ដំណើរទស្សនកិច្ចផ្សព្វផ្សាយមួយទៀតនៅស្រុកកាលីឡេ
ជំពូកទី៤៩
ដំណើរទស្សនកិច្ចផ្សព្វផ្សាយមួយទៀតនៅស្រុកកាលីឡេ
បន្ទាប់ពីបានខិតខំផ្សព្វផ្សាយអស់រយៈពេលពីរឆ្នាំមកហើយ ឥឡូវនេះ តើព្រះយេស៊ូនឹងបន្ថយសកម្មភាពរបស់ទ្រង់ ហើយលែងខំប្រឹងទៀតឬ? មិនមែនទេ! ផ្ទុយទៅវិញ ទ្រង់បានពង្រីកសកម្មភាពផ្សព្វផ្សាយរបស់ទ្រង់ ដោយរៀបចំដំណើរទស្សនកិច្ចផ្សព្វផ្សាយមួយទៀតនៅស្រុកកាលីឡេ ជាដំណើរទស្សនកិច្ចផ្សព្វផ្សាយលើកទីបី។ ទ្រង់យាងទៅតាមក្រុងនិងតាមភូមិនានាក្នុងតំបន់នោះ ទ្រង់បង្រៀនបណ្ដាជននៅសាលាប្រជុំ និងផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រ។ អ្វីដែលទ្រង់ទតឃើញនៅក្នុងដំណើរទស្សនកិច្ចផ្សព្វផ្សាយលើកនេះ បញ្ជាក់យ៉ាងច្បាស់នូវហេតុដ៏ចាំបាច់ដើម្បីឲ្យសិស្សរបស់ទ្រង់បង្កើនកិច្ចការផ្សព្វផ្សាយនេះ។
កន្លែងណាក៏ដោយដែលទ្រង់យាងទៅ នោះព្រះយេស៊ូទតឃើញហ្វូងមនុស្សត្រូវការប្រោសឲ្យបានជាខាងវិញ្ញាណ និងត្រូវការសេចក្ដីសម្រាលទុក្ខផងដែរ។ ពួកគេប្រៀបដូចចៀមដែលគ្មានអ្នកគង្វាល ដ្បិតគេល្វើយហើយខ្ចាត់ខ្ចាយ។ ដូច្នេះហើយ ទ្រង់មានព្រះហឫទ័យអាណិតអាសូរពួកគេពន់ពេក។ ទ្រង់មានបន្ទូលទៅកាន់ពួកសិស្សទ្រង់ថា៖ «ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់»។
ព្រះយេស៊ូមានផែនការមួយ។ ទ្រង់ហៅពួកសាវ័ក១២នាក់មក ដែលទ្រង់បានរើសតាំងពួកគេជិតមួយឆ្នាំមុននេះ។ ទ្រង់បានរៀបចំឲ្យពួកគេចេញទៅជាគូៗ គឺមានក្រុមអ្នកផ្សព្វផ្សាយប្រាំមួយក្រុម ហើយទ្រង់ប្រទាននូវសេចក្ដីបង្គាប់ដល់គេ។ ទ្រង់ពន្យល់ថា៖ «កុំឲ្យអ្នករាល់គ្នាបែរទៅតាមផ្លូវរបស់សាសន៍ដទៃ ឬចូលទៅក្នុងទីក្រុងណា១របស់សាសន៍សាម៉ារីឡើយ ចូរទៅឯចៀមបាត់បង់របស់វង្សានុវង្សនៃពួកអ៊ីស្រាអែលវិញ ហើយកំពុងដែលទៅ នោះចូរប្រកាសប្រាប់ថា ‹នគរស្ថានសួគ៌ជិតដល់ហើយ!›»។
ព្រះរាជាណាចក្រនេះដែលពួកគេនឹងផ្សព្វផ្សាយនោះ គឺជាព្រះរាជាណាចក្រដែលព្រះយេស៊ូបានបង្រៀនគេ ឲ្យអធិស្ឋានសុំក្នុងសេចក្ដីអធិស្ឋានគំរូ។ ព្រះរាជាណាចក្រនេះជិតមកដល់ហើយ ក្នុងន័យថាព្រះយេស៊ូគ្រីស្ទជាស្តេចដែលព្រះបានតែងតាំង គឺមានវត្តមាននៅទីនោះ។ ដើម្បីឲ្យពួកសិស្សរបស់ទ្រង់អាចសម្គាល់ខ្លួនជាអ្នកតំណាងនៃរដ្ឋាភិបាលនៅស្ថានសួគ៌នេះ ដូច្នេះព្រះយេស៊ូបានប្រទានឲ្យគេមានអំណាចប្រោសអ្នកជំងឺឲ្យជា និងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ ទ្រង់បង្គាប់ពួកគេឲ្យធ្វើកិច្ចការនេះដោយមិនទទួលកំរៃឡើយ។
