ​ក្នុង​នគរ​ស្ថាន​សួគ៌» បើ​និយាយ​ជា​អត្ថបដិរូប។ លូកា ៧:១​-​១០; ម៉ាថាយ ៨:៥​-​១៣; កិច្ច​ការ ១០:២៨

ហេតុ​អ្វី​បាន​ជា​ពួក​ជនជាតិ​យូដា​អង្វរ​ឲ្យ​មេ​ទ័ព​ម្នាក់​ជា​សាសន៍​ដទៃ​នោះ?

តើ​អ្វី​ជា​មូលហេតុ​ដែល​នាយ​ទាហាន​នេះ មិន​បាន​អញ្ជើញ​ព្រះ​យេស៊ូ​ឲ្យ​ចូល​ក្នុង​ផ្ទះ​របស់​គាត់​នោះ?

តើ​ព្រះ​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា ដោយ​ពាក្យ​បញ្ចប់​របស់​ទ្រង់​នោះ?