បន្ទាប់មក ទ្រង់មានបន្ទូលប្រាប់ពួកសិស្សកុំឲ្យយកសម្ភារៈតាមខ្លួនក្នុងដំណើរផ្សព្វផ្សាយនោះឡើយ។ «កុំឲ្យយកមាសប្រាក់ ឬលុយកាក់ ដាក់ក្នុងខ្សែក្រវាត់របស់អ្នកទៅឡើយ ក៏កុំឲ្យយកយាមសំរាប់តាមផ្លូវ ឬអាវ២ ស្បែកជើង ឬដំបងផង ដ្បិតអ្នកដែលធ្វើការ នោះគួរនឹងបានអាហារចិញ្ចឹមខ្លួន»។ អស់អ្នកដែលអបអរនឹងសារនេះ នឹងធ្វើតាមហើយផ្ដល់អាហារ ថែមទាំងឲ្យគេមានលំនៅជ្រកដែរ។ កាលដែលព្រះយេស៊ូមានបន្ទូលថា៖ «នៅក្រុងណា ឬភូមិណា ដែលអ្នករាល់គ្នាចូលទៅ នោះត្រូវឲ្យសួររកអ្នកណាក្នុងទីនោះ ដែលគេគួរ រួចឲ្យនៅផ្ទះអ្នកនោះ ដរាបដល់អ្នកចេញទៅ»។
រួចមក ព្រះយេស៊ូប្រទានសេចក្ដីបង្រៀនពីរបៀបនិយាយប្រាប់សារព្រះរាជាណាចក្រនេះ ដល់ម្ចាស់ផ្ទះ។ ទ្រង់បង្គាប់ថា៖ «កាលណាចូលទៅ ក៏ត្រូវជំរាបសួរអ្នកផ្ទះនោះដែរ បើអ្នកផ្ទះនោះគេគួរ នោះចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានៅផ្ទះនោះចុះ! តែបើមិនគួរទេ នោះត្រូវឲ្យសេចក្ដីសុខសាន្តត្រឡប់មកលើអ្នករាល់គ្នាវិញ បើអ្នកណាមិនទទួល ឬមិនស្ដាប់តាមពាក្យអ្នក នោះត្រូវឲ្យអ្នករាល់គ្នាចុះពីផ្ទះនោះ ឬចេញពីក្រុងនោះ រួចរលាស់ធូលីពីជើងអ្នកចេញ»។
ព្រះយេស៊ូបង្ហាញប្រាប់ថា បើទីក្រុងណាបដិសេធសាររបស់ពួកសិស្ស នោះនឹងមានសេចក្ដីជំនុំជំរះយ៉ាងធ្ងន់ទៅលើទីក្រុងនោះ។ ទ្រង់ពន្យល់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជំរះ ក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា នឹងទ្រាំបានងាយជាជាងក្រុងនោះវិញ»។ ម៉ាថាយ ៩:៣៥–១០:១៥; ម៉ាកុស ៦:៦-១២; លូកា ៩:១-៥
▪ តើនៅពេលណាដែលព្រះយេស៊ូចាប់ផ្ដើមដំណើរទស្សនកិច្ចផ្សព្វផ្សាយលើកទីបីនៅស្រុកកាលីឡេ? ហើយតើនេះបញ្ជាក់យ៉ាងច្បាស់ថាទ្រង់ជ្រាបនូវភាពចាំបាច់ណា?
▪ តើព្រះយេស៊ូប្រទានឲ្យពួកសាវ័ក១២នាក់នូវសេចក្ដីបង្គាប់អ្វី ពេលដែលទ្រង់បញ្ជូនពួកគេឲ្យទៅផ្សព្វផ្សាយនោះ?
▪ ហេតុអ្វីក៏ត្រឹមត្រូវឲ្យពួកសិស្សបង្រៀនថាព្រះរាជាណាចក្រជិតមកដល់ហើយ